ផ្នែកបច្ចុប្បន្ន model:
មេរៀន សុជីវធម៌នៃការស្តីដណ្ដឹង
ការស្តីដណ្តឹង គឺជាការដែលភាគីបុរសប្រកាសឲ្យអាណាព្យាបាល(វ៉ាលី)ខាងស្រីដឹងពីបំណងរបស់ខ្លួនក្នុងការរៀបការជាមួយកូនស្រីរបស់គេនៅលើមាគ៌ារបស់អល់ឡោះ និងស៊ុណ្ណះ(មាគ៌ា លំអាន)រ៉ស៊ូលុលឡោះ សអវ។
ក្នុងចំណោមឧបការគុណរបស់អល់ឡោះជាម្ចាស់ គឺទ្រង់បានដាក់បញ្ញត្តិច្បាប់ទាក់ទងនឹងការស្តីដណ្តឹងនូវសុជីវធម៌ជាច្រើនដែលតាមរយៈនេះ នឹងធ្វើឲ្យគេសម្រេចបាននូវការពេញចិត្ត ការជ្រើសរើសបានល្អ និងភាពនឹងនរផ្លូវចិត្ត ហើយជួយឱ្យភាគីទាំងសងខាងមានភាពសុខដុមរមនា និងយល់ព្រមពេញចិត្តចំពោះគ្នាទៅវិញទៅមក។
ក្នុងចំណោមសុជីវធម៌នៃការស្តីដណ្តឹង
១. ជនមូស្លីមមិនត្រូវចូលស្តីគូដណ្តឹងអ្នកដទៃឡើយ។ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “កុំទិញរបស់ដែលបងប្អូនរបស់គេកំពុងចង់ទិញ និងកុំស្តីដណ្ដឹងអ្នកដែលបងប្អូនរបស់គេបានស្តីដណ្តឹងហើយ លើកលែងតែគាត់អនុញ្ញាត”។ (ពូខរី៖៥១៤២, មូស្លីម៖១៤១២)
២. មើលទៅកាន់អ្នកដែលខ្លួនចង់ស្តីដណ្តឹងនូវអ្វីដែលនាំទៅដល់ការរៀបការ ព្រោះរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ទៅកាន់ មូហ្គីរ៉ោះ ពិន ស្ហួកហ្ពះ នៅពេលដែលគាត់ចង់ស្តីដណ្តឹងនារីម្នាក់ថា៖ “ចូរអ្នកមើលទៅកាន់នាងចុះ ព្រោះវាអាចឱ្យអ្នកទាំងពីរនឹងមានភាពស្និតស្នាល ឬបានស្គាល់ពីគ្នា”។ (តៀរមីហ្ស៊ី៖១០៨៧)។ ហើយការមើលនេះ ក៏ជាសិទ្ធិសម្រាប់ស្ត្រីផងដែរ។ មិនតែប៉ុណ្ណោះ សាសនវិទូឥស្លាមមួយចំនួនថែមទាំងយល់ឃើញថា ស្រ្តីកាន់តែគប្បីមើលជាងបុរសទៅទៀត។
អំពី ជើពៀរ ពិន អាប់ទុលឡោះ ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “នៅពេលដែលនរណាម្នាក់នៃពួកអ្នកស្តីដណ្តឹងនារីម្នាក់ ប្រសិនបើគេអាចមើលពីអ្វីដែលនាំទៅកាន់ការរៀបការជាមួយនាងនោះ ចូរឲ្យគេធ្វើចុះ”។ គាត់(ជើពៀរ)បាននិយាយថា៖ “ខ្ញុំបានស្តីដណ្តឹងនារីម្នាក់ ហើយខ្ញុំធ្លាប់បានលាក់ខ្លួនពីនាង រហូតដល់ខ្ញុំឃើញអ្វីដែលជំរុញឱ្យខ្ញុំរៀបការជាមួយនាង ទើបខ្ញុំបានរៀបការជាមួយនាង”។ (អាពូហ្ទាវូទ៖២០៨២)
សុជីវធម៌មួយចំនួនក្នុងការមើលទៅកាន់អ្នកដែលខ្លួនចង់ស្តីដណ្តឹង
៣. ក្នុងចំណោមសុជីវធម៌ដ៏សំខាន់មួយនៃការស្តីដណ្តឹងនោះ គឺទាំងបុរស ទាំងស្ត្រីត្រូវធ្វើការជ្រើសរើសដៃគូរបស់ខ្លួនឲ្យបានល្អ។ ហេតុដូច្នេះ ពួកគេត្រូវឈរលើមូលដ្ឋានដែលត្រឹមត្រូវ ដើម្បីបង្កើតគ្រួសារមួយដែលមានភាពសុខដុមរមនា ស្ថិរភាព និងភាពស្ងប់សុខ ដោយការអនុញ្ញាតពីអល់ឡោះ។
៤. ក្នុងចំណោមសុជីវធម៌នៃការស្តីដណ្តឹងដែរនោះ គឺបុរសគប្បីរៀបការនឹងនារីដែលមានកូនច្រើនដើម្បីបង្កើតកូនចៅដែលល្អ(សឡេះ)ឲ្យបានច្រើន ព្រោះរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ផ្តែផ្តាំថា៖ “ចូរពួកអ្នករៀបការនឹងនារីជាទីស្រឡាញ់(សម្រាប់ពួកអ្នក) និងជាអ្នកដែលមានកូនច្រើន ហើយខ្ញុំនឹងមានកិត្តិយសដែលមានប្រជាជាតិឥស្លាមច្រើននៅថ្ងៃបរលោក”។ (អាពូហ្ទាវូទ៖២០៥០)
៥. សុំមតិណែនាំ អ៊ីស្ទីខរ៉ោះ និងបួងសួងសុំទូអា៖ ពិតប្រាកដណាស់ ជនមូស្លីមសុំការជ្រើសរើស(អ៊ីស្ទីខរ៉ោះ)ពីព្រះជាម្ចាស់របស់គេ និងបួងសួងសុំពីទ្រង់ និងសុំមតិណែនាំពីសំណាក់អ្នកដែលមានការយល់ដឹងនូវរាល់បញ្ហាទាំងអស់។ ជាការពិតណាស់ ការសម្រេចចិត្តលើការរៀបការ គឺជាសម្រេចចិត្តដ៏សំខាន់មួយនៅក្នុងជីវិតរបស់មនុស្ស។ ហើយចាំបាច់បំផុតដែលគាត់គួរតែសុំជំនួយពីអល់ឡោះ ដើម្បីធ្វើការសម្រេចចិត្តឱ្យបានត្រឹមត្រូវ បួងសួងទៅកាន់ទ្រង់ និងពិគ្រោះជាមួយអ្នកដទៃ។
៦. ភាគីទាំងពីរត្រូវមានភាពច្បាស់លាស់ និងមានភាពស្មោះត្រង់ខ្ពស់ក្នុងការបញ្ជាក់នូវគ្រប់បញ្ហា និងឧបសគ្គនានា ដោយគ្មានការលាក់បាំងពីចំណុចខ្វះខាត ឬមានចេតនាភូតកុហក ឬក៏ការក្លែងបន្លំណាមួយដែលជះឥទ្ធិពលដល់ទំនាក់ទំនងរវាងភាគីទាំងពីរនៅពេលអនាគតក្រោយពេលរៀបអាពាហ៍ពិពាហ៍នោះឡើយ។
៧. ត្រូវគិតពីបញ្ញត្តិច្បាប់ និងគោលការណ៍ច្បាប់បញ្ញត្តិឥស្លាមទាក់ទងនឹងការស្តីដណ្តឹង ព្រោះថាការស្តីដណ្តឹង ឬការភ្ជាប់ពាក្យនេះគ្រាន់តែជាការសន្យាថានឹងរៀបការនឹងគ្នាប៉ុណ្ណោះ ពុំមែនជាការរៀបការនោះឡើយ។ ដូចនេះ គេមិនអនុញ្ញាតឲ្យចាប់ដៃគ្នា ឬនៅកន្លែងស្ងាត់តែពីរនាក់ ឬនិយាយសម្តីម្ញ៉ិម្ញ៉ក់ ឬប្រើទឹកអប់ ឬក៏តុបតែងខ្លួនដើម្បីគូដណ្តឹងនោះឡើយ។