ផ្នែកបច្ចុប្បន្ន model:
មេរៀន លក្ខណៈសម្បត្តិរបស់ព្យាការីមូហាំម៉ាត់ ﷺ
លក្ខណៈសម្បត្តិរបស់ព្យាការីមូហាំម៉ាត់ ﷺ
ព្យាការី មូហាំម៉ាត់ ﷺ មានគុណសម្បតិ្ត និងចរិតលក្ខណៈល្អ បំផុត។ លោកត្រូវបានគេប្រោសប្រទាននូវគុណសម្បត្ដិដ៏ខ្ពង់ខ្ពស់គួរឱ្យស្ញប់ស្ញែង និងមានសុជីវធម៌ខ្ពង់ខ្ពស់។ អ្នកណាដែលធ្វើការពិចារណាលើគុណសម្បត្ដិ និងចរិតលក្ខណៈរបស់លោក គឺគេនឹងឃើញថា ព្យាការី ﷺ គឹជាមនុស្សដ៏អស្ចារ្យបំផុតតែម្នាក់គត់ ក្នុងចំណោមមនុស្សជាតិដែលយើងធ្លាប់បានស្គាល់។
លោកគឺជាខ្ញុំបម្រើដ៏ល្អបំផុតរបស់អល់ឡោះ និងជាទីស្រឡាញ់បំផុតចំពោះអល់ឡោះដ៏មហាខ្ពង់ខ្ពស់បំផុត។ លោកគឺជាមនុស្សជំនិតរបស់អល់ឡោះ ដែលទ្រង់បានជ្រើសរើស។ លោកគឺជាខ្ញុំបម្រើរបស់អល់ឡោះដែលពេញលេញបំផុតក្នុងការគោរពប្រណិប័តន៍ និងជាអ្នកដែលមានចរិតល្អបរិសុទ្ធបំផុត ចិត្តសប្បុរសបំផុត និងជាអ្នកដែលស្គាល់អល់ឡោះដ៏ខ្ពង់ខ្ពស់បំផុត និងល្អឥតខ្ចោះបំផុតក្នុងចំណោមខ្ញុំបម្រើទាំងឡាយនៃទ្រង់។ អល់ឡោះបានជ្រើសរើសលោកឱ្យធ្វើជាអ្នកនាំសារ និងជាព្យាការីរបស់ទ្រង់សម្រាប់សកលលោកទាំងមូល។ លោកគឺជាអ្នកកណ្តាលរវាងអល់ឡោះ និងមនុស្សលោកក្នុងការដឹកនាំពួកគេឆ្ពោះទៅរកប្រការល្អ និងអំពាវនាវទៅកាន់សេចក្តីចង្អុលបង្ហាញ។
អល់ឡោះបានជ្រើសរើសលោកពីពូជពង្សដែលល្អបំផុត និងមានកិត្យានុភាពបំផុតនៃមនុស្សជាតិ។ លោកត្រូវបានស្គាល់ជាមួយនឹងលក្ខណៈជាមនុស្សដ៏ពេញលេញបំផុតទាក់ទងនឹងចរិតលក្ខណៈ និងរូបសម្បត្តិ។ លោកក៏មានភាពពេញលេញបំផុតផ្នែកទម្រង់ និងរូបរាងដ៏ស្រស់ស្អាត មានមុខភ្លឺ ចរិយាថ្លែថ្នូរ និងខ្ពង់ខ្ពស់ សូមពរជ័យ និងសន្តិភាពរបស់អល់ឡោះកើតមានដល់លោក។ ហើយក្នុងចំណោមចរិតលក្ខណៈ របស់លោក ﷺ មានដូចខាងក្រោម៖
1. ការពិពណ៌នាអំពីរូបសម្បត្តិរបស់ព្យាការីមូហាំម៉ាត់ ﷺ
អាណាស្ស ពិន ម៉ាលីគ បានពិពណ៌នាអំពីព្យាការី ﷺ ថា៖ (ក្នុងចំណោមប្រជាជនរបស់លោក គឺលោកមានកម្ពស់មធ្យម មិនខ្ពស់ពេក ឬទាបនោះទេ) ពូខរី ៖ (៣៥៤៧)។
2. ការពិពណ៌នាអំពីវង់ភក្ត្រដ៏ថ្លៃថ្លារបស់ព្យាការីមូហាំម៉ាត់ ﷺ
លោក ﷺ មានវង់ភក្ត្រល្អផូរផង់បំផុតក្នុងចំណោមមនុស្សទាំងឡាយ វង់ភក្ត្ររបស់លោកមានរាងមូល តែក៏មិនមូលខ្លាំងពេកទេ។ ផ្ទុយទៅវិញ គឺផូរផង ស្រស់ស្អាតខ្លាំង មានរស្មីភ្លឺចែងចាំង ដូចវង់ចន្ទ្រានៅរាត្រីពេញបូណ៌មី។ សម្រស់នៃវង់ភក្រ្តរបស់លោកនឹងជួយសម្រាលទុក្ខដល់អ្នករាល់គ្នាដែលបានឃើញលោក។ ប្រសិនបើលោកពេញចិត្តរីករាយចំពោះអ្វីមួយ នោះសញ្ញាលើថ្ងាសរបស់លោកនឹងបង្ហាញប្រាប់ពីការរីករាយរបស់លោក។ ត្រចៀករបស់គាត់មានរាងល្អស្អាត។
លក្ខណៈសម្បត្តិនៃវង់ភក្ត្រដ៏ថ្លៃថ្លារបស់ព្យាការី មូហាំម៉ាត់ ﷺ
ពុកចង្ការរបស់លោក ﷺ ក្រាស់ មានពណ៌ខ្មៅ។ គេអាចមើលឃើញយ៉ាងច្បាស់ នៅចន្លោះចង្កានិងបបូរមាត់ខាងក្រោមរបស់លោក។ ហើយរោមក្រោមបបូរមាត់ខាងក្រោមរបស់លោកដុះចូលទៅក្នុងរោមពុកចង្ការយ៉ាងស្អាត ហាក់ដូចជាផ្នែកមួយនៃវាអ៊ីចឹងដេរ។
3. សម្បុររបស់ព្យាការីមូហាំម៉ាត់ ﷺ
ព្យាការី ﷺ មានសម្បុរល្អបំផុតក្នុងចំណោមមនុស្សទាំងឡាយ។ ស្បែករបស់លោក គឺមានពណ៌សលាយក្រហម។ មុខរបស់លោកសភ្លឺថ្លា និងចែងចាំង។ ជូពៀរ ពិន មុតអ៊ីមបានពិពណ៌នាអំពីព្យាការី ﷺ ថា៖ “លោកមានក្បាលដ៏ទូលាយ មាន សម្បុរសលាយក្រហម និងនិងមានពុកចង្ការធំក្រាស់” ។ (អ៉ះម៉ាត់ ៖៩៤៤)
4. សក់របស់ព្យាការីមូហាំម៉ាត់ ﷺ
ព្យាការី ﷺ មានសក់ក្រាស់ ហើយដល់់ពាក់កណ្តាលត្រចៀក ។ ហើយពេលខ្លះវែងដល់ស្មារបស់លោក។ សក់របស់លោកមិនរួញ ហើយក៏មិនត្រង់ភ្លឹងនោះដែរ។ ពេលខ្លះលោកទុកសក់របស់លោកគ្របថ្ងាស និងពេលខ្លះទៀតលោកលើកសក់ឡើងលើ មិនឱ្យសក់គ្របថ្ងាសឡើយ។
លោកក៏តាហ្ទះបាននិយាយថា៖ ខ្ញុំបានសួរអាណាស្ស ពិន ម៉ាលីគថា៖ តើសក់របស់ព្យាការីមានលក្ខណៈដូចម្តេច? លោកក៏បានឆ្លើយថា៖ (លោកមានសក់មិនរួញ ហើយក៏មិនត្រង់ភ្លឹងនោះដែរ។ ពេលខ្លះសក់របស់លោកពាក់កណ្តាលត្រចៀក ហើយពេលខ្លះវែងដល់ស្មា)។ (ពូខរី៖៥៩០៥ និង មូស្លីម ៖ ២៣៣៨)
សក់ស្កូវនៅលើក្បាល និងពុកចង្ការរបស់លោកមិនលើសពី 20 ទេ ហើយភាគច្រើនគឺស្ថិតនៅចន្លោះចង្កា និងបបូរមាត់ខាងក្រោមរបស់លោក។ ចំណែកសក់ស្កូវគឺនៅម្ដុំក្រយៅក្បាល។
ព្យាការី ﷺ បានសិតសក់ និងថែរក្សាសក់របស់លោកយ៉ាងល្អ ដោយមិនកែប្រែ ឬឆ្នៃម៉ូតនោះឡើយ ហើយលោកចាប់ផ្តើមសិតសក់ដោយផ្នែកខាងស្តាំមុន។
5. ស្មា និងដៃទាំងទ្វេរបស់ព្យាការីមូហាំម៉ាត់ ﷺ
អាណាស្ស បាននិយាយថា៖ (ខ្ញុំមិនដែលបានប៉ះ ឬកាន់សូត្រ ណាដែលទន់ជាងប្រអប់ដៃរបស់ព្យាការីមូហាំម៉ាត់ ﷺ ឡើយ)។ ពូខរី ៖ 3561 និង មូស្លីម ៖ 2330) ។
6. ត្រានៃភាពជាព្យាការី
នៅជិតស្មាខាងឆ្វេងរបស់លោកមានត្រានៃភាពជាព្យាការី វាជាដំុសាច់មួយដុំដែលលិចចេញមក ហើយមានពណ៌ស្រដៀងទៅនឹងពណ៌នៃរាងកាយរបស់លោក។ វាមានទំហំប៉ុនស៊ុតរបស់សត្វព្រាបដែលហ៊ុមព័ទ្ធដោយប្រជ្រុយ និងមានសក់នៅលើត្រានោះ។
ចាពៀរ ពិន សាមូរ៉ោះ បាននិយាយថា៖ (ខ្ញុំបានឃើញត្រានៅលើស្មារបស់លោកដូចជាស៊ុតរបស់សត្វព្រាបដែលមានពណ៌ស្រដៀងនឹង ស្បែកនៃរាងកាយរបស់លោក)។ (មូស្លីម ៖ ២៣៤៤)
7. ទ្រូង និងពោះរបស់ព្យាការីមូហាំម៉ាត់ ﷺ
8. ជើង និងកំភួនជើងរបស់ព្យាការីមូហាំម៉ាត់ ﷺ
ញើសរបស់លោកមានក្លិនក្រអូបជាង ម៊ីស (ប្រភេទទឹកអប់មួយប្រភេទ)។ អ្នកណាហើយដែលបានចាប់ដៃព្យាការី នោះក្លិនក្រអូបរបស់លោកនឹងនៅលើដៃរបស់គេពេញមួយថ្ងៃ។ ហើយលោកប្រើប្រាស់ទឹកអប់ស្ទើរគ្រប់ពេលវេលា។
អាណាស្ស នបាននិយាយថា៖ (ខ្ញុំមិនដែលធុំក្លិនទឹកអប់ ឬក្លិន ក្រអូបណា ដែលក្រអូប និងស្រស់ស្រាយជាងក្លិនក្រអូបរបស់អ្នកនាំសាររបស់អល់ឡោះ ﷺ ឡើយ)។ (មូស្លីម ៖ ២៣៣០)
បណ្តុំនៃសេចក្តីថ្លែងការណ៍ដែលពិពណ៌នាអំពីចរិតលក្ខណៈដ៏ថ្លៃថ្នូររបស់ព្យាការីមូហាំម៉ាត់ ﷺ
អល់ឡោះបានមានព្រះបន្ទូលថា៖ (ហើយពិត ប្រាកដណាស់! អ្នកគឺជាអ្នកដែលមានចរិតដ៏ថ្លៃថ្នូរ )។ (ជំពូក អាល់ក៏ឡាំ ៖ ៤)។ នៅពេលដែលជីបរ៉េលបានមកជួបព្យាការី ﷺ ជាលើកដំបូង លោកពិតជាមានការភ័យខ្លាចណាស់ ហើយលោកបានប្រាប់ទៅដល់អ្នកស្រីខទីហ្ចះដែលជាភរិយារបស់លោកថា៖ (ខ្ញុំពិតជាមានការភ័យខ្លាចខ្លាំងណាស់)។ ហើយអ្នកស្រ្តីបានតបថា៖ ចូរបងរីករាយចុះ ដ្បិតអល់ឡោះ នឹងមិនធ្វើឱ្យបងអាប់ឱនឡើយ ព្រោះបងបានរក្សាទំនាក់ទំនងល្អជាមួយញាតិមិត្ត និយាយតែពាក្យពិត ជួយជនក្រីក្រ និងទុរគត ផ្តល់ភាពរីករាយដល់ភ្ញៀវ និងជួយអ្នកដែល រងគ្រោះ មិនអ៊ីចឹង! ។ (ពូខរី ៖ ៤៩៥៣ និង មូស្លីម ៖ ១៦០)
1. សេចក្តីសុចរិតរបស់ព្យាការីមូហាំម៉ាត់ ﷺ
ព្យាការី ﷺ ត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជាបុគ្គលដែលគួរឱ្យទុកចិត្ត និងមានភាពស្មោះត្រង់ រហូតដល់កម្រិតមួយដែលលោកត្រូវបានគេដាក់ឈ្មោះដោយប្រជាជនរបស់លោកថាជា "អ្នកដែលគួរឱ្យទុកចិត្ត" ។ ថ្វីបើមានអរិភាពរបស់ពួកគេចំពោះលោកក្រោយការប្រកាសថាជាព្យាការីក៏ដោយ ក៏ពួកគេនៅតែបន្តប្រគល់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងទំនុកចិត្តរបស់ពួកគេជាមួយលោកដូចដើម។
2.សេចក្តីអាណិតស្រលាញ់ និមេត្តាករុណារបស់ព្យាការីមូហាំម៉ាត់ ﷺ
ព្យាការី ﷺ មានចិត្តអាណិតស្រលាញ់ និងមេត្តាករុណាចំពោះប្រជាជាតិរបស់លោកជាខ្លាំង។ ដូចដែលអល់ឡោះមានព្រះបន្ទូលថា៖ (ជាការពិតណាស់ អ្នកនាំសារម្នាក់(មូហាំម៉ាត់) ដែលចេញពីពូជពង្សរបស់ពួកអ្នកបានមកដល់ពួកអ្នក។ លោកជាអ្នកទទួលរងការលំបាកចំពោះអ្វីដែលពួកអ្នកបានទទួលរងការលំបាកនោះ។ លោកជាអ្នកខ្វល់ខ្វាយចង់បាន(នូវប្រការល្អ)ដល់ពួកអ្នក និងជាអ្នកមេត្ដាករុណា អាណិតស្រឡាញ់ដល់បណ្ដាអ្នកដែលមានជំនឿ)។ (ជំពូក អាល់តាវប៉ាស ៖ ១៥៩)។ ទ្រង់មានព្រះបន្ទូលទៀតថា៖ (ដោយសារមានក្ដីអាណិតស្រឡាញ់ពីអល់ឡោះ អ្នក (មូហាំម៉ាត់)បានធ្វើទន់ភ្លន់ចំពោះពួកគេ។ តែបើអ្នកមានអាកប្បកិរិយាកោងកាចនិងរឹងរូសវិញនោះ គឺពួកគេនឹងចាកចេញពីអ្នកជា មិនខាន)។ (ជំពូក អាលីអ៊ីមរ៉ន ៖ ១៥៩)។
3.ការលើកលែងទោស និងការអាធ្យាស្រ័យរបស់ព្យាការីមូហាំម៉ាត់ ﷺ
នៅពេលដែលរ៉សូលុលឡោះ ﷺ បានត្រឡប់មកកាន់ទីក្រុងម៉ាក្កះ បន្ទាប់ពីបានដណ្តើមវាត្រឡប់មកវិញនោះ គឺមានមេដឹកនាំដែលប្រឆាំង និងក្រុមរបស់ពួកគេជាច្រើន បានឈរនៅចំពោះមុខលោកធ្វើការចុះចូល បន្ទាប់ពីបានបង្ហាញការស្អប់ខ្ពើម និងការបំពានយ៉ាងខ្លាំងចំពោះលោក និងសហការីរបស់លោកអស់រយៈពេលជាច្រើនឆ្នាំ។ ទោះជាយ៉ាងនេះក៏ដោយ លោកគ្រាន់តែនិយាយទៅកាន់ពួកគេថា៖ គ្មានការស្តីបន្ទោសចំពោះអ្នកទាំងអស់គ្នានោះឡើយនៅថ្ងៃនេះ ចូរអ្នកទៅចុះ ពួកអ្នកមានសេរីភាពហើយ!។
4.ភាពខ្នះខ្នែងរបស់លោកក្នុងការដឹកនាំ និងចង្អុលបង្ហាញទៅកាន់មនុស្សលោក
លោកមានឆន្ទៈមុះមត់ជាខ្លាំងក្នុងការណែនាំមនុស្សលោក ដោយលោកស្ទើរតែគ្រោះថ្នាក់មកលើខ្លួនឯង ព្រោះតែសេចក្តីបារម្ភចំពោះពួកគេ។ ព្រះជាម្ចាស់មានបន្ទូលថា៖ (ហើយប្រហែលជាអ្នក(មូហាំម៉ាត់)នឹងធ្វើឱ្យខ្លួនឯងវិនាស ដោយសារតែភាពទុក្ខព្រួយចំពោះការបែរចេញ(ពីជំនឿ)របស់ពួកគេ ប្រសិនបើពួកគេមិនបានជឿលើគម្ពីរគួរអាននេះ)។ (ជំពូក អាល់កាសហ្វី ៖ ៦)
5.ភាពក្លាហាន និងថាមពលរបស់ព្យាការីមូហាំម៉ាត់ ﷺ
អាលី ពិន អាពីត៏ឡិប ដែលជាមនុស្សម្នាក់ដ៏ក្លាហានបំផុត បានរៀបរាប់ពីភាពក្លាហានរបស់ព្យាការី ﷺ ថា៖ (នៅពេលដែលសមរភូមិកាន់តែក្តៅកគុក ហើយភាគីទាំងពីរកំពុងតែប្រឈមមុខដាក់គ្នា ពួកយើងបានស្វែងរកមើលរ៉ស៊ូលុលឡោះ ﷺ ពេលនោះស្រាប់តែយើងឃើញថាគ្មាននរណាម្នាក់ដែលនៅជិតសត្រូវជាងលោកនោះេឡើយ) ។ (អះម៉ាត់ ៖ ១៣៤៧)