ផ្នែកបច្ចុប្បន្ន model:
មេរៀន សិទ្ធិស្វាមីភរិយា
សាសនាឥស្លាមបានផ្តល់ឲ្យភាគីទាំងពីរ ស្វាមីនិងភរិយា នូវសិទ្ធិមួយចំនួនដែលសមស្របនឹងកាតព្វកិច្ចដែលគេបានប្រគល់ឱ្យពួកគេ។ តាមរយៈការបំពេញកាតព្វកិច្ចទាំងនេះពីសំណាក់ភាគីនីមួយៗ និងផ្តល់ឲ្យភាគីម្ខាងៗនូវសិទ្ធិដែលខ្លួនត្រូវទទួលបាន ទំនាក់ទំនងរវាងពួកគេនឹងត្រូវបានរៀបចំយ៉ាងមានសណ្តាប់ធ្នាប់ សេចក្តីថ្លៃថ្នូរនិងកិត្តិយសរបស់ពួកគេនឹងត្រូវបានថែរក្សាឲ្យពួកគេ ហើយគ្រួសារដែលទទួលបានជោគជ័យមួយនឹងត្រូវបានបង្កើតឡើងដែលមានសមត្ថភាពសម្រេចបាននូវគោលបំណងដែលអល់ឡោះជាម្ចាស់ទ្រង់បានបង្កើតព្យាការីអាហ្ទាំ និងកូនចៅរបស់គាត់លើគោលបំណងនោះ។
សិទ្ធិរបស់ស្វាមីចំពោះភរិយា
ទទួលស្គាល់សិទ្ធិអំណាចរបស់ស្វាមីចំពោះគ្រួសារ
អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “បុរសទាំងឡាយជាអ្នកគ្រប់គ្រងលើស្ដ្រី ដោយសារអល់ឡោះបានលើកតម្កើងពួកគេឱ្យមានលក្ខណៈពិសេសជាងគ្នា និងដោយសារតែបុរសមានភារកិច្ចផ្គត់ផ្គង់ទ្រព្យសម្បត្ដិរបស់ពួកគេ(ដល់ប្រពន្ធ)”។ (អាន់នីសាក៖៣៤)។ ហេតុនេះ គេត្រូវបំពេញនូវកាតព្វកិច្ចនៃការគ្រប់គ្រងឱ្យបានត្រឹមត្រូវ ដោយមិនត្រូវបំពាន ឬគាបសង្កត់ភរិយាឡើយ។ ហើយចាំបាច់លើភរិយាត្រូវប្រតិបត្តិតាមស្វាមីចំពោះប្រការដែលល្អត្រឹមត្រូវ និងមិនត្រូវប្រឆាំងនឹងឋានៈដែលអល់ឡោះជាម្ចាស់បានប្រទានឱ្យគេដោយភាពយុត្តិធម៌ និងគតិបណ្ឌិតទ្រង់នោះឡើយ។
ថែរក្សាទ្រព្យសម្បត្តិរបស់ស្វាមី និងមិនត្រូវខ្ជះខ្ជាយឡើយ
មិនត្រូវចំណាយទ្រព្យសម្បត្តិរបស់ស្វាមីឡើយ លើកលែងតែមានការអនុញ្ញាតពីស្វាមី អាចជាការអនុញ្ញាតច្បាស់ៗ ឬដោយប្រយោល។ ប៉ុន្តែប្រសិនបើស្វាមីផ្គត់ផ្គង់ការចំណាយមិនបានគ្រប់គ្រាន់ក្នុងពេលដែលស្វាមីមានលទ្ធភាពអាចផ្គត់ផ្គង់បានគ្រប់គ្រាន់នោះ គឺភរិយាមានសិទ្ធិយកទ្រព្យសម្បត្តិរបស់ស្វាមីត្រឹមកម្រិតដែលសមល្មមគ្រប់គ្រាន់សម្រាប់ការចំណាយលើខ្លួននាង និងកូនៗដោយមិនបាច់សុំការអនុញ្ញាតពីស្វាមីបាន តែមិនត្រូវចំណាយខ្ជះខ្ជាយ ឬចំណាយហួសប្រមាណឡើយ។
ថែរក្សាខ្លួននៅពេលដែលស្វាមីមិននៅ
ដោយមិនត្រូវអនុញ្ញាតឲ្យបុរសណាម្នាក់ក្រៅពីសាច់ញាតិដែលមិនអាចរៀបការនឹងគ្នាបាន(ម៉ះរិម)ចូលផ្ទះក្នុងពេលដែលស្វាមីមិននៅឡើយ មិនថាអ្នកនោះជាសាច់ញាតិរបស់នាង ឬសាច់ញាតិខាងស្វាមីរបស់នាង ឬក៏អ្នកផ្សេងទៀតក្រៅពីពួកគេនោះឡើយ។
ថែរក្សាជូនស្វាមីចំពោះកូនៗរបស់ស្វាមី
ភរិយាគឺមានចំណែកទទួលខុសត្រូវលើការអប់រំកូនៗឲ្យបានល្អ ជាពិសេស ក្នុងអំឡុងពេលប៉ុន្មានឆ្នាំដំបូងក្រោយកំណើត ពីព្រោះកូនៗ គឺនៅជាប់ជាមួយម្តាយស្ទើរគ្រប់ពេលវេលាទាំងអស់ ហើយក៏រៀនសូត្រពីម្តាយច្រើនជាងពីឪពុកផងដែរ។
បំពេញកិច្ចការផ្ទះ និងមើលថែកូនចៅ
ដោយត្រូវរៀបចំផ្ទះសម្បែង និងកិច្ចការផ្ទះឲ្យបានល្អ និងមានសណ្តាប់ធ្នាប់ តាមដែលអាចធ្វើបាន។
សិទ្ធិរបស់ភរិយាចំពោះស្វាមី
ផ្តល់នូវបណ្តាការ ឬខាន់ស្លាជូនភរិយា
វាគឺជាសិទ្ធិរបស់ភរិយា ដោយស្វាមីត្រូវបង់ជូនភរិយា ដើម្បីប្រតិព័ទ្ធចិត្តភរិយា ដើម្បីឲ្យភរិយាមានអារម្មណ៍ថាទទួលបានក្តីស្រឡាញ់ពីស្វាមី និងការបំពេញតាមចិត្តរបស់នាង។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយចូរពួកអ្នកផ្ដល់ឱ្យពួកស្ដ្រីទាំងនោះនូវខាន់ស្លារបស់ពួកនាងដែលជាកាតព្វកិច្ច”។ (អាន់នីសាក៖៤)
ផ្គត់ផ្គង់ជីវភាពដល់ភរិយា និងក្រុមគ្រួសារ
ដោយត្រូវផ្តល់ឲ្យនូវអ្វីដែលជាតម្រូវការក្នុងការរស់នៅប្រចាំថ្ងៃ ដូចជា ចំណីអាហារ សម្លៀកបំពាក់ និងទីជម្រក ទៅតាមស្ថានភាព និងតម្រូវការ និងស្ថិតក្នុងដែនកំណត់នៃសមត្ថភាពរបស់គេ ដោយមិនត្រូវខ្ជះខ្ជាយ ឬរិះថាំពេកនោះឡើយ។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “អ្នកដែលមានទ្រព្យសម្បត្ដិច្រើន ចូរឱ្យគេចំណាយ(លើការផ្គត់ផ្គង់ជីវភាព)ឱ្យបានសមរម្យអំពីទ្រព្យសម្បត្ដិរបស់គេ។ រីឯអ្នកដែលទ្រព្យសម្បត្ដិរបស់គេមានកំណត់ ចូរឱ្យគេចំណាយ(លើការផ្គត់ផ្គង់ជីវភាព)ទៅតាមអ្វីដែលអល់ឡោះបានផ្ដល់ឱ្យគេ។ អល់ឡោះពុំដាក់បន្ទុកលើបុគ្គលណាម្នាក់ក្រៅពីអ្វីដែលទ្រង់បានផ្ដល់ឱ្យគេឡើយ។ អល់ឡោះនឹងផ្ដល់ឱ្យមានភាពងាយស្រួលវិញបន្ទាប់ពីមានភាពលំបាក”។ (អាត់តឡាក៖៧)
រួមរស់ជាមួយភរិយាប្រកបដោយគុណធម៌
ពោលគឺត្រូវមានសីលធម៌ល្អ មានភាពទន់ភ្លន់ជាមួយភរិយាទាំងតាមរយៈពាក្យសម្ដីនិងទង្វើ ដោយមិនត្រូវមានភាពគ្រោតគ្រាត ឬគំរោះគំរើយដាក់នាងឡើយ និងត្រូវមានភាពអត់ធ្មត់ចំពោះភរិយា និងមិនត្រូវបញ្ចេញនូវកាយវិការដែលបង្ហាញពីការស្អប់ខ្ពើមនោះឡើយ។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយចូរពួកអ្នករួមរស់ជាមួយពួកនាងដោយគុណធម៌។ ប្រសិនបើពួកអ្នកមិនពេញចិត្ដពួកនាង(ចូរអត់ធ្មត់)។ ជួនកាលការមិនពេញចិត្ដរបស់ពួកអ្នកលើអ្វីមួយនោះ អល់ឡោះអាចនឹងធ្វើឱ្យវាល្អប្រសើរលើសលប់វិញក៏ថាបាន”។ (អាន់នីសាក៖១៩)។ ព្យាការី ﷺ លោកបានមានប្រសាសន៍ថា៖ “អ្នកមានជំនឿមិនត្រូវស្អប់ភរិយារបស់ខ្លួនដែលជាអ្នកមានជំនឿឡើយ។ ប្រសិនបើគេមិនពេញចិត្ដនឹងចរិតលក្ខណៈណាមួយរបស់នាង គេនឹងពេញចិត្ដចរិតលក្ខណៈផេ្សងៗទៀតរបស់នាង”។ (មូស្លីម៖១៤៦៩)