ផ្នែកបច្ចុប្បន្ន model:
មេរៀន ការបួសខែរ៉ម៉ាហ្ទន
អល់ឡោះជាម្ចាស់ទ្រង់បានដាក់កាតព្វកិច្ចទៅលើជនមូស្លីមឲ្យបួសមួយខែក្នុងមួយឆ្នាំ នោះគឺខែរ៉ម៉ាហ្ទនដែលជាខែប្រកបដោយពរជ័យ ហើយទ្រង់បានចាត់ទុកវាជាគោលគ្រឹះ(រូកុន)ទីបួនក្នុងចំណោមគោលគ្រឹះនៃសាសនាឥស្លាម និងជាគ្រឹះរបស់វាដ៏ចម្បង។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ឱបណ្ដាអ្នកដែលមានជំនឿ! អល់ឡោះបានដាក់កាតព្វកិច្ចបួសមកលើពួកអ្នក ដូចដែលទ្រង់បានដាក់កាតព្វកិច្ចទៅលើពួកអ្នកជំនាន់មុនៗដែរ ដើម្បីឲ្យពួកអ្នកកោតខ្លាចអល់ឡោះ”។ (អាល់ហ្ពាក៏រ៉ោះ៖១៨៣)
អត្ថន័យនៃការបួសនៅក្នុងសាសនាឥស្លាម គឺជាការគោរពសក្ការៈទៅចំពោះអល់ឡោះជាម្ចាស់ដោយការតមអាហារ ការផឹក ការរួមភេទ ហើយនិងប្រការទាំងឡាយណាដែលនាំឲ្យខូចបួស ចាប់ពីហ្វាជើររះ(ចូលដល់ពេលសឡាតស៊ូពុស) រហូតដល់ថ្ងៃលិច(ចូលដល់ពេលវេលាសឡាតម៉ាហ្គ្រិប)។
ឧត្តមភាពខែរ៉ម៉ាហ្ទន
អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ខែរ៉ម៉ាហ្ទនជាខែដែលអល់ឡោះបានបញ្ចុះគម្ពីរគួរអានដើម្បីណែនាំដល់មនុស្សលោក និងបង្ហាញពីមាគ៌ាដែលត្រឹមត្រូវ ព្រមទាំងវិនិច្ឆ័យរវាងខុសនិងត្រូវ។ ហេតុនេះ អ្នកណាហើយក្នុងចំណោមពួកអ្នកដែលមានវត្ដមាននៅក្នុងខែនេះ ចូរឲ្យគេបួស”។ (អាល់ហ្ពាក៏រ៉ោះ៖១៨៥)
ព្យាការី ﷺ លោកបានមានប្រសាសន៍ថា៖ “នៅពេលដែលខែរ៉ម៉ាហ្ទនចូលមកដល់ ទ្វារទាំងឡាយរបស់ឋានសួគ៌ត្រូវបានគេបើកចំហ ហើយទ្វារទាំងឡាយរបស់ឋាននរកត្រូវបានបិទជិត។ ចំណែកឯស្ហៃតនត្រូវបានគេដាក់ច្រវ៉ាក់”។ (ពូខរី៖១២៧៧, មូស្លីម៖១០៧៩)។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានរៀបចំសម្រាប់ខ្ញុំបម្រើរបស់ទ្រង់នៅក្នុងខែនេះដើម្បីពួកគេទទួលដោយការគោរពប្រតិបត្តិ និងបោះបង់នូវប្រការអាក្រក់ទាំងឡាយ។
ព្យាការី ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាបួសនៅក្នុងខែរ៉ម៉ាហ្ទនប្រកបដោយមានជំនឿ និងស្វែងរកផលបុណ្យ(ពីអល់ឡោះ) គេនឹងអភ័យទោសឲ្យគាត់នូវរាល់បាបកម្មកន្លងមក”។ (ពូខរី៖២១០៤, មូស្លីម៖៧៦០)។ លោកបានមានប្រសាសន៍ទៀតថា៖ “ជនណាដែលប្រតិបត្តិសឡាតតារ៉វ៉េះក្នុងខែរ៉ម៉ាហ្ទនប្រកបដោយមានជំនឿ និងស្វែងរកផលបុណ្យ(ពីអល់ឡោះ) គេនឹងអភ័យទោសឲ្យគាត់នូវរាល់បាបកម្មកន្លងមក”។ (ពូខរី៖២០០៩, មូស្លីម៖៧៥៩)
វាជាយប់មួយដែលអល់ឡោះជាម្ចាស់ទ្រង់បានបញ្ជាក់ប្រាប់នៅក្នុងគម្ពីរបស់ទ្រង់ថា ពិតណាស់ ការសាងទង្វើកុសលនៅក្នុងយប់នោះ គឺល្អជាងការសាងទង្វើកុសលនៅក្នុងខែផ្សេងចំនួនមួយពាន់ខែ។ ទ្រង់បានមានបន្ទូលថា៖ “យប់ឡៃឡាទុលក៏ទើរនោះ គឺល្អប្រសើរជាងមួយពាន់ខែ”។ (អាល់កទរ៍៖៣)។ ឡៃឡាទុលក៏ទើរស្ថិតនៅដប់យប់ចុងក្រោយនៃខែរ៉ម៉ាហ្ទន តែគេមិនដឹងថានៅយប់ណាមួយជាក់លាក់នោះទេ។ ជនណាដែលប្រតិបត្តិសឡាត និងការគោរពប្រតិបត្តិផ្សេងៗនៅក្នុងយប់នោះប្រកបដោយមានជំនឿ និងស្វែងរកផលបុណ្យ(ពីអល់ឡោះ) គេនឹងអភ័យទោសឲ្យគាត់នូវរាល់បាបកម្មកន្លងមក។
ឧត្តមភាពនៃការបួស
១. ទទួលបានការអភ័យទោសរាល់បាបកម្មទាំងឡាយ
ដូចដែលព្យាការី ﷺ លោកបានមានប្រសាសន៍ថា៖ “សម្រាប់អ្នកបួសនឹងទទួលបានភាពរីករាយពីរដង គឺភាពរីករាយម្ដងនៅពេលស្រាយបួស និងភាពរីករាយម្ដងទៀតនៅពេលជួបម្ចាស់របស់គេ(នៅថ្ងៃបរលោក)។ (ពូខរី៖១៩០៤, មូស្លីម៖១១៥១)
៣. ពិតប្រាកដណាស់ នៅក្នុងឋានសួគ៌មានទ្វារមួយដែលគេឲ្យឈ្មោះថា រ៉យយ៉ាន ដែលគ្មាននរណាម្នាក់អាចចូលតាមទ្វារនេះបានឡើយ លើកលែងតែអ្នកដែលបួស។
៤. អល់ឡោះជាម្ចាស់ជាអ្នកតបស្នងផលបុណ្យចំពោះការបួសដោយផ្ទាល់
បុព្វហេតុនៃការបួស
នោះក៏ព្រោះតែការបួស គឺជាការគោរពសក្ការៈមួយដែលខ្ញុំបម្រើអល់ឡោះប្រតិបត្តិវាដើម្បីបញ្ជិតខ្លួនទៅចំពោះម្ចាស់របស់គេតាមរយៈការបោះបង់ចោលប្រការដែលគេស្រឡាញ់ចូលចិត្ត លះបង់នូវកិលេសតណ្ហារបស់ខ្លួន ដើម្បីជាការអនុវត្តតាមបទបញ្ជារបស់អល់ឡោះ និងចៀសវាងពីបម្រាមទាំងឡាយរបស់ទ្រង់។
ប្រសិនបើអ្នកបួសអាចហាមឃាត់ខ្លួនឯងពីប្រការដែលគេអនុញ្ញាតដើម្បីជាការអនុវត្តតាមបទបញ្ជារបស់អល់ឡោះជាម្ចាស់ នោះធ្វើឲ្យគេមានលទ្ធភាពអាចរារាំងកិលេសតណ្ហារបស់ខ្លួនពីការប្រព្រឹត្តអំពើល្មើស និងអំពើបាបទាំងឡាយបាន។
នោះក៏ព្រោះតែការបួសតមអាហារ គឺជាបទពិសោធន៍នៃភាពអត់ឃ្លាន និងការស្រេកឃ្លានដែលធ្វើឲ្យគេនឹកឃើញដល់ជនក្រីក្រដែលជួបប្រទះនូវការខ្វះខាតក្នុងជីវិតរស់នៅរបស់ពួកគេ។ ដូច្នេះ ធ្វើឲ្យគេនឹកឃើញដល់បងប្អូនរបស់គេដែលជាអ្នកក្រីក្រ ថាតើពួកគេរងទុក្ខបែបណាព្រោះតែភាពស្រេកឃ្លាន ដែលជាហេតុធ្វើឲ្យខិតខំជួយ និងផ្តល់ជំនួយដល់ពួកគេ។