ផ្នែកបច្ចុប្បន្ន model:
មេរៀន ជំនឿចំពោះបណ្តាគម្ពីរទាំងឡាយ
គឺការជឿជាក់យ៉ាងដាច់ខាតថា ពិតណាស់ សម្រាប់អល់ឡោះជាម្ចាស់ ទ្រង់មាននូវគម្ពីរជាច្រើនដែលទ្រង់បានបញ្ចុះគម្ពីរទាំងនោះទៅកាន់បណ្តាអ្នកនាំសាររបស់ទ្រង់ដើម្បីឲ្យពួកគាត់ផ្សព្វផ្សាយបន្តទៅកាន់ខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ ហើយពិតប្រាកដណាស់គម្ពីរទាំងនោះ គឺជាបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលយ៉ាងពិតប្រាកដក្នុងលក្ខណៈមួយដែលសក្តិសមនឹងទ្រង់។ នៅក្នុងគម្ពីរទាំងនោះ គឺផ្ទុកទៅដោយសេចក្តីពិត ពន្លឺ ការចង្អុលបង្ហាញ និងសុភមង្គលសម្រាប់មនុស្សទាំងក្នុងលោកិយ និងថ្ងៃបរលោក។
សារៈសំខាន់នៃជំនឿចំពោះបណ្តាគម្ពីរទាំងឡាយ
ជំនឿចំពោះបណ្តាគម្ពីរ គឺជាគោលគ្រឹះ(រូកុន)មួយក្នុងចំណោមគោលគ្រឹះនៃជំនឿ។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកមានជំនឿលើអល់ឡោះ អ្នកនាំសាររបស់ទ្រង់ និងគម្ពីរដែលទ្រង់បានបញ្ចុះទៅលើអ្នកនាំសាររបស់ទ្រង់ ហើយនិងគម្ពីរដែលទ្រង់បានបញ្ចុះពីមុនមក”។ (អាន់នីសាក៖១៣៦)។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានបង្គាប់ប្រើឲ្យមានជំនឿលើទ្រង់ និងអ្នកនាំសាររបស់ទ្រង់ ហើយនិងគម្ពីរដែលទ្រង់បានបញ្ចុះទៅឲ្យអ្នកនាំសាររបស់ទ្រង់ ព្យាការីមូហាំម៉ាត់ ﷺ នោះគឺគម្ពីរគួរអាន។ ម្យ៉ាងទៀត ទ្រង់ក៏បានបង្គាប់ប្រើឲ្យមានជំនឿចំពោះបណ្តាគម្ពីរទាំងឡាយដែលទ្រង់បានបញ្ចុះមកមុននឹងគម្ពីរគួរអានផងដែរ។
ព្យាការី ﷺ លោកបានមានប្រសាសន៍អំពីជំនឿថា៖ “អ្នកត្រូវជឿចំពោះអល់ឡោះ បណ្តាម៉ាឡាអ៊ីកាត់របស់ទ្រង់ បណ្តាគម្ពីររបស់ទ្រង់ បណ្តាអ្នកនាំសាររបស់ទ្រង់ ជឿចំពោះថ្ងៃបរលោក និងជឿថាវាសនាល្អ និងវាសនាអាក្រក់ គឺត្រូវបានកំណត់រួច។ (មូស្លីម៖៨)
ចំពោះបណ្តាគម្ពីរទាំងឡាយផ្ទុកទៅដោយអ្វីខ្លះ?
អ្វីទៅជាគោលជំហររបស់ពួកយើងចំពោះបណ្តាគម្ពីរមុនៗ?
អ្នកមូស្លីមមានជំនឿថា គម្ពីរតាវរ៉តដែលត្រូវបានបញ្ចុះទៅកាន់ព្យាការីមូសា និងគម្ពីរអ៊ីញ្ជីលដែលត្រូវបានបញ្ចុះទៅកាន់ព្យាការីអ៊ីសា គឺជាសេចក្តីពិតដែលបានបញ្ចុះមកពីអល់ឡោះជាម្ចាស់យ៉ាងពិតប្រាកដ ហើយគម្ពីរទាំងពីរនេះ គឺផ្ទុកទៅដោយច្បាប់បញ្ញត្តិ ការប្រៀនប្រដៅ និងដំណឺងទាំងឡាយដែលជាការចង្អុលបង្ហាញ និងជាពន្លឺសម្រាប់មនុស្សលោកនៅក្នុងការរស់នៅរបស់ពួកគេ និងបរលោករបស់ពួកគេ។ ក៏ប៉ុន្តែអល់ឡោះជាម្ចាស់ទ្រង់បានប្រាប់យើងនៅក្នុងគម្ពីរគួរអានថា ពិតណាស់ ពួកអះលីគីតាបក្នុងចំណោមពួកយូដា និងពួកណាសរ៉នី(ពួកគ្រឹស្ទាន) គឺពួកគេបានកែប្រែគម្ពីរបស់ពួកគេដោយបន្ថែមទៅក្នុងគម្ពីរនោះទៅតាមទំនើងចិត្តរបស់ពួកគេ និងដកចេញនូវអ្វីដែលមាននៅក្នុងគម្ពីរនោះទៅតាមទំនើងចិត្តរបស់ពួកគេ(ដោយពុំមែនជាសារមកពីអល់ឡោះ)។ ដូចនេះ គ្មានសេសសល់នូវធាតុដើមនៃគម្ពីរដូចដែលអល់ឡោះជាម្ចាស់ទ្រង់បានបញ្ចុះមកនៅក្នុងគម្ពីរទាំងនោះទេ។
ចំពោះគម្ពីរតាវរ៉តដែលមានសព្វថ្ងៃនេះ ពុំមែនជាគម្ពីរតាវរ៉តដែលគេ(អល់ឡោះ)បានបញ្ចុះទៅកាន់ព្យាការីមូសាឡើយ ពីព្រោះពួកយូដាបានកែប្រែ និងផ្លាស់ប្តូរគម្ពីរនោះ ព្រមទាំងបានបំភាន់នូវច្បាប់បញ្ញត្តិជាច្រើនដែលមាននៅក្នុងវា។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយពិតប្រាកដណាស់ នៅក្នុងចំណោមពួកគេ(អះលីគីតាប) គឺមានក្រុមមួយដែលរលាស់អណ្ដាតរបស់ពួកគេក្នុងការសូត្រគម្ពីរ(តាវរ៉ត)ដើម្បីឱ្យពួកអ្នកស្មានថា វាជាផ្នែកមួយនៃគម្ពីរ។ តែតាមពិត វាមិនមែនជាផ្នែកមួយនៃគម្ពីរឡើយ។ ហើយពួកគេនិយាយថា៖ វាមកពីអល់ឡោះ។ តែតាមការពិត វាមិនមែនមកពីអល់ឡោះឡើយ។ ហើយពួកគេកំពុងតែនិយាយកុហកទៅលើអល់ឡោះ ខណៈដែលពួកគេដឹងហើយនោះ”។ (អាលីអ៊ិមរ៉ន៖៧៨)
ក៏ដូចគ្នាដែរ គម្ពីរអ៊ិញ្ជីលដែលមានសព្វថ្ងៃនេះ ពុំមែនជាគម្ពីរអ៊ិញ្ជីលដែលគេ(អល់ឡោះ)បានបញ្ចុះទៅកាន់ព្យាការីអ៊ីសានោះឡើយ ព្រោះពិតណាស់ ពួកណាសរ៉នី(ពួកគ្រឹស្ទាន)បានកែប្រែគម្ពីរអ៊ិញ្ជីល និងបានផ្លាស់ប្តូរនូវក្បួនច្បាប់បញ្ញត្តិជាច្រើនដែលមាននៅក្នុងវា។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលអំពីពួកណាសរ៉នីថា៖ “ហើយយើងបានយកកិច្ចសន្យាពីពួកដែលបាននិយាយថា៖ ពិតប្រាកដណាស់ ពួកយើងជាណាស៏រ៉ តែពួកគេបានភេ្លច(បោះបង់ចោល)មួយចំណែកពីអ្វីដែលគេបានរំលឹកពួកគេពីវា។ ហើយយើងបានធ្វើឱ្យពួកគេក្លាយជាសត្រូវនឹងគ្នា និងស្អប់ខ្ពើមគ្នារហូតដល់ថ្ងៃបរលោក។ ហើយអល់ឡោះនឹងប្រាប់ពួកគេឱ្យដឹងនូវអ្វីដែលពួកគេបានប្រព្រឹត្ដកន្លងមក”។ (អាល់ម៉ាអ៊ីហ្ទះ៖១៤)
អាស្រ័យហេតុនេះហើយទើបយើងសង្កេតឃើញថា អ្វីដែលគេឲ្យឈ្មោះថាជា “ព្រះគម្ពីរបរិសុទ្ធ” ដែលស្ថិតនៅក្នុងដៃពួកណាសរ៉នី(ពួកគ្រឹស្ទាន)សព្វថ្ងៃដែលរួមបញ្ចូលទាំងគម្ពីរតាវរ៉ត(សម្ព័ន្ធមេត្រីចាស់) និងគម្ពីរអ៊ីញ្ជីល(សម្ព័ន្ធមេត្រីថ្មី) គឺផ្ទុកទៅដោយគោលជំនឿខុសឆ្គង ដំណឹងឬព័ត៌មានមិនពិត និងរឿងរ៉ាវភូតកុហកជាច្រើន។
ទោះបីជាគោលជំនឿរបស់យើង គឺយើងជឿថា គម្ពីរតាវរ៉ត និងគម្ពីរអ៊ីញ្ជីលដែលមានសព្វថ្ងៃនេះ ត្រូវទទួលរងនូវការកែប្រែ និងការផ្លាស់ប្តូរដូចដែលគម្ពីរគួរអានបានបញ្ជាក់ប្រាប់ក៏ដោយ ក៏អ្នកមូស្លីមនៅតែឲ្យតម្លៃគម្ពីរទាំងពីរនោះ និងមិនបន្ទាបបន្ថោកវាឡើយ ព្រោះថាគម្ពីរទាំងពីរនេះអាចមាននូវចំណុចខ្លះៗដែលនៅសេសសល់អំពីបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលមិនត្រូវបានកែប្រែ។
តើអ្វីជាកាតព្វកិច្ចរបស់ពួកយើងចំពោះគម្ពីរគួរអាន?
នៅពេលដែលមានគេសួរ អាអ៊ីស្ហះ រទអ អំពីសីលធម៌របស់ព្យាការី ﷺ គាត់បានឆ្លើយថា៖ “សីលធម៌របស់លោក គឺគម្ពីរគួរអាន”។ (អះម៉ាត់៖២៤៦០១)
អត្ថន័យនៃហាទីស្ហនេះគឺ៖ ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ នៅក្នុងជីវិតរស់នៅរបស់លោក ទង្វើ និងពាក្យសម្តីរបស់លោក គឺអនុវត្តតាមទាំងស្រុងទៅតាមក្បួនច្បាប់ និងច្បាប់បញ្ញត្តិដែលមានចែងនៅក្នុងគម្ពីរគួរអាន។ ពិតណាស់ ព្យាការី ﷺ លោកសម្រេចបានយ៉ាងពេញលេញនៃការប្រតិបត្តិតាមការចង្អុលបង្ហាញរបស់គម្ពីរគួរអាន ហើយលោកគឺជាគំរូដ៏ល្អសម្រាប់យើងគ្រប់គ្នាយកតម្រាប់តាម ដូចដែលអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ជាការពិតណាស់ ពួកអ្នកមានអ្នកនាំសាររបស់អល់ឡោះ(ព្យាការីមូហាំម៉ាត់)ជាគំរូដ៏ល្អសម្រាប់អ្នកណាដែលសង្ឃឹមថានឹងបានជួបអល់ឡោះ និងថ្ងៃបរលោក ហើយនិងបានរំលឹកចំពោះអល់ឡោះយ៉ាងច្រើន”។ (អាល់អះហ្សាប៖២១)
ការសម្រួលដល់ការទន្ទេញ និងការសូត្រគម្ពីរគួរអាននៅទូទាំងពិភពលោក ទោះបីជាអ្នកទន្ទេញទាំងនោះនិយាយភាសាខុសៗគ្នា និងមានស្ថានភាពខុសៗគ្នាក៏ដោយនោះ គឺភស្ដុតាងដ៏ធំធេងមួយដែលបង្ហាញពីការថែរក្សារបស់អល់ឡោះជាម្ចាស់ចំពោះគម្ពីរដ៏អស្ចារ្យនេះ។
លក្ខណៈពិសេសរបស់គម្ពីរគួរអាន
ពិតណាស់គម្ពីរគួរអាន គឺជាបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលត្រូវបានបញ្ចុះទៅកាន់ព្យាការីរបស់យើង និងជាមនុស្សគំរូរបស់យើង ព្យាការីមូហាំម៉ាត់ ﷺ។ អ្នកមានជំនឿលើកតម្កើងគម្ពីរនេះ និងព្យាយាមប្រកាន់ខ្ជាប់នូវក្បួនច្បាប់ ព្យាយាមសូត្រ និងត្រឹះរិះពិចារណាពីអត្ថន័យរបស់វា។ គ្រប់គ្រាន់ហើយសម្រាប់ពួកយើងដែលថា គម្ពីរគួរអាន គឺជាមគ្គុទ្ទេសក៍សម្រាប់យើងនៅក្នុងលោកិយ និងជាមូលហេតុដែលធ្វើឲ្យយើងទទួលបានជោគជ័យនៅថ្ងៃបរលោក។ សម្រាប់គម្ពីរគួរអាន គឺមានភាពវិសេសវិសាល និងលក្ខណៈពិសេសជាច្រើនខុសពីគម្ពីរមុនៗដែលត្រូវបានបញ្ចុះពីលើមេឃ ក្នុងនោះមាន៖
១. គម្ពីរគួរអានផ្ទុកទៅដោយក្បួនច្បាប់សង្ខេបអំពីព្រះជាម្ចាស់
គម្ពីរគួរអានបានមកដល់ដើម្បីពង្រឹងបន្ថែម និងបញ្ជាក់នូវអ្វីដែលបានចែងនៅក្នុងបណ្តាគម្ពីរមុនៗ ទាក់ទងនឹងការគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយយើងបានបញ្ចុះគម្ពីរគួរអានឱ្យអ្នកយ៉ាងពិតប្រាកដ ដើម្បីបញ្ជាក់នូវអ្វីដែលមាននៅក្នុងគម្ពីរពីមុនមក និងបពា្ជក់ពីភាពត្រឹមត្រូវនៃគម្ពីរទាំងនោះ”។ (អាល់ម៉ាអ៊ីហ្ទះ៖៤៨)។ អត្ថន័យនៃឃ្លា៖ “ដើម្បីបញ្ជាក់នូវអ្វីដែលមាននៅក្នុងគម្ពីរពីមុនមក” ពោលគឺស្របគ្នាទៅនឹងដំណឹង និងជំនឿទាំងឡាយដែលបាននាំមកនៅក្នុងបណ្តាគម្ពីរមុនៗ។ ហើយអត្ថន័យនៃឃ្លា៖ “និងបពា្ជក់ពីភាពត្រឹមត្រូវនៃគម្ពីរទាំងនោះ” ពោលគឺជាការបញ្ជាក់ និងជាសាក្សីទៅលើគម្ពីរមុនៗទាំងនោះ។
២- ចាំបាច់លើមនុស្សលោកទាំងអស់ ទោះជាមានភាសា និងជាតិសាសន៍ខុសគ្នាក៏ដោយ ត្រូវតែមានជំនឿលើគម្ពីរគួរអាននេះ
ហើយនិងអនុវត្តតាមគម្ពីរនេះ ទោះបីជាសម័យកាលដែលពួកគេរស់នៅបានឃ្លាតឆ្ងាយពីសម័យកាលដែលគេបញ្ចុះគម្ពីគួរអាន(រាប់សតវត្ស)ក៏ដោយ ខុសពីគម្ពីរមុនៗដែលត្រូវបានបញ្ចុះមកសម្រាប់ក្រុមជាក់លាក់ និងក្នុងសម័យកាលកំណត់មួយជាក់លាក់។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយគម្ពីរគួរអាននេះត្រូវបានគេបញ្ចុះមកឱ្យខ្ញុំ(ព្យាការីមូហាំម៉ាត់)ដើម្បីដាស់តឿនព្រមានដល់ពួកអ្នក និងជនទាំងឡាយណាដែលគម្ពីរគួរអានបានទៅដល់គេ”។ (អាល់អាន់អាម៖១៩)
៣. ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ធានាថែរក្សាគម្ពីរគួរអាន
គ្មានអ្នកណាអាចកែប្រែគម្ពីរគួរអានបានឡើយ ហើយក៏គ្មានអ្នកដែលអាចកែប្រែវាបានជារៀងរហូត ដូចដែលអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ពិតប្រាកដណាស់ យើងបានបញ្ចុះគម្ពីរគួរអាន ហើយពិតប្រាកដណាស់ យើងជាអ្នកថែរក្សាវា”។ (អាល់ហ៊ិជរ៍៖៩)។ ដូចនេះ ដំណឹងឬព័ត៌មានទាំងឡាយរបស់វា គឺជាដំណឹងឬព័ត៌មានដែលត្រឹមត្រូវដែលចាំបាច់ត្រូវតែជឿជាក់។