ផ្នែកបច្ចុប្បន្ន model:
មេរៀន ជំនឿចំពោះបណ្តាអ្នកនាំសារ(រ៉សូល)ទាំងឡាយ
និយមន័យជំនឿចំពោះបណ្តាអ្នកនាំសារ(រ៉សូល)
គឺការជឿជាក់យ៉ាងដាច់ខាតថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានតែងតាំងសម្រាប់ប្រជាជាតិនីមួយៗនូវអ្នកនាំសារ(រ៉សូល)ម្នាក់អំពីពួកគេ ដោយអំពាវនាវពួកគេទៅកាន់ការគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់ដោយគ្មានស្ហ៊ីរិកទៅចំពោះទ្រង់ឡើយ ដូចដែលអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយជាការពិតណាស់ រាល់ប្រជាជាតិនីមួយៗយើងបានតែងតាំងអ្នកនាំសារម្នាក់ ដោយគេបង្គាប់ពួកគេឱ្យគោរពសក្ការៈចំពោះអល់ឡោះ និងចៀសវាងពីតហ្គ៊ូត”។ (អាន់ណះល៍៖៣៦)
ពួកយើងមានជំនឿថា ពិតណាស់បណ្តាអ្នកនាំសារទាំងឡាយ គឺជាមនុស្សសច្ចៈ ទៀងត្រង់ ជាអ្នកដែលត្រូវគេជឿជាក់ ជាអ្នកកោតខ្លាច(ចំពោះអល់ឡោះ) ជាមនុស្សស្មោះត្រង់ មានទំនួលខុសត្រូវ ជាអ្នកបង្ហាញផ្លូវល្អ(ដល់អ្នកដទៃ) និងជាអ្នកដែលទទួលបានការចង្អុលបង្ហាញ(ពីអល់ឡោះ)។ ពួកគាត់ផ្សព្វផ្សាយទាំងអស់នូវរាល់អ្វីដែលអល់ឡោះជាម្ចាស់ប្រើពួកគាត់ឲ្យផ្សព្វផ្សាយដោយគ្មានលាក់បាំង គ្មានការផ្លាស់ប្តូរ គ្មានការបន្ថែមអ្វីមួយដោយខ្លួនឯង សូម្បីមួយតួអក្សរ ហើយក៏មិនធ្វើឲ្យបាត់(ផ្សព្វផ្យាយមិនអស់)នូវអ្វីដែលគេប្រើពួកគាត់ឲ្យផ្សព្វផ្សាយនោះដែរ ដូចដែលអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “បណ្ដាអ្នកដែលផ្សព្វផ្សាយសារទាំងឡាយរបស់អល់ឡោះ និងកោតខ្លាចចំពោះទ្រង់ ដោយពួកគេមិនកោតខ្លាចអ្នកណាម្នាក់ក្រៅពីអល់ឡោះឡើយ។ គ្រប់គ្រាន់ហើយអល់ឡោះជាអ្នកជំនុំជម្រះ”។ (អាល់អះហ្សាប៖៣៩)
មនុស្សលោកត្រូវការជាចាំបាច់បំផុតទៅកាន់សាររបស់ព្រះជាម្ចាស់ដែលបញ្ជាក់ដល់ពួកគេនូវច្បាប់បញ្ញត្តិទាំងឡាយ និងចង្អុលបង្ហាញពួកគេទៅកាន់ប្រការត្រឹមត្រូវ និងសេចក្តីពិត។ សារ(របស់អល់ឡោះ) គឺជាព្រលឹងវិញ្ញាណ ជាពន្លឺរស្មី និងជាជីវិតរបស់ពិភពលោក។ ដូច្នេះ តើពិភពលោកនឹងទៅជាយ៉ាងណា នៅពេលដែលខ្វះព្រលឹងវិញ្ញាណ គ្មានជីវិត និងគ្មានពន្លឺនោះ?
ហេតុនេះហើយទើបអល់ឡោះជាម្ចាស់ទ្រង់បានឲ្យឈ្មោះសាររបស់ទ្រង់ថាជា“វិញ្ញាណ(រួហ)”។ ប្រសិនបើគ្មានវិញ្ញាណទេនោះ ជីវិតក៏គ្មានដែរ។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយដូច្នោះដែរ យើងបានបញ្ចុះវិញ្ញាណ(គម្ពីរគួរអាន)ឱ្យអ្នកតាមបទបញ្ជារបស់យើងដោយអ្នកមិនធ្លាប់បានដឹងថាអ្វីជាគម្ពីរឡើយ ហើយអ្នកក៏មិនដឹងថាអ្វីជាជំនឿនោះដែរ។ ក៏ប៉ុន្ដែយើងបានបង្កើតវា(គម្ពីរគួរអាន)ជាពន្លឺមួយដែលយើងនឹងចង្អុលបង្ហាញតាមរយៈវាចំពោះជនណាដែលយើងមានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់យើង”។ (អាស្ហស្ហ៊ូរ៉៖៥២)។ នោះក៏ព្រោះតែខួរក្បាលមនុស្ស(អាកាល់) ទោះបីជាវាអាចដឹងថាប្រការណាល្អ ប្រការណាអាក្រក់ជាលក្ខណៈរួមក៏ដោយ តែវាមិនអាចដឹងពីសេចក្តីលម្អិតរបស់វានោះឡើយ។ លើសពីនេះទៀត ការគោរពសក្ការៈ(ចំពោះអល់ឡោះ) និងរបៀបរបស់វានោះ គឺគេមិនអាចដឹងបានក្រៅពីតាមរយៈវ៉ាហ៊ី និងសារពីអល់ឡោះនោះឡើយ។
គ្មានមាគ៌ាណាមួយអាចនាំទៅរកសុភមង្គល និងជោគជ័យទាំងនៅក្នុងលោកិយនិងថ្ងៃបរលោកនោះឡើយ លើកលែងតែតាមរយៈអ្នកនាំសារទាំងឡាយ ហើយក៏គ្មានមាគ៌ាណាមួយដែលនាំឲ្យគេស្គាល់ច្បាស់ពីប្រការល្អ និងប្រការអាក្រក់បាននោះដែរ លើកលែងតែតាមរយៈមាគ៌ារបស់ពួកគាត់(អ្នកនាំសារ)ប៉ុណ្ណោះ។ ជនណាដែលងាកចេញពីសារ(របស់អល់ឡោះ) នោះគេនឹងទទួលនូវនឹងទទួលរងនូវភាពច្របូកច្របល់ ទុក្ខកង្វល់ និងភាពអពមង្គលជាខ្លាំងតាមកម្រិតនៃការប្រឆាំង និងការងាកចេញរបស់គេនោះ។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “យើងបានមានបន្ទូលថា៖ ចូរពួកអ្នកទាំងអស់គ្នា(អាហ្ទាំ ហាវ៉ា អ៊ីព្លីស)ចុះចេញពីឋានសួគ៌នេះ។ ហើយប្រសិនបើមានការណែនាំរបស់យើងមកដល់ពួកអ្នក ហើយអ្នកណាដែលបានដើរតាមការណែនាំរបស់យើងចំពោះពួកគេ គឺពួកគេគ្មានការភ័យខ្លាច និងព្រួយបារម្ភអ្វីឡើយ។ ចំណែកពួកដែលបានប្រឆាំង ហើយបានបដិសេធនឹងអាយ៉ាត់ៗរបស់យើង ពួកនោះ គឺជាពួកនរក ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ”។ (អាល់ហ្ពាក៏រ៉ោះ៖៣៨-៣៩)
ជាគោលគ្រឹះមួយក្នុងចំណោមគោលគ្រឹះនៃជំនឿ
ជំនឿចំពោះបណ្តាអ្នកនាំសារ(រ៉សូល)ទាំងឡាយ គឺជាគោលគ្រឹះមួយក្នុងចំណោមគោលគ្រឹះនៃជំនឿ(រូកុនអ៊ីម៉ាន់)ទាំងប្រាំមួយ។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “អ្នកនាំសារ(មូហាំម៉ាត់)មានជំនឿលើអ្វីៗដែលម្ចាស់របស់គេបានបញ្ចុះមកឱ្យគេ ហើយបណ្ដាអ្នកមានជំនឿក៏ដូចគ្នាដែរ។ ពួកគេទាំងអស់មានជំនឿលើអល់ឡោះ បណ្ដាម៉ាឡាអ៊ីកាត់របស់ទ្រង់ និងបណ្ដាគម្ពីររបស់ទ្រង់ ហើយនិងបណ្ដាអ្នកនាំសាររបស់ទ្រង់។ (ពួកគេបាននិយាយថា៖) ពួកយើងមិនបែងចែកអ្នកនាំសារណាម្នាក់ក្នុងចំណោមអ្នកនាំសារទាំងឡាយរបស់ អល់ឡោះនោះឡើយ”។ (អាល់ហ្ពាក៏រ៉ោះ៖២៨៥)។ អាយ៉ាត់(វាក្យខណ្ឌ)នេះ គឺជាភស្តុតាងដែលបញ្ជាក់ពីកាតព្វកិច្ចចាំបាច់ត្រូវមានជំនឿចំពោះបណ្តាអ្នកនាំសារ(រ៉សូល)ទាំងអស់ដោយគ្មានការបែងចែកឡើយ។ ដូចនេះ យើងមិនមានជំនឿចំពោះអ្នកនាំសារមួយចំនួន ហើយបដិសេធចំពោះអ្នកនាំសារមួយចំនួនទៀត ដូចស្ថានភាពរបស់ពួកយូដា និងពួកណាសរ៉នី(ពួកគ្រឹស្ទាន)នោះឡើយ។
ព្យាការី ﷺ លោកបានមានប្រសាសន៍អំពីជំនឿ(អ៊ីម៉ាន់)ថា៖ “អ្នកត្រូវជឿចំពោះអល់ឡោះ បណ្តាម៉ាឡាអ៊ីកាត់របស់ទ្រង់ បណ្តាគម្ពីររបស់ទ្រង់ បណ្តាអ្នកនាំសាររបស់ទ្រង់ ជឿចំពោះថ្ងៃបរលោក និងជឿថាវាសនាល្អ និងវាសនាអាក្រក់សុទ្ធតែអល់ឡោះបានកំណត់រួច”។ (មូស្លីម៖៨)
សញ្ញាភស្តុតាងរបស់អ្នកនាំសារទាំងឡាយ និងអច្ឆរិយភាពរបស់ពួកគេ
អល់ឡោះជាម្ចាស់ទ្រង់បានពង្រឹងដល់អ្នកនាំសាររបស់ទ្រង់ទាំងឡាយតាមរយៈសញ្ញាភស្តុតាង និងទឡ្ហីករណ៍ជាច្រើនប្រភេទដែលជាភស្តុតាងបញ្ជាក់ពីសច្ចភាព និងភាពជាព្យាការីរបស់ពួកគេ ក្នុងនោះផងនោះដែរ ទ្រង់បានពង្រឹងដល់ពួកគាត់តាមរយៈអច្ឆរិយភាព(មុជីហ្សាត់) និងសញ្ញាភស្តុតាងដ៏ជាក់ស្តែងជាច្រើនដែលមនុស្សលោកធម្មតាគ្មានសមត្ថភាពធ្វើដូច ដើម្បីជាការបញ្ជក់កាន់តែច្បាស់ថែមទៀតពីសច្ចភាពរបស់ពួកគេ និងទទួលស្គាល់នូវភាពជាព្យាការីរបស់ពួកគេ។ ចំពោះអត្ថន័យនៃពាក្យថា “អច្ឆរិយភាព” ឬ “មុជីហ្សាត់” គឺជារឿងដែលកើតឡើងខុសពីធម្មតាដែលអល់ឡោះជាម្ចាស់ទ្រង់បានបង្ហាញឲ្យឃើញដោយស្នាដៃនៃបណ្តាព្យាការី និងអ្នកនាំសារទាំងឡាយរបស់ទ្រង់ ក្នុងលក្ខណៈមួយដែលមនុស្សលោកធម្មតាមិនអាចធ្វើបានដូចពួកគេឡើយ។
ក្នុងចំណោមអច្ឆរិយភាព(មុជីហ្សាត់)របស់បណ្តាព្យាការី
តើជំនឿចំពោះបណ្តាអ្នកនាំសារ(រ៉សូល)ទាំងឡាយផ្ទុកទៅដោយអ្វីខ្លះ?
១. ត្រូវមានជំនឿថា ពិតណាស់សារទាំងឡាយរបស់ពួកគេ(អ្នកនាំសារ) គឺមកពីអល់ឡោះយ៉ាងពិតប្រាកដ ហើយពិតណាស់ សារទាំងអស់នោះ មានភាពស្របគ្នា(ឯកភាពគ្នា)លើការអំពាវនាវទៅកាន់ការគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់ និងមិនប្រព្រឹត្តអំពើស្ហ៊ីរិកទៅចំពោះទ្រង់ឡើយ។
អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយជាការពិតណាស់ រាល់ប្រជាជាតិនីមួយៗយើងបានតែងតាំងអ្នកនាំសារម្នាក់ ដោយគេបង្គាប់ពួកគេឱ្យគោរពសក្ការៈចំពោះអល់ឡោះ និងចៀសវាងពីតហ្គ៊ូត”។ (អាន់ណះល៍៖៣៦)
ប៉ុន្តែច្បាប់បញ្ញត្តិ(សម្រាប់ប្រតិបត្តិ)របស់ព្យាការីនីមួយៗអាចមានលក្ខណៈខុសគ្នានៅក្នុងមែកធាងដែលទាក់ទងនឹងប្រការដែលគេអនុញ្ញាត(ប្រការហាឡាល់) និងប្រការដែលគេហាមឃាត់(ប្រការហារ៉ាំ)នូវអ្វីដែលសមស្របសម្រាប់ប្រជាជាតិនីមួយៗ(ទៅតាមសម័យកាល) ដូចដែលអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “រាល់ៗប្រជាជាតិក្នុងចំណោមពួកអ្នក យើងបានបង្កើតច្បាប់ និងមាគ៌ាយ៉ាងច្បាស់លាស់”។ (អាល់ម៉ាអ៊ីហ្ទះ៖៤៨)
២. ត្រូវមានជំនឿចំពោះបណ្តាព្យាការី និងអ្នកនាំសារទាំងអស់
ដោយពួកយើងចំពោះបណ្តាព្យាការីទាំងឡាយដែលអល់ឡោះជាម្ចាស់បានប្រាប់ឲ្យយើងដឹងនូវឈ្មោះរបស់ពួកគាត់ ដូចជា ព្យាការីមូហាំម៉ាត់ ព្យាការីអ៊ីព្រហ៊ីម ព្យាការីមូសា ព្យាការីអ៊ីសា ព្យាការីនួហ ព្យាការីយ៉ាក់កូប ព្យាការីយូសុះ និងព្យាការីយូនុស ក៏ដូចជាព្យាការីផ្សេងទៀត។ ចំណែកឯព្យាការីទាំងឡាយណាដែលពួកយើងមិនស្គាល់ឈ្មោះរបស់ពួកគាត់ទេនោះ គឺយើងត្រូវជឿចំពោះពួកគាត់ជាលក្ខណៈរួម។ ជនណាហើយដែលបដិសេធ ប្រឆាំងនឹងសាររបស់អ្នកនាំសារណាម្នាក់ក្នុងចំណោមពួកគាត់ បុគ្គលនោះគឺគេចាត់ទុកថាជាអ្នកដែលបដិសេធ ប្រឆាំងនឹងអ្នកនាំសារទាំងអស់។
៣. ជឿជាក់ចំពោះរឿងរ៉ាវដែលត្រឹមត្រូវអំពីពួកគាត់ និងអច្ឆរិយភាពរបស់ពួកគាត់
ដោយយើងជឿជាក់ចំពោះរឿងរ៉ាវដែលត្រឹមត្រូវអំពីពួកគាត់ និងអច្ឆរិយភាព(មុជីហ្សាត់)របស់ពួកគាត់ដូចដែលមានចែងនៅក្នុងគម្ពីរគួរអាន និងស៊ុណ្ណះ ដូចជារឿងរ៉ាវនៃការបំបែកទឹកសមុទ្ររបស់ព្យាការីមូសាជាដើម។
៤. អនុវត្តតាមច្បាប់បញ្ញត្តិរបស់អ្នកនាំសារដែលត្រូវបានគេបញ្ជូនមកកាន់ពួកយើង គឺព្យាការីដែលល្អជាងគេបំផុត និងជាព្យាការីចុងក្រោយគេបង្អស់ក្នុងចំណោមព្យាការីទាំងឡាយ ពោលគឺ ព្យាការីមូហាំម៉ាត់ ﷺ។
ក្នុងចំណោមលក្ខណៈសម្បត្តិរបស់អ្នកនាំសារទាំងឡាយ៖
១- ពួកគាត់ គឺជាមនុស្សលោក
ហើយភាពខុសគ្នារវាងពួកគាត់ និងមនុស្សលោកធម្មតានោះ គឺអល់ឡោះជាម្ចាស់ទ្រង់បានផ្តល់លក្ខណៈពិសេសដល់ពួកគាត់តាមរយៈវ៉ាហ៊ី និងសារ។ ទ្រង់បានមានបន្ទូលថា៖ “ហើយយើងមិនបានបញ្ជូនអ្នកណាម្នាក់មុនអ្នក(មូហាំម៉ាត់) ក្រៅពីបុរសៗដែលយើងផ្ដល់វ៉ាហ៊ីដល់ពួកគេនោះឡើយ”។ (អាល់អាំពីយ៉ាក៖៧)។ ទ្រង់បានមានបន្ទូលទៀតថា៖ “ចូរអ្នក(មូហាំម៉ាត់)ពោលថា៖ តាមពិត ខ្ញុំជាមនុស្សលោកដូចពួកអ្នកដែរ គ្រាន់តែគេបានផ្ដល់វ៉ាហ៊ីមកឱ្យខ្ញុំថា ពិតប្រាកដណាស់ ម្ចាស់របស់ពួកអ្នក គឺជាម្ចាស់តែមួយគត់”។ (អាល់កះហ្វ៍៖១១០)។ ដូចនេះ ពួកគេមិនមានលក្ខណៈជាព្រះដែលបង្កើត ហើយក៏មិនមានលក្ខណៈជាព្រះដែលត្រូវគេគោរពសក្ការៈនោះដែរ ក៏ប៉ុន្តែពួកគាត់ គឺជាមនុស្សដែលមានអាកប្បកិរិយាខាងក្រៅ និងសីលធម៌ខាងក្នុងល្អបំផុត។ ម្យ៉ាងទៀត ពួកគាត់គឺជាមនុស្សល្អបំផុតក្នុងត្រកូលរបស់ពួកគេ ហើយពួកគាត់មានប្រាជ្ញាវាងវៃ និងមានពាក្យសម្តីដែលពិត ដែលធ្វើឱ្យពួកគាត់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបន្ទុកពាំនាំសារ(ពីអល់ឡោះ) និងអនុវត្តតួនាទីជាព្យាការី។ តាមពិត អល់ឡោះជាម្ចាស់ទ្រង់តែងតាំងអ្នកនាំសារទាំងឡាយជាមនុស្សលោក គឺដើម្បីឲ្យពួកគាត់ក្លាយជាគំរូសម្រាប់មនុស្សលោកដូចគ្នា។ នៅពេលនោះ ការប្រតិបត្តិតាមអ្នកនាំសារ និងការយកគំរូតាមពួកគាត់ គឺជារឿងមួយដែលមនុស្សអាចធ្វើបានក្នុងព្រំដែនកំណត់នៃសមត្ថភាពរបស់ពួកគេ។
២. អល់ឡោះបានជ្រើសរើសពួកគាត់ជាពិសេសក្នុងការពាំនាំសាររបស់ទ្រង់
ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានជ្រើសរើសពួកគាត់ជាពិសេសតាមរយៈការផ្តល់នូវវ៉ាហ៊ីឲ្យពួកគាត់ ខុសពីមនុស្សលោកដទៃទៀត ដូចដែលអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ចូរអ្នក(មូហាំម៉ាត់)ពោលថា៖ តាមពិត ខ្ញុំជាមនុស្សលោកដូចពួកអ្នកដែរ គ្រាន់តែគេបានផ្ដល់វ៉ាហ៊ីមកឱ្យខ្ញុំថា៖ ពិតប្រាកដណាស់ ម្ចាស់របស់ពួកអ្នកគឺជាម្ចាស់តែមួយគត់”។ (អាល់កះហ្វ៍៖១១០)។ ដូចនេះ ភាពជាព្យាការី និងជាអ្នកនាំសារ មិនមែនត្រូវបានជ្រើសរើសឡើងដោយសារតែភាពបរិសុទ្ធខាងវិញ្ញាណ និងភាពឆ្លាតវៃ និងគតបណ្ឌិតនោះទេ។ ផ្ទុយទៅវិញ អល់ឡោះជាម្ចាស់បានជ្រើសរើសពួកគាត់ និងបានវិសុទ្ធពួកគាត់ក្នុងចំណោមមនុស្សលោកទាំងអស់ ដូចដែលទ្រង់បានមានបន្ទូលថា៖ “អល់ឡោះដឹងបំផុតចំពោះអ្នកណាដែលទ្រង់នឹងផ្ដល់សាររបស់ទ្រង់”។ (អាល់អាន់អាម៖១២៤)
៣. ពិតណាស់ពួកគាត់ត្រូវបានការពារពីកំហុសឆ្គងក្នុងការផ្សព្វផ្សាយអំពីអល់ឡោះ
ដូចនេះ ពួកគាត់មិនមានកំហុសឬប្រព្រឹត្តខុសក្នុងការផ្សព្វផ្សាយអំពីអល់ឡោះឡើយ ហើយពួកគាត់ក៏មិនអនុវត្តខុសនូវអ្វីដែលអល់ឡោះបានផ្តល់វ៉ាហ៊ីទៅកាន់ពួកគាត់នោះដែរ។
៤. មានភាពសច្ចៈ ទៀងត្រង់
ជាការពិតណាស់ បណ្តាអ្នកនាំសារទាំងអស់ គឺជាមនុស្សដែលមានភាពសច្ចៈ ទៀងត្រង់ ទាំងក្នុងពាក្យសម្តី និងទង្វើរបស់ពួកគាត់។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “នេះគឺជាអ្វីដែលម្ចាស់មហាសប្បុរសបានសន្យា និងអ្វីដែលអ្នកនាំសារបានបញ្ជាក់ប្រាប់”។ (យ៉ាស៊ីន៖៥២)
៥. មានភាពអត់ធ្មត់
ពិតប្រាកដណាស់ ពួកគាត់(អ្នកនាំសារ)បានអំពាវនាវមនុស្សលោកទៅកាន់អល់ឡោះជាម្ចាស់ក្នុងនាមជាអ្នកផ្សព្វផ្សាយដំណឹងរីករាយ និងជាអ្នកដាស់តឿនព្រមាន។ ក្នុងដំណើរនៃការបំពេញបេសកកម្មមួយនេះ ពួកគាត់ត្រូវទទួលរងនូវការធ្វើទុក្ខបុកម្នេញ និងការធ្វើបាបសព្វបែបយ៉ាង តែពួកគាត់បានអត់ធ្មត់ និងស៊ូទ្រាំដើម្បីលើកតម្កើងពាក្យបន្ទូលរបស់អល់ឡោះឲ្យខ្ពង់ខ្ពស់ឡើង។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ដូច្នេះ ចូរអ្នក(មូហាំម៉ាត់)អត់ធ្មត់ដូចបណ្តាអ្នកដែលមានឆន្ទៈមោះមុតក្នុងចំណោមបណ្តាអ្នកនាំសារទាំងឡាយបានអត់ធ្មត់ចុះ”។ (អាល់អះក៏ហ្វ៖៣៥)
ចំពោះជំនឿចំពោះបណ្តាអ្នកនាំសារទាំងឡាយ ផ្តល់នូវផ្លែផ្កាយ៉ាងធំធេង ក្នុងនោះមានដូចជា៖
អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “អ្នកណាហើយដែលបានដើរតាមការចង្អុលបង្ហាញរបស់យើងនោះ គឺគេនឹងមិនវងេ្វង(នៅក្នុងលោកិយ) និងមិនលំបាកឡើយ(នៅថ្ងៃបរលោក)។ តែបើអ្នកណាហើយបានងាកចេញពីការដាស់តឿន(គម្ពីរគួរអាន)របស់យើង ពិតប្រាកដណាស់សម្រាប់គេគឺការរស់នៅយ៉ាងលំបាកវេទនា(ទោះបីជារូបភាពខាងក្រៅរបស់គេជាអ្នកមាន ឬមានឋានៈខ្ពង់ខ្ពស់ក៏ដោយ”។ (តហា៖១២៣-១២៤)