ផ្នែកបច្ចុប្បន្ន model:
មេរៀន សិទ្ធិរបស់ឪពុកម្តាយ
ព័ត៌មានរបស់មេរៀន
គោលបំណង
count: ចំនួនសិស្សផ្សេងទៀតដែលបានបញ្ចប់មេរៀននេះ។
សាសនាឥស្លាមបានលើកតម្កើង ឪពុកម្តាយយ៉ាងធំធេង ហើយបានភ្ជាប់ការធ្វើល្អចំពោះឪពុកម្តាយទៅនឹងបទបញ្ជាដ៏ធំធេងជាងគេបំផុតនៅក្នុងសាសនាឥស្លាម គឺតាវហេទ(ឯកទេពនិយម)ចំពោះអល់ឡោះជាម្ចាស់។ ទ្រង់បានមានបន្ទូលថា៖ “ហើយម្ចាស់របស់អ្នកបានបញ្ជាថា៖ ពួកអ្នកមិនត្រូវគោរពសក្ការៈក្រៅពីទ្រង់ឡើយ ហើយត្រូវតែធ្វើល្អទៅចំពោះឪពុកម្ដាយ”។ (អាល់អ៊ិសរ៉ក៖២៣)។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានចាត់ទុកឪពុកម្តាយ គឺជាបុព្វហេតុនៃការមានវត្តមានរបស់កូនប្រុសស្រីនៅលើផែនដី ហើយបើទោះបីជាកូនៗចំណាយលះបង់យ៉ាងណាក៏ដោយ ក៏មិនអាចសងគុណឪពុកម្តាយបាននោះដែរ ហើយក៏មិនអាចតបស្នងដល់លោកទាំងពីរចំពោះអ្វីដែលលោកទាំងពីរបានជួបប្រទះបន្តិចណានោះដែរ ដូចជាការនឿយហត់ ទុក្ខលំបាកនានា គេងយប់ជ្រៅ ក្រោកពេលយប់ សម្រាកបានតិច ដែលទាំងអស់នេះ គឺដើម្បីតែសុខុមាលភាព និងភាពសុខដុមរបស់កូនៗតែប៉ុណ្ណោះ។
ក្នុងចំណោមភាពយុត្តិធម៌របស់អល់ឡោះជាម្ចាស់ គឺទ្រង់បានកំណត់សម្រាប់ឪពុកម្តាយនូវសិទ្ធិជាច្រើនទៅលើកូនៗរបស់ខ្លួន ជាការតបស្នងសម្រាប់ឪពុកម្តាយចំពោះការខិតខំប្រឹងប្រែងដ៏គួរឲ្យកោតសរសើរដែលពួកគាត់បានធ្វើ និងលះបង់ក្នុងការមើលថែកូនៗ។ ទ្រង់បានមានបន្ទូលថា៖ “ហើយយើងបានបង្គាប់មនុស្សលោកឱ្យធ្វើល្អចំពោះឪពុកម្ដាយរបស់ខ្លួន”។ (អាល់អាន់កាពូត៖៨)។ ទ្រង់បានមានបន្ទូលទៀតថា៖ “ហើយអ្នកត្រូវកតញ្ញូចំពោះលោកទាំងពីរនៅក្នុងលោកិយនេះដោយអំពើល្អ”។ (លុកម៉ាន៖១៥)។ នៅពេលដែលសហាហ្ពាត់ម្នាក់បានសួរព្យាការី សអវ ថា៖ “ឱ រ៉ស៊ូលុលឡោះ! តើអ្នកណាដែលខ្ញុំត្រូវធ្វើល្អចំពោះគាត់ជាងគេ”? លោកបានឆ្លើយថា៖ “ម្ដាយរបស់អ្នក”។ គាត់បានសួរទៀតថា៖ “បន្ទាប់មក តើអ្នកណា”? លោកបានឆ្លើយថា៖ “ម្ដាយរបស់អ្នក”។ គាត់បានសួរទៀតថា៖ “បន្ទាប់មក តើអ្នកណា”? លោកបានឆ្លើយថា៖ “ម្ដាយរបស់អ្នក”។ គាត់ក៏បានសួរ ទៀតថា៖ “បន្ទាប់មក តើអ្នកណា”? លោកបានឆ្លើយថា៖ “គឺឪពុករបស់អ្នក”។ (ពូខរី៖៥៩៧១, មូស្លីម៖២៥៤៨)
ឧត្តមភាពនៃការធ្វើល្អចំពោះឪពុកម្តាយ
ការធ្វើល្អចំពោះឪពុកម្តាយ ស្ថិតក្នុងចំណោមទង្វើកុសលដែលប្រសើរជាងគេ និងជាទីស្រឡាញ់ពេញចិត្តជាងគេចំពោះអល់ឡោះជាម្ចាស់។ ពិតណាស់ អាប់ទុលឡោះ ពិន ម៉ាស្អ៊ូទ រទអ បានសួរព្យាការី សអវ ថា៖ “តើទង្វើកុសលមួយណាដែលអល់ឡោះស្រលាញ់ជាងគេ”? លោកបានឆ្លើយថា៖ “គឺការសឡាតឲ្យចំពេលវេលារបស់វា”។ គាត់បានសួរទៀតថា៖ “បន្ទាប់មក គឺអ្វី”? លោកបានឆ្លើយថា៖ “បន្ទាប់មក គឺការធ្វើល្អចំពោះឪពុកម្ដាយ”។ គាត់បានសួរទៀតថា៖ “បន្ទាប់មក គឺអ្វី”? លោកបានឆ្លើយថា៖ “គឺការតស៊ូក្នុងផ្លូវអល់ឡោះ”។ (ពូខរី៖៥២៧, មូស្លីម៖៨៥)
ជាការពិតណាស់ ការធ្វើល្អចំពោះឪពុកម្តាយ គឺល្អជាងការតស៊ូប្រយុទ្ធដោយស្ម័គ្រចិត្ត។ ពិតណាស់ មានបុរសម្នាក់បានមកជួបព្យាការី ﷺ ហើយបានសួរថា៖ “តើខ្ញុំអាចចូលរួមតស៊ូប្រយុទ្ធក្នុងផ្លូវអល់ឡោះបានទេ?” ពេលនោះ លោកបានសួរថា៖ “តើអ្នកមានឪពុកម្ដាយដែរឬទេ”? បុរសនោះបានឆ្លើយថា៖ “បាទ មាន”។ លោកក៏មានប្រសាសន៍ថា៖ “ដូច្នេះ ចូរអ្នកតស៊ូប្រយុទ្ធក្នុងផ្លូវអល់ឡោះដោយការធ្វើល្អចំពោះគាត់ទាំងពីរចុះ”។ (ពូខរី៖៥៩៧២, មូស្លី៖២៥៤៩)