បន្តរៀន

អ្នកមិនបានចុះឈ្មោះចូលទេ
ចុះឈ្មោះឥឡូវនេះក្នុងវេបសាយ(តាក)ដើម្បីតាមដានភាពល្អប្រសើររបស់អ្នក ប្រមូលពិន្ទុ និងការចូលរួមក្នុងការប្រកួតប្រជែង បន្ទាប់ពីមានការចុះឈ្មោះរួចហើយ អ្នកនឹងទទួលបានវិញ្ញាបនបត្រអ៊ីនធឺណិតក្នុងប្រធានបទដែលអ្នកសិក្សាវា

ផ្នែកបច្ចុប្បន្ន model:

មេរៀន ការលែងលះ

នៅក្នុងមេរៀននេះ យើងនឹងសិក្សាពីអត្ថន័យនៃពាក្យ “ការលែងលះ” និងក្បួនច្បាប់មួយចំនួនដែលពាក់ព័ន្ធនឹងបញ្ហានេះ។

  • ដឹងពីអត្ថន័យនៃពាក្យលែងលះ
  • ដឹងពីសោភ័ណភាពមួយចំនួននៃសាសនាឥស្លាមចំពោះអ្វីដែលទាក់ទងនឹងក្បួនច្បាប់នៃការលែងលះ
  • ដឹងពីផលប្រយោជន៍ និងគ្រោះថ្នាក់នៃការលែងលះ
  • ដឹងពីប្រភេទនៃការលែងលះ
  • ដឹងពីអត្ថន័យនៃអ៊ិតហ្ទះ និងប្រការមួយចំនួនដែលពាក់ព័ន្ធនឹងវា

count: ចំនួនសិស្សផ្សេងទៀតដែលបានបញ្ចប់មេរៀននេះ។

កិច្ចព្រមព្រៀងដ៏ម៉ឺងម៉ាត់

សាសនាឥស្លាមបានយកចិត្តទុកដាក់លើការថែរក្សាជីវិតគ្រួសារ និងថែរក្សាការពារទំនាក់ទំនងអាពាហ៍ពិពាហ៍នេះជាមួយនឹងកិច្ចព្រមព្រៀងមួយដែលគម្ពីរគួរអានបានពិពណ៌នាថា ជា“កិច្ចព្រមព្រៀងដ៏ម៉ឺងម៉ាត់” ហើយកិច្ចព្រមព្រៀងដ៏ម៉ឺងម៉ាត់នេះ គឺសំដៅលើកិច្ចសន្យាអាពាហ៍ពិពាហ៍។

ជាការសង្កត់ធ្ងន់របស់សាសនាឥស្លាមលើការរក្សាទំនាក់ទំនងអាពាហ៍ពិពាហ៍ គឺសាសនានេះបានណែនាំស្វាមីគ្រប់រូបឱ្យរួមរស់ជាមួយភរិយារបស់ខ្លួន និងមិនត្រូវលែងលះនាងឡើយ ទោះបីជាគេមិនពេញចិត្តភរិយារបស់ខ្លួន ឬភរិយារបស់ខ្លួនធ្វើឲ្យគេមិនពេញចិត្តក៏ដោយ។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយចូរពួកអ្នករួមរស់ជាមួយពួកនាងដោយគុណធម៌។ ប្រសិនបើពួកអ្នកមិនពេញចិត្ដ ពួកនាង(ចូរអត់ធ្មត់) ជួនកាល ការមិនពេញចិត្ដរបស់ពួកអ្នកលើអ្វី មួយនោះ អល់ឡោះអាចនឹងធ្វើឱ្យវាល្អប្រសើរលើសលប់វិញក៏ថាបាន”។ (អាន់នីសាក៖១៩)។ ដើម្បីកុំឱ្យកិច្ចព្រមព្រៀងដ៏ម៉ឺងម៉ាត់ត្រូវដាច់ សាសនាឥស្លាមបានធ្វើការព្រមានយ៉ាងខ្លាំងក្លាចំពោះជនទាំងឡាយដែលប៉ុនប៉ងបំផ្លាញ ឬបង្កបញ្ហារវាងប្តីប្រពន្ធរបស់គេ។ អំពី អាពូហ៊ូរ៉យរ៉ោះ រទអ ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាដែលព្យាយាមបំផ្លាញ ឬបង្ខូចប្រាប់ភរិយារបស់បុរសម្នាក់អំពីស្វាមីរបស់នាង គឺមិនមែនជាក្រុមរបស់យើងទេ”។ (អាពូហ្ទាវូទ៖២១៧៥)

ភាពប្រាកដនិយមរបស់សាសនាអ៊ីស្លាម

ទោះបីជាសាសនាឥស្លាមព្យាយាមលើការបន្តទំនាក់ទំនងអាពាហ៍ពិពាហ៍ក៏ដោយ តែសាសនានេះ គឺជាសាសនាប្រាកដនិយម ដែលមិននាំមកនូវច្បាប់អ្វីមួយដែលប្រឆាំងនឹងសភាវគតិរបស់មនុស្ស ហើយដាក់គំនាបលើបំណងប្រាថ្នារបស់ពួកគេ និងដាក់សម្ពាធលើពួកគេឡើយ ផ្ទុយទៅវិញ សាសនានេះគឺបានគិតគូរពីស្ថានភាព អារម្មណ៍ និងតម្រូវការរបស់ពួកគេ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ជ្រាបថា ក្នុងស្ថានភាពខ្លះ ការបន្តជីវិតអាពាហ៍ពិពាហ៍អាចនឹងមានគ្រោះថ្នាក់ជាងការបញ្ចប់វា ហើយទ្រង់ក៏ជ្រាបដែរថា ការលែងលះអាចជាតម្រូវការ ឬអាចជារឿងដែលចាំបាច់តែម្តង នៅក្នុងស្ថានភាពខ្លះទៀត។ ហេតុនេះ ការអនុញ្ញាតឲ្យលែងលះ គឺមានបុព្វហេតុដ៏ធំធេង និងផ្តល់នូវភាពងាយស្រួលសម្រាប់មនុស្សលោក ក្នុងករណីដែលកានៅបន្ត អាចបណ្តាលឱ្យមានបញ្ហាធ្ងន់ធ្ងរនិងគ្រោះថ្នាក់។

ការបង្គាប់ប្រើឲ្យលែងលះ

មានភស្តុតាងជាច្រើនពីគម្ពីរគួរអាន និងស៊ុណ្ណះដែលបង្គាប់ប្រើឲ្យលែងលះ ហើយមានអាយ៉ាត់ និងហាទីស្ហជាច្រើនដែលរៀបចំនូវក្បួនច្បាប់ និងសុជីវធម៌នៃការលែងលះនេះ រហូតដល់មានស៊ូរ៉ោះមួយនៅក្នុងគម្ពីរគួរអានដែលគេឲ្យឈ្មោះថា ស៊ូរ៉ោះ អាត់តឡាក ដែលមានន័យថា “ជំពូក ការលែងលះ”។

ការលែងលះនៅក្នុងនិយមន័យភាសា

ការស្រាយចំណង និងការដោះលែង។

ការលែងលះនៅក្នុងច្បាប់បញ្ញត្តិឥស្លាម

គឺការរំលាយនូវចំណងអាពាហ៍ពិពាហ៍ភ្លាមៗ ឬនៅពេលណាមួយ ដោយប្រើនូវពាក្យពេចន៍ច្បាស់លាស់។ ពាក្យពេចន៍ពាក្យជាក់លាក់គឺមានភាពច្បាស់លាស់ដូចជាពាក្យ៖ "'លែងលះ" ។ និងអាចជាពាក្យដែលមានន័យប្រយោលពីការលែងលះ ដូចជាពាក្យថា៖ "អ្នកបែកគ្នាពីខ្ញុំ" "អ្នកត្រូវបានហាមសម្រាប់ខ្ញុំ" "អ្នកត្រូវបានដោះលែង" និងផ្សេងៗទៀត។ ហើយក៏មានអ្វីដែលជំនួសឱ្យពាក្យពេចន៍ផងដែរ ដូចជា ការសរសេរ ការប្រើកាយវិការច្បាស់លាស់ដែលគេអាចយល់បានច្បាស់។ ហើយពាក្យមួយទៀតដែលភ្ជាប់នឹងការលែងលះដែរ គឺពាក្យ "ខឡាក់" (ជាពាក្យដែលសំដៅដល់ស្ត្រីដែលស្នើរសុំចែកផ្កូវគ្នាពីប្តីរបស់នាងតាមរយៈចៅក្រម ឬហាគីម)។ ហើយចៅក្រមនិយាយថា "ខ្ញុំបំបែកអ្នកទាំងពីរ" នៅពេលការបែកគ្នាកើតមានឡើង។

ផលប្រយោជន៍នៃការលែងលះ

١
១. ជាការត្រួសត្រាយផ្លូវសម្រាប់ការកសាងគ្រួសារថ្មីពីរនៅលើមូលដ្ឋានរឹងមាំដែលមិនមាននៅក្នុងគ្រួសារទីមួយ។ ក្តីសប្បុរសរបស់អល់ឡោះ គឺទូលំទូលាយបំផុត។ ទ្រង់បានមានបន្ទូលថា៖ “ប៉ុន្ដែប្រសិនបើគេទាំងពីរបែកបាក់គ្នា(លែងលះគ្នា)វិញនោះ អល់ឡោះនឹងផ្គត់ផ្គង់ដល់គេម្នាក់ៗនូវលាភសក្ការៈដ៏ទូលំទូលាយរបស់ទ្រង់។ អល់ឡោះមហាទូលំទូលាយ មហាគតិបណ្ឌិត”។ (អាន់នីសាក៖១៣០)
٢
២. ទប់ស្កាត់វិនាសកម្មធ្ងន់ធ្ងរដែលអាចបណ្ដាលមកពីការបន្តជីវិតអាពាហ៍ពិពាហ៍ដែលពោរពេញទៅដោយការស្អប់ខ្ពើម និងគំនុំគំគួន ហើយដែលអាចនាំឱ្យធ្លាក់ក្នុងទង្វើអសីលធម៌នានា (សូមអល់ឡោះជាម្ចាស់ទ្រង់បញ្ចៀសផងចុះ)។
٣
៣. ដកពិសោធន៍ពីមេរៀននៃអាពាហ៍ពិពាហ៍ទីមួយ ហើយពិចារណាឡើងវិញនូវបញ្ហានានា បើកចិត្តឱ្យទូលាយចំពោះចំណុចខ្វះខាតរបស់ខ្លួន ហើយព្យាយាមយកឈ្នះលើចំណុចខ្វះខាតទាំងនោះ ដែលជាជំនួយដល់ភាពជោគជ័យនៃអាពាហ៍ពិពាហ៍ទីពីរ។
٤
៤. បញ្ចប់ការប៉ះទង្គិចគ្នា ការប្រឈមមុខគ្នា និងអ្វីដែលអាចនាំពួកគេឱ្យមានការស្អប់ខ្ពើមគ្នា ក៏ដូចជាអាកប្បកិរិយាមិនសមរម្យចំពោះគ្នា និងការបែកបាក់ក្នុងទំនាក់ទំនងកាន់តែខ្លាំងឡើង។
٥
៥. រក្សាការពារសមាជិកគ្រួសារ ចិត្តគំនិត និងបុគ្គលិកលក្ខណៈរបស់ពួកគេពីភាពអន្តរាយដោយសារតែការរស់នៅក្នុងផ្ទះដែលខ្វះភាពស្ងប់សុខ និងភាពកក់ក្តៅ ដែលនាំឱ្យមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់កុមារ(កូនៗ)។

គ្រោះថ្នាក់នៃការលែងលះ

١
១. ធ្វើឲ្យអង្គភាពគ្រួសារត្រូវបែកខ្ញែក និងបំផ្លាញលំនៅឋានដែលរំពឹងថាត្រូវបានសាងសង់នៅលើមូលដ្ឋាននៃសេចក្តីស្រឡាញ់ និងមេត្តាករុណា។
٢
២. ប្រសិនបើឪពុកម្តាយប្រព្រឹត្តមិនល្អ បន្ទាប់ពីការលែងលះគ្នា អាចដោយសារតែការបន្តនូវភាពគុំកួនដាក់គ្នា ឬដោយការយកកុមារធ្វើជាមធ្យោបាយដែលភាគីនីមួយៗដាក់សម្ពាធលើគ្នាទៅវិញទៅមក -ល- នោះនឹងធ្វើឲ្យកុមារងាយរងបញ្ហាផ្លូវចិត្ត និងប៉ះពាល់ដលបញ្ញា និងសីលធម៌ ហើយផលប៉ះពាល់ដ៏អាក្រក់របស់វាក៏កើនឡើងជាមួយពួកគេ រហូតដល់ចុងបញ្ចប់នៃជីវិត។
٣
៣. បង្កនូវភាពជាសត្រូវ និងទំនាស់ទាស់ទែងគ្នារវាងប្តីនិងប្រពន្ធ ហើយភាពជាសត្រូវនេះ អាចនឹងរាលដាលដល់គ្រួសាររបស់ពួកគេទាំងពីរថែមទៀត ដែលជាហេតុធ្វើឲ្យការទាស់ទែងគ្នារីកកាន់តែធំ ហើយនេះគឺផ្ទុយទៅនឹងអ្វីដែលឥស្លាមចង់បាន ដោយចង់ឲ្យសង្គមមានភាពស្អិតរមួត និងមានចំណងទាក់ទងគ្នាទៅវិញទៅមក។

ប្រភេទនៃការលែងលះ

١
១. ការលែងលះដែលអាចវិលត្រឡប់មករួមរស់នឹងគ្នាបាន
٢
២. ការលែងលះដែលអាចវិលត្រឡប់មករួមរស់នឹងគ្នាបាន តែត្រូវរៀបការម្តងទៀត
٣
៣. ការលែងលះដែលមិនអាចវិលត្រឡប់មករួមរស់នឹងគ្នាបាន

ការលែងលះដែលអាចវិលត្រឡប់មករួមរស់នឹងគ្នាបាន

គឺជាការដែលបុរសលែងលះភរិយារបស់ខ្លួនជាលើកទីមួយ និងលើកទីពីរ ហើយបុរសនោះនៅមានសិទ្ធិវិលត្រឡប់ទៅរួមរស់ជាមួយភរិយារបស់ខ្លួនវិញដោយមិនបាច់សុំការអនុញ្ញាត និងមិនបាច់រៀបចំអាពាហ៍ពិពាហ៍ឡើងវិញឡើយ ដរាបណាស្ថិតក្នុងរយៈពេលរង់ចាំអ៊ិតហ្ទះរបស់នាង។

ការលែងលះដែលអាចវិលត្រឡប់មករួមរស់នឹងគ្នាបាន តែត្រូវរៀបការម្តងទៀត

គឺជាការដែលបុរសលែងលះភរិយារបស់ខ្លួនជាលើកទីមួយ និងលើកទីពីរ ប៉ុន្តែក្រោយពីផុតកំណត់រយៈពេលរង់ចាំអ៊ិតហ្ទះ។ ក្នុងករណីនេះ គឺគេមិនអាចវិលត្រឡប់ទៅរួមរស់ជាមួយភរិយារបស់ខ្លួនវិញឡើយ លើកលែងតែរៀបចំអាពាហ៍ពិពាហ៍ឡើងវិញ។

ការលែងលះដែលមិនអាចវិលត្រឡប់មករួមរស់នឹងគ្នាបាន

គឺជាការដែលបុរសលែងលះភរិយារបស់ខ្លួនជាលើកទីបី ហើយស្វាមីមិនអាចវិលត្រឡប់ទៅរួមរស់ជាមួយភរិយារបស់ខ្លួនវិញឡើយ លើកលែងតែតាមរយៈការរៀបអាពាហ៍ពិពាហ៍ និងដាក់បណ្តាការសារជាថ្មី ក្រោយពីស្ត្រីជាភរិយាបានរៀបការប្តីថ្មី និងលែងលះគ្នាដាច់ស្រេច(ពុំមែនជាការរៀបចំដើម្បីឲ្យប្តីដើមមានសិទ្ធិវិលត្រឡប់ទៅរួមរស់ជាមួយភរិយាវិញនោះឡើយ) ឬក៏ប្តីក្រោយបានស្លាប់។

ក្បួនច្បាប់ដែលទាក់ទងនឹងប្រភេទនៃការលែងលះទាំងបីខាងលើ គឺបង្ហាញឲ្យឃើញយ៉ាងច្បាស់ពីលក្ខណៈពិសេសនៃច្បាប់បញ្ញត្តិឥស្លាម។ ជាការពិតណាស់ ការលែងលះពុំមែនជាទីបញ្ចប់ដាច់ខាតនោះឡើយ។ ក្នុងអំឡុងពេលនៃការលែងលះប្រភេទទីមួយ និងប្រភេទទីពីរ ភាគីទាំងពីរ ស្វាមី-ភរិយា មានឱកាស និងពេលវេលាគ្រប់គ្រាន់ដើម្បីពិចារណាឡើងវិញ និងឆ្លុះបញ្ចាំងពីផលវិបាកដោយស្ងប់ស្ងាត់ និងឆ្ងាយពីសម្ពាធនៃបញ្ហា។ ដូចគ្នាដែរ បន្ទាប់ពីស្ត្រីបានលែងលះស្វាមីទីពីររបស់ខ្លួន ចំពោះការលែងលះប្រភេទទីបី គឺភាគីទាំងពីរអាចយល់ឃើញថា ការវិលត្រឡប់ទៅរួមរស់ជាមួយវិញ គឺអាចធ្វើទៅបាន និងជាជម្រើសដ៏ល្អផងដែរ។ មិនតែប៉ុណ្ណោះ បទពិសោធន៍នេះ គឺជាមូលហេតុសម្រាប់ការកសាងអាពាហ៍ពិពាហ៍ឡើងវិញដោយឈរលើមូលដ្ឋានរឹងមាំ។

អ៊ិតហ្ទះ

គឺជារយៈពេលដែលច្បាប់ឥស្លាមបានកំណត់ក្រោយពីការបែកគ្នា(ដោយការស្លាប់ ឬការលែងលះ)ដែលចាំបាច់លើស្ត្រីត្រូវរង់ចាំមុននឹងរៀបការប្តីថ្មី រហូតផុតពេលកំណត់របស់វា។

ចំពោះភរិយា គឺមានសិទ្ធិចំណាយពេលវេលាក្នុងអំឡុងពេលរង់ចាំអ៊ិតហ្ទះនោះនៅឯផ្ទះរបស់នាង ហើយការផ្គត់ផ្គង់ជីវភាពដល់នាង គឺជាបន្ទុករបស់ស្វាមី។ ម្យ៉ាងទៀត ភរិយាក៏មានសិទ្ធិទទួលបានកេរមរតកផងដែរប្រសិនបើស្វាមីរបស់នាងបានស្លាប់ក្នុងអំឡុងពេលដែលស្ថិតក្នុងរយៈពេលរង់ចាំអ៊ិតហ្ទះនោះ។ ហើយគេហាមឃាត់ចំពោះនាងក្នុងការបង្ហាញបំណងរៀបការនឹងបុរសដទៃនៅក្នុងអំឡុងពេលរង់ចាំអ៊ិតហ្ទះនោះ។

បុព្វហេតុនៃការបង្គាប់ប្រើឲ្យធ្វើការរង់ចាំអ៊ិតហ្ទះ

١
១. ជាការគោរពសក្ការៈ៖ រាល់ជនមូស្លីមប្រុសស្រីដែលថ្វាយខ្លួនជូនអល់ឡោះ គឺត្រូវប្រគល់កិច្ចការរបស់ពួកគេចំពោះទ្រង់។ ដូច្នេះប្រសិនបើទ្រង់បង្គាប់ប្រើអ្វីមួយ នោះពួកគេត្រូវប្រញាប់ធ្វើតាមដើម្បីបង្ហាញឱ្យឃើញពីភាពជាខ្ញុំបម្រើរបស់ពួកគេ។
٢
២. ដើម្បីឲ្យប្រាកដពីភាពស្អាតស្អំនៃស្បូនស្ត្រី ថាតើនាងមានគភ៌ ឬមានផ្ទៃពោះដែរឬទេ។
٣
៣. ផ្តល់ឱកាសគ្រប់គ្រាន់ដល់ស្វាមីក្រោយពេលលែងលះក្នុងការវិលត្រឡប់ទៅរួមរស់នឹងភរិយារបស់ខ្លួនវិញ។
٤
៤. បង្ហាញពីការឈឺចាប់(កាន់ទុក្ខ)ដល់ស្វាមីដែលបានស្លាប់។

អ្នកបានបញ្ចប់មេរៀនដោយជោគជ័យ


ចាប់ផ្តើមប្រឡង