ផ្នែកបច្ចុប្បន្ន model:
មេរៀន បួសស៊ូណិត(បួសស្ម័គ្រចិត្ត)
អល់ឡោះជាម្ចាស់ទ្រង់ដាក់កាតព្វកិច្ចឲ្យបួសចំនួនមួយខែប៉ុណ្ណោះក្នុងមួយឆ្នាំ។ ក៏ប៉ុន្តែទ្រង់បានជំរុញឲ្យបួសក្នុងបណ្តាថ្ងៃផ្សេងទៀតផងដែរចំពោះជនណាហើយដែលមានលទ្ធភាព និងមានបំណងចង់បួសដើម្បីជាការបន្ថែមនូវផលបុណ្យឲ្យកាន់តែច្រើនថែមទៀត។ ក្នុងចំណោមថ្ងៃទាំងនោះមាន៖
គឺជាថ្ងៃទីដប់នៃខែមូហារ៉មដែលខែទីមួយនៅក្នុងប្រតិទិនឥស្លាម។ វាជាថ្ងៃដែលអល់ឡោះជាម្ចាស់ទ្រង់បានសង្រ្គោះព្យាការីរបស់ទ្រង់គឺព្យាការីមូសា ឲ្យរួចផុតពីស្តេចហ្វៀរអោន(ផារ៉ាអុង)។ ដូចនេះ អ្នកមូស្លីមបួសក្នុងថ្ងៃនេះដើម្បីជាការថ្លែងអំណរគុណទៅចំពោះអល់ឡោះជាម្ចាស់ដែលបានជួយសង្គ្រោះព្យាការីមូសា និងជាការប្រតិបត្តិតាមអ្នកនាំសាររបស់យើង ព្យាការីមូហាំម៉ាត់ ﷺ ពីព្រោះលោកក៏បានបួសក្នុងថ្ងៃនោះផងដែរ។ នៅពេលដែលមានគេសួរព្យាការី ﷺ អំពីការបួសថ្ងៃអាស្ហ៊ូរ៉ា លោកបានឆ្លើយថា៖ “គឺវាលុបលាងនូវបាបកម្មក្នុងឆ្នាំកន្លងផុតទៅ”។ (មូស្លីម៖១១៦២)។ ហើយគេពេញចិត្តឲ្យបួសមុនថ្ងៃអាស្ហ៊ូរ៉ាមួយថ្ងៃផងដែរ ព្រោះមានសេចក្តីរាយការណ៍ពីព្យាការី ﷺ ដែលលោកបានមានប្រសាសន៍ថា៖ “ប្រសិនបើខ្ញុំមានជីវិតដល់ឆ្នាំក្រោយ ខ្ញុំប្រាកដជានឹងបួសថ្ងៃទីប្រាំបួន(រួមនឹងថ្ងៃទីដប់ដែលជាថ្ងៃអាស្ហ៊ូរ៉ា)”។ (មូស្លីម៖១១៣៤)
គឺជាថ្ងៃទីប្រាំបួននៃខែហ្ស៊ុលហ៊ិជ្ជះជាខែទីដប់ពីរនៃប្រតិទិនឥស្លាម។ វាជាថ្ងៃដែលអ្នកធ្វើហាជ្ជីទាំងអស់ប្រមូលផ្ដុំគ្នានៅវាលអារ៉ហ្វះដោយពួកគេបួងសួងសុំទូអាទៅចំពោះអល់ឡោះជាម្ចាស់ និង លើកសរសើរតម្កើងទ្រង់។ វាជាថ្ងៃដែលប្រសើរជាងគេបំផុតនៅក្នុងមួយឆ្នាំ ហើយគេបង្គាប់ប្រើលើអ្នកដែលមិនធ្វើហាជ្ជីឲ្យបួសក្នុងថ្ងៃនេះ។ នៅពេលដែលគេសួរព្យាការី ﷺ អំពីការបួសថ្ងៃអារ៉ហ្វះ លោកបានឆ្លើយថា៖ “គឺវាលុបលាងនូវបាបកម្មក្នុងឆ្នាំដែលកន្លងផុតទៅ និងឆ្នាំដែលនឹងមកដល់”។ (មូស្លីម៖១១៦២)។
ខែស្ហាវវ៉ាល គឺជាខែទីដប់នៃប្រតិទិនឥស្លាម។ ព្យាការី ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាបួសខែរ៉ម៉ាហ្ទន បន្ទាប់មក គេបួសប្រាំមួយថ្ងៃទៀតនៃខែស្ហាវវ៉ាល ប្រៀបដូចជាគេបួសមួយឆ្នាំពេញ”។ (មូស្លីម៖១១៦៤)
អំពី អាពូហ៊ូរ៉យរ៉ោះ រទអ គាត់បាននិយាយថា៖ សំណព្វចិត្តរបស់ខ្ញុំ(ព្យាការីមូហាំម៉ាត់)បានផ្តែផ្ដាំខ្ញុំនូវបីចំណុច ហើយខ្ញុំមិនដែលបោះបង់វាទេ រហូតដល់ខ្ញុំស្លាប់ គឺបួសបីថ្ងៃជារៀងរាល់ខែ សឡាតហ្ទូហា និងសឡាតវីតៀរមុនចូលគេង”។ (ពូខរី៖១១៧៨, មូស្លីម៖៧២១)