ផ្នែកបច្ចុប្បន្ន model:
មេរៀន ការធ្វើដំណើរ និងការជម្រះសម្អាត
ក្នុងអំឡុងពេលធ្វើដំណើរ មនុស្សម្នាក់ត្រូវប្រឈមមុខនឹងការផ្លាស់ប្តូរជាច្រើនខុសពីអ្វីដែលគេធ្លាប់ធ្វើនៅផ្ទះ ហើយអ្វីៗមានភាពងាយស្រួលសម្រាប់គេ។ អំពី អាពូហ៊ូរ៉យរ៉ោះ រទអ អំពីព្យាការី ﷺ លោកបានមានប្រសាសន៍ថា៖ “ការធ្វើដំណើរ គឺជាផ្នែកមួយនៃទណ្ឌកម្ម។ វាបានរារាំងពួកអ្នក អំពីម្ហូបអាហារ ទឹក និងការដេក។ ហេតុនេះ នៅពេលដែលរូបគេបានសម្រេចបំណងរបស់ខ្លួនរួចហើយ ចូរឲ្យគេរួសរាន់វិលត្រឡប់ទៅរកគ្រួសាររបស់ខ្លួនវិញ”។ (ពូខរី៖១៨០៤, ៣០០១, ៥៤២៩, មូស្លីម៖១៩២៧)។ ដូចនេះ ចំពោះអ្នកដែលត្រូវធ្វើដំណើរ គប្បីត្រូវដឹងពីកិច្ចការមួយចំនួនដែលទាក់ទងនឹងការជម្រះសម្អាត ក៏ដូចជាប្រការផ្សេងៗទៀត។ ក្នុងចំណោមនោះគឺ៖
គេហាមឃាត់មិនឱ្យបង្កភាពស្មោគគ្រោក ឬធ្វើឲ្យមានភាពកខ្វក់ចំពោះកន្លែងនានាដែលមនុស្សឧស្សាហ៍ទៅ ដូចជាក្រោមម្លប់ ឬក្រោមដើមឈើ ឬកន្លែងផ្សេងទៀតដែលគេរៀបចំសម្រាប់អង្គុយនោះឡើយ។
សាសនវិទូឥស្លាមជាច្រើនបានលើកឡើងថា៖ ប្រសិនបើនៅក្នុងទីរហោស្ថាន ហើយរូបគេចង់បន្ទោបង់នោះ ជាការប្រសើរសម្រាប់គេ គឺគប្បីស្វែងរកកន្លែងដែលទន់ៗដើម្បីកុំឱ្យខ្ទាតទឹកនោមប្រឡាក់ខ្លួន។ ដូច្នេះ គេត្រូវជៀសវាងពីដីរឹង(បន្ទោបង់លើដីដែលរឹង)។ ក៏ដូចគ្នាដែរ កន្លែងខ្យល់បក់។
២. បិទបាំងរាងកាយក្នុងពេលបន្ទោបង់
នៅក្នុងហាទីស្ហ អាប់ទុលឡោះ ពិន ហ្ជាក់ហ្វើរ គាត់បានរំលឹកពីព្យាការី ﷺ ថា៖ “ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ ចូលចិត្តយកទីដែលមានខ្ពស់បាំង ឬធាងល្មើមកបិទបាំងជាងគេនៅពេលបត់ជើង”។ (មូស្លីម៖៣៤២)។ ចំណែកឯនៅក្នុងហាទីស្ហផ្សេងទៀត៖ “នៅពេលដែលលោកមានបំណងចង់បន្ទោបង់ គឺលោកមិនលើកអាវរបស់លោកឡើងលើឡើយ លុះត្រាតែលោកទៅជិតដល់ដី”(បានន័យថា លុះត្រាតែលោកអង្គុយចុះ)។ (អាពូហ្ទាវូទ៖១៤)។ ព្រោះថាការធ្វើដូចនេះ ក៏ជាផ្នែកមួយនៃការបិទបាំងរាងកាយផងដែរ។
ការតាយ៉ាំមុម គឺជាប្រភេទមួយនៃការជម្រះសម្អាតដើម្បីប្រតិបត្តិសឡាតនៅពេលដែលគ្មានទឹក ឬអសមត្ថភាពក្នុងការប្រើប្រាស់ទឹក។ ចំពោះរបៀបតាយ៉ាំមុម គឺគេត្រូវយកដៃទាំងពីរទះលើធូលីដី រួចយកមកជូតលើមុខ បន្ទាប់មកជូតប្រអប់ដៃស្តាំដោយដៃឆ្វេង រួចជូតប្រអប់ដៃឆ្វេងនឹងដៃស្តាំ។
ការជូតលើស្បែកជើងឃ្លុប៖ គឺគេត្រូវតែជាអ្នកដែលពាក់ស្បែកជើងឃ្លុប(សំដៅលើស្បែកជើងដែលធ្វើពីស្បែក និងអាចគ្របជិតជើងទាំងសងខាង) ឬស្រោមជើង ឬអ្វីដែលស្រដៀងវាទាំងពីរដែលអាចគ្របជិតជើងទាំងសងខាង ព្រមទាំងមានភាពជ្រះស្អាតពីហាហ្ទាសតូច និងហាហ្ទាសធំ។ ដូចនេះ នៅពេលដែលគេយកវូហ្ទុ គឺមិនតម្រូវឲ្យគេដោះស្បែកជើងឃ្លុបរបស់គេ(ឬស្រោមជើង)ដើម្បីលាងជើងទាំងពីរនោះទេ។ ផ្ទុយទៅវិញ គឺគេអាចជូតខ្នងជើងទាំងពីររបស់គេពីលើស្បែកជើងឃ្លុប(ឬស្រោមជើង)នោះបាន។