ផ្នែកបច្ចុប្បន្ន model:
មេរៀន ការប្រឆាំងទៅនឹងអបិយជំនឿក្នុងខ្លួន
មុនសាសនាឥស្លាមមកដល់ ប្រជាជាតិអារ៉ាប់ ក៏ដូចជាប្រជាជាតិដទៃទៀត គឺពោរពេញទៅដោយជំនឿចំពោះរឿងទេវកថា រឿងពេ្រង អបិយជំនឿ និងមនោគតិដែលរីករាលដាលពាសពេញផ្ទៃដីដោយគ្មានជាតិសាសន៍ណាមួយចៀសផុតនោះឡើយ។ រហូតដល់ប្រជាជាតិអារ៉ាប់(នៅពេលឥស្លាមចាប់បដិសណ្ធិដំបូង)ក៏បានអះអាងដែរថា ជាការពិតណាស់ គម្ពីរគួរអាន គ្រាន់តែជាប្រភេទមួយនៃរឿងព្រេង ឬក៏ជាមន្តអាគមប៉ុណ្ណោះ។
ដូច្នេះ នៅខណៈពេលដែលសាសនាឥស្លាមបានចាប់បដិសណ្ធិឡើង តាមរយៈពន្លឺ និងការចង្អុលបង្ហាញរបស់វា គឺបានរំដោះវិចារណញាណមនុស្សចេញពីអំណាចនៃអបិយជំនឿ ព្រេងនិទាន និងមនោគតិទាំងឡាយ ដោយដាក់នូវច្បាប់បញ្ញត្តិ និងគោលការណ៍ជាច្រើនដែលផ្ទុកទៅដោយភាពស្អាតស្អំនៃវិចារញាណ និងដួងវិញ្ញាណ ហើយធ្វើឱ្យចិត្តជាប់ជំពាក់លើអល់ឡោះជាម្ចាស់តែមួយអង្គគត់ ដោយមិនឲ្យចិត្តជាប់ជំពាក់នឹងអ្វីផ្សេងក្រៅពីទ្រង់ឡើយ។ ក្នុងចំណោមនោះមានដូចជា៖
ប្រឆាំងនឹងអំពើមន្តអាគម និងអំពើឆ្ពិនភ្នែក
សាសនាឥស្លាមបានហាមឃាត់ចំពោះអំពើមន្តអាគម អំពើឆ្ពិនភ្នែក និងការទស្សន៍ទាយផ្សេងៗគ្រប់ប្រភេទទាំងអស់ និងបានចាត់ទុកវាថាជាប្រភេទនៃអំពើស្ហ៊ីរិក(ពហុទេពនិយម) និងជាភាពវង្វេង ហើយឥស្លាមបានបញ្ជាក់ប្រាប់ទៀតថា ជាការពិតណាស់ អ្នកប្រើមន្តអាគមទាំងឡាយមិនអាចទទួលបានជ័យជម្នះឡើយ មិនថានៅក្នុងលោកិយនេះ ឬនៅថ្ងៃបរលោក។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយគ្រូមន្តអាគមមិនអាចមានជ័យជម្នះឡើយ ទោះបីជាគេមកពីទីណាក៏ដោយ”។ (តហា៖៦៩)
ម្យ៉ាងទៀត សាសនាឥស្លាមបានដាក់បម្រាមលើជនមូស្លីមចំពោះការទៅរកគ្រូមន្តអាគម និងគ្រូទាយ ហើយសួរពួកគេ និងសុំឲ្យពួកគេព្យាបាលឲ្យជាសះស្បើយ ឬដោះស្រាយបញ្ហាផ្សេងៗពីគ្រូមន្តអាគម និងគ្រូទាយទាំងនោះ និងបានចាត់ទុកថា ជនណាដែលប្រព្រឹត្តអំពើទាំងនេះ ពិតប្រាកដណាស់ រូបគេគឺជាអ្នកដែលប្រឆាំង អជំនឿទៅនឹងអ្វីដែលបានគេបញ្ចុះទៅឲ្យរ៉ស៊ូលុលឡោះ ﷺ ហើយ ព្រោះថា ការផ្តល់ផលប្រយោជន៍(ប្រការល្អ) និងគ្រោះថ្នាក់(ប្រការអាក្រក់) គឺស្ថិតនៅក្នុងកណ្តាប់ដៃអល់ឡោះជាម្ចាស់តែមួយគត់ ហើយប្រការអាថ៌កំបាំងវិញ ក៏គ្មាននរណាម្នាក់ដឹងអំពីវាក្រៅពីទ្រង់នោះដែរ។ ពិតណាស់ ព្យាការី ﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាទៅរកគ្រូទាយ រួចគេជឿជាក់ចំពោះអ្វីដែលគ្រូទាយបាននិយាយនោះ រូបគេពិតជាបានប្រឆាំង(អជំនឿ)ចំពោះអ្វីដែលគេបានបញ្ចុះទៅឲ្យមូហាំម៉ាត់ ﷺ ហើយ”។ (មុសតាត់រិក អាល់ហាគិម៖១៥)
ផលប្រយោជន៍(ប្រការល្អ) និងគ្រោះថ្នាក់(ប្រការអាក្រក់) គឺស្ថិតនៅក្នុងកណ្តាប់ដៃអល់ឡោះជាម្ចាស់
អល់ឡោះជាម្ចាស់ទ្រង់បានបញ្ជាក់ថា ជាការពិតណាស់ ភាវៈ(ម៉ាខ្លូក)ទាំងអស់ មិនថា មនុស្សលោក ជិន ដើមឈើ ដុំថ្ម និងភពនានា ទោះជាវាមានលក្ខណៈអស្ចារ្យយ៉ាងណាក៏ដោយ គឺសុទ្ធតែជាភស្តុតាងដែលបង្ហាញពីភាពធំធេងនៃការបង្កើតរបស់ទ្រង់ប៉ុណ្ណោះ ដោយគ្មានមនុស្សលោកណាម្នាក់មានអំណាចខាងអបិយជំនឿដែលដែលអាចបង្កផលប៉ះពាល់ដល់សកលលោកនេះឡើយ។ ដូច្នេះ ការបង្កើត បញ្ញត្តិ អំណាច និងការគ្រប់គ្រង គឺជាកម្មសិទ្ធិរបស់អល់ឡោះ ដូចដែលទ្រង់បានមានបន្ទូលថា៖ “ចូរដឹងថា ការបង្កើត និងការគ្រប់គ្រង គឺជាកម្មសិទ្ធិរបស់ទ្រង់។ អល់ឡោះដ៏មហាឧត្ដុង្គឧត្ដម ជាម្ចាស់គ្រប់គ្រងពិភពទាំងអស់”។ (អាល់អាក់រ៉ហ្វ៖៥៤)
អ្នកដែលពិនិត្យមើលពីភាពធំធេងនៃភាវៈទាំងអស់នោះ និងភាពល្អិតល្អន់នៃការបង្កើតវា នោះគេពិតជានឹងដឹងថា អ្នកដែលបង្កើតរបស់ទាំងអស់នោះ គឺជាព្រះជាម្ចាស់ដែលមានសមត្ថភាព ជាអ្នកដែលរៀបចំចាត់ចែង ដែលចាំបាច់ចំពោះគេត្រូវបង្វែរនូវរាល់ប្រភេទនៃការគោរពសក្ការៈទាំងអស់ទៅចំពោះទ្រង់តែមួយគត់ មិនមែនចំពោះអ្វីផ្សេងក្រៅពីទ្រង់ឡើយ។ ជាការពិតណាស់ ទ្រង់ជាអ្នកដែលបង្កើត ហើយអ្វីផ្សេងក្រៅពីទ្រង់ គឺជាភាវៈ(ម៉ាខ្លូក)ដែលទ្រង់បានបង្កើត។ ទ្រង់បានមានបន្ទូលថា៖ “ហើយក្នុងចំណោមភស្ដុតាងទាំងឡាយ(ដែលបញ្ជាក់ពីអានុភាព)របស់ទ្រង់នោះ គឺពេលយប់ ពេលថ្ងៃ ព្រះអាទិត្យ និងព្រះចន្ទ។ ចូរពួកអ្នកកុំក្រាបស៊ូជោតចំពោះព្រះអាទិត្យ និងព្រះចន្ទឱ្យសោះ តែពួកអ្នកត្រូវក្រាបស៊ូជោតចំពោះអល់ឡោះដែលជាអ្នកបង្កើតពួកវាវិញ ប្រសិនបើពួកអ្នកជាអ្នកដែលគោរពសក្ការៈចំពោះទ្រង់តែមួយមែននោះ”។ (ហ្វុសស៊ីឡាត់៖៣៧)
គ្មានអ្នកណាដែលដឹងនូវប្រការអាថ៌កំបាំង និងអនាគតកាលឡើយ លើកលែងតែអល់ឡោះប៉ុណ្ណោះ
អល់ឡោះជាម្ចាស់ទ្រង់បានប្រាប់ថា ពិតណាស់ ប្រការអាថ៌កំបាំង និងរឿងវ៉ាវនាអនាគតកាល គឺគ្មានអ្នកណាដឹងក្រៅពីទ្រង់ឡើយ។ ជនណាហើយដែលអះអាងថា ខ្លួនដឹងនូវរឿងអាថ៌កំបាំង ដូចជាគ្រូទាយ និងអ្នកដែលលេងឆ្ពិនភ្នែកជាដើមនោះ គឺបុគ្គលនោះជាអ្នកដែលនិយាយកុហកប៉ុណ្ណោះ ដូចដែលទ្រង់បានមានបន្ទូលថា៖ “ហើយកូនសោទាំងឡាយនៃប្រការអាថ៌កំបាំង គឺស្ថិតនៅនឹងទ្រង់ដែលគ្មាននរណាម្នាក់ដឹងពីវាក្រៅពីទ្រង់ឡើយ”។ (អាល់អាន់អាម៖៥៩)
មិនតែប៉ុណ្ណោះ សូម្បីតែរ៉ស៊ូលុលឡោះ ﷺ ដែលជាសត្វលោកដែលល្អជាងគេបំផុត និងឧត្តុង្គឧត្តមជាងគេបំផុត ក៏លោកមិនអាចរុញច្រានប្រការគ្រោះថ្នាក់ចេញពីខ្លួនលោក និងមិនអាចផ្តល់ផលប្រយោជន៍ដល់ខ្លួនលោក ហើយក៏មិនអាចដឹងនូវប្រការអាថ៌កំបាំង និងរឿងរ៉ាវអនាគតកាលបានផង ចុះយ៉ាងណាទៅវិញចំពោះអ្នកផ្សេងពីលោកដែលមិនមានភាពខ្ពង់ខ្ពស់ និងឋានៈអ្វីទៅទៀតនោះ? អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ចូរអ្នក(មូហាំម៉ាត់)ពោលថា៖ ខ្ញុំគ្មានលទ្ធភាពផ្ដល់ផលប្រយោជន៍សម្រាប់ខ្លួនរបស់ខ្ញុំ និងរុញច្រានភាពគ្រោះថ្នាក់ចេញពីខ្លួនខ្ញុំបានឡើយ លើកលែងតែអ្វីដែលអល់ឡោះមានចេតនាប៉ុណ្ណោះ។ ប្រសិនបើខ្ញុំបានដឹងពីប្រការអាថ៌កំបាំងមែននោះ ខ្ញុំពិតជានឹងបង្កើននូវប្រការល្អយ៉ាងច្រើន ហើយគ្មានប្រការអាក្រក់ណាមកបៀតបៀនរូបខ្ញុំបានឡើយ។ ខ្ញុំគ្មានអ្វីក្រៅពីជាអ្នកដាស់តឿនព្រមាន និងផ្ដល់ដំណឹងរីករាយដល់ក្រុមដែលមានជំនឿនោះឡើយ”។ (អាល់អាក់រ៉ហ្វ៖១៨៨)
ហាមឃាត់ចំពោះការជឿលើប្រផ្នូល និងមានទុទិដ្ឋិនិយមចំពោះប្រការអ្វីមួយ
សាសនាឥស្លាមបានហាមឃាត់ចំពោះការជឿលើប្រផ្នូល និងមានទុទិដ្ឋិនិយម(គិតអាក្រក់)ចំពោះប្រការអ្វីមួយដោយផ្អែកលើពណ៌សម្បុរ ពាក្យពេចន៍ ឬប្រការផ្សេងៗទៀត ហើយបង្គាប់ប្រើឲ្យមានក្តីសង្ឃឹម និងសម្លឹងមើលដោយវិជ្ជមានចំពោះអនាគត។
ឧទាហរណ៍ចំពោះប្រផ្នូល៖ គឺបុគ្គលដែលមានគំនិតទុទិដ្ឋិនិយម គិតអាក្រក់ចំពោះការធ្វើដំណើររបស់ខ្លួនប្រសិនបើគេបានឃើញនូវប្រភេទសត្វណាមួយ ឬឮសំឡេងរបស់សត្វនោះមុនពេលគេចេញដំណើរ ហើយជួនកាល គេផ្អាកដំណើររបស់គេដោយមិនធ្វើដំណើរបន្តឡើយ។ ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានពណ៌នាលក្ខណៈបែបថា ជាអំពើស្ហ៊ីរិក(ពហុទេពនិយម) ដោយលោកបានមានប្រសាសន៍ថា៖ “ការជឿលើប្រផ្នូល គឺជាអំពើស្ហ៊ីរិក”។ (អាពូហ្ទាវូទ៖៣៩១០, អ៊ិពនូម៉ាហ្ជះ៖៣៥៣៨)។ ពីព្រោះប្រការនោះ គឺវាផ្ទុយពីសេចក្តីជំនឿដែលមានចំពោះអ្នកមូស្លីមដែលពួកគេជឿថា អល់ឡោះជាម្ចាស់គឺជាអ្នកគ្រប់គ្រងពិភពអាថ៌កំបាំងតែមួយអង្គគត់ គ្មានអ្នកណាផ្សេងក្រៅពីទ្រង់ឡើយ។ ដូចនេះ សាសនាឥស្លាមបានហាមឃាត់ចំពោះប្រការទុទិដ្ឋិនិយម ជឿលើប្រផ្នូល ដោយគិតថានឹងមានប្រការអាក្រក់កើតឡើងដោយគ្រាន់តែបានឃើញ ឬឮសំឡេងសត្វបក្សាបក្សីប្រភេទណាមួយ ឬសត្វពាហនៈប្រភេទណាមួយនោះ។
ផ្ទុយទៅវិញ ច្បាប់បញ្ញត្តិឥស្លាមបង្គាប់ប្រើឲ្យមានសុទិដ្ឋិនិយម ជ្រើសរើសពាក្យពេចន៍ល្អៗដែលបង្ហាញពីសុទិដ្ឋិនិយម និងត្រូវរំពឹងថានឹងមានប្រការល្អកើតឡើង ហើយគិតស្មានល្អចំពោះអល់ឡោះជាម្ចាស់។ ព្យាការី ﷺ លោកបានមានប្រសាសន៍ថា៖ “ខ្ញុំពេញចិត្តចំពោះសុទិដ្ឋិនិយម៖ ពាក្យសម្តីល្អ ពាក្យពេចន៍ដែលល្អ”។ (ពូខរី៖៥៧៧៦, មូស្លីម៖២២២៤)