ផ្នែកបច្ចុប្បន្ន model:
មេរៀន សិទ្ធិស្ត្រីនៅក្នុងសាសនាឥស្លាម
សាសនាឥស្លាមដ៏ពិតបានយកចិត្តទុកដាក់ចំពោះស្ត្រីមូស្លីម រក្សាការពារសេចក្តីថ្លៃថ្នូររបស់នាង ធានាឱ្យនាងសម្រេចបាននូវកិត្តិយស និងសុភមង្គល ក៏ដូចជាបានរៀបចំសម្រាប់នាងនូវមធ្យោបាយជាច្រើនសម្រាប់ជីវិតរស់នៅដ៏សុខស្រួល ចាកឆ្ងាយពីកន្លែងដែលសោកសៅ ភាពចលាចល វឹកវរ និងអំពើអាក្រក់ផ្សេងៗ។ ទាំងអស់នេះ គឺបានមកពីសេចក្តីមេត្តាករុណាដ៏ធំធេងរបស់អល់ឡោះជាម្ចាស់ចំពោះស្ត្រីជាពិសេស និងចំពោះសង្គមជាទូទៅ ហើយការយកចិត្តទុកដាក់នេះ គឺមានច្រើនរូបភាពផ្សេងៗគ្នា។
ផ្តល់នូវកិត្តិយស និងឋានៈដ៏ខ្ពង់ខ្ពស់
អ៊ូមើរ ពិន អាល់ខត្តប រទអ បាននិយាយ៖ “នៅក្នុងសម័យកាលអវិជ្ជា(មុនឥស្លាមមកដល់) ពួកយើងមិនដែលចាត់ទុក(ឱ្យតម្លៃ)ស្ត្រីនោះឡើយ រហូតដល់ពេលដែលអល់ឡោះបានបញ្ចុះមកនៅក្នុងរឿងស្ត្រី និងបានបែងចែកឲ្យពួកនាងនូវអ្វីដែលទ្រង់បានបែងចែក”។ (ពូខរី៖៤៩១៣, មូស្លីម៖១៤៧៩)។ ពន្លឺរស្មីនៃសាសនាឥស្លាមបានរះឡើងតាំងពីជាង១៤០០ឆ្នាំមុន ដោយបានលើកកម្ពស់ឋានៈរបស់ស្ត្រី ហើយដកចេញពីពួកនាងនូវភាពអយុត្តិធម៌ជាច្រើនដែលអនុវត្តដោយប្រជាជន និងប្រជាជាតិជាច្រើន។ ក្នុងចំណោមនោះ ស្ត្រីមិនមានសិទ្ធិកាន់កាប់ទ្រព្យសម្បត្តិនោះឡើយ ហើយក៏មិនមានសិទ្ធិទទួលមរតកនោះដែរ ហើយស្ត្រីត្រូវក្លាយជាទ្រព្យមរតក ឬត្រូវគេយកទៅបូជាទាំងរស់នៅពេលណាដែលស្វាមីរបស់នាងបានស្លាប់។ ម្យ៉ាងទៀត ស្រ្តីត្រូវបានគេទិញលក់ដូចទំនិញផងដែរ ហើយទំនៀមទម្លាប់នេះនៅតែមាន -ឧទាហរណ៍៖ នៅប្រទេសអង់គ្លេស - រហូតដល់ដើមសតវត្សទី២០។
ភាពយុត្តិធម៌រវាងស្ត្រី និងបុរស
ប្រភពដើមនៃការបង្កើត
សាសនាឥស្លាមបានផ្តល់ភាពស្មើគ្នារវាងបុរសនិងស្ត្រីចំពោះកាតព្វកិច្ចក្នុងបទបញ្ញាត្តិឥស្លាម និងក្នុងការទទួលផលបុណ្យ និងការតបស្នងចំពោះការអនុវត្តកាតព្វកិច្ចទាំងនោះ ទៅក្នុងលោកិយ និងថ្ងៃបរលោក។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “បុគ្គលណាហើយដែលបានសាងអំពើល្អក្នុងចំណោមបុរសឬស្ដ្រី ហើយគេជាអ្នកមានជំនឿទៀតនោះ គឺយើងពិតជានឹងធ្វើឱ្យគេមានជីវិតរស់នៅដ៏ល្អប្រសើរ និងតបស្នងឱ្យពួកគេនូវផលបុណ្យរបស់ពួកគេដោយសារតែអំពើល្អដែលពួកគេធ្លាប់បានសាង”។ (អាន់ណះល៍៖៩៧)។ ទ្រង់បានមានបន្ទូលទៀតថា៖ “ហើយបុគ្គលណាហើយដែលបានសាងអំពើល្អ មិនថាបុរស ឬស្រី្ដ ហើយគេជាអ្នកមានជំនឿផងនោះ គឺអ្នកទាំងនោះនឹងបានចូលឋានសួគ៌ ហើយពួកគេមិនត្រូវគេបំពានសូម្បីតែបន្ដិចក៏ដោយ”។ (អាន់នីសាក៖១២៤)។ ពិតណាស់ មានគេសួររ៉ស៊ូលុលឡោះ ﷺ អំពីបុរសម្នាក់ដែលឃើញមានសើម(ប្រឡាក់ខ្លួន) តែគេមិនបាននឹកឃើញថាខ្លួនដេកយល់សប្តិ(សុបិនសើម)ឡើយ។ លោកបានមានប្រសាសន៍ថា៖ “គេត្រូវងូតទឹក”។ ហើយគេក៏បានសួរលោកផងដែរថា៖ គាត់បានយល់សប្តិ តែមិនឃើញមានសើមឡើយ។ លោកបានឆ្លើយថា៖ “មិនចាំបាច់លើគាត់ត្រូវងូតទឹកឡើយ”។ ពេលនោះ អ៊ុមមូស៊ូឡែម បានសួរថា៖ ចុះប្រសិនបើស្ត្រីឃើញដូច្នោះដែរ តើនាងចាំបាច់ត្រូវងូតទឹកដែរឬទេ? លោកបានឆ្លើយថា៖ “បាទ(ត្រូវងូតទឹក)។ តាមពិត ស្ត្រីទាំងឡាយ គឺជាបងប្អូនបង្កើតនឹងបុរស”។ (អាពូហ្ទាវូទ៖២៣៦)
អ្នកដែលមានជំនឿនឹងសាររបស់ព្យាការី សអវ ដំបូងគេបង្អស់ គឺជាស្ត្រី នោះគឺមាតានៃអ្នកមានជំនឿ ខទីហ្ជះ រទអ។ ស្ត្រីផងដែរ ក៏ស្ថិតក្នុងចំណោមអ្នកដែលភៀសខ្លួនលើកទីមួយទៅកាន់ទឹកដីហាហ្ពះស្ហះ(អេចូពី) ហើយស្ត្រីផងដែរ ក៏ស្ថិតក្នុងចំណោមក្រុមប្រតិភូដំបូងគេដែលបានធ្វើដំណើរពីយ៉ាសរិប(ក្រុងម៉ាទីណះ) និងបានធ្វើសច្ចាប្រណិធាននឹងព្យាការី សអវ។
នៅក្នុងប្រវត្តិសាស្ត្រឥស្លាម ស្ត្រីគឺជាគំរូដ៏ភ្លឺស្វាងដែលគេបានស្គាល់អំពីគុណសម្បត្តិដ៏ល្អឥតខ្ចោះរបស់ពួកគេ ក៏ដូចជាចំណេះដឹងដ៏សម្បូរបែប និងការយល់ដឹងរបស់ពួកគេអំពីសារឥស្លាម។ មិនតែប៉ុណ្ណោះ ក្នុងស្ថានភាពជាច្រើន ស្ត្រីគឺជាអ្នកនាំមុខក្នុងវិស័យទៀតនេះផង ដោយជនមូស្លីមបានយកបញ្ហាជាច្រើនទាក់ទងនឹងកិច្ចការសាសនាពីគំរូនៃស្ត្រីមូស្លីមដែលមានចំណេះដឹងជ្រៅជ្រះ និងជាអ្នកនាំមុខគេក្នុងផ្នែកចំណេះដឹង និងការបង្រៀន ហើយអ្នកដែលលេចធ្លោជាងគេក្នុងចំណោមនោះ គឺមាតានៃអ្នកមានជំនឿ អាអ៊ីស្ហះ រទអ។
ស្ត្រីនិងបុរសបានចូលរួមជាមួយគ្នាក្នុងការគោរពសក្ការៈជាលក្ខណៈរួម ទាំងប្រការដែលជាកាតព្វកិច្ច(វ៉ាជិប) ប្រការដែលគួរគប្បីធ្វើ(ស៊ូណិត) និងប្រការដែលគេអនុញ្ញាត(ហារូស) ដូចជាការធ្វើធម្មយាត្រាហាជ្ជី ការធ្វើអ៊ុមរ៉ោះ សឡាតសុំទឹកភ្លៀង សឡាតថ្ងៃរ៉យ៉ាទាំងពីរ សឡាតជុមអាត់(សឡាតថ្ងៃសុក្រ) និងសឡាតជើម៉ាអះ(សឡាតរួមគ្នា)។ ហើយស្ត្រីក៏ត្រូវបានគេបង្គាប់ប្រើផងដែរឲ្យធ្វើការអំពាវនាវ(ហ្ទាក់វ៉ះ)ទៅកាន់សាសនាឥស្លាម ប្រើគ្នាឲ្យធ្វើល្អ ហាមឃាត់គ្នាពីអំពើអាក្រក់ ក៏ដូចជាប្រការផ្សេងទៀតៗ ដែលជារូបភាពដ៏ច្បាស់ បង្ហាញពីភាពស្មើគ្នារវាងបុរសនិងស្ត្រីចំពោះកាតព្វកិច្ចក្នុងបទបញ្ញាត្តិឥស្លាម និងគ្មានករណីលើកលែងណាមួយនោះឡើយ លើកលែងតែអ្វីដែលទាក់ទងទៅនឹងភាពខុសគ្នានៃរូបរាងរបស់ពួកគេ។
ទោះជាសាសនាឥស្លាមបានអនុម័តគោលការណ៍សមភាពចំពោះកាតព្វកិច្ចក្នុងបទបញ្ញាត្តិឥស្លាមជាគោលការណ៍ទូទៅក៏ដោយ តែសាសនានេះក៏បានយកចិត្តទុកដាក់ និងគិតគូរពីភាពខុសគ្នានៃធម្មជាតិរវាងភេទទាំងពីរ និងភាពខុសគ្នាចំពោះតួនាទី ដូច្នេះត្រូវចាត់ចែងកិច្ចការទាំងនេះ ហើយដាក់កន្លែងនីមួយៗឱ្យសមស្របសម្រាប់ពួកគេ។ ដូចនេះ បុរសមានភារកិច្ចត្រូវទទួលខុសត្រូវលើការផ្គត់ផ្គង់ជីវភាពដល់ស្ត្រីជាភរិយានិងកូនៗ ហើយត្រូវការពារ និងថែរក្សាគ្រប់គ្រងកិច្ចការក្នុងគ្រួសារទាំងមូល។ ចំណែកឯស្ត្រីជាភរិយាមានភារកិច្ចត្រូវទទួលខុសត្រូវថែរក្សាផ្ទះសម្បែង ប្តី និងកូនៗ ហើយនាងក៏មានទំនួលខុសត្រូវជាច្រើនដែលត្រូវទទួលរ៉ាប់រងផងដែរ។
សាសនាឥស្លាមបានធានាដល់ស្ត្រីនូវសិទ្ធិស៊ីវិល សិទ្ធិសង្គម និងសិទ្ធិឯកជនរបស់ពួកនាង។ វាជាសិទ្ធិដែលបានធានាផ្តល់ជូនស្ត្រីតាំងពីការចាប់ផ្តើមនៃសារឥស្លាមកាលពីជាង១៤០០ឆ្នាំមុនមកម្ល៉េះ និងមុនពេលអង្គការសិទ្ធិមនុស្ស និងអង្គការសង្គមស៊ីវិលបានតស៊ូមតិសម្រាប់ពួកគេក្នុងសម័យទំនើបនេះទៀត។
សិទ្ធិស៊ីវិល សិទ្ធិសង្គមរបស់ស្ត្រី
សិទ្ធិឯកជន និងសិទ្ធិក្នុងការរៀបអាពាហ៍ពិពាហ៍របស់ស្ត្រី
អ្វីដែលបានលើកឡើងខាងលើនេះគ្រាន់តែជាឧទាហរណ៍ខ្លះៗដើម្បីបញ្ជាក់អំពីសិទ្ធិមួយចំនួនរបស់ស្ត្រីនៅក្នុងសាសនាឥស្លាមប៉ុណ្ណោះ។ តាមពិត សិទ្ធិដែលច្បាប់បញ្ញត្តិអ៊ីស្លាមបានផ្តល់ឱ្យស្ត្រី គឺមានច្រើនអនេក។