បន្តរៀន

អ្នកមិនបានចុះឈ្មោះចូលទេ
ចុះឈ្មោះឥឡូវនេះក្នុងវេបសាយ(តាក)ដើម្បីតាមដានភាពល្អប្រសើររបស់អ្នក ប្រមូលពិន្ទុ និងការចូលរួមក្នុងការប្រកួតប្រជែង បន្ទាប់ពីមានការចុះឈ្មោះរួចហើយ អ្នកនឹងទទួលបានវិញ្ញាបនបត្រអ៊ីនធឺណិតក្នុងប្រធានបទដែលអ្នកសិក្សាវា

ផ្នែកបច្ចុប្បន្ន model:

មេរៀន ក្រមសីលធម៌អ៊ីស្លាមក្នុងប្រតិបត្តិការហិរញ្ញវត្ថុ (មូអាម៉ាឡាតម៉ាលីយ៉ះ)

នៅក្នុងមេរៀននេះ យើងនឹងសិក្សាអំពីចំណុចខ្លះៗ ដែលទាក់ទងទៅនឹងក្រមសីលធម៌អ៊ីស្លាមនៅក្នុងប្រតិបត្តិការហិរញ្ញវត្ថុ។

  • យល់ដឹងអំពីប្រតិបត្តិការហិរញ្ញវត្ថុនៅក្នុងអ៊ីស្លាម
  • បង្ហាញពីតុល្យភាពនៃច្បាប់អ៊ីស្លាម​នៅក្នុងប្រតិបត្តិការហិរញ្ញវត្ថុ
  • បញ្ជាក់អំពីក្រមសីលធម៌អ៊ីស្លាម ដែលចាំបាច់ត្រូវតែយកចិត្តទុកដាក់ឲ្យបានខ្ពស់ នៅក្នុងប្រតិបត្តិការហិរញ្ញវត្ថុ

count: ចំនួនសិស្សផ្សេងទៀតដែលបានបញ្ចប់មេរៀននេះ។

ជាការពិតណាស់ សីលធម៍ត្រូវបានផ្សារភ្ជាប់យ៉ាងល្អឥតខ្ចោះទៅនឹងគ្រប់ទិដ្ឋភាពនៃជីវិត។ លក្ខណៈសំខាន់មួយនៃប្រព័ន្ធហិរញ្ញវត្ថុអ៊ីស្លាមគឺត្រូវផ្អែក និងសង្កេតលើតម្លៃសីលធម៌។ ដែលនេះធ្វើឱ្យប្រព័ន្ធហិរញ្ញវត្ថុអ៊ីស្លាមមានលក្ខណៈប្លែកពីប្រព័ន្ធ សេដ្ឋកិច្ចផ្សេងទៀត។

ប្រតិបត្តិការហិរញ្ញវត្ថុនៅក្នុងសាសនាអ៊ីស្លាម

វាគឺជាអ្វីគ្រប់យ៉ាងដែលច្បាប់បានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការ ដើម្បីជាប្រយោជន៍នៃប្រាក់ចំណូលស្របច្បាប់។ ប្រតិបត្តិការ ហិរញ្ញវត្ថុរួមមាន៖ កិច្ចសន្យាទាំងអស់ដោយផ្អែកលើហិរញ្ញវត្ថុ ឬការ ផ្តល់សិទ្ធិលើផ្នែកសេដ្ឋកិច្ច ដូចជា ការទិញលក់ ជួល ក្រុមហ៊ុន និងកិច្ចព្រមព្រៀងផ្សេងទៀត។ សេចក្តីសម្រេចដែលទាក់ទងនឹង ប្រតិបត្តិការអ៊ីស្លាម គឺជាសេចក្តីសម្រេចផ្លូវច្បាប់(ស្ហារីអះ)ដែលគ្រប់គ្រងទំនាក់ទំនងហិរញ្ញវត្ថុ និងសេដ្ឋកិច្ចរបស់ប្រជាជនជាមួយគ្នាទៅវិញទៅមក។

គោលបំណងនៃប្រតិបត្តិការហិរញ្ញវត្ថុអ៊ីស្លាម

١
1. សម្រេចបាននូវការពេញចិត្តពីអល់ឡោះ។ ដោយការប្រតិបត្តិតាមការបង្គាប់របស់ទ្រង់ ក្នុងការព្យាយាមស្វែងរករ៉ីសគីនៅលើផែនដី។ អល់ឡោះមានបន្ទូលថា៖ “ទ្រង់ជាអ្នកដែលបានបង្កើតផែនដីឱ្យមានភាពងាយស្រួលសម្រាប់ពួកអ្នក។ ដូចេ្នះ ចូរពួកអ្នកធ្វើដំណើរគ្រប់ទិសទីនៅលើវា ហើយចូរពួកអ្នកបរិភោគអំពីលាភសក្ការៈរបស់ទ្រង់ចុះ។ ហើយការរស់ឡើងវិញ(ដើម្បីជំនុំជំរះ) គឺឆ្ពោះទៅរកទ្រង់តែមួយគត់’’។ (ជំពូក អាល់មុលក៌ ៖ ១៥)
٢
2. ការរកប្រាក់ ដើម្បីទទួលបានជីវភាពនៃការរស់នៅក្នុងស្តង់ដារ មួយដែលសមរម្យ និងការបង្កើនប្រាក់ ដើម្បីសម្រេចបាននូវ អត្ថប្រយោជន៍ដែលគេបានអនុញ្ញាត និងការរីករាយនៅក្នុង លោកិយ។
٣
3. ការទទួលបាននូវឋានៈខ្ពង់ខ្ពស់នៅក្នុងឋានសួគ៌ ដោយការស្វែងរកអ្វីដែលស្របច្បាប់ និងជៀសវាងនូវអ្វីដែលត្រូវបានហាមឃាត់ក្នុងប្រតិបត្តិការទាំងអស់។ ព្យាការី ﷺ មាន ប្រសាសន៍ថា៖ « អ្នកជំនួញដ៏ស្មោះត្រង់ នឹងបាននៅជាមួយបណ្តាលអ្នកនាំសារ និងអ្នកទៀងត្រង់ ក៏ដូចជាពួកទុក្ករបុគ្គល (ស្ហាហីទ) »។ (តៀរម៊ីហ្ស៊ី ៖ ១២០៩)។
٤
4. ដំណើរប្រតិបត្តិការដែលស្របតាមសេចក្តីបង្គាប់នៃច្បាប់ ដើម្បីធានាបាននូវសង្គមដ៏ល្អ ដែលមានការបើកចំហសម្រាប់ការរីកចម្រើន និងការកែលម្អ។
٥
5. ការបំពេញតម្រូវការរបស់មនុស្សទាំងអស់នៅក្នុងសង្គម ជាមួយនឹងអ្វីដែលជួយពួកគេឱ្យសម្រេចបាននូវអ្វីដែលអល់ឡោះចង់បានពីពួកគេ ដោយការគោរពប្រតិបត្តិទៅចំពោះទ្រង់តាមសកម្មភាព និងពាក្យសម្ដីរបស់ពួកគេ។
٦
6. ភាពជោគជ័យលើផែនដី និងការគ្រប់គ្រងវាតាមច្បាប់របស់អល់ឡោះ។ អល់ឡោះមានបន្ទូលថា៖ “ហើយទ្រង់ជាអ្នកដែលបានបង្កើតពួកអ្នកឱ្យធ្វើជាអ្នកគ្រប់គ្រងផែនដី(ពីជំនាន់មួយទៅជំនាន់មួយ) ហើយទ្រង់បានលើកឋានៈពួកអ្នកមួយចំនួនឱ្យលើសពីគ្នា ដើម្បីទ្រង់នឹងសាកល្បងពួក អ្នកចំពោះអ្វីដែលទ្រង់បានប្រទានឱ្យពួកអ្នក។ ពិតប្រាកដណាស់ ម្ចាស់របស់អ្នករហ័សបំផុតក្នុងការដាក់ទណ្ឌកម្ម ហើយពិតប្រាកដណាស់ ទ្រង់មហាអភ័យទោស មហាអាណិតស្រឡាញ់’’។ (ជំពូក អាល់អាន់អាម ៖ ១៦៥)

តុល្យភាពក្នុងប្រតិបត្តិការអ៊ីស្លាម

សាសនាអ៊ីស្លាមគឺជាសាសនានៃសេចក្តីពិត ដែលបង្ហាញដល់មនុស្សលោកនូវអ្វីដែលល្អសម្រាប់ពួកគេ និងអ្វីដែលនឹងជួយកែតម្រូវពួកគេឲ្យបានល្អ។ នេះគឺដោយសារតែវា(សាសនាអ៊ីស្លាម) គឺជាសាសនាដែលមកពីអ្នកដែលបង្កើតមនុស្ស ហើយសំខាន់ជាងនេះទៅទៀត ទ្រង់ស្គាល់ពួកគេ ហើយអ្វីដែលនឹងផ្តល់ប្រយោជន៍ដល់ពួកគេច្បាស់បំផុត។ អល់ឡោះមានបន្ទូលថា៖ “តើម្ចាស់ដែលបានបង្កើត(អ្វីៗទាំងអស់)មិនបានដឹងទេឬ? ហើយទ្រង់គឺជាអ្នកដែលឆ្លាតវៃ ដឹងជ្រួតជ្រាបបំផុត’’។ (ជំពូក អាល់មុលក៌ ៖ ៤) ផ្ទុយទៅនឹងច្បាប់ និងបទប្បញ្ញត្តិផ្សេងទៀត សាសនាអ៊ីស្លាមមានប្រព័ន្ធហិរញ្ញវត្ថុដែលគិតគូរពីតម្រូវការរបស់រូបកាយ និងបញ្ហានៃជីវិតលោកិយនេះ ក៏ដូចជាតម្រូវការនៃដួងចិត្ត និងថ្ងៃបរិលោក។

ទីមួយ ខាងផ្នែកលោកិយ៖ ច្បាប់អ៊ីស្លាមបានគ្រប់គ្រងប្រតិបត្តិការហិរញ្ញវត្ថុរបស់មនុស្ស ក្នុងលក្ខណៈដែលសម្រេចបាននូវភាពយុត្តិធម៌ក្នុងចំណោមអ្នកពាក់ព័ន្ធទាំងអស់ និងតាមរបៀបដែលផ្តល់ឱ្យបុគ្គលម្នាក់ៗនូវសិទ្ធិរបស់ពួកគេគ្រប់គ្នា។ ដូចគ្នានេះដែរ ច្បាប់បានធ្វើឱ្យមានលក្ខណៈទូលំទូលាយនូវអ្វីដែលស្របច្បាប់ ហើយអ្វីដែលបង្កគ្រោះថ្នាក់គឺនឹងត្រូវបានហាមឃាត់។

ទីពីរ ខាងផ្នែកសាសនា៖ គោលបំណងចុងក្រោយនៃសេចក្តីសម្រេចនៃច្បាប់ទាំងអស់គឺដើម្បីសម្រេចបាននូវការពេញចិត្តពីអល់ឡោះនិងជោគជ័យ(ឋានសួគ៌)។ លើសពីនេះ សេចក្តីសម្រេចនៃប្រតិបត្តិការរបស់សាសនាអ៊ីស្លាមបាននាំមកនូវភាពជាបងប្អូនក្នុងចំណោមអ្នកមានជំនឿ ដោយការលើកកម្ពស់ភាពយុត្តិធម៌ និងលើកទឹកចិត្តដល់សប្បុរសធម៌ ដូចជាការទុកពេលឲ្យ អ្នកដែលជំពាក់បំណុលក្នុងការរកលុយសង និងធ្វើអ្វីដែលខុសច្បាប់ដែលបង្កឱ្យមានអារម្មណ៍មិនល្អក្នុងចិត្ត ដូចជាការចងការប្រាក់ និងល្បែងស៊ីសងជាដើម។

ករណីនៃប្រតិបត្តិការហិរញ្ញវត្ថុទាក់ទងនឹងសិទ្ធិ

ទីមួយ យុត្តិធម៌៖ ដើម្បីធានាសិទ្ធិរបស់ភាគីទាំងពីរក្នុងប្រតិបត្តិការហិរញ្ញវត្ថុដោយគ្មានការបន្ថែម ឬកាត់បន្ថយ ដូចជាការលក់ និងជួលក្នុងតម្លៃស្រដៀងគ្នា និងផ្សេងៗទៀត។ អល់ឡោះមានបន្ទូលថា៖ “ ហើយយើងបានអនុញ្ញាតចំពោះការលក់ដូរ’’។ (ជំពូក អាល់ប៉ាក៏រ៉ោះ ៖ ២៧៥) ទីពីរ គុណធម៌៖ បង្ហាញនូវសេចក្តីសប្បុរស ដូចជាទុកពេលឲ្យអ្នកដែលជំពាក់បំណុលក្នុងការរកលុយសង ឫលុបនូវបំណុល។ អល់ឡោះមានបន្ទូលថា៖ “ ហើយប្រសិនបើគេគ្មានលទ្ធភាពសង ចូរពួកអ្នកពន្យារពេលរហូតគេមានលទ្ធភាព។ ប៉ុន្ដែបើពួកអ្នកបរិច្ចាគវិញនោះ គឺជាការប្រសើរបំផុតសម្រាប់ពួកអ្នកប្រសិនបើពួកអ្នកដឹង’’។ (ជំពូក អាល់ប៉ាក៏រ៉ោះ ៖ ២៨០) អល់ឡោះមានបន្ទូលទៀតថា៖ “ពិតប្រាកដណាស់ អល់ឡោះស្រឡាញ់ បណ្ដាអ្នកដែលធ្វើល្អ’’។ (ជំពូក អាល់ប៉ាក៏រ៉ោះ ៖ ១៩៥)

ទីបី ការគៀបសង្កត់៖ នៅពេលដែលបុគ្គលណាម្នាក់យកលើសពីសិទ្ធិរបស់ខ្លួន ហើយប្រើប្រាស់ទ្រព្យសម្បត្តិរបស់គេដោយមធ្យោបាយមិនត្រឹមត្រូវ ដូចជាការយកការប្រាក់ ការលេងល្បែង និងការមិនផ្តល់សិទ្ធឲ្យអ្នកដ៏ទៃជាដើម។ អល់ឡោះមានបន្ទូលថា៖ “ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកកោតខ្លាច អល់ឡោះ និងបោះបង់ចោលនូវអ្វីដែលនៅសេសសល់ពីការប្រាក់ (ដែលគេជំពាក់) ប្រសិនបើពួកអ្នកជាអ្នកមានជំនឿនោះ។ ហើយប្រសិនបើពួកអ្នកមិនព្រមបោះបង់ចោល(ការប្រាក់)ទេ ពួកអ្នកត្រូវដឹងថា នឹងមានសង្គ្រាមមកពីអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់។ តែប្រសិនបើពួកអ្នកបោះបង់ចោល(ការប្រាក់)សម្រាប់ពួកអ្នកគឺប្រាក់ដើមរបស់ពួកអ្នក។ (ការធ្វើដូចេ្នះ) ពួកអ្នកមិនបំពានលើគេ ហើយគេក៏មិនបំពានលើពួកអ្នកដែរ’’។ (ជំពូក អាល់ប៉ាក៏រ៉ោះ ៖ ២៧៨-២៧៩) ហើយព្យាការី ﷺ មានប្រសាសន៍ថា៖ អល់ឡោះមានបន្ទូលថា៖ « មនុស្សបីនាក់ដែលពួកគេគឺជាសត្រូវ នៅថ្ងៃប្រោសឱ្យរស់ឡើងវិញ(ថ្ងៃគីយ៉ាម៉ាត់)ខ្ញុំនឹងតតាំងនឹងមនុស្សបីប្រភេទ៖ ទីមួយៈ បុរសដែលបានសេចក្តីសញ្ញាក្នុងនាមរបស់ខ្ញុំ បន្ទាប់មកក៏បានប្រព្រឹត្តល្មើសនឹងសេចក្តីសញ្ញានោះ។ ទីពីរៈ បុរសដែលបានលក់មនុស្សដូចជាទេសករ ហើយរីករាយចាយវាយនឹងតម្លៃដែលគេទទួលបាននោះ។ ហើយទីបីៈ បុរសដែលបានជួលអ្នកធ្វើការ ហើយបន្ទាប់ពីគេបានទទួលការបម្រើពេញលេញពីការងារនោះរួច គេបែរជាមិនបានផ្តល់ប្រាក់ឈ្នួលដល់គាត់ទេ »។ (ពូខរី ៖ ២២២៧)។

ក្រមសីលធម៌ក្នុងប្រតិបត្តិការអ៊ីស្លាមរួមមាន៖

١
1. ការប្រកាន់ខ្ជាប់នូវកិច្ចសន្យាដែលច្បាប់អនុញ្ញាត និងបំពេញតាមកិច្ចសន្យា។ អល់ឡោះមានបន្ទូលថា៖ “ ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកអនុវត្ដតាមកិច្ចសន្យាចុះ’’។ (ជំពូក អាល់ម៉ាអ៊ីហ្ទះ ៖ ១)
٢
2. ការបំពេញនូវសេចក្តីទុកចិត្ត។ អល់ឡោះមានបន្ទូលថា៖ “គឺអ្នកដែលគេទុកចិត្ដនោះត្រូវអនុវត្ដនូវភាពស្មោះត្រង់របស់ គេ(អ្នកខ្ចីត្រូវតែសងដល់ម្ចាស់ទ្រព្យវិញ) ហើយចូរឱ្យគេ កោតខ្លាចអល់ឡោះជាម្ចាស់របស់គេ’’។ (ជំពូក អាល់ប៉ាក៏រ៉ោះ ៖ ២៨៣)
٣
3. មិនលាក់បាំងក្នុងការធ្វើសាក្សី។ អល់ឡោះបានមានបន្ទូលថា៖ “ហើយចូរពួកអ្នកកុំលាក់បាំងក្នុងការធ្វើសាក្សីឱ្យសោះ។ រីឯអ្នកណាដែលលាក់បាំងវា អ្នកនោះគឺជា អ្នកដែលមានបាបកម្មនៅក្នុងចិត្ដរបស់គេ ។ ហើយអល់ឡោះដឹង បំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ’’។ (ជំពូក អាល់ប៉ាក៏រ៉ោះ ៖ ២៨៣)
٤
4. មានភាពស្មោះត្រង់។ ព្យាការី ﷺ មានប្រសាសន៍អំពីមនុស្សពីរនាក់ដែលធ្វើអាជីវកម្មថា៖ « ភាគីទាំងពីរនៅក្នុងប្រតិបត្តិការអាជីវកម្មមានសិទ្ធិលុបចោលវា (មិនទិញ ឫលក់) ដរាបណាពួកគេមិនបានបែកគ្នា។ ហើយប្រសិនបើពួកគេប្រាប់ការពិត ហើយធ្វើឲ្យច្បាស់លាស់ នោះពួកគេនឹងទទួលបានពរជ័យក្នុងការលក់ដូររបស់ពួកគេ ប៉ុន្តែប្រសិនបើពួកគេលាក់បាំងអ្វីមួយ ហើយកុហក នោះពរជ័យលើការលក់ដូររបស់ពួកគេនឹងត្រូវរលាយបាត់ទៅវិញ »។ (ពូខរី ៖ ២០៧៩ និង មូស្លីម ៖ ១៥៣២)
٥
5. បើកចំហ និងជៀសវាងការបន្លំបោកប្រាស់។ ព្យាការីﷺបានមានប្រសាសន៍ថា៖ « អ្នកណាដែលបន្លំបោកប្រាស់យើង នោះគេមិនស្ថិតក្នុងចំណោមពួកយើងទេ (មិនមែនជាប្រជាជាតិរបស់ព្យាការីមូហាំម៉ាត់) » ។ (មូស្លីម ៖ ១០១)

ក្រមសីលធម៌ក្នុងប្រតិបត្តិការអ៊ីស្លាម រួមមាន៖

١
6. ជៀសវាងនូវរឿងដែលធ្វើឱ្យមានការសង្ស័យ។ ព្យាការី ﷺ មានប្រសាសន៍ថា៖ « ពិតប្រាកដណាស់ ប្រការស្របច្បាប់គឺមានភាពច្បាស់លាស់ ហើយប្រការខុសច្បាប់គឺមានភាពច្បាស់លាស់។ រវាងប្រការទាំងពីរគឺមានរឿងដែលគួរឱ្យសង្ស័យដោយសារមនុស្សភាគច្រើនមិនបានដឹង។ ដូច្នេះអ្នកណាដែលជៀសវាងរឿងគួរឱ្យសង្ស័យនោះគេនឹងជួយសង្គ្រោះសាសនា និងកិត្តិយសរបស់គេឲយឲ្យមានភាពស្អាតស្អំ ប៉ុន្តែអ្នកដែលធ្លាក់ចូលទៅក្នុងរឿងដែលគួរឱ្យសង្ស័យ [នៅទីបំផុត] គេនឹងធ្លាក់ចូលទៅក្នុងអ្វីដែលខុសច្បាប់»។ (ពូខរី ៖ ៥២ និង មូស្លីម ៖ ១៥៩៩)
٢
7. មិនប្រើប្រាស់ទ្រព្យសម្បត្តិរបស់អ្នកដ៏ទៃក្នុងផ្លូវមិនត្រឹមត្រូវ ។ អល់ឡោះមានបន្ទូលថា៖ “ ហើយចូរពួកអ្នកកុំស៊ីទ្រព្យសម្បត្ដិគ្នាដោយខុសច្បាប់ (សំណូក កេងប្រវ័ពា្ច លួច ប្លន់ ...)។ ហើយចូរពួកអ្នក កុំផ្ដល់សំណូកដល់បណ្ដាអ្នកកាន់អំណាច(អ្នកកាត់ក្ដី) ដើម្បីពួកអ្នកនឹងបានស៊ីទ្រព្យសម្បត្ដិរបស់មនុស្សមួយក្រុមដោយ ខុសច្បាប់ ខណៈ ដែលពួកអ្នកដឹង(ថាច្បាប់ហាមឃាត់)ហើយនោះ’’។ (ជំពូក អាល់ប៉ាក៏រ៉ោះ ៖ ១៨៨)
٣
8. អ្នកមូស្លីមត្រូវស្រឡាញ់បងប្អូនរួមជំនឿរបស់គាត់ នូវអ្វីដែលគាត់ស្រឡាញ់សម្រាប់ខ្លួនគាត់ដូចគ្នា។ ព្យាការីﷺមានប្រសាសន៍ថា៖ «គ្មាននរណាម្នាក់ក្នុងចំណោមពួកអ្នកមានជំនឿ (ពិតប្រាកដ) នោះទេ រហូតដល់គាត់ស្រឡាញ់បងប្អូនរួមជំនឿរបស់គាត់នូវអ្វីដែលគាត់ស្រឡាញ់សម្រាប់ខ្លួនគាត់ »។ (ពូខរី ៖ ១៣ និង មូស្លីម ៖ ៤៥)

អ្នកបានបញ្ចប់មេរៀនដោយជោគជ័យ


ចាប់ផ្តើមប្រឡង