ផ្នែកបច្ចុប្បន្ន model:
មេរៀន មូលដ្ឋាននៅក្នុងការជ្រើសរើសគូស្រករ
កិច្ចព្រមព្រៀងអាពាហ៍ពិពាហ៍ គឺជាកិច្ចព្រមព្រៀងដ៏សំខាន់ និងខ្ពង់ខ្ពស់បំផុតមួយនៅក្នុងសាសនាឥស្លាម។ ពិតប្រាកដណាស់ ច្បាប់បញ្ញត្តិឥស្លាមបានហ៊ុំព័ទ្ធវាជាមួយនឹងជំហានបឋមជាច្រើនដែលរៀបចំសម្រាប់ភាគីនីមួយៗឲ្យសម្រេចបាននូវភាពសុខដុម និងផលប្រយោជន៍ពីកិច្ចព្រមព្រៀងនេះ ហើយជួយឲ្យអាពាហ៍ពិពាហ៍នោះបន្តទៅមុខ និងរក្សាបាននូវស្ថេរភាពនៃគ្រួសារមូស្លីម។
គោលគ្រឹះចម្បងចំនួនពីរក្នុងការកសាងគ្រួសារ គឺស្វាមី និងភរិយា។ ច្បាប់បញ្ញត្តិឥស្លាមបានយកចិត្តលើទំនាក់ទំនងល្អរវាងពួកគេទាំងពីរ ហើយបានចាត់ទុកទំនាក់ទំនងល្អរវាងស្វាមីភរិយាស្ថិតក្នុងចំណោមសញ្ញាភស្តុតាង និងឧបការគុណរបស់ទ្រង់ដែលបានប្រោសប្រទានចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់។
ទ្រង់បានមានបន្ទូលថា៖ “ហើយក្នុងចំណោមភស្ដុតាងរបស់ទ្រង់ គឺទ្រង់បានបង្កើតឱ្យពួកអ្នកនូវភរិយាចេញពីខ្លួនពួកអ្នក ដើម្បីឱ្យពួកអ្នកមានភាពកក់ក្ដៅជាមួយនាង។ ហើយទ្រង់បានបង្កើតឱ្យមានការស្រឡាញ់ និងអាណិតអាសូររវាងពួកអ្នក។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាភស្ដុតាងៗសម្រាប់ក្រុមដែលចេះគិតពិចារណា”។ (អើររូម៖២១)
ជ្រើសរើសគូស្រករឲ្យបានល្អ
ការជ្រើសរើសគូជីវិតឲ្យបានល្អ គឺជាជំហានដ៏សំខាន់បំផុតដើម្បីសម្រេចបាននូវអាពាហ៍ពិពាហ៍ដ៏មានសុភមង្គល និងការកសាងគ្រួសារមួយដែលមានស្ថិរភាព។
គោលការណ៍សំខាន់ៗក្នុងការជ្រើសរើសគូស្រករ
គឺជាមូលដ្ឋានចម្បងគេដែលបុរស និងស្ត្រីត្រូវយកចិត្តទុកដាក់នៅពេលធ្វើការជ្រើសរើសដៃគូជីវិត។ ជាការពិតណាស់ ការមានសាសនា និងអត្តចរិតល្អ គឺគ្រប់គ្រាន់ហើយដើម្បីសម្រេចបាននូវសុភមង្គលនៅក្នុងឋានទាំងពីរ(លោកិយ និងបរលោក)ដោយការអនុញ្ញាតពីអល់ឡោះ។
ពិតប្រាកដណាស់ ព្យាការី សអវ លោកបានជំរុញឲ្យធ្វើការជ្រើសរើសភរិយាគ្រប់ល័ក្ខណ៍(សលីហះ)ដែលមានសាសនាក្នុងខ្លួន(ប្រកាន់ខ្ជាប់នឹងសាសនា)។ លោកបានមានប្រសាសន៍ថា៖ “គេរៀបការនឹងស្ដ្រីដោយមូលហេតុបួនយ៉ាងគឺ ដោយសារទ្រព្យសម្បត្ដិរបស់នាង ដោយសារពូជអម្បូររបស់នាង ដោយសារសម្រស់របស់នាង និងដោយសារសាសនារបស់នាង។ ដូចនេះ ចូរអ្នកជ្រើសយកអ្នកដែលមានសាសនា នោះអ្នកនឹងមានភាពសុខសាន្ដ”។ (ពូខរី៖៥០៩០, មូស្លីម៖១៤៦៦)។ ជាការពិតណាស់ ស្ត្រីដែលមានសាសនា គឺនាងកោតខ្លាចអល់ឡោះ ហើយយកចិត្តទុកដាក់ថែរក្សាចំពោះសិទ្ធិផ្ទះសម្បែង និងសិទ្ធិស្វាមី ទាំងក្នុងពេលដែលស្វាមីមានវត្តមាន ឬអវត្តមាន។
ចំណែកឯការជ្រើសរើសស្វាមីវិញ ព្យាការី ﷺ លោកបានមានប្រសាសន៍ថា៖ “នៅពេលដែលមាននរណាម្នាក់ដែលពួកអ្នកពេញចិត្តចំពោះសាសនា សីលធម៌របស់គេបានមកស្តីដណ្តឹងកូនស្រីរបស់ពួកអ្នកនោះ ចូរពួកអ្នករៀបការឲ្យគេចុះ។ បើមិនដូចនោះទេ វានឹងនាំឲ្យមានភាពវឹកវរ(ហ្វិតណះ)នៅលើផែនដី និងរីករាលដាលនូវប្រការអាក្រក់ជាមិនខានឡើយ”។ (អ៊ិពនូម៉ាហ្ជះ៖១៩៦៧)។ អ្នកឥស្លាមជំនាន់មុនមួយចំនួនបានលើកឡើងថា៖ “ប្រសិនបើអ្នករៀបការកូនស្រីរបស់អ្នក ចូរអ្នករៀបការនាងឲ្យទៅអ្នកដែលមានសាសនា(ប្រកាន់ខ្ជាប់នឹងសាសនាឥស្លាម) ព្រោះថាប្រសិនបើគេស្រឡាញ់នាង នោះគេនឹងឲ្យតម្លៃនាង(ធ្វើល្អចំពោះនាង)។ តែប្រសិនបើគេខឹងសម្បាចំពោះនាង គេក៏មិនបំពាន(ធ្វើអាក្រក់)ដាក់នាងដែរ”។
មានផាសុកភាពផ្លូវចិត្ត
ព្យាការី ﷺ លោកបានមានប្រសាសន៍ថា៖ “ដួងព្រលឹងគ្រប់គ្នា គឺជាទាហានដែលប្រមូលផ្តុំគ្នា។ ហើយអ្នកដែលត្រូវគ្នា គឺនឹងមានភាពស្និទ្ធស្នាលនឹងគ្នាទៅវិញទៅមក ហើយអ្នកដែលមិនត្រូវគ្នាក្នុងចំណោមពួកគេ គឺនឹងប្រឆាំងគ្នាទៅវិញទៅមក”។ (ពូខរី៖៣៣៣៦, មូស្លីម៖២៦៣៨)។ នេះបញ្ជាក់ពីសារៈសំខាន់នៃផាសុកភាពផ្លូវចិត្តសម្រាប់ភរិយា និងស្វាមី ដើម្បីធ្វើឲ្យជីវិតអាពាហ៍ពិពាហ៍បន្តទៅមុខប្រកបដោយសុភមង្គល។
ហេតុនេះហើយទើបព្យាការី ﷺ លោកបានបង្គាប់ប្រើឲ្យអ្នកដែលមានបំណងចង់ស្តីដណ្តឹងស្ត្រី ថា៖ “ចូរអ្នកមើលទៅកាន់នាង ព្រោះវាអាចឱ្យអ្នកទាំងពីរនឹងមានភាពស្និតស្នាល ឬបានស្គាល់ពីគ្នា”។ (តៀរមីហ្ស៊ី៖១០៨៧)។ ហើយការមើលនេះ គឺជាសិទ្ធិទាំងសម្រាប់បុរស និងទាំងសម្រាប់ស្ត្រីផងដែរ ដើម្បីឲ្យភាគីនីមួយៗបានស្គាល់ពីភាគីម្ខាងទៀត និងធ្វើឲ្យចិត្តពួកគេមានភាពនឹងនរផងដែរ។
មានលក្ខណៈសម្បត្តិប្រហាក់ប្រហែលគ្នា
គឺសំដៅលើលក្ខណៈសម្បត្តិប្រហាក់ប្រហែលគ្នារវាងភាគីទាំងពីរ(ស្វាមី និងភរិយា)ទាំងផ្នែកសម្ភារៈ និងផ្នែកសង្គម។ ជាការពិតណាស់ សាសនវិទូឥស្លាមមួយចំនួនបានដាក់លក្ខខណ្ឌបែបនេះ ខណៈដែលអ្នកផ្សេងទៀតយល់ឃើញថា អ្វីដែលគួរពិចារណា គឺសាសនា និងអត្តចរិតប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ គ្មានអ្វីដែលគួរឲ្យសង្ស័យឡើយថា គម្លាតគ្នាខ្លាំងផ្នែកឋានៈក្នុងសង្គម ចំណេះដឹង និងហិរញ្ញវត្ថុរវាងប្តីប្រពន្ធអាចជាមូលហេតុមួយដែលធ្វើឲ្យជីវិតគូមានការប្រេះឆា ជួបបញ្ហា និងប្រឈមនឹងការបែកបាក់។
ពេញចិត្ត និងទទួលយក
ជាមួយនឹងការយកចិត្តទុកដាក់លើការជ្រើសរើសគូជីវិតឲ្យបានល្អនេះដែរ អាពាហ៍ពិពាហ៍ត្រូវតែធ្វើឡើងដោយមានការពេញចិត្ត និងការយល់ព្រមពីភាគីទាំងពីរ ដោយគ្មានការគាបសង្កត់ ឬបង្ខិតបង្ខំពីនរណាម្នាក់ឡើយ ទោះបីបុគ្គលនោះជាមនុស្សម្នាក់ក្នុងចំណោមមនុស្សជិតស្និទ្ធបំផុត ហើយមានសក្តានុពលចំពោះគេទាំងពីរក៏ដោយ។
ជាការពិតណាស់ សាសនាឥស្លាមបានផ្តល់សិទ្ធិដល់ស្ត្រី និងបានដាក់លក្ខខណ្ឌថា ទាល់តែមានការពេញចិត្ត យល់ព្រមទទួលយកបុរសនោះ ទើបគេអាចរៀបអាពាហ៍ពិពាហ៍ឲ្យនាងបាន។ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “គេមិនអាចរៀបការឲ្យស្ត្រីមេម៉ាយបានឡើយ ទាល់តែមានបញ្ជាពីនាង ហើយគេក៏មិនអាចរៀបការឲ្យស្រ្តីក្រមុំបាននោះដែរ ទាល់តែសុំការអនុញ្ញាតពីនាងសិន”។ ពួកគេបានសួរថា៖ “តើការអនុញ្ញាតរបស់នាង(ស្រ្តីក្រមុំ)យ៉ាងដូចម្ដេច”? លោកបានឆ្លើយថា៖ “គឺការដែលនាងនៅស្ងៀម”។ (ពូខរី៖៥១៣៦, មូស្លីម៖១៤១៩)។ ចំណែកឯនៅក្នុងរឿងរបស់ ខន់សាក កូនស្រីរបស់ ឃូហ្សាម អាល់អាន់សរីយ៍ វិញ៖ “ពិតណាស់ ឪពុករបស់នាងបានរៀបការនាងដែលជាស្ត្រីមេម៉ាយ តែនាងមិនពេញចិត្តក្នុងការរៀបការនោះឡើយ។ ពេលនោះ នាងក៏បានទៅជួបរ៉ស៊ូលុលឡោះ ﷺ ហើយលោកក៏បានលុបចោលនូវអាពាហ៍ពិពាហ៍របស់នាង”។ (ពូខរី៖៥១៣៨)