ផ្នែកបច្ចុប្បន្ន model:
មេរៀន និយមន័យ និងឧត្តមភាពនៃការសឡាត
និយមន័យសឡាត
សឡាត គឺជាការគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់)ខាងផ្លូវកាយដ៏ធំធេង និងឧត្តុង្គឧត្តមបំផុត។ វាជាការគោរពសក្ការៈដែលរួមបញ្ចូលទាំងដួងចិត្ត ខួរក្បាល(វិចារណញាណ) និងអណ្តាត(ពាក្យសម្តី) ហើយសារៈសំខាន់នៃការសឡាតបានស្តែងចេញនៅក្នុងបញ្ហាជាច្រើនដូចជា៖
២. វាជាការបែងចែករវាងអ្នកមូស្លីម(កាន់សាសនាឥស្លាម) និងអ្នកដែលគ្មានជំនឿ(មិនកាន់សាសនាឥស្លាម) ដូចដែលព្យាការី ﷺ លោកបានមានប្រសាសន៍ថា៖ “រនាំងរវាងអ្នកឥស្លាមនិងស្ហ៊ីរិក ហើយនិងភាពគ្មានជំនឿ គឺការបោះបង់សឡាត”។ (មូស្លីម៖៨២)។ លោកបានមានប្រសាសន៍ទៀតថា៖ “ការបែងចែករវាងពួកយើង និងពួកគេ គឺការសឡាត។ ហេតុនេះ ជនណាដែលបោះបង់ចោលវា(មិនប្រតិបត្តិសឡាត) គេពិតជាក្លាយជាអ្នកជាបោះបង់ជំនឿ(កាហ្វៀរ)”។ (តៀរមីហ្ស៊ី៖២៦២១, អាន់ណាសាអ៊ី៖៤៦៣)
៣. ពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានដាក់បទបញ្ជាឲ្យថែរក្សាសឡាតនៅគ្រប់កាលៈទេសៈទាំងអស់ មិនថាពេលធ្វើដំណើរ ពេលមិនធ្វើដំណើរ ពេលមានសន្តិភាព ពេលមានសង្រ្គាម មិនថាពេលមានសុខភាពល្អ ឬពេលមានជំងឺនោះឡើយ ដោយត្រូវប្រតិបត្តិវាតាមលទ្ធភាពដែលគេអាចធ្វើទៅបាន ដូចដែលអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ចូរពួកអ្នកថែរក្សាសឡាត(ទាំងប្រាំពេល)”។ (អាល់ហ្ពាក៏រ៉ោះ៖២៣៨)។ ហើយទ្រង់បានពិពណ៌នាពីខ្ញុំបម្រើរបស់ទ្រង់ដែលមានជំនឿថា៖ “ព្រមទាំងបណ្ដាអ្នកដែលថែរក្សាលើការប្រតិបត្ដិសឡាតរបស់ពួកគេ”។ (អាល់មុមីនូន៖៩)
ឧត្ដមភាពនៃការសឡាត
១. សឡាតជម្រុះចោលនូវបាបកម្មទាំងឡាយ ដូចដែលព្យាការី ﷺ លោកបានមានប្រសាសន៍ថា៖ “សឡាតទាំងប្រាំពេល ពីជុមអាត់ (ថ្ងៃសុក្រ)មួយទៅជុមអាត់មួយ និងពីខែរ៉ម៉ាហ្ទនមួយទៅខែរ៉ម៉ាហ្ទនមួយទៀត វាជម្រុះចោលនូវបាបកម្មដែលនៅចន្លោះនោះ ដរាបណាគេជៀសវាងពីបាបកម្មធំៗ”។ (មូស្លីម៖២៣៣, តៀរមីហ្ស៊ី៖២១៤)
២. ពិតណាស់សឡាត គឺជាពន្លឺបំភ្លឺសម្រាប់ជនមូស្លីមនៅក្នុងជីវិតរស់នៅរបស់គេ ហើយវាជំរុញរូបគេឲ្យធ្វើប្រការល្អ និងបញ្ជៀសរូបគេពីប្រការអាក្រក់ ដូចដែលអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ពិតប្រាកដណាស់ សឡាតអាចហាមឃាត់អំពីការប្រព្រឹត្ដអសីលធម៌ និងអំពើទុច្ចរិត”។ (អាល់អាំងកាពូត៖៤៥)។ ព្យាការី ﷺ លោកបានមានប្រសាសន៍ថា៖ “សឡាតគឺជាពន្លឺ”។ (មូស្លីម៖២២៣)
ពេលដែលគេសឡាត គឺជាពេលវេលាដ៏ផ្អែមល្ហែមបំផុតសម្រាប់អ្នកមានជំនឿ ខណៈដែលរូបគេសន្ទនានឹងម្ចាស់របស់គេក្នុងកំឡុងពេលដែលគេកំពុងតែសឡាតនោះ ដោយគេនឹងទទួលបាននូវភាពស្ងប់សុខ និងភាពនឹងនរខាងផ្លូវចិត្តពីអល់ឡោះជាម្ចាស់។
ហើយវាគឺជាសេចក្តីរីករាយបំផុតរបស់ព្យាការី ﷺ ដូចដែលគាត់បានមានប្រសាសន៍ថា៖ “ហើយសឡាតបានធ្វើឱ្យត្រជាក់ភ្នែករបស់ខ្ញុំ (ជាការលួងលោមចិត្តរបស់ខ្ញុំ)”។ (អាន់ណាសាអ៊ី ៖ ៣៩៤០)
ព្យាការី ﷺ លោកបានមានប្រសាសន៍ទៅកាន់ពីឡាលដែលជាអ្នកអាហ្សានរបស់លោក ជាអ្នកដែលប្រកាសហៅឲ្យទៅសឡាតថា៖ “ឱពីឡាល! ចូរអ៊ីក៏ម៉ះ(ហៅឱ្យឈរសឡាត) ចូរលួងលោមយើងជាមួយវា”។ (អាពូហ្ទាវូទ៖៤៩៨៥)
ហើយព្យាការី ﷺ នៅពេលដែលលោកមានបញ្ហាណាមួយដែលធ្វើឱ្យលោកមានការខ្វល់ខ្វាយ ឬ រវល់ស្មុគស្មាញ នោះលោកនឹងតម្រង់ទៅប្រតិបត្តិសឡាត។ (អាពូហ្ទាវូទ៖១៣១៩)