ផ្នែកបច្ចុប្បន្ន model:
មេរៀន អត្ថន័យស៊ូរ៉ោះ អាល់ហ្វាទីហះ
ការសូត្រស៊ូរ៉ោះអាល់ហ្វាទីហះ វាគឺជាគោលគ្រឹះ(រូកុន)មួយដ៏សំខាន់ក្នុងចំណោមគោលគ្រឹះនៃសឡាត ដែលសឡាតរបស់គេនឹងមិនត្រឹមត្រូវឡើយប្រសិនបើគេមិនបានសូត្រវាទេនោះ។
الْحَمْدُ لِلَّهِ رَبِّ الْعَالَمِينَ “រាល់ការសរសើរ គឺចំពោះអល់ឡោះជាព្រះជាម្ចាស់គ្រប់គ្រងពិភពទាំងអស់”។ ពោលគឺ ខ្ញុំសូមថ្លែងនូវការកោតសរសើរទៅចំពោះអល់ឡោះជាម្ចាស់ចំពោះរាល់លក្ខណៈសម្បត្តិ ទង្វើ និងឧបការគុណ(នៀកម៉ាត់)ទាំងឡាយរបស់ទ្រង់ទាំងខាងក្រៅ និងខាងក្នុង ព្រមជាមួយនឹងក្តីស្រលាញ់ និងលើកតម្កើងទៅចំពោះទ្រង់។ ពាក្យថា “ព្រះជាម្ចាស់” គឺសំដៅលើអ្នកដែលបង្កើត គ្រប់គ្រង ចាត់ចែង និងប្រោសប្រទាននូវឧបការគុណ។ ពាក្យថា “ពិភពទាំងអស់” គឺសំដៅលើអ្វីៗទាំងអស់ក្រៅពីអល់ឡោះជាម្ចាស់ ទាំងពិភពមនុស្ស ពិភពជិន ម៉ាឡាអ៊ីកាត់ សត្វធាតុ និងអ្វីផ្សេងៗទៀត។
الرَّحْمَٰنِ الرَّحِيمِ “ជាម្ចាស់មហាសប្បុរស មហាអាណិតស្រឡាញ់”។ ជាព្រះនាមពីរក្នុងចំណោមបណ្តាព្រះនាមរបស់អល់ឡោះ គឺ (الرحمن) (ជាម្ចាស់មហាសប្បុរស) និង (الرحيم) (ជាម្ចាស់មហាអាណិតស្រឡាញ់)។ (الرحمن) សំដៅលើសេចក្តីមេត្តាករុណារបស់ទ្រង់ដែលមានទូទៅចំពោះអ្វីៗទាំងអស់។ ចំណែកឯ (الرحيم) វិញ គឺសំដៅលើសេចក្តីមេត្តាករុណារបស់ទ្រង់គឺមានចំពោះតែខ្ញុំបម្រើរបស់ទ្រង់ដែលជាអ្នកដែលមានជំនឿប៉ុណ្ណោះ។
مَالِكِ يَوْمِ الدِّينِ “ជាសេ្ដច(គ្រប់គ្រង)នៃថ្ងៃជំនុំជម្រះ(ថ្ងៃបរលោក)”។ ពោលគឺ ទ្រង់គឺជាស្ដេចគ្រប់គ្រងចាត់ចែងនៅថ្ងៃតបស្នង និងជំនុំជម្រះ(ថ្ងៃបរលោក)។ នៅត្រង់នេះ គឺរំលឹកដល់ជនមូស្លីមអំពីថ្ងៃបរលោក ហើយជំរុញឲ្យគេសាងនូវទង្វើកុសល។
إِيَّاكَ نَعْبُدُ وَإِيَّاكَ نَسْتَعِينُ “ចំពោះទ្រង់តែមួយគត់ដែលពួកយើងគោរពសក្ការៈ ហើយចំពោះទ្រង់តែមួយគត់ដែលពួកយើងសុំឲ្យជួយ”។ ពួកយើងគោរពសក្ការៈទៅចំពោះទ្រង់តែមួយអង្គគត់ ឱម្ចាស់របស់ពួកយើង ហើយពួកយើងមិនធ្វើស្ហ៊ីរិក(ពហុទេពនិយម)ចំពោះទ្រង់នៅក្នុងការគោរពសក្ការៈមួយណាឡើយ។ ហើយពួកយើងសុំជំនួយពីទ្រង់តែមួយអង្គគត់ចំពោះរាល់កិច្ចការទាំងឡាយរបស់ពួកយើង។ ពិតណាស់ រាល់កិច្ចការទាំងអស់នៅក្នុងកណ្ដាប់ដៃរបស់ទ្រង់ គ្មាននរណាម្នាក់មានសិទ្ធិគ្រប់គ្រង ក្តោបក្ដាប់បានឡើយ សូម្បីប៉ុនល្អងធូលី។
اهْدِنَا الصِّرَاطَ الْمُسْتَقِيمَ “សូមទ្រង់មេត្ដាចង្អុលបង្ហាញដល់ពួកយើងនូវមាគ៌ាដ៏ត្រឹមត្រូវផងចុះ”។ សូមទ្រង់មេត្តាចង្អុលបង្ហាញ និងបំភ្លឺផ្លូវដល់ពួកយើងទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ និងបានស្ថិតស្ថេរនៅលើមាគ៌ានោះរហូតដល់ថ្ងៃដែលពួកយើងជួបនឹងទ្រង់ផង។ ហើយមាគ៌ាដ៏ត្រឹមត្រូវនោះ គឺសាសនាឥស្លាមដ៏ច្បាស់លាស់ដែលនាំពួកយើងទៅរកការពេញចិត្តពីអល់ឡោះ និងឋានសួគ៌របស់ទ្រង់ ហើយដែលត្រូវបានចង្អុលបង្ហាញវាដោយព្យាការីមូហាំម៉ាត់ ﷺ ដែលជាព្យាការី និងជាអ្នកនាំសារចុងក្រោយបង្អស់។ គ្មានមាគ៌ាណាមួយដែលនាំយើងទៅកាន់សុភមង្គលនោះឡើយ លើកលែងតែការប្រកាន់ភ្ជាប់នឹងមាគ៌ានេះប៉ុណ្ណោះ។
صِرَاطَ الَّذِينَ أَنْعَمْتَ عَلَيْهِمْ غَيْرِ الْمَغْضُوبِ عَلَيْهِمْ وَلَا الضَّالِّينَ “គឺមាគ៌ារបស់បណ្ដាអ្នកដែលទ្រង់បានប្រទានឧបការគុណដល់ពួកគេ ពុំមែនជា(មាគ៌ា)អ្នកដែលត្រូវគេខឹងសម្បា និងពុំមែនជា(មាគ៌ា)ពួកដែលវងេ្វងឡើយ”។ ពោលគឺមាគ៌ារបស់បណ្ដាអ្នកដែលទ្រង់បានប្រទានឧបការគុណដល់ពួកគេដោយការប្រទាននូវការចង្អុលបង្ហាញនិងការប្រកាន់ខ្ជាប់(នឹងមាគ៌ានេះ)ក្នុងចំណោមបណ្តាព្យាការី និងកុសលបុគ្គលទាំងឡាយដែលពួកគេបានដឹងនូវសេចក្តីពិត ហើយបានដើរតាមសេចក្តីពិតនោះ។ ហើយសូមទ្រង់មេត្តាបញ្ចៀសពួកយើងឲ្យឆ្ងាយពីមាគ៌ារបស់ពួកដែលទ្រង់ក្រោធខឹងចំពោះពួកគេដោយសារតែពួកគេបានដឹងពីសេចក្តីពិតហើយតែពួកគេមិនអនុវត្តតាមសេចក្តីពិតនោះ និងសូមទ្រង់មេត្តាបញ្ចៀសពួកយើងឲ្យឆ្ងាយផងដែរពីមាគ៌ារបស់ពួកដែលវង្វេង ជាពួកដែលមិនទទួលបាននូវការចង្អុលបង្ហាញទៅកាន់សេចក្តីពិត ព្រោះតែភាពល្ងង់ខ្លៅរបស់ពួកគេ។