ផ្នែកបច្ចុប្បន្ន model:
មេរៀន ថ្ងៃរ៉យ៉ា(ថ្ងៃបុណ្យក្នុងសាសនាឥស្លាម)
ការប្រារព្ធពិធីថ្ងៃរ៉យ៉ា គឺជាអត្តសញ្ញាណមួយក្នុងចំណោមអត្តសញ្ញារបស់សាសនាដែលស្តែងឱ្យមើលឃើញច្បាស់
នៅពេលដែលព្យាការី ﷺ បានទៅដល់ក្រុងម៉ាទីណះ លោកបានឃើញពួកអាន់សរ(គឺអ្នកមូស្លីមដែលរស់នៅក្រុងម៉ាទីណះ) ពួកគេលេងកម្សាន្តសប្បាយរយៈពេលពីរថ្ងៃនៅក្នុងមួយឆ្នាំ។ ពេលនោះ លោកបានសួរថា៖ “តើថ្ងៃទាំងពីរនេះជាថ្ងៃអ្វីដែរ”? ពួកគេបានឆ្លើយថា៖ ពួកយើងលេងសប្បាយនៅក្នុងថ្ងៃទាំងពីរនេះតាំងពីសម័យកាលអវិជ្ជា(ជើហ៊ីលីយ៉ះ)មកម្លេះ។ នៅពេលនោះ រ៉ស៊ូលុលឡោះ ﷺ ក៏បានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានជំនួសឲ្យពួកអ្នកនូវពីរថ្ងៃ(ផ្សេងវិញ)ដែលវាល្អជាងថ្ងៃទាំងពីរនេះទៅទៀត គឺថ្ងៃរ៉យ៉ាអ័ទហា និងថ្ងៃរ៉យ៉ាហ្វិតត្រោះ”។ (អាពូហ្ទាវូទ៖១១៣៤)។ ហើយលោកបានមានប្រសាសន៍បញ្ជាក់ថា ជាការពិតណាស់ថ្ងៃរ៉យ៉ា(ថ្ងៃបុណ្យ) គឺជាផ្នែកមួយនៃអត្តសញ្ញាណរបស់សាសនាទាំងឡាយ៖ “ពិតប្រាកដណាស់ សម្រាប់ក្រុមនីមួយៗ គឺមានថ្ងៃរ៉យ៉ា(ថ្ងៃបុណ្យ) ហើយនេះ គឺជាថ្ងៃរ៉យ៉ារបស់ពួកយើង”។ (ពូខរី៖៩៥២, មូស្លីម៖៨៩២)
ថ្ងៃរ៉យ៉ានៅក្នុងសាសនាឥស្លាម គឺជាថ្ងៃដែលអ្នកមូស្លីមសំដែងនូវក្តីសប្បាយរីករាយដោយបានបំពេញនូវការគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់) ដើម្បីជាការថ្លែងអំណរគុណចំពោះអល់ឡោះជាម្ចាស់ដែលទ្រង់បានចង្អុលបង្ហាញដល់រូបគេបានបំពេញនូវការគោរពសក្ការៈនោះ។ នៅក្នុងថ្ងៃនោះ គេបង្គាប់ប្រើឲ្យផ្តល់នូវភាពសប្បាយរីករាយទៅដល់មនុស្សទូទៅ ស្លៀកសម្លៀកបំពាក់ដែលល្អស្អាតបំផុត ធ្វើល្អទៅកាន់អ្នកដែលខ្វះខាត និងគ្រប់មធ្យោបាយលំហែកាយដែលគេបានអនុញ្ញាត ដូចជាប្រារព្ធពិធី និងរៀបចំព្រឹត្តិការណ៍ផ្សេងៗដែលនាំមកនូវភាពរីករាយដល់មនុស្សគ្រប់គ្នា ហើយនិងរំលឹកពួកគេពីឧបករគុណរបស់អល់ឡោះដែលទ្រង់បានប្រទានដល់ពួកគេ។
សម្រាប់អ្នកមូស្លីម នៅក្នុងមួយឆ្នាំ គឺមានថ្ងៃរ៉យ៉ា(ថ្ងៃបុណ្យ)ចំនួនពីរ ហើយគេមិនបានអនុញ្ញាតឲ្យកំណត់យកថ្ងៃណាមួយធ្វើជាថ្ងៃរ៉យ៉ាក្រៅពីថ្ងៃទាំងពីរនេះនោះឡើយ៖
វាជាសឡាតមួយដែលសសនាឥស្លាមបានសង្កត់ធ្ងន់ចំពោះវា ហើយជំរុញអ្នកមូស្លីមទាំងអស់ ទាំងបុរស ទាំងស្តី្រ ទាំងក្មេង ទាំងចាស់ឲ្យចេញទៅប្រតិបត្តិសឡាតនេះ។ ពេលវេលារបស់វា ចាប់ផ្ដើមពីពេលថ្ងៃរះកម្ពស់មួយថ្នោលនៃថ្ងៃរ៉យ៉ា រហូតដល់ថ្ងៃជ្រេ។
សឡាតរ៉យ៉ាមានពីររ៉ក្អាត់ដោយអ៊ីមាំត្រូវសូត្រឮៗ ហើយត្រូវសូត្រឃុតហ្ពះបន្ទាប់ពីសឡាតរ៉យ៉ារួច។ នៅក្នុងការសឡាតរ៉យ៉ានេះ គេបង្គាប់ប្រើឲ្យបន្ថែមនូវការតឹកពៀរនៅរាល់ពេលចាប់ផ្តើមដំបូងនៃរ៉ក្អាត់នីមួយៗ ដោយនៅក្នុងរ៉ក្អាត់ទីមួយមុននឹងសូត្រអាល់ហ្វាទីហះ ត្រូវតឹកពៀរចំនួនប្រាំមួយដងក្រៅពីតឹកពៀរ៉តុលអៀសរ៉ម ហើយនៅក្នុងរ៉ក្អាត់ទីពីរ ត្រូវតឹកពៀរចំនួនប្រាំដងក្រៅពីតឹកពៀរងើបពីស៊ូជោត។
ទាំងក្មេង ទាំងចាស់ ទាំងប្រុស ទាំងស្រីតាមវិធីសាស្ត្រទាំងឡាយណាដែលច្បាប់អនុញ្ញាត និងស្លៀកនូវសម្លៀកបំពាក់ដែលល្អស្អាត ហើយគោរពសក្ការៈទៅចំពោះអល់ឡោះដោយការទទួលទានអាហារពេលថ្ងៃនៅក្នុងថ្ងៃនោះ។ ដូច្នោះហើយទើបគេហាមមិនឲ្យបួសនៅក្នុងថ្ងៃរ៉យ៉ា។
គេបង្គាប់ប្រើឲ្យតឹកពៀរនៅថ្ងៃរ៉យ៉ាហ្វិតត្រោះដើម្បីបង្ហាញនូវភាពសប្បាយរីករាយចំពោះថ្ងៃរ៉យ៉ា និងរីករាយដោយបានបំពេញនូវការបួសខែរ៉ម៉ាហ្ទនដែលជាខែប្រកបដោយពរជ័យ ហើយនិងជាការថ្លែងអំណរគុណទៅចំពោះអល់ឡោះជាម្ចាស់ដែលបានប្រោសប្រទាននូវឧបការគុណជាច្រើនមកលើពួកយើង និងចង្អុលបង្ហាញដល់ពួកយើងឲ្យបានបួសរយៈពេលមួយខែពេញ។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយចូរពួកអ្នកបួសបង្គ្រប់ចំនួន(ថ្ងៃនៃខែរ៉ម៉ាហ្ទន) ហើយចូរពួកអ្នកលើកតម្កើងអល់ឡោះ(តឹកពៀរនៅថ្ងៃរ៉យ៉ាហ្វិតត្រោះ)ចំពោះអ្វីដែលទ្រង់បានចង្អុលបង្ហាញពួកអ្នក ហើយសង្ឃឹមថា ពួកអ្នកថ្លែងអំណរគុណ”។ (អាល់ហ្ពាក៏រ៉ោះ៖១៨៥)។ ក៏ដូចគ្នាដែរ គេបង្គាប់ប្រើឲ្យតឹកពៀរនៅថ្ងៃរ៉យ៉ាអ័ទហា ឬថ្ងៃរ៉យ៉ាហាជ្ជី ដើម្បីជាការបង្ហាញនូវភាពសប្បាយរីករាយចំពោះថ្ងៃរ៉យ៉ា និងរីករាយដោយបានបំពេញនូវកាតព្វកិច្ចហាជ្ជី(ចំពោះអ្នកដែលទៅធ្វើហាជ្ជី) ហើយនិងការដែលទ្រង់បានចង្អុលបង្ហាញឲ្យពួកគេ ក៏ដូចជាអ្នកមូស្លីមផ្សេងទៀតបានសាងនូវទង្វើកុសលផ្សេងៗនៅក្នុងដប់ថ្ងៃដំបូងនៃខែហ្ស៊ុលហ៊ិជ្ជះ។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលនៅពេលដែលទ្រង់លើកឡើងពីការធ្វើគួរហ្ពានថា៖ “សាច់ និងឈាមរបស់វា(សត្វដែលធ្វើគួរហ្ពាន)មិនអាចទៅដល់អល់ឡោះឡើយ ក៏ប៉ុន្ដែការកោតខ្លាច(អល់ឡោះ)អំពីពួកអ្នកទេ ដែលអាចទៅដល់ទ្រង់នោះ។ ដូច្នោះដែរ ទ្រង់បានបង្កើតវាជាប្រយោជន៍សម្រាប់ពួកអ្នក ដើម្បីឲ្យពួកអ្នកលើកតម្កើងអល់ឡោះទៅ លើអ្វីដែលទ្រង់បានចង្អុលបង្ហាញដល់ពួកអ្នក។ ហើយចូរអ្នក(មូហាំម៉ាត់)ផ្ដល់ដំណឹងរីករាយដល់បណ្ដាអ្នកដែលសាងអំពើល្អ”។ (អាល់ហាជ្ជ៖៣៧)
របៀបតឹកពៀរថ្ងៃរ៉យ៉ា
الله أكبر الله أكبر، لا إله إلا الله، الله أكبر الله أكبر ولله الحمد ហើយត្រូវសូត្របន្តថា៖ الله أكبر كبيراً، والحمد لله كثيراً، وسبحان الله بكرة وأصيلاً
ចំពោះបុរស គេបង្គាប់ប្រើឲ្យតម្លើងសំឡេងតឹកពៀរឲ្យបានខ្លាំងតាមមធ្យោបាយណាក៏ដោយដែលមិនបង្កការរំខាន ឬភាពច្របូកច្របល់ដល់អ្នកដទៃ។ តែចំពោះស្រ្តីវិញ គប្បីតឹកពៀរដោយសំឡេងតិចៗ។