ផ្នែកបច្ចុប្បន្ន model:
មេរៀន រដូវរងា ការសឡាត និងការបួស
ក្នុងរដូវរងា ប្រសិនបើអាកាសធាតុត្រជាក់ខ្លាំង គឺគេត្រូវពិនិត្យមើល៖ ប្រសិនបើភាពត្រជាក់នោះមិនរារាំងមនុស្សពីការចេញទៅសឡាត(នៅម៉ាស្ជិត)ទេនោះ គឺគេត្រូវអាហ្សានដូចធម្មតា។
ក្នុងរដូវរងា មនុស្សលោកតែងដុតភ្លើងកម្តៅ ហើយជួនកាល កន្លែងដែលគេដុតភ្លើងនោះ ស្ថិតនៅចំទិសគិបឡាត់។ ដូចនេះ ជាការប្រសើរ គឺគេមិនគួរសឡាតឆ្ពោះទៅរកភ្លើងនោះទេ ដើម្បីចៀសឆ្ងាយពីការប្រដូចទៅនឹងពួកម៉ាជូស៊ីដែលពួកគេគោរពបូជាភ្លើង។ ម្យ៉ាងទៀត វាអាចរំខានអារម្មណ៍របស់អ្នកដែលសឡាត។ តែប្រសិនបើពួកគេត្រូវការវាដើម្បីមានភាពកក់ក្តៅពីអាកាសធាតុត្រជាក់ ឬក៏ពិបាកក្នុងការផ្លាស់ប្តូរកន្លែងនោះ គឺគ្មានបញ្ហាអ្វីឡើយ។
ចំណែកឯម៉ាស៊ីនកម្តៅដែលគ្មានអណ្តាតភ្លើងវិញ ការសឡាតតម្រង់ទៅកាន់វា គឺបញ្ហាអ្វីនោះទេ។
ការផ្តុំគ្នារវាងសឡាតពីរ(សឡាតជើម៉ក់)
ក្នុងចំណោមហេតុផលដែលគេអនុញ្ញាតឲ្យធ្វើការផ្តុំសឡាត(ដែលកើតមានច្រើននៅក្នុងរដូវរងា)នោះគឺ ការមានភ្លៀងធ្លាក់ ហើយសាសនវិទូឥស្លាមមួយចំនួនបានបន្ថែមពីលើករណីខ្យល់ត្រជាក់ខ្លាំង ឬអាកាសធាតុត្រជាក់ខ្លាំងទៀតផងដែរ ដូចជា៖ ធ្លាក់ព្រិលបិទផ្លូវ ឬភក់ និងដីពេញផ្លូវជាដើម។
អត្ថន័យនៃពាក្យថា “ហេតុផលដែលគេអនុញ្ញាតឲ្យធ្វើការផ្តុំសឡាត” គឺសំដៅលើស្ថានភាពទាំងឡាយណាដែលធ្វើឲ្យមនុស្សពិបាកក្នុងការចេញទៅសឡាតនៅម៉ាស្ជិតដើម្បីសឡាតរួមគ្នា(ជើម៉ាអះ)។ វានេះមិនមែនជាករណីនៅពេលមានភ្លៀងធ្លាក់តិចតួច ដែលមិនបានរារាំងមនុស្សមិនឲ្យចាកចេញពីផ្ទះដើម្បីទៅលេងកម្សាន្ត ឬបំពេញតម្រូវការនោះទេ។
ចំពោះអ្នកដែលមិនជាប់កាតព្វកិច្ចត្រូវសឡាតរួមគ្នា(ដូចជាស្ត្រី អ្នកជំងឺ និងអ្នកដែលធ្វេសប្រហែស មិនយកចិត្តទុកដាក់នឹងការសឡាតរួមគ្នា) គឺមិនត្រូវផ្តុំសឡាតឡើយ ព្រោះពួកគេគ្មានភាពចាំបាច់នឹងផ្តុំសឡាតឡើយ។ ដូចនេះ ចាំបាច់លើពួកគេត្រូវប្រតិបត្តិសឡាតទៅតាមពេលវេលាដែលបានកំណត់។ ក៏ដូចគ្នាដែរ គេមិនអាចផ្តុំសឡាតបានទេប្រសិនបើហេតុផលដែលគេអនុគ្រោះនោះត្រូវបានបញ្ចប់មុននឹងគេសឡាតលើកទីពីរ។
ក្នុងពេលផ្តុំសឡាត គឺគ្រប់គ្រាន់ហើយចំពោះគេដោយការអាហ្សានចំនួនមួយដង ហើយអ៊ីក៏ម៉ះពីរដង។ ត្រូវសឡាតស៊ូណិតរ៉វ៉ាតិប និងហ្ស៊ីកៀរក្រោយពីសឡាតបន្ទាប់ពីសឡាតទាំងពីរចប់។
មានម៉ាស្ជិតជាច្រើនបានកើតមាននូវការខ្វែងយោបល់គ្នាទាក់ទងនឹងមូលហេតុដែលគេអនុញ្ញាតឲ្យធ្វើការផ្តុំសឡាត។ ដូចនេះ មានតែអ៊ីម៉ាំទេគឺជាអ្នកទទួលខុសត្រូវលើការសម្រេចចិត្តក្នុងរឿងនេះ។ ប្រសិនបើគាត់មានចំណេះដឹងគ្រប់គ្រាន់ទាក់ទងលើបញ្ហានេះ និងអាចពិគ្រោះជាមួយអ្នកដែលមានជំណេះដឹងបាន គឺគាត់អាចសម្រេចចិត្តបាន តែប្រសិនបើគាត់គិតថាវាមិនអនុញ្ញាតទេនោះ គឺមិនអាចផ្តុំសឡាតបានទេ ហើយអ្នកដែលសឡាតទាំងអស់ក៏មិនត្រូវប្រកែកឬបដិសេធនឹងការសម្រេចចិត្តរបស់គាត់នោះទេ។
វាត្រូវបានរៀបរាប់នៅក្នុងនិទានកថាមួយចំនួនថា៖ “រដូវរងារគឺជារដូវផ្ការីករបស់អ្នកមានជំនឿ ពេលថ្ងៃរបស់វាមានរយៈពេលខ្លី គេក៏បួស។ ហើយពេលយប់មានរយៈពេលវែង គេក៏ក្រោកសឡាត”។ (អាល់ពៃហាគីយ៍ នៅក្នុងសៀវភៅ ស៊ូណាន់គុបរ៉៖៨៤៥៦)។ វាត្រូវបានគេហៅបែបនេះ គឺដោយសារតែគេអាចរីករាយនឹងការគោរពសក្ការៈផ្សេងៗ។ ហើយនៅក្នុងរដូវនេះ គេមានលទ្ធភាពអាចបួសនៅពេលថ្ងៃដោយគ្មានការលំបាកដោយភាពស្រេកឃ្លាន និងស្រេកទឹកនោះឡើយ ដោយសារតែពេលថ្ងៃរបស់វាមានរយៈពេលខ្លី ព្រមទាំងមានលទ្ធភាពក្នុការក្រោកសឡាតពេលយប់ ដោយសារតែពេលយប់របស់វាមានរយៈពេលវែង។ ដូចនេះ គេអាចមានលទ្ធភាពអាចរៀបចំរវាងការសឡាត និងការដេក។
អូមើរបាននិយាយថា៖ “រដូវរងារគឺជាឃ្លាំងទ្រព្យសម្រាប់អ្នកដែលចូលចិត្តគោរពសក្ការៈទៅចំពោះអល់ឡោះ”។ (អាល់ហិលយ៉ះ ៖ ១/៥១)