ផ្នែកបច្ចុប្បន្ន model:
មេរៀន ការសឡាត និងការបួសក្នុងពេលធ្វើដំណើរ
នៅពេលដែលពេលវេលាសឡាតបានមកដល់នៅទីតាំងរបស់គេដែលគ្មានម៉ាស្ជិតនៅក្បែរទេនោះ គឺគេបង្គាប់ប្រើឲ្យបន្លឺសំឡេងអាហ្សានរាល់ពេលសឡាត។
ត្រង់ចំណុចនេះ គឺយើងបានដឹងហើយពីឧត្តមភាពនៃការអាហ្សាន។ ដូចនេះ មិនគប្បីលើគេមានអារម្មណ៍អៀនខ្មាស(មិនហ៊ានអាហ្សាន) ឬបោះបង់វានោះទេ។ នៅក្នុងហាទីស្ហមួយផ្សេងទៀត៖ “អ្នកដែលអាហ្សានគេនឹងអភ័យទោសឲ្យគាត់ ទៅតាមចម្ងាយដែលសំឡេងរបស់គាត់ទៅដល់ ហើយគ្រប់កន្លែងដែលមានសំណើម និងស្ងួតនឹងសុំអភ័យទោស(ពីអល់ឡោះ)ឲ្យគាត់”។ (អ៊ិពនូម៉ាហ្ជះ៖៧២៤)
ចំពោះអ្នកដែលស្ថិតនៅក្នុងការធ្វើដំណើរ គឺត្រូវព្យាយាមដឹងទិសគិបឡាត់ ហើយពាក្យថា “ទិសគិបឡាត់” គឺសំដៅលើទិសនៃទីក្រុងម៉ាក្កះ។ ប្រសិនបើគេមើលមិនឃើញវា(ក្រុងម៉ាក្កះ)ទេ គ្រប់គ្រាន់ហើយដោយគ្រាន់តែតម្រង់ទៅកាន់ទិសរបស់វា(ទិសនៃក្រុងម៉ាក្កះ) ហើយគេមិនតម្រូវឲ្យបែរតម្រង់ទៅចំត្រង់កាក់ហ្ពះតែម្តងនោះឡើយ ព្រោះវាជារឿងលំបាក ហើយក៏គ្មានភស្តុតាងពីសហាហ្ពាត់ដែលបញ្ជាក់បែបនេះនោះដែរ។
ការថែរក្សាលើការសឡាតនៅក្នុងពេលធ្វើដំណើរ ស្ថិតក្នុងចំណោមទង្វើកុសលដ៏ធំធេង ហើយវាជាភស្តុតាងបញ្ជាក់ពីភាពពិតនៃសេចក្តីជំនឿ(អ៊ីម៉ាន់)របស់បម្រើអល់ឡោះ។
នៅក្នុងការធ្វើដំណើរ មនុស្សតែងដុតភ្លើងកម្តៅប្រសិនបើគេនៅតំបន់ដែលត្រជាក់ ហើយជួនកាល កន្លែងដែលគេដុតភ្លើងនោះ ស្ថិតនៅទិសគិបឡាត់ដែលគេត្រូវសឡាតតម្រង់ទៅ។ ដូចនេះ ជាការប្រសើរ គឺគេមិនគួរសឡាតឆ្ពោះទៅរកភ្លើងនោះទេ ដើម្បីចៀសឆ្ងាយពីការប្រដូចទៅនឹងពួកម៉ាជូស៊ីដែលពួកគេគោរពបូជាភ្លើង។ ម្យ៉ាងទៀត ភ្លើងអាចផ្តល់ការរំខានដល់អ្នកដែលសឡាត។ តែប្រសិនបើពួកគេត្រូវការវាដើម្បីមានភាពកក់ក្តៅពីអាកាសធាតុត្រជាក់ ឬក៏ពិបាកក្នុងការផ្លាស់ប្តូរកន្លែងនោះ គឺគ្មានបញ្ហាអ្វីឡើយ។
អត្ថន័យពាក្យថា “ផ្តុំសឡាត” ឬ “ជម៉ក់” គឺការដែលគេផ្តុំគ្នារវាងសឡាតហ្ស៊ូហោរនិងសឡាតអាសើរ ឬរវាងសឡាតម៉ាហ្គ្រិបនិងសឡាតអ៊ីស្ហា ដោយគេសឡាតចំនួនពីរក្នុងពេលតែមួយនៅក្នុងពេលណាមួយក្នុងចំណោមពេលវេលាសឡាតទាំងពីរ។ ការផ្តុំគ្នារវាងសឡាតពីរនេះ គឺក្នុងករណីមានហេតុផលណាមួយក្នុងចំណោមហេតុផលដែលគេអនុញ្ញាតឲ្យធ្វើការផ្តុំសឡាត។
ក្នុងពេលផ្តុំសឡាត គឺគ្រប់គ្រាន់ហើយចំពោះគេដោយការអាហ្សានចំនួនមួយដង ហើយអ៊ីក៏ម៉ះពីរដង។ រីឯហ្ស៊ីកៀរក្រោយពេលសឡាត គេត្រូវហ្ស៊ីកៀរបន្ទាប់ពីសឡាតទាំងពីរចប់។
ការបួស ឬតមអាហារមិនត្រូវបានចាត់ទុកថាជាមូលហេតុសម្រាប់ការធ្វើដំណើរដោយផ្ទាល់ទេ(ដែលត្រូវតែស្រាយបួសឡើយ)។ ផ្ទុយទៅវិញ ប្រសិនបើបុគ្គលណាដែលទម្លាប់របស់គេតែងបួសជាប្រចាំ(ដូចជាបួសថ្ងៃច័ន្ទ និងថ្ងៃព្រហស្បតិ៍) ហើយការធ្វើដំណើររបស់គេស្របគ្នានឹងថ្ងៃដែលរូបគេតែងបួសនោះ គឺច្បាប់ឥស្លាមមិនបានហាមឃាត់មិនឲ្យបួសនោះទេ។
អំពី អាណាស រទអ បាននិយាយថា៖ ពួកយើងធ្លាប់បានធ្វើដំណើរជាមួយព្យាការី សអវ។ ពេលនោះ អ្នកដែលបួសមិនបានបន្តុះបង្អាប់អ្នកដែលមិនបួសនោះទេ ហើយអ្នកដែលមិនបួស ក៏មិនបានបន្តុះបង្អាប់អ្នកដែលបួសនោះដែរ”។ (ពូខរី៖១៩៤៧, មូស្លីម៖១១១៨)