ផ្នែកបច្ចុប្បន្ន model:
មេរៀន ក្បួនច្បាប់ទូទៅដែលកើតមានញឹកញាប់ក្នុងពេលធ្វើដំណើរ
មុនចូលគេង គប្បីពន្លត់ភ្លើងដែលជាទូទៅគេតែងតែដុតកម្តៅនៅក្នុងពេលធ្វើដំណើរនារដូវរងា ជាពិសេសចំពោះការគេងនៅក្នុងតង់។
ជាគោលការណ៍ ការប្រមាញ់សត្វត្រូវបានអនុញ្ញាត ក៏ប៉ុន្តែមិនគួរឲ្យការប្រមាញ់នោះជាមូលហេតុធ្វើឲ្យគេដក់ចិត្ត ឬធ្វេសប្រហែសចំពោះកិច្ចការសាសនា ឬគ្រួសាររបស់អ្នកឡើយ។ ឬក៏ជាមូលហេតុនាំឲ្យរូបគេធ្លាក់ក្នុងភាពខ្ជះខ្ជាយ ឥតប្រយោជន៍ ឬមានអួតអាងនោះទេ។ នៅក្នុងហាទីស្ហមួយបានបញ្ជាក់ថា៖ “អ្នកណាដែលរស់នៅក្នុងវាលរហោស្ថាន នោះគេនឹងក្លាយជាមនុស្សរឹងរូស ហើយអ្នកណាដែលដើរបរបាញ់សត្វ នោះនឹងក្លាយជាអ្នកដែលងប់ងល់នឹងវា(ធ្វេសប្រហែសនឹងកិច្ចការផ្សេងទៀត)”។ (អាពូហ្ទាវូទ៖២៨៥៩)
ជាគោលការណ៍ ការប្រមាញ់សត្វគ្រប់ប្រភេទត្រូវបានអនុញ្ញាត ព្រមទាំងត្រូវបានអនុញ្ញាតឲ្យទទួលទានវាផងដែរ លើកលែងតែសត្វទាំងឡាយណាដែលមានភស្តុតាងបញ្ជាក់ពីការហាមឃាត់ចំពោះវា ដូចជារាល់សត្វដែលមានចង្កូមក្នុងចំណោមសត្វសាហាវទាំងឡាយ ដូចជាឆ្កែចចក និងកញ្ជ្រោង, រាល់ប្រភេទសត្វដែលមានក្រញ៉ាំ(ប្រើក្រញ៉ាំចាប់ចំណី)ក្នុងចំណោមសត្វស្លាប ដូចជាសត្វឥន្ទ្រីយ៍ និងប្រភេទសត្វដែលមានពិស ដូចជាសត្វពស់ជាដើម។
គេអនុញ្ញាតឲ្យប្រមាញ់សត្វដែលរស់នៅលើគោក និងនេសាទសត្វដែលនៅក្នុងទឹកគ្រប់ពេលវេលាទាំងអស់ក្នុងមួយឆ្នាំដោយគ្មានភាពខុសគ្នានោះទេរវាងថ្ងៃជុមអាត់(ថ្ងៃសុក្រ) ឬខែរ៉ម៉ាហ្ទន ឬបណ្តាខែបម្រាមជាដើម។ ក៏ប៉ុន្តែ គេហាមឃាត់មិនឲ្យប្រមាញ់សត្វក្នុងតំបន់ហារ៉ម(តំបន់ពិសិដ្ឋ)នៃទឹកដីម៉ាក្កះនិងម៉ាទីណះ ហើយនិងសត្វដែលជាកម្មសិទ្ធិអ្នកដទៃ។ ហើយចំពោះអ្នកដែលស្ថិតក្នុងតំណមអៀហរ៉មវិញ គឺគេហាមឃាត់មិនឲ្យប្រមាញ់សត្វដែលរស់នៅលើគោក។
គេដាក់លក្ខខណ្ឌចំពោះការប្រមាញ់នោះ គឺអ្នកដែលប្រមាញ់ត្រូវតែជាអ្នកមូស្លីម និងត្រូវសូត្រ “ពីសមិលឡះ” ហើយសត្វដែលគេប្រើឲ្យទៅប្រមាញ់ដូចជាសត្វឆ្កែ ឬសត្វបក្សីជាដើម ត្រូវតែជាសត្វដែលគេបង្វឹកត្រឹមត្រូវ។ ដូច្នេះ បើសត្វនោះចាប់ចំណីដោយខ្លួនឯង ឬត្រូវបាញ់ត្រូវដោយចៃដន្យ។ គឺគេមិនអនុញ្ញាតឲ្យបរិភោគវាឡើយ លើកលែងតែរូបគេបានទៅទាន់សត្វនោះមុននឹងវាស្លាប់ ហើយបានសូត្រ “ពីសមិលឡះ” និងបានសំឡេះវាត្រឹមត្រូវ ទើបអាចបរិភោគបាន។
ម្យ៉ាងទៀត គេដាក់លក្ខខណ្ឌថា សត្វដែលប្រមាញ់នោះ គឺត្រូវតែស្លាប់ដោយសាររងរបួសនៃការប្រមាញ់ ពុំមែនស្លាប់ដោយសារថប់ដង្ហើម លង់ទឹក វាយដំជាទម្ងន់ ឬធ្លាក់ទីខ្ពស់ឡើយ។ ប្រសិនបើគេទៅទាន់សត្វនោះ ហើយវានៅរស់ គឺគេត្រូវសំឡេះវាឲ្យបានត្រឹមត្រូវតាមច្បាប់ឥស្លាមទើបអាចបរិភោគបាន។
គេហាមឃាត់ចំពោះការប្រមាញ់សត្វគ្រាន់តែសម្រាប់ការលេងកម្សាន្ត ដូចជាអ្នកដែលប្រមាញ់សត្វ តែមិនមែនសម្រាប់យកមកបរិភោគ។ ក៏ដូចគ្នាដែរ គេហាមឃាត់ចំពោះការប្រមាញ់សត្វទាំងឡាយណាដែលបង្កនូវការភ័យខ្លាចដល់មនុស្សតាមរយៈឧបករណ៍ប្រមាញ់នោះ។ ម្យ៉ាងទៀត ក្នុងចំណោមអំពើបាបដែរនោះ គឺការចងសត្វស្លាបសម្រាប់ជាការបរបាញ់នៅក្នុងការហ្វឹកហាត់។
គេហាមឃាត់ចំពោះការយកអាវុធចង្អុលទៅកាន់អ្នកដទៃទោះបីជាក្នុងន័យលេងសើចក៏ដោយ។ នៅក្នុងហាទីស្ហមួយបានបញ្ជាក់ថា៖ “ម្នាក់ៗនៃពួកអ្នកមិនត្រូវយកអាវុធចង្អុលទៅកាន់បងប្អូនរបស់ខ្លួនឡើយ ព្រោះគាត់មិនដឹងទេ ជួនកាលស្ហៃតនអាចធ្វើឲ្យវារបូតចេញពីដៃរបស់គាត់(ត្រូវបងប្អូនរបស់គាត់)ជាហេតុធ្វើឲ្យគាត់ធ្លាក់ចូលក្នុងរណ្ដៅនៃឋាននរក”។ (ពូខរី៖៧០៧២, មូស្លីម៖២៦១៧)។ នៅក្នុងហាទីស្ហមួយផ្សេងទៀត៖ “ជនណាចង្អុលទៅកាន់បងប្អូនរបស់ខ្លួននឹងអាវុធនោះ ម៉ាឡាអ៊ីកាត់នឹងដាក់បណ្ដាសាចំពោះគាត់រហូតដល់គាត់ដាក់ចុះវិញ ទោះជាអ្នកនោះជាបងប្អូនបង្កើតរបស់គាត់ក៏ដោយ”។ (មូស្លីម៖២៦១៦)
ចំពោះអ្នកដែលបរបាញ់ ចាំបាច់ត្រូវដឹងពីក្បួនខ្នាត ឬគោលការណ៍នៃការបរបាញ់សត្វ និងគោលការណ៍សុវត្ថិភាពដើម្បីថែរក្សាសុវត្ថិភាពខ្លួនឯង ក៏ដូចជាអ្នកដទៃផងដែរ។ មានក្បួនច្បាប់ដោយឡែកជាច្រើនទាក់ទងនឹងវិធីសាស្ត្រនៃការសំឡេះសត្វ(ការសំឡេះសត្វតាមក្បួនច្បាប់ឥស្លាម) ការប្រាស្រ័យទាក់ទងជាមួយនឹងសត្វឆ្កែប្រមាញ់ និងស្ថានភាពនៃការស្លាប់របស់សត្វដែលប្រមាញ់បាន ក៏ដូចជាប្រការផ្សេងៗទៀត ដោយគេត្រូវវិលត្រឡប់ទៅរកអ្នកចេះដឹងដើម្បីបានដឹងពីបញ្ហានេះ។
ជាគោលការណ៍ ចំណីអាហារទាំងអស់ត្រូវបានអនុញ្ញាតឲ្យទទួលទាន លើកលែងតែចំណីអាហារទាំងឡាយណាដែលមានភស្តុតាងបញ្ជាក់ពីការហាមឃាត់ចំពោះវា។
ចំណីអាហារមួយចំនួនដែលមិនអនុញ្ញាតឲ្យទទួលទាន
ចូលក្នុងប្រភេទចំណីអាហារដែលគេអនុញ្ញាតឲ្យទទួលទាន គឺរាល់ប្រភេទរុក្ខជាតិ និងផ្លែឈើដែលដុះនៅលើដី ឬមាននៅក្នុងផ្សារទាំងអស់។ ក៏ប៉ុន្តែ ចាំបាច់លើជនមូស្លីមមិនត្រូវទទួលទាននូវអ្វីដែលអាចបង្កគ្រោះថ្នាក់ដល់ខ្លួន ឬមិនដឹងច្បាស់ថាវាមានសុវត្ថិភាពក្នុងការទទទួលទានឬអត់នោះទេ។