បន្តរៀន

អ្នកមិនបានចុះឈ្មោះចូលទេ
ចុះឈ្មោះឥឡូវនេះក្នុងវេបសាយ(តាក)ដើម្បីតាមដានភាពល្អប្រសើររបស់អ្នក ប្រមូលពិន្ទុ និងការចូលរួមក្នុងការប្រកួតប្រជែង បន្ទាប់ពីមានការចុះឈ្មោះរួចហើយ អ្នកនឹងទទួលបានវិញ្ញាបនបត្រអ៊ីនធឺណិតក្នុងប្រធានបទដែលអ្នកសិក្សាវា

ផ្នែកបច្ចុប្បន្ន model:

មេរៀន ធាតុពិតនៃការគោរពសក្ការៈ

ការគោរពសក្ការៈ គឺមានឋានៈធំធេងណាស់នៅក្នុងសាសនាអ៊ីស្លាម។ នៅក្នុងមេរៀននេះ អ្នកនឹងសិក្សាអំពីអត្ថន័យនៃការគោរពសក្ការៈ ធាតុពិតរបស់វា សសរស្តម្ភរបស់វា និងគតិបណ្ឌិតនៅពីក្រោយការបែងចែកការគោរពសក្ការៈជាប្រភេទៗខុសៗគ្នា។

  • ដឹងពីអត្ថន័យនៃការគោរពសក្ការៈ និងធាតុពិតរបស់វា
  • ដឹងពីសសរស្តម្ភ និងប្រភេទនៃការគោរពសក្ការៈ
  • ដឹងពីគតិបណ្ឌិត ឬបុព្វហេតុមួយចំនួននៃការបែងចែកការគោរពសក្ការៈជាប្រភេទៗ

count: ចំនួនសិស្សផ្សេងទៀតដែលបានបញ្ចប់មេរៀននេះ។

អត្ថន័យការគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់)

ការគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់) គឺជាសមូហនាមដែលសំដៅលើគ្រប់ប្រការទាំងអស់ដែលអល់ឡោះជាម្ចាស់ទ្រង់ស្រឡាញ់ និងពេញចិត្ត មិនថាជាពាក្យសម្តី ឬទង្វើ ទាំងខាងក្រៅ និងខាងក្នុង។ ដូចនេះ រាល់អ្វីដែលអល់ឡោះជាម្ចាស់ទ្រង់ស្រឡាញ់ និងពេញចិត្ត គឺគេចាត់ទុកជាការគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់)។

ធាតុពិតនៃការគោរពសក្ការៈ

ការគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់)៖ ជាការគោរពប្រតិបត្តិទូទៅជាមួយនឹងក្តីស្រឡាញ់ ការលើកតម្កើង និងការឱនលំទោន ហើយវាគឺជាសិទ្ធិរបស់អល់ឡោះជាម្ចាស់មកលើខ្ញុំបម្រើទាំងឡាយរបស់ទ្រង់។ ទ្រង់បានជ្រើសរើសវាជាពិសេសសម្រាប់ទ្រង់តែមួយគត់ មិនសម្រាប់អ្នកផ្សេងក្រៅពីទ្រង់ឡើយ ហើយវារួមបញ្ចូលនូវអ្វីៗទាំងអស់ដែលអល់ឡោះជាម្ចាស់ទ្រង់ស្រឡាញ់ និងពេញចិត្ត ទាំងពាក្យសម្តី និងកាយវិការដែលទ្រង់បានបង្គាប់ប្រើ និងជំរុញមនុស្សឱ្យធ្វើ មិនថាទង្វើនោះជាសកម្មភាពខាងក្រៅ ដូចជាការប្រតិបត្តិសឡាត ការបរិច្ចាគហ្សាកាត់ និងការធ្វើធម្មយាត្រាហាជ្ជី ឬជាទង្វើផ្នែកខាងក្នុង ដូចជាការហ្ស៊ីកៀរ(រលឹកអល់ឡោះ)ដោយចិត្ត ការខ្លាចទ្រង់ ការប្រគល់ការទុកចិត្តលើទ្រង់ ការសុំជំនួយពីទ្រង់ ឬក៏ទង្វើផ្សេងៗទៀតនោះឡើយ។

ក្នុងចំណោមក្តីមេត្តាករុណារបស់អល់ឡោះជាម្ចាស់ចំពោះខ្ញុំបម្រើរបស់ទ្រង់ គឺទ្រង់បានបង្កើតការគោរពសក្ការៈជាច្រើនប្រភេទសម្រាប់ពួកគេ ក្នុងចំណោមនោះ៖

١
១. ការគោរពសក្ការៈផ្លូវចិត្ត៖ ដូចជាការស្រឡាញ់អល់ឡោះជាម្ចាស់ ការខ្លាចទ្រង់ និងការប្រគល់ការទុកចិត្តលើទ្រង់ ហើយវាជាការគោរពសក្ការៈដ៏សំខាន់ និងប្រសើរបំផុត។
٢
២. ការគោរពសក្ការៈផ្លូវកាយ៖ ក្នុងនោះ មានខ្លះទាក់ទងនឹងអណ្តាត ដូចជាការហ្ស៊ីកៀរ(រលឹក)អល់ឡោះ ការសូត្រគម្ពីរគួរអាន និងការនិយាយពាក្យសម្តីល្អៗ, មានខ្លះទាក់ទងនឹងកាយវិការ ដូចជាការយកវូហ្ទុ ការបួសតមអាហារ ការប្រតិបត្តិសឡាត និងការរើសយករបស់ដែលបង្កគ្រោះថ្នាក់ចេញពីផ្លូវ។
٣
៣. ការគោរពសក្ការៈផ្នែកទ្រព្យសម្បត្តិ៖ ដូចជាការបរិច្ចាគហ្សាកាត់ ការបរិច្ចាគទាន និងការចំណាយទៅក្នុងផ្លូវសប្បុរសធម៌។
٤
៤. ហើយមានការគោរពសក្ការៈខ្លះ គឺរួមបញ្ចូលទាំងអស់(ផ្លូវចិត្ត ផ្លូវកាយ និងទ្រព្យសម្បត្តិ) ដូចជាការធ្វើហាជ្ជី និងការធ្វើអ៊ុមរ៉ោះ។

គតិបណ្ឌិតឬបុព្វហេតុនៃការបង្កើតឲ្យមានការគោរពសក្ការៈជាច្រើនប្រភេទខុសៗគ្នា

ក្នុងចំណោមគតិបណ្ឌិតរបស់អល់ឡោះជាម្ចាស់ គឺទ្រង់បានបង្កើតឲ្យមានការគោរពសក្ការៈជាច្រើនប្រភេទខុសៗគ្នាដើម្បីឲ្យមនុស្សមានភាពសកម្មនៅក្នុងខ្លួនក្នុងការគោរពសក្ការៈដោយមិនមានការធុញទ្រាន់ និងនឿយណាយ។ ម្យ៉ាងទៀត ដើម្បីឲ្យមនុស្សអាចទទួលយកការគោរពសក្ការៈណាដែលគេមានអារម្មណ៍ថាទាក់ទាញ។

ម្យ៉ាងទៀត ហេតុដែលការគោរពសក្ការៈមានច្រើនប្រភេទបែបនេះ គឺវាសមស្របទៅតាមប្រភេទនៃមនុស្សដែលមានទំនោរ និងសមត្ថភាពខុសៗគ្នាដែរ។ ហេតុនេះយើងសង្កេតឃើញថា ក្នុងចំណោមពួកគេ មានអ្នកដែលសកម្មខ្លាំងក្នុងការគោរពសក្ការៈជាងអ្នកផ្សេង។ ជួនកាល អ្នកខ្លះចូលចិត្តធ្វើអំពើល្អទៅកាន់មនុស្ស អ្នកខ្លះចូលចិត្តការបួសស៊ូណិត(ស្ម័គ្រចិត្ត) ខណៈដែលអ្នកខ្លះទៀតជាប់ចិត្តជាមួយនឹងការសូត្រ និងទន្ទេញគម្ពីរគួរអានជាដើម។

ព្យាការី សអវ លោកបានមានប្រសាសន៍ថា៖ "បុគ្គលជាអ្នកសឡាត គេនឹងហៅគាត់(ឲ្យចូលឋានសួគ៌)ពីទ្វារសឡាត។ បុគ្គលជាអ្នកដែលតស៊ូក្នុងផ្លូវអល់ឡោះ គេនឹងហៅគាត់ពីទ្វារសម្រាប់អ្នកតស៊ូ។ បុគ្គលជាអ្នកបរិច្ចាគទាន គេនឹងហៅគាត់ពីទ្វារបរិច្ចាគទាន។ ហើយបុគ្គលជាអ្នកបួស គេនឹងហៅគាត់ពីទ្វាររ៉យយ៉ាន"។ អាពូហ្ពាកើរបាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! សូមស្បថនឹងអល់ឡោះ! តើអ្នកដែលត្រូវគេហៅពីគ្រប់ទ្វារទាំងអស់ គាត់មិនមានកាតព្វកិច្ចចូលតាមទ្វារទាំងអស់នោះទេឬ? តើមានអ្នកដែលត្រូវគេហៅពីគ្រប់ទ្វារទាំងអស់ឬទេ? លោកបានឆ្លើយថា៖ "គឺមាន ហើយខ្ញុំសង្ឃឹមថា អ្នកនឹងស្ថិតនៅក្នុងចំណោមពួកគេ"។ (ពូខរី​៖១៨៩៧, មូស្លីម៖១០២៧)

ការគោរពសក្ការៈគ្របដណ្តប់គ្រប់ទិដ្ឋភាពទាំងអស់នៃជីវិត

ការគោរពសក្ការៈរួមបញ្ចូលនូវសកម្មភាពទាំងអស់របស់អ្នកមានជំនឿ ប្រសិនបើគេបាននៀត(ចេតនា)បញ្ជិតខ្លួនតាមរយៈវាទៅចំពោះអល់ឡោះជាម្ចាស់។ ជាការពិតណាស់ ការគោរពសក្ការៈនៅក្នុងសាសនាឥស្លាមមិនត្រូវបានកំណត់ត្រឹមតែចំពោះការគោរពសក្ការៈដែលគេបានស្គាល់ដឹងជាទូទៅ ដូចជា ការប្រតិបត្តិសឡាត ការបួស និងប្រការផ្សេងៗទៀតនោះទេ។ ផ្ទុយទៅវិញ គ្រប់ទង្វើ ឬសកម្មភាពដែលមានប្រយោជន៍ទាំងអស់ កាលណាគេមាននៀតល្អត្រឹមត្រូវ និងមានបំណងល្អត្រឹមត្រូវនោះ វានឹងក្លាយជាការគោរពសក្ការៈដែលគេផ្តល់ផលបុណ្យឲ្យ។ ហេតុនេះ ប្រសិនបើជនមូស្លីមម្នាក់បានទទួលទានអាហារ ឬផឹកទឹក ឬគេងក្នុងបំណងដើម្បីឲ្យមានកម្លាំងក្នុងការគោរពប្រតិបត្តិអល់ឡោះនោះ គឺគេនឹងផ្តល់ផលបុណ្យដល់រូបគេ។

ឆាកជីវិតរបស់ជនមូស្លីមទាំងមូល គឺគេរស់នៅដើម្បីអល់ឡោះជាម្ចាស់។ ដូចនេះ គេទទួលទានអាហារដើម្បីឱ្យមានភាពរឹងមាំក្នុងការគោរពប្រតិបត្តិចំពោះអល់ឡោះ។ ដូច្នេះ ការទទួលទានអាហាររបស់គេក្នុងគោលបំណងបែបនេះ គឺក្លាយជាការគោរពសក្ការៈ។ គេរៀបការដើម្បីឲ្យខ្លួនរបស់គេមានភាពបរិសុទ្ធចាកឆ្ងាយពីប្រការដែលច្បាប់ឥស្លាមហាមឃាត់។ ដូច្នេះការរៀបការរបស់គេក្នុងចេតនាបែបនេះ គឺក្លាយជាការគោរពសក្ការៈ។ តាមរយៈចេតនាល្អដូចគ្នានេះដែរធ្វើឲ្យការរកស៊ីជួញដូររបស់គេ ការប្រកបការងាររបស់គេ និងការរកប្រាក់របស់គេ នឹងក្លាយជាការគោរពសក្ការៈ។ ការសិក្សារៀនសូត្រទទួលបានចំណេះដឹង និងសញ្ញាបត្រ ការសិក្សាស្រាវជ្រាវ របកគំហើញ និងការច្នៃប្រឌិតរបស់គេ គឺជាការគោរពសក្ការៈ។ ហើយការយកចិត្តទុកដាក់របស់ស្ត្រីចំពោះស្វាមី ​​កូនៗ និងផ្ទះសម្បែងរបស់ខ្លួន គឺជាការគោរពសក្ការៈ។ គឺដូច្នេះឯងនៅគ្រប់ទិដ្ឋភាពនៃជីវិត ការងារ និងកិច្ចការដែលមានប្រយោជន៍ ដរាបណាអ្វីៗទាំងអស់នេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការនៀត(ចេតនា)ត្រឹមត្រូវ និងបំណងល្អ។

ការគោរពសក្ការៈ គឺជាបុព្វហេតុនៃការបង្កើតសព្វភាវៈ(ម៉ាខ្លូក)ទាំងឡាយ

អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ "ហើយយើងមិនបានបង្កើតជិន និងមនុស្សលោកក្រៅពីឱ្យពួកគេគោរពសក្ការៈមកចំពោះយើងឡើយ។ យើងមិនត្រូវការលាភសក្ការៈពីពួកគេឡើយ ហើយយើងក៏មិនត្រូវការឱ្យពួកគេផ្ដល់អាហារដល់យើងដែរ។ ពិតប្រាកដណាស់ អល់ឡោះជាអ្នកផ្ដល់លាភសក្ការៈដែលមានអានុភាពខ្លាំងក្លាជាទីបំផុត"។ (អាសហ្សើរីយ៉ាត)

អល់ឡោះជាម្ចាស់ទ្រង់បានប្រាប់ថា ជាការពិតណាស់ បុព្វហេតុនៃការបង្កើតជិន និងមនុស្ស គឺដើម្បីឲ្យពួកគេបញ្ឈរនូវការគោរពសក្ការៈចំពោះទ្រង់ ខណៈដែលអល់ឡោះជាម្ចាស់ដ៏មហាខ្ពង់ខ្ពស់ទ្រង់មហាមានលើសលប់មិនត្រូវការការគោរពសក្ការៈរបស់ពួកគេឡើយ តែពួកគេទៅវិញទេដែលត្រូវការការគោរពសក្ការៈចំពោះទ្រង់នោះ ត្បិតពួកគេមានភាពខ្វះខាត តោកយ៉ាងចំពោះអល់ឡោះជាម្ចាស់។

នៅពេលដែលមនុស្សធ្វេសប្រហែសភ្លេចខ្លួនពីគោលបំណងនេះ ហើយបណ្ដោយខ្លួនឲ្យលិចលង់ទៅក្នុងភាពត្រេកត្រអាលនៃលោកិយដោយមិននឹកឃើញពីគតិបណ្ឌិតរបស់ព្រះជាម្ចាស់ចំពោះវត្តមានរបស់គេនៅក្នុងលោកិយនេះ គឺរូបគេនឹងក្លាយទៅជាភាវៈមួយដែលគ្មានតម្លៃមិនខុសអ្វីពីភាវៈផ្សេងទៀតក្នុងលោកនេះនោះឡើយ ពីព្រោះថាសត្វពាហនៈក៏វាស៊ីអាហារ និងរស់នៅទទេៗក្នុងលោកិយនេះដែរ គ្រាន់តែគេមិនជំនុំជម្រះ កាត់សេចក្តីពួកវានៅថ្ងៃបរលោកដូចមនុស្សប៉ុណ្ណោះ។ ពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “រីឯពួកគ្មានជំនឿវិញ ពួកគេសោយសុខ(នៅក្នុងលោកិយ)និងបរិភោគដូចជាសត្វពាហនៈស៊ីដូច្នោះដែរ។ ហើយនរកគឺជាកន្លែងជ្រកកោនសម្រាប់ពួកគេ”។ (មូហាំម៉ាត់៖១២)។ ពោលគឺពួកគេមានលក្ខណៈស្រដៀងនឹងសត្វពាហនៈក្នុងសកម្មភាព និងគោលបំណងរបស់វា ក៏ប៉ុន្តែពួកគេនឹងត្រូវទទួលទោសចំពោះរឿងនោះ ដោយសារតែពួកគេមានវិចារណញាណដែលពួកគេអាចគិតពិចារណា និងយល់បាន ខុសពីសត្វពាហនៈដែលគ្មានវិចាណញាណចេះគិតពិចារណា។

សសរស្តម្ភ(រូកុន)នៃការគោរពសក្ការៈ

ការគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់)ដែលអល់ឡោះជាម្ចាស់ទ្រង់ដាក់បទបញ្ជា គឺឈរនៅលើសសរស្តម្ភ(រូកុន)បីសំខាន់ ហើយសសរស្តម្ភនីមួយៗ គឺជួយបំពេញគ្នាទៅវិញទៅមក។

សសរស្តម្ភ(រូកុន)នៃការគោរពសក្ការៈ

١
១. មានក្តីស្រឡាញ់ចំពោះអល់ឡោះជាម្ចាស់
٢
២. បន្ទាបខ្លួន និងខ្លាចចំពោះទ្រង់
٣
៣. សង្ឃឹម និងគិតស្មានល្អចំពោះទ្រង់

ជាការពិតណាស់ ការគោរពសក្ការៈដែលអល់ឡោះជាម្ចាស់ទ្រង់បានដាក់វាជាកាតព្វកិច្ចមកលើខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ គឺចាំបាច់រួមបញ្ចូលនៅក្នុងវានូវការបន្ទាបខ្លួន និងការឱនលំទោនយ៉ាង ទៅកាន់អល់ឡោះជាម្ចាស់ និងការកោតខ្លាចទ្រង់ ព្រមជាមួយនឹងក្តីស្រឡាញ់ បំណងប្រាថ្នា និងក្តីសង្ឃឹមយ៉ាងពេញលេញចំពោះទ្រង់។

ដោយផ្អែកលើនេះ ក្ដីស្រឡាញ់ដែលមិនមាននូវការខ្លាច គ្មានការបន្ទាបខ្លួន(ដូចជាការស្រឡាញ់ចំណីអាហារ និងទ្រព្យសម្បត្តិ)ពុំមែនជាការគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់)នោះទេ ហើយការខ្លាចដោយគ្មានក្ដីស្រឡាញ់(ដូចជាខ្លាចអំពីសត្វសាហាវ និងការខ្លាចអ្នកគ្រប់គ្រងដែលប្រព្រឹត្តអយុត្តិធម៌) ក៏មិនត្រូវបានចាត់ទុកថាជាការគោរពសក្ការៈនោះដែរ។ តែប្រសិនបើវាផ្តុំទៅដោយការខ្លាច ក្តីស្រឡាញ់ និងការសង្ឃឹមនៅក្នុងទង្វើរបស់គេ នោះវាគឺជាការគោរពសក្ការៈ ហើយការគោរពសក្ការៈគឺមិនអាចធ្វើទៅចំពោះនរណាម្នាក់ក្រៅពីចំពោះអល់ឡោះជាម្ចាស់តែមួយគត់នោះឡើយ។

ដូចនេះ នៅពេលដែលជនមូស្លីមប្រតិបត្តិសឡាត ឬកាន់អំណត់បួសដោយក្តីស្រឡាញ់ចំពោះអល់ឡោះ និងសង្ឃឹមផលបុណ្យអំពីទ្រង់ ព្រមទាំងខ្លាចទណ្ឌកម្មរបស់ទ្រង់នោះ វាគឺជាការគោរពសក្ការៈ។ តែប្រសិនបើគេប្រតិបត្តិសឡាតដើម្បីកុំឲ្យគេនិយាយថា រូបគេមិនសឡាត ឬក៏រូបគេបួសដើម្បីឲ្យទទួលបានសុខភាពល្អនោះ ពិតណាស់រូបគេមិនស្ថិតនៅក្នុងការគោរពសក្ការៈឡើយ។

អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលកោតសរសើរចំពោះបណ្តាព្យាការីរបស់ទ្រង់ថា៖ "ពិតប្រាកដណាស់ ពួកគេស្វាហាប់ក្នុងការសាងអំពើល្អ ហើយពួកគេបួងសួងសុំមកចំពោះយើងដោយក្ដី សង្ឃឹម និងកោតខ្លាច។ ហើយពួកគេគឺជាអ្នកដែលបានឱនលំទោនមកចំពោះយើង"។ (អាល់អាំពីយ៉ាក៖៩០)

ប្រភេទនៃការគោរពសក្ការៈ

١
១. ការគោរពសក្ការៈនោះផ្ទាល់
٢
២. ការគោរពសក្ការៈ ដែលវាកើតឡើងព្រោះតែមានការនៀត(ចេតនា)

១. ការគោរពសក្ការៈនោះផ្ទាល់

វាគឺជាអ្វីដែលអល់ឡោះជាម្ចាស់ និងអ្នកនាំសាររបស់ទ្រង់បានដាក់បទបញ្ជាឱ្យអនុវត្តវាទៅតាមវិធីសាស្ត្រ ឬរបៀបរបបមួយជាក់លាក់ ហើយវាមិនអាចជាអ្វីក្រៅពីការគោរពសក្ការៈនោះទេ ដូចជា ការប្រតិបត្តិសឡាត ការបួសតមអាហារ ការធ្វើ់ហាជ្ជី ការបួងសួងសុំទូអា និងការតវ៉ាហ្វ ហើយនិងអ្វីដែលស្រដៀងគ្នានេះ។ ហើយការគោរពសក្ការៈទាំងនេះ គឺគេមិនអាចបង្វែរវាទៅកាន់នរណាក្រៅពីអល់ឡោះឡើយ ហើយគេក៏មិនអាចទាមទារផលបុណ្យរបស់វាក្រៅពីទ្រង់នោះដែរ។

២.ការគោរពសក្ការៈ ដែលវាកើតឡើងព្រោះតែមានការនៀត(ចេតនា)

ក្នុងចំណោមនោះមានដូចជា ការប្រកាន់ខ្ជាប់នឹងសីលធម៌ល្អប្រពៃដែលអល់ឡោះជាម្ចាស់ទ្រង់បានបង្គាប់ប្រើ ឬជំរុញមនុស្សឲ្យប្រកាន់យក ដូចជាការកតញ្ញូចំពោះឪពុកម្តាយ ការមានចិត្តសប្បុរសចំពោះមនុស្ស និងការជួយដល់អ្នកដែលត្រូវគេជិះជាន់ ក៏ដូចជាទម្លាប់និងសីលធម៌ដ៏ឧត្តុង្គឧត្តមប្រសើរថ្លៃថ្លាផ្សេងទៀតដែលអល់ឡោះជាម្ចាស់ទ្រង់បានបង្គាប់ប្រើជារួម ហើយជនមូស្លីមនឹងទទួលបាបកម្មប្រសិនបើគេបោះបង់វាចោល។ ការគោរពសក្ការៈប្រភេទនេះមិនទាមទារឱ្យធ្វើដោយលម្អិតជាក់លាក់តាមព្យាការីនោះទេ ប៉ុន្តែគ្រប់គ្រាន់ហើយក្នុងការដែលគេមិនធ្វើផ្ទុយ និងមិនធ្លាក់ទៅក្នុងប្រការដែលគេហាមឃាត់។

ហើយទង្វើទាំងនេះ ប្រសិនបើគេធ្វើដោយមានការនៀតល្អ ហើយគេធ្វើវាក្នុងបំណងដើម្បីជាការគោរពប្រតិបត្តិចំពោះអល់ឡោះ នោះគេនឹងទទួលបានផលបុណ្យ។ តែប្រសិនបើគេធ្វើវាដោយមិនមានបំណង ឬចេតនាដើម្បីអល់ឡោះទេនោះ គឺគេមិនទទួលបានផលបុណ្យឡើយ តែក៏មិនទទួលបានបាបកម្មនោះដែរ។ ស្ថិតក្នុងចំណោមការគោរពសក្ការៈប្រភេទនេះដែរ គឺកិច្ចការដែលទាក់ទងនឹងជីវិតលោកិយរបស់គេ ដូចជាការគេង ការធ្វើការងារ ការរកស៊ីជួញដូរ និងការលេងកីឡាជាដើម។ ដូចនេះ រាល់កិច្ចការ ឬទង្វើដែលមានប្រយោជន៍ដែលគេធ្វើវាក្នុងបំណង ឬចេតនាដើម្បីអល់ឡោះជាម្ចាស់នោះ គឺគេនឹងទទួលបានផលបុណ្យអំពីទ្រង់។

ដើម្បីឲ្យការគោរពសក្ការៈនោះមានលក្ខណៈត្រឹមត្រូវ ហើយត្រូវបានគេទទួលយក គឺត្រូវមានពីរលក្ខខណ្ឌ៖

١
១. ត្រូវធ្វើវាដោយចិត្តស្មោះស ជ្រះថ្លា(អៀខ្លើស)ចំពោះអល់ឡោះជាម្ចាស់តែមួយគត់ ពុំមានស្ហ៊ីរិកនឹងទ្រង់នឹងអ្វីមួយឡើយ។
٢
២. ត្រូវអនុវត្តឲ្យស្របតាមមាគ៌ា លំអាន(ស៊ុណ្ណះ)របស់រ៉ស៊ូលុលឡោះ ﷺ។

អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ " ដូចេ្នះ ជនណាហើយដែលសង្ឃឹមថា នឹងបានជួបម្ចាស់របស់គេ ចូរឱ្យគេសាងអំពើល្អ ហើយកុំឱ្យគេយកអ្នកណាម្នាក់ធ្វើជាដៃគូក្នុងការគោរពសក្ការៈចំពោះម្ចាស់របស់គេឱ្យសោះ"។ (អាល់កះហ្វ៍៖១១០)

បន្ទូលរបស់អល់ឡោះ៖ "ហើយចូរកុំឱ្យគេយកអ្នកណាម្នាក់ធ្វើជាដៃគូក្នុងការគោរពសក្ការៈចំពោះម្ចាស់របស់គេឱ្យសោះ" គឺជាភស្តុតាងបង្ហាញពីភាពស្មោះស ជ្រះថ្លា(អៀខ្លើស)នៅក្នុងការគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់ ពុំមែនសម្រាប់អ្នកផ្សេងក្រៅពីទ្រង់ឡើយ។ ចំំណែកឯបន្ទូលរបស់ទ្រង់៖ "សាងអំពើល្អ" គឺស្របទៅតាមស៊ុណ្ណះ ពីព្រោះអំពើល្អ គឺជាប្រការដែលត្រឹមត្រូវ ហើយប្រការមួយដែលអាចត្រឹមត្រូវបាន លុះត្រាតែវាស្របទៅតាមស៊ុណ្ណះរ៉ស៊ូលុលឡោះ សអវ។ ដូចនេះ ជនណាដែលចង់បានការពេញចិត្តពីអល់ឡោះ និងផលបុណ្យថ្ងៃបរលោក គឺចាំបាច់លើគេត្រូវគោរពសក្ការៈចំពោះអល់ឡោះដោយគោរពទៅតាមលក្ខខណ្ឌពីរដែលបានលើកឡើងក្នុងអាយ៉ាត់ខាងលើនេះ។

អ្នកបានបញ្ចប់មេរៀនដោយជោគជ័យ


ចាប់ផ្តើមប្រឡង