ផ្នែកបច្ចុប្បន្ន model:
មេរៀន ជំនឿចំពោះព្យាការីមូហាំម៉ាត់ ﷺ
កាតព្វកិច្ចរបស់យើងចំពោះព្យាការីរបស់យើង មូហាំម៉ាត់ ﷺ គឺមានច្រើន ក្នុងចំណោមនោះមានដូចជា៖
១. យើងត្រូវជឿថា ពិតណាស់ព្យាការីមូហាំម៉ាត់ ﷺ លោកគឺជាខ្ញុំបម្រើរបស់អល់ឡោះនិងជាអ្នកនាំសាររបស់ទ្រង់ និងមានជំនឿថា លោកគឺជាចៅហ្វាយនៃមនុស្សជំនាន់មុននិងមនុស្សជំនាន់ក្រោយ ហើយលោក គឺជាព្យាការីចុងក្រោយបង្អស់ក្នុងចំណោមបណ្តាព្យាការីទាំងឡាយដោយគ្មានព្យាការីណាម្នាក់បន្ទាប់ពីលោកឡើយ ហើយលោកពិតជាបានផ្សព្វផ្សាយសារ(របស់អល់ឡោះ) បានបំពេញនូវទំនួលខុសត្រូវ(ក្នុងការផ្សព្វផ្សាយសារ) និងបានទូន្មានដាស់តឿនប្រជាជាតិ(របស់លោក) ព្រមទាំងបានតស៊ូក្នុងមាគ៌ារបស់អល់ឡោះនូវការតស៊ូមួយដ៏ពិតប្រាកដ។
២. ពួកយើងជឿជាក់ចំពោះអ្វីដែលលោកបានប្រាប់អំពីវា ហើយប្រតិបត្តិតាមលោកនូវអ្វីដែលលោកបានបង្គាប់ប្រើ និងជៀសឆ្ងាយពីអំពីអ្វីដែលលោកបានហាមឃាត់អំពីវា ហើយពួកយើងគោរពសក្ការៈចំពោះអល់ឡោះស្របទៅតាមស៊ុណ្ណះ(មាគ៌ា លំអាន)របស់លោក ព្រមទាំងយកគំរូតាមលោកដោយមិនយកគំរូតាមអ្នកណាផ្សេងក្រៅពីលោកឡើយ។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ជាការពិតណាស់ ពួកអ្នកមានអ្នកនាំសាររបស់អល់ឡោះ(មូហាំម៉ាត់)ជាគំរូដ៏ល្អសម្រាប់អ្នកណាដែលសង្ឃឹមថានឹងបានជួបអល់ឡោះ និងថ្ងៃបរលោក ហើយនិងបានរំលឹកចំពោះអល់ឡោះយ៉ាងច្រើន”។ (អាល់អះហ្សាប៖២១)
៣. ចាំបាច់លើយើងត្រូវផ្តល់អាទិភាពលើក្តីស្រឡាញ់ចំពោះព្យាការី ﷺ ជាងក្តីស្រឡាញ់ទៅចំពោះឪពុកម្តាយ កូនចៅ និងមនុស្សលោកទាំងអស់ ដូចដែលព្យាការី ﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាក៏ដោយក្នុងចំណោមពួកអ្នកមិនទាន់មានជំនឿពេញលេញទេ លុះត្រាតែគេស្រឡាញ់មកចំពោះខ្ញុំជាងឪពុកម្តាយរបស់គេ កូនៗរបស់គេ និងមនុស្សលោកទាំងអស់”។ (ពូខរី៖១៥, មូស្លីម៖៤៤)។ ហើយក្តីស្រឡាញ់ចំពោះព្យាការី ﷺ ដ៏ពិតប្រាកដនោះ គឺត្រូវប្រតិបត្តិតាមស៊ុណ្ណះ(មាគ៌ា លំអាន)របស់លោក និងយកការចង្អុលបង្ហាញរបស់លោកជាគំរូ។ សុភមង្គលពិតប្រាកដ និងការចង្អុលបង្ហាញដ៏ពេញលេញ គឺមិនអាចសម្រេចបាននោះឡើយ លើកលែងតែតាមរយៈការគោរពប្រតិបត្តិចំពោះលោក ដូចដែលអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយប្រសិនបើពួកអ្នកគោរពប្រតិបត្ដិតាមគេ(ព្យាការីមូហាំម៉ាត់) នោះពួកអ្នកនឹងទទួលបានការចង្អុលបង្ហាញជាមិនខាន។ ហើយកាតព្វកិច្ចរបស់អ្នកនាំសារ គ្មានអ្វីក្រៅពីការផ្សព្វផ្សាយសារដ៏ច្បាស់លាស់នោះឡើយ”។ (អាន់នួរ៖៥៤)
៤. ចាំបាច់លើយើងត្រូវទទួលយកនូវអ្វីដែលព្យាការី ﷺ លោកបាននាំមក ហើយត្រូវដាក់ខ្លួនប្រតិបត្តិតាមស៊ុណ្ណះរបស់លោក និងត្រូវគោរពតាមការចង្អុលបង្ហាញរបស់លោក ដូចដែលអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “សូមស្បថនឹងម្ចាស់របស់អ្នក! ពួកគេគ្មានជំនឿទេ លុះត្រាតែពួកគេសុំឱ្យអ្នក(មូហាំម៉ាត់)កាត់សេចក្តីចំពោះអ្វីដែលពួកគេបានឈ្លោះទាស់ទែងគ្នា បន្ទាប់មក ពួកគេគ្មានការចង្អៀតចង្អល់ក្នុងចិត្ដនូវអ្វីដែលអ្នកបានកាត់សេចក្ដីឡើយ ហើយទទួលយកដោយពេញចិត្ដ”។ (អាន់នីសាក៖៦៥)
៥. ចាំបាច់លើពួកយើងត្រូវមានការប្រុងប្រយ័ត្នចំពោះការធ្វើផ្ទុយ ប្រឆាំងនឹងបទបញ្ជារបស់ព្យាការី ﷺ ពីព្រោះការធ្វើផ្ទុយប្រឆាំងនឹងបទបញ្ជារបស់លោក ជាមូលហេតុនាំឲ្យកើតមាននូវភាពវឹកវរ វង្វេងនិងទទួលនូវទណ្ឌកម្មដ៏ឈឺចាប់។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ដូចេ្នះ ចូរឱ្យពួកដែលប្រឆាំងនឹងបទបញ្ជារបស់គាត់(ព្យាការីមូហាំម៉ាត់)ប្រុងប្រយ័ត្នចំពោះគ្រោះអាសន្ននឹងធ្លាក់លើពួកគេ ឬទណ្ឌកម្មយ៉ាងឈឺចាប់ធ្លាក់លើពួកគេ”។ (អាន់នួរ៖៦៣)
សាររបស់ព្យាការីមូហាំម៉ាត់មានលក្ខណៈពិសេស និងចំណុចពិសេសខុសពីសារមុនៗជាច្រើន ក្នុងនោះមាន៖
១. សាររបស់ព្យាការីមូហាំម៉ាត់ ជាសារចុងក្រោយបង្អស់ដែលជាការបិទបញ្ចប់នូវសារមុនៗ។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ ”មូហាំម៉ាត់មិនមែនជាឪពុករបស់អ្នកណាម្នាក់ក្នុងចំណោមបុរសរបស់ពួកអ្នកឡើយ ក៏ប៉ុន្ដែគាត់ជាអ្នកនាំសាររបស់អល់ឡោះ និងជាព្យាការីចុងក្រោយបង្អស់”។ (អាល់អះហ្សាប៖៤០)
២. សាររបស់ព្យាការីមូហាំម៉ាត់ គឺនិរាករណ៍(មោឃភាព)នូវច្បាប់បញ្ញត្តិមុនៗទាំងអស់។ ដូចនេះ អល់ឡោះជាម្ចាស់ទ្រង់មិនទទួលយកសាសនាពីអ្នកណាម្នាក់បន្ទាប់ពីការតែងតាំងព្យាការី ﷺ នោះឡើយ លើកលែងតែគេប្រតិបត្តិតាមព្យាការីមូហាំម៉ាត់ ﷺ ហើយក៏គ្មាននរណាម្នាក់អាចឈានទៅដល់បរមសុខនៃឋានសួគ៌នោះដែរ លើកលែងតែតាមរយៈមាគ៌ារបស់លោកប៉ុណ្ណោះ។ ជាការពិតណាស់ ព្យាការីមូហាំម៉ាត់ ﷺ គឺជាអ្នកនាំសារដែលមានកិត្តិយសឧត្តុង្គឧត្តមជាងគេបំផុតក្នុងចំណោមអ្នកនាំសារទាំងឡាយ ប្រជាជាតិរបស់លោកជាប្រជាជាតិដែលល្អប្រសើរលើសប្រជាជាតិដទៃ ហើយច្បាប់បញ្ញត្តិរបស់លោក ក៏មានលក្ខណៈពេញលេញជាងគេបំផុតដែរ។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយអ្នកណាដែលស្វែងរកសាសនាផេ្សងក្រៅពីសាសនាអ៊ីស្លាមនោះ អល់ឡោះនឹងមិនទទួលយក(ទង្វើល្អ)ពីគេឡើយ ហើយនៅថ្ងៃបរលោក រូបគេនឹងស្ថិតនៅក្នុងចំណោមពួកដែលខាតបង់”។ (អាលីអ៊ីមរ៉ន៖៨៥)។ ព្យាការី ﷺ លោកបានមានប្រសាសន៍ថា៖ “សូមស្បថនឹងអ្នកដែលជីវិតរបស់មូហាំម៉ាត់ស្ថិតក្នុងកណ្តាប់ដៃរបស់ទ្រង់ថា បុគ្គលណាក៏ដោយក្នុងចំណោមប្រជាជាតិនេះ មិនថាយូដាក្តី មិនថាគ្រឹស្ទានក្តីដែលបានឮអំពីខ្ញុំ ក្រោយមក គេបានស្លាប់ទាំងដែលគេមិនមានជំនឿចំពោះអ្វីដែលគេបានបញ្ជូនខ្ញុំឲ្យពាំនាំវាមកទេនោះ គេនឹងត្រូវស្ថិតក្នុងចំណោមពួកដែលចូលឋាននរក”។ (មូស្លីម៖១៥៣, អះម៉ាត់៖៨៦០៩)
៣. សាររបស់ព្យាការីមូហាំម៉ា់ត់ គឺសម្រាប់ទាំងពួកជិន និងទាំងមនុស្សលោក៖ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលនិទានអំពីពាក្យសម្តីរបស់ពួកជិនថា៖ “ឱក្រុមរបស់យើង! ចូរពួកអ្នកឆ្លើយតបចំពោះអ្នកអំពាវនាវរបស់អល់ឡោះ(ព្យាការីមូហាំម៉ាត់)ចុះ”។ (អាល់អះក៏ហ្វ៖៣១)។ ទ្រង់បានមានបន្ទូលទៀតថា៖ “ហើយយើងមិនបានបញ្ជូនអ្នក(មូហាំម៉ាត់) លើកលែងតែទៅកាន់មនុស្សលោកទូទៅដើម្បីផ្ដល់ដំណឹងរីករាយ និងដាស់តឿនព្រមានតែប៉ុណ្ណោះ”។ (សាហ្ពាក់៖២៨)។ ព្យាការី ﷺ លោកបានមានប្រសាសន៍ថា៖ “ខ្ញុំត្រូវបានគេលើកតម្កើងលើសពីបណ្តាព្យាការីទាំងឡាយនូវប្រាំមួយប្រការ៖ គេបានផ្តល់ឲ្យខ្ញុំនូវវោហាស័ព្ទ(និយាយខ្លីតែមានន័យទូលំទូលាយ) គេបានជួយឱ្យខ្ញុំបានឈ្នះលើសត្រូវ(ដោយមានការភ័យខ្លាចនៅក្នុងចិត្តនៃសត្រូវ) គេអនុញ្ញាតឲ្យខ្ញុំទទួលនូវចំណែកនៃទ្រព្យជ័យភ័ណ្ឌ គេបានផ្តល់នូវផែនដីនេះជាកន្លែងដែលជ្រះស្អាត និងជាម៉ាស្ជិតសម្រាប់ខ្ញុំ ហើយខ្ញុំត្រូវបានគេតែងតាំង(ជាអ្នកនាំសារ)ទៅកាន់មនុស្សលោកទូទៅ ហើយគេបិទបញ្ចប់ការបញ្ជូនព្យាការីទាំងឡាយត្រឹមខ្ញុំ(គ្មានព្យាការីណាបន្ទាប់ពីលោកទៀតឡើយ)”។ (ពូខរី៖២៩៧៧, មូស្លីម៖៥២៣)
រាល់ព្យាការីដែលអល់ឡោះបានតែងតាំងមក គឺតែងមានសហាហ្ពាត់(មិត្តភក្តិ) និងសហការីរបស់គាត់ ដែលជាមនុស្សល្អប្រសើរជាងគេបំផុតក្នុងចំណោមអ្នកដែលដើរតាមគាត់ ហើយជំនាន់របស់ពួកគេ គឺជាជំនាន់ដែលល្អជាងគេបំផុតនៃជំនាន់ប្រជាជាតិរបស់គាត់។ អល់ឡោះជាម្ចាស់ទ្រង់បានជ្រើសរើសអ្នកដែលល្អជាងគេបំផុតក្នុងចំណោមភាវៈ(ម៉ាខ្លូក)របស់ទ្រង់ បន្ទាប់ពីបណ្តាព្យាការី និងអ្នកនាំសារទាំងឡាយធ្វើជាសហការីសម្រាប់ព្យាការីរបស់ទ្រង់ ដើម្បីឲ្យពួកគេពាំនាំសាសនានេះ និងផ្សព្វផ្សាយវាទៅកាន់មនុស្សលោកប្រកបដោយភាពស្អាតស្អំ និងបរិសុទ្ធ។ ដូចដែលព្យាការី ﷺ លោកបានមានប្រសាសន៍ថា៖ “អ្នកដែលល្អជាងគេក្នុងចំណោមប្រជាជាតិរបស់ខ្ញុំ គឺអ្នកដែលរស់នៅក្នុងសតវត្ស(ជំនាន់)របស់ខ្ញុំ។ បន្ទាប់មក គឺអ្នកដែលនៅជំនាន់បន្ទាប់ពួកគេ”។ (មូស្លីម៖២៥៣៤)
និយមន័យសហាហ្ពាត់
សហាហ្ពាត់៖ គឺអ្នកដែលបានជួបព្យាការី ﷺ ក្នុងនាមជាអ្នកដែលកាន់សាសនាឥស្លាម និងបានស្លាប់ក្នុងនាមជាអ្នកឥស្លាម ដោយមិនក្បត់សាសនា(ចេញពីឥស្លាម)បន្ទាប់ពីព្យាការីបានស្លាប់។
ការកោតសរសើរចំពោះសហាហ្ពាត់របស់រ៉ស៊ូលុលឡោះ ﷺ និងរំលឹកពីលក្ខណៈសម្បត្តិ ហើយនិងឧត្តមភាពរបស់ពួកគេ គឺត្រូវបានលើកឡើងជាច្រើនកន្លែងនៅក្នុងគម្ពីររបស់អល់ឡោះ(គម្ពីរគួរអាន) និងស៊ុណ្ណះរ៉ស៊ូលុលឡោះ ﷺ ក្នុងនោះមានដូចជា៖
តើអ្វីទៅជាកាតព្វកិច្ចរបស់យើងចំពោះបណ្តាសហាហ្ពាត់ រទអ?
កាតព្វកិច្ចរបស់ជនមូស្លីមចំពោះបណ្តាសហាហ្ពាត់របស់ព្យាការី ﷺ គឺមានច្រើន ដូចជា៖
១. ស្រឡាញ់ គោរព និងបួងសួងសុំទូអាឲ្យពួកគាត់
ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានកោតសរសើរចំពោះពួកមូហាជីរីនដែលពួកគេបានលះបង់លំនៅឋានរបស់ពួកគេ និងទ្រព្យសម្បត្តិរបស់ពួកគេនៅទីក្រុងម៉ាក្កះ ហើយធ្វើចំណាកស្រុកភៀសខ្លួនទៅកាន់ទីក្រុងម៉ាទីណះដើម្បីសាសនារបស់ខ្លួន និងដើម្បីស្វែងរកការពេញពីចិត្តពីអល់ឡោះជាម្ចាស់។ ទ្រង់ក៏បានកោតសរសើរផងដែរចំពោះពួកអាន់ស័រដែលរស់នៅម៉ាទីណះដែលពួកគេបានជួយបងប្អូនរបស់ពួកគេ(អ្នកមូហាជីរីនដែលចំណាកស្រុកពីក្រុងម៉ាក្កះ) និងចែករំលែកទ្រព្យសម្បត្តិរបស់ខ្លួនដល់ពួកគេ។ មិនតែប៉ុណ្ណោះ ពួកគេថែមទាំងគិតគូរដល់បងប្អូនរបស់ខ្លួនដែលជាពួកមូហាជីរីនជាងខ្លួនឯងទៅទៀត។ បន្ទាប់មក ទ្រង់បានកោតសរសើរចំពោះអ្នកជំនាន់ក្រោយៗមកទៀតរហូតដល់ថ្ងៃបរលោកក្នុងចំណោមអ្នកដែលស្គាល់ពីឧត្តមភាព និងឋានៈរបស់សហាហ្ពាត់ ហើយនិងគោរពស្រឡាញ់ចំពោះពួកគាត់ ព្រមទាំងបួងសួងសុំទូអាពីអល់ឡោះដល់ពួកគាត់ ហើយគ្មានចិត្តច្រណែន ឬស្អប់ចំពោះសហាហ្ពាត់ណាម្នាក់។
អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “សម្រាប់បណ្ដាអ្នកដែលក្រីក្រនៃពួកមូហាជីរីនដែលត្រូវបានគេបណេ្ដញចេញពីលំនៅដ្ឋានរបស់ពួកគេ និងទ្រព្យសម្បត្ដិរបស់ពួកគេ ខណៈដែលពួកគេស្វែងរកការប្រោសប្រទាន និងការពេញចិត្តពីអល់ឡោះ ថែមទាំងពួកគេបានជួយ(សាសនារបស់)អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់នោះ គឺអ្នកទាំងនោះហើយជាអ្នកដែលត្រឹមត្រូវ។ ហើយបណ្ដាអ្នកដែលរស់នៅទីក្រុងម៉ាទីណះ(ពួកអាន់ស័រ) និងមានជំនឿមុនការភៀសខ្លួនរបស់ពួកគេនោះ គឺពួកគេស្រឡាញ់អ្នកដែលបានភៀសខ្លួនទៅកាន់ពួកគេ ហើយនៅក្នុងចិត្ដរបស់ពួកគេគ្មានភាពច្រណែនឈ្នានីសអំពីអ្វីៗដែលគេបានផ្ដល់ឱ្យពួកគេ(មូហាជីរីន)ឡើយ ថែមទាំងពួកគេគិតគូរ(ពួកមូហាជីរីន)ជាងខ្លួនឯងទៅទៀត ទោះបីជាពួកគេត្រូវការចាំបាច់យ៉ាងណាក៏ដោយ។ ហើយអ្នកណាដែលត្រូវគេរក្សាឱ្យផុតពីភាពកំណាញ់ចំពោះខ្លួនគេនោះ ពួកទាំងនោះគឺជាពួកដែលទទួលបានជោគជ័យ។ ហើយបណ្ដាអ្នកដែលបានមកដល់ក្រោយអ្នក(មូហាជីរីន និងអាន់ស័រ)ទាំងនោះ ពួកគេបានបួងសួងសុំថា៖ ឱម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាអភ័យទោសឱ្យពួកយើង និងបងប្អូនរបស់ពួកយើងពីមុនៗដែលមានជំនឿផង ហើយសូមទ្រង់មេត្ដាកុំធ្វើឱ្យចិត្ដរបស់ពួកយើងមានភាពច្រណែនឈ្នានីសចំពោះបណ្ដាអ្នកដែលមានជំនឿអ្វី។ ឱម្ចាស់របស់ពួកយើង! ពិតប្រាកដណាស់ អល់ឡោះមហាមេត្ដាករុណា មហាអាណិតស្រឡាញ់”។ (អាល់ហាស្ហរ៍ ៨-១០)
២. ត្រូវមានការពេញចិត្តចំពោះសហាហ្ពាត់ទាំងអស់
គប្បីលើជនមូស្លីមគ្រប់រូប នៅពេលដែលមានគេរំលឹកពីសហាហ្ពាត់ គប្បីពោលថា៖ ”رضي الله عنه” ដែលមានន័យថា “សូមអល់ឡោះជាម្ចាស់ទ្រង់ពេញចិត្តចំពោះគាត់”។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា ទ្រង់បានពេញចិត្តចំពោះពួកគាត់ ទទួលយកការគោរពប្រតិបត្តិ និងទង្វើរបស់ពួកគាត់ ហើយពួកគាត់ក៏ពេញចិត្តនឹងទ្រង់ចំពោះអ្វីដែលទ្រង់បានប្រទានដល់ពួកគាត់អំពីពរជ័យនៃសាសនា និងជីវិតរស់នៅក្នុងលោកិយនេះ។ ទ្រង់បានមានបន្ទូលថា៖ “ហើយបណ្ដាអ្នកមុនដំបូងគេបង្អស់ក្នុងចំណោមពួកមូហាជីរីន និងពួកកអាន់ស័រ ហើយនិងបណ្ដាអ្នកដែលបានដើរតាមគន្លងធម៌ពួកគេ ដោយត្រឹមត្រូវ អល់ឡោះបានពេញចិត្ដពួកគេ ហើយពួកគេក៏ពេញចិត្ដចំពោះទ្រង់វិញដែរ។ ហើយទ្រង់បានរៀបចំទុកសម្រាប់ពួកគេនូវឋានសួគ៌ដែលមានទនេ្លជាច្រើនហូរកាត់ពីក្រោមវា ដោយពួកគេនៅក្នុងនោះជាអមតៈ។ ទាំងនោះគឺជាជោគជ័យយ៉ាងធំធេង”។ (អាត់តាវហ្ពះ៖១០០)
ឋានៈរបស់បណ្តាសហាហ្ពាត់
១. សហាហ្ពាត់របស់រ៉ស៊ូលុលឡោះ ﷺ ទាំងអស់ គឺសុទ្ធតែជាមនុស្សដែលមានគុណធម៌ និងជាមនុស្សដែលល្អបំផុត។ ក៏ប៉ុន្តែ អ្នកដែលល្អជាងគេបំផុតក្នុងចំណោមពួកគាត់គឺ ឃូឡាហ្វាក អាល់រ៉ស្ហីទីន(មេដឹកនាំឥស្លាមបន្ទាប់ពីព្យាការីមូហាំម៉ាត់)ទាំងបួនរូបទៅតាមលំដាប់ គឺអាពូហ្ពាកើរ អាស្ស៊ិទ្ទីក, អ៊ូមើរ ពិន អាល់ខត្តប, អូស្មាន ពិន អាហ្វហ្វាន និងអាលី ពិន អាពីត៏ឡិប រទអ។
២. សហាហ្ពាត់របស់រ៉ស៊ូលុលឡោះ ﷺ គឺជាមនុស្សលោកធម្មតាដែលមិនត្រូវបានគេ(អល់ឡោះ)ការពារពីកំហុសឆ្គងនោះទេ។ ដូចនេះ ពួកគេគេចមិនផុតពីការប្រព្រឹត្តនូវកំហុសឆ្គងឡើយ ក៏ប៉ុន្តែកំហុសឆ្គងរបស់ពួកគេ គឺមានតិចជាងកំហុសរបស់អ្នកផ្សេង។ ចំណែកឯភាពត្រឹមត្រូវរបស់ពួកគាត់វិញ គឺមានច្រើនជាងភាពត្រឹមត្រូវរបស់អ្នកផ្សេង ពីព្រោះអល់ឡោះទ្រង់ជ្រើសរើសមនុស្សដែលល្អជាងគេបំផុតធ្វើជាសហការីសម្រាប់ព្យាការីរបស់ទ្រង់ដើម្បីឲ្យពួកគេពាំនាំសាសនានេះ៖ “អ្នកដែលល្អជាងគេក្នុងចំណោមប្រជាជាតិរបស់ខ្ញុំ គឺអ្នកដែលរស់នៅក្នុងសតវត្ស(ជំនាន់)របស់ខ្ញុំ។ បន្ទាប់មក គឺអ្នកដែលនៅជំនាន់បន្ទាប់ពួកគេ”។ (មូស្លីម៖២៥៣៤)
៣ ពួកយើងធ្វើសាក្សីថា បណ្តាសហាហ្ពាត់ទាំងអស់ដ៏ឧត្តុង្គឧត្តម គឺជាមនុស្សដែលប្រកបដោយភាពយុត្តិធម៌ និងគុណធម៌ដ៏ប្រសើរថ្លៃថ្លា ហើយយើងរំលឹកពីគុណសម្បត្តិនិងភាពល្អប្រសើររបស់ពួកគាត់ និងមិនគាស់កកាយនូវអ្វីដែលបានកើតឡើងអំពីកំហុសឆ្គង ឬការបកស្រាយដែលផ្ទុយពីអ្វីដែលត្រឹមត្រូវដែលកើតមានចំពោះពួកគាត់នោះទេ ព្រោះថាជំនឿដ៏ស្មោះត្រង់ អំពើល្អ និងការប្រតិបត្តិតាមសាសនារបស់ពួកគាត់មានច្រើនលើសជាងកំហុសឆ្គងទាំងនោះទៅទៀត ដូចដែលព្យាការី ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកកុំជេរប្រមាថសហាហ្ពាត់របស់ខ្ញុំ។ ពិតណាស់ ទោះបីជាបុគ្គលណាម្នាក់ក្នុងចំណោមពួកអ្នកបរិច្ចាគមាសធំប៉ុនភ្នំអ៊ូហ៊ុទក៏ដោយ ក៏មិនស្មើនឹងមួយកំបង់ដៃ ឬកន្លះកំបង់ដៃរបស់ពួកគេដែរ”។ (ពូខរី៖៣៦៧៣)
ក្រុមគ្រួសាររបស់រ៉ស៊ូលុលឡោះ ﷺ គឺសំដៅលើភរិយាទាំងឡាយរបស់លោក កូនៗរបស់លោក និងក្រុមគ្រួសារជីដូនមួយទាំងអស់របស់លោក៖ ក្រុមគ្រួសាររបស់អាលី ក្រុមគ្រួសារអាគីល ក្រុមគ្រួសារហ្ជាក់ហ្វើរ និងក្រុមគ្រួសារអាប់ហ្ពាស រូមទាំងពូជពង្សរបស់ពួកគេ។
អ្នកដែលល្អជាងគេក្នុងចំណោមពួកគាត់ គឺអ្នកដែលបានជួបរ៉ស៊ូលុលឡោះ ﷺ ផ្ទាល់ ដូចជា អាលី ពិន អាពីត៏ឡិប, ហ្វាទីម៉ះ កូនស្រីរបស់រ៉ស៊ូលុលឡោះ ﷺ។ ក៏ដូចគ្នាដែរ កូនប្រុសទាំងពីររបស់គាត់ គឺហាសាន់ និង ហូសេន ដែលជាចៅហ្វាយនៃយុវជនក្នុងឋានសួគ៌ ហើយនិងភរិយាទាំងឡាយរបស់រ៉ស៊ូលុលឡោះ ﷺ ដែលជាមាតានៃអ្នកមានជំនឿ ដូចជា ខទីហ្ជះ កូនស្រីរបស់ ឃូវ៉ៃឡិត និងអាអ៊ីស្ហះ រទអ ជាដើម។
ពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលអំពីភរិយាទាំងឡាយរបស់ព្យាការី ﷺ បន្ទាប់ពីទ្រង់ណែនាំពួកនាងឱ្យប្រកាន់ខ្ជាប់នូវសីលធម៌ល្អ និងសុជីវធម៌ថ្លៃថ្នូរថា៖ “ពិតប្រាកដណាស់ អល់ឡោះចង់បំបាត់ភាពកខ្វក់(បាបកម្ម)ចេញពីពួកអ្នក ឱគ្រួសារព្យាការី! ហើយទ្រង់នឹងសម្អាតពួកអ្នកឱ្យស្អាតស្អំ”។ (អាល់អះហ្សាប៖៣៣)
ក្តីស្រឡាញ់ចំពោះក្រុមគ្រួសារបស់ព្យាការី
អ្នកមូស្លីមស្រឡាញ់ចំពោះក្រុមគ្រួសាររបស់ព្យាការី ﷺ ដែលជាអ្នកមានជំនឿ និងប្រតិបត្តិតាមស៊ុណ្ណះរបស់លោក ហើយគេចាត់ទុកក្តីស្រឡាញ់ចំពោះក្រុមគ្រួសាររបស់ព្យាការី ﷺ គឺជាចំណែកមួយនៃក្តីស្រឡាញ់ចំពោះព្យាការី ﷺ ដោយយោងតាមហាទីស្ហរបស់រ៉ស៊ូលុលឡោះ ﷺ ដែលលោកបានផ្តែផ្តាំឲ្យយកចិត្តទុកដាក់ចំពោះក្រុមគ្រួសាររបស់លោក និងត្រូវមានសីលធម៌ល្អជាមួយពួកគេថា៖ “ខ្ញុំសូមរំឮកអ្នកចំពោះអល់ឡោះអំពីក្រុមគ្រួសាររបស់ខ្ញុំ ខ្ញុំសូមរំឮកអ្នកចំពោះអល់ឡោះអំពីក្រុមគ្រួសាររបស់ខ្ញុំ ខ្ញុំសូមរំឮកអ្នកចំពោះអល់ឡោះអំពីក្រុមគ្រួសាររបស់ខ្ញុំ”។ (មូស្លីម៖២៤០៨)។
ជនមូស្លីមត្រូវចៀសផុតអំពីក្រុមពីរប្រភេទ៖
ក្រុមគ្រួសាររបស់ព្យាការីមិនត្រូវបានគេការពារពីបាបកម្មទាំងឡាយនោះឡើយ
ក្រុមគ្រួសាររបស់ព្យាការី ﷺ គឺដូចជាមនុស្សលោកទូទៅដែរ។ ក្នុងចំណោមពួកគេ គឺមានអ្នកមានជំនឿ និងមានអ្នកដែលគ្មានជំនឿ មានមនុស្សល្អ និងមានមនុស្សអាក្រក់។ ចំពោះមនុស្សល្អដែលគោរពប្រតិបត្តិអល់ឡោះ គឺយើងស្រឡាញ់ពួកគាត់ និងរំពឹងផលបុណ្យសម្រាប់ពួកគាត់។ ចំណែកឯមនុស្សអាក្រក់ដែលប្រព្រឹត្តល្មើសនឹងអល់ឡោះ គឺយើងបារម្ភចំពោះពួកគាត់ និងបួងសួងសុំពីអល់ឡោះឲ្យពួកគាត់ទទួលបានការចង្អុលបង្ហាញ។ ឧត្តមភាពនៃក្រុមគ្រួសារព្យាការី គឺពុំមែនបានន័យថា ពួកគាត់ពិតជាល្អជាងអ្នកផ្សេងគ្រប់ស្ថានភាពនោះទេ។ ហើយក៏អាចមានមនុស្សខ្លះក្រៅពីពួកគាត់ មានលក្ខណៈល្អជាង និងប្រសើរថ្លៃថ្លាជាងពួកគាត់ទៀតផង។