បន្តរៀន

អ្នកមិនបានចុះឈ្មោះចូលទេ
ចុះឈ្មោះឥឡូវនេះក្នុងវេបសាយ(តាក)ដើម្បីតាមដានភាពល្អប្រសើររបស់អ្នក ប្រមូលពិន្ទុ និងការចូលរួមក្នុងការប្រកួតប្រជែង បន្ទាប់ពីមានការចុះឈ្មោះរួចហើយ អ្នកនឹងទទួលបានវិញ្ញាបនបត្រអ៊ីនធឺណិតក្នុងប្រធានបទដែលអ្នកសិក្សាវា

ផ្នែកបច្ចុប្បន្ន model:

មេរៀន ជំនឿចំពោះការកំណត់ព្រេងវាសនា

ជំនឿចំពោះការកំណត់ព្រេងវាសនា(កទ៏ កទើរ) គឺជាគោលគ្រឹះទីប្រាំមួយក្នុងចំណោមគោលគ្រឹះនៃជំនឿ។ ជំនឿរបស់បុគ្គលម្នាក់មិនទាន់ត្រឹមត្រូវទេ លុះត្រាតែគេមានជំនឿចំពោះការកំណត់ព្រេងវាសនានេះ។ នៅក្នុងមេរៀននេះ អ្នកនឹងសិក្សាពីធាតុពិតនៃជំនឿចំពោះការកំណត់ព្រេងវាសនា និងចំណុចសំខាន់មួយចំនួនដែលទាក់ទងនឹងជំនឿនេះ។

  • ដឹងពីធាតុពិតនៃព្រេងវាសនា(កទ៏ កទើរ) និងសារៈសំខាន់នៃជំនឿចំពោះវា
  • ដឹងពីផ្លែផ្កានៃជំនឿចំពោះការកំណត់ព្រេងវាសនា

count: ចំនួនសិស្សផ្សេងទៀតដែលបានបញ្ចប់មេរៀននេះ។

និយមន័យជំនឿចំពោះការកំណត់ព្រេងវាសនា

គឺការជឿជាក់យ៉ាងដាច់ខាតថា ជាការពិតណាស់ វាសនាល្អ និងវាសនាអាក្រក់ គឺជាការកំណត់របស់អល់ឡោះជាម្ចាស់ ហើយនិងបំណងនៃទ្រង់។ គ្មានអ្វីមួយអាចកើតមានឡើងបានឡើយ លើកលែងតែតទ្រង់មានបំណង ហើយក៏គ្មានអ្វីមួយអាចចេញផុតពីចេតនារបស់ទ្រង់បានឡើយ។ នៅក្នុងពិភពលោកនេះ គឺគ្មានអ្វីមួយអាចចេញផុតពីការកំណត់របស់ទ្រង់បានទេ ហើយក៏គ្មានអ្វីមួយអាចកើតឡើងដោយគ្មានការរៀបចំចាត់ចែងពីទ្រង់នោះដែរ។ ទោះបីជាយ៉ាងនេះក៏ដោយ ទ្រង់បានបង្គាប់ប្រើចំពោះខ្ញុំបម្រើរបស់ទ្រង់ទាំងឡាយ និងបានហាមឃាត់ពួកគេ និងបានប្រគល់សិទ្ធិឲ្យពួកគេជាអ្នកជ្រើសរើសសកម្មភាពរបស់ពួកគេដោយគ្មានការគាបសង្កត់ ឬបង្ខិតបង្ខំឡើយ។ ផ្ទុយទៅវិញ វាកើតឡើងទៅតាមសមត្ថភាព និងចេតនារបស់ពួកគេ។ តែអល់ឡោះទ្រង់ជាអ្នកបង្កើតពួកគេ ហើយក៏ជាអ្នកបង្កើតនូវសមត្ថភាពរបស់ពួកគេផងដែរ។ ទ្រង់ចង្អុលបង្ហាញចំពោះជនណាដែលទ្រង់មានចេតនាដោយក្តីមេត្តាករុណារបស់ទ្រង់ និងធ្វើឲ្យវង្វេងចំពោះជនណាដែលទ្រង់មានចេតនាដោយគតិបណ្ឌិតរបស់ទ្រង់។ ទ្រង់មិនត្រូវគេសួរដេញដោលនូវអ្វីដែលទ្រង់ធ្វើនោះឡើយ តែពួកគេទេដែលសុំពីទ្រង់នូវអ្វីដែលគេត្រូវការនោះ។

និយមន័យព្រេងវាសនា

ព្រេងវាសនា៖ គឺជាការកំណត់របស់អល់ឡោះជាម្ចាស់សម្រាប់អ្វីគ្រប់យ៉ាងទាំងអស់តាំងពីបុព្វេ ហើយទ្រង់ដឹងថា ពិតណាស់ វានឹងកើតឡើងនៅក្នុងពេលវេលាដែលច្បាស់លាស់ និងក្នុងលក្ខណៈដែលជាក់លាក់ និងការកត់ត្រាដ៏ជាក់លាក់របស់ទ្រង់អំពីវា ទៅតាមចេតនា និងការបង្កើតរបស់ទ្រង់ ហើយវានឹងកើតឡើងតាមអ្វីដែលទ្រង់បានកំណត់។

ជំនឿចំពោះការកំណត់ព្រេងវាសនា គឺជាគោលគ្រឹះមួយក្នុងចំណោមគោលគ្រឹះនៃជំនឿ

ជំនឿចំពោះការកំណត់ព្រេងវាសនារបស់អល់ឡោះ គឺជាកាតព្វកិច្ចចាំបាច់ ហើយវាជាគោលគ្រឹះមួយក្នុងចំណោមគោលគ្រឹះនៃជំនឿ(រូកុនអ៊ីម៉ាន់) ដូចមានបញ្ជាក់នៅក្នុងចម្លើយរបស់ព្យាការី ﷺ ដែលលោកបានឆ្លើយតបនៅពេលដែលម៉ាឡាអ៊ីកាត់សួរលោកអំពីជំនឿ លោកបានឆ្លើយថា៖ “អ្នកត្រូវជឿចំពោះអល់ឡោះ ម៉ាឡាអ៊ីកាត់របស់ទ្រង់ បណ្តាគម្ពីរទាំងឡាយរបស់ បណ្តាអ្នកនាំសាររបស់ទ្រង់ ជឿចំពោះថ្ងៃបរលោក និងជឿថាវាសនាល្អ និងវាសនាអាក្រក់ត្រូវបានអល់ឡោះកំណត់រួច”។ (មូស្លីម៖៨)

តើជំនឿចំពោះការកំណត់ព្រេងវាសនាផ្ទុកទៅដោយអ្វីខ្លះ?

ជំនឿចំពោះការកំណត់ព្រេងវាសនាផ្ទុកទៅដោយបួនប្រការ៖

១- ការដឹង

គឺការជឿថា ពិតណាស់អល់ឡោះជាម្ចាស់ទ្រង់ដឹងបំផុតនូវរាល់អ្វីៗទាំងអស់ ទាំងជាលក្ខណៈរួម និងពិស្តារលម្អិត ហើយពិតណាស់ទ្រង់ដឹងទាំងអស់អំពីសព្វភាវៈ(ម៉ាខ្លូក)របស់ទ្រង់មុននឹងទ្រង់បង្កើតពួកគេ ហើយទ្រង់ដឹងអំពីលាភសក្ការៈរបស់ពួកគេ អាយុកាលកំណត់របស់ពួកគេ ពាក្យសម្តីរបស់ពួកគេ ទង្វើទាំងឡាយរបស់ពួកគេ និងដឹងទាំងអស់នូវចលនារបស់ពួកគេ ការនៅស្ងៀមរបស់ពួកគេ អាថ៌កំបាំងបស់ពួកគេ និងការលាតត្រដាងរបស់ពួកគេ ហើយថាតើអ្នកណាក្នុងចំណោមពួកគេដែលស្ថិតក្នុងចំណោមអ្នកចូលឋានសួគ៌ និងតើអ្នកណាក្នុងចំណោមពួកគេដែលស្ថិតក្នុងចំណោមអ្នកចូលឋាននរក។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូថា៖ “ទ្រង់គឺអល់ឡោះជាម្ចាស់ដែលគ្មានម្ចាស់ឯណាត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ទ្រង់ជាម្ចាស់ដែលដឹងនូវភាពអាថ៌កំបាំង និងលាតត្រដាង”។ (អាល់ហាស្ហរ៍៖២២)

២. ការកត់ត្រា

គឺការជឿថា ពិតណាស់អល់ឡោះជាម្ចាស់ទ្រង់កត់ត្រានូវរាល់អ្វីៗទាំងអស់ដែលទ្រង់បានដឹងជាមុននៅក្នុងសៀវភៅកំណត់ត្រា “ឡាវហុលម៉ះហ្វ៊ូស”។ ភស្តុតាងដែលបញ្ជាក់ដូចនេះ គឺបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “គ្មានគ្រោះថ្នាក់ណាមួយបានធ្លាក់មកលើផែនដីឡើយ ហើយក៏គ្មានគ្រោះថ្នាក់ណាមួយបានធ្លាក់ទៅលើពួកអ្នកដែរ លើកលែងតែបានកត់ត្រាទុកនៅក្នុងគម្ពីរ(ឡាវហុលម៉ះហ្វ៊ូស)មុននឹងយើងបានបង្កើតវាប៉ុណ្ណោះ”។ (អាល់ហាទីត៖២៣)។ និងប្រសាសន៍របស់ព្យាការី ﷺ ដែលលោកបានមានប្រសាសន៍ថា៖ “អល់ឡោះជាម្ចាស់ទ្រង់បានកត់ត្រាព្រេងវាសនារបស់សព្វភាវៈ(ម៉ាខ្លូក)ទាំងឡាយមុននឹងទ្រង់បង្កើតមេឃជាច្រើនជាន់ និងផែនដីប្រាំម៉ឺនឆ្នាំ”។ (មូស្លីម៖២៦៥៣)

៣. ចេតនា

គឺត្រូវមានជំនឿចំពោះចេតនារបស់អល់ឡោះជាម្ចាស់ដែលគ្មានអ្វីមួយអាចរារាំងនូវចេតនារបស់ទ្រង់បានឡើយ ហើយនិងសមត្ថភាពរបស់ទ្រង់ដែលគ្មានអ្វីមួយដែលទ្រង់អសមត្ថភាពនោះឡើយ។ ដូចនេះ រាល់ហេតុការណ៍ទាំងអស់ គឺកើតឡើងទៅតាមចេតនារបស់អល់ឡោះ និងការកំណត់របស់ទ្រង់។ អ្វីដែលទ្រង់មានចេតនាចង់ឲ្យកើត វានឹងកើត ហើយអ្វីដែលមិនចង់ឲ្យវាកើតឡើងទេនោះ គឺវានឹងមិនអាចកើតឡើងជាដាច់ខាត។ ទ្រង់បានមានបន្ទូលថា៖ “ហើយពួកអ្នកមិនអាចមានបំណងធ្វើអ្វីមួយបានឡើយ លើកលែងតែអល់ឡោះដែលជាម្ចាស់គ្រប់គ្រងពិភពទាំងអស់មានចេតនាប៉ុណ្ណោះ”។ (អាត់តឹកវៀរ៖២៩)

៤. ការបង្កើត

គឺការជឿថា ពិតណាស់អល់ឡោះជាម្ចាស់ទ្រង់ជាអ្នកធ្វើឲ្យអ្វីសព្វបែបយ៉ាងមានវត្តមាន ហើយទ្រង់ជាអ្នកបង្កើតតែមួយគត់។ អ្វីទាំងអស់ក្រៅពីទ្រង់ គឺជាភាវៈ(ម៉ាខ្លូក)របស់ទ្រង់ ហើយទ្រង់មានអានុភាពលើអ្វីៗទាំងអស់។ ទ្រង់បានមានបន្ទូលថា៖ “ហើយទ្រង់បានបង្កើតនូវរាល់អ្វីៗទាំងអស់ បន្ទាប់មកទ្រង់បានកំណត់វាយ៉ាងច្បាស់លាស់”។ (អាល់ហ្វ៊ូរកន៖២)

សម្រាប់មនុស្ស គឺមានជម្រើស សមត្ថភាព និងចេតនា

ជំនឿចំពោះការកំណត់ព្រេងវាសនា គឺពុំបានបដិសេធនូវចេតនារបស់បុគ្គលបម្រើចំពោះទង្វើដែលគេអាចជ្រើសរើស និងមានសមត្ថភាពធ្វើនោះឡើយ ព្រោះច្បាប់ និងការពិត គឺជាភស្តុតាងបញ្ជាក់អំពីការពិតមួយនេះ។

ចំពោះច្បាប់បញ្ញត្តិឥស្លាម អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “នោះគឺជាថ្ងៃដែលនឹងកើតឡើងយ៉ាងពិតប្រាកដ។ ដូចេ្នះ ជនណាហើយចង់(គេចផុតពីភាពលំបាកនៅថ្ងៃបរលោក)នោះ ចូរឱ្យគេជ្រើសរើសកន្លែងវិលត្រឡប់ទៅកាន់ម្ចាស់របស់គេចុះ”។ (អាន់ណាហ្ពាក់៖៣៩)។ ហើយទ្រង់បានមានបន្ទូលអំពីសមត្ថភាព(របស់មនុស្សក្នុងការធ្វើអ្វីមួយ)ថា៖ “អល់ឡោះមិនដាក់បន្ទុកលើអ្នកណាម្នាក់ហួសពីលទ្ធភាពរបស់គេឡើយ។ ជនណាបានសាងអំពើល្អ គឺទទួលបានផលល្អ ហើយជនណាបានសាងអំពើអាក្រក់ គឺទទួលបានផលអាក្រក់”។ (អាល់ហ្ពាក៏រ៉ោះ៖២៨៦)

រីឯភាពជាក់ស្តែងវិញ គឺមនុស្សគ្រប់រូបដឹងថា ខ្លួនមានចេតនា និងមានសមត្ថភាព(ក្នុងការធ្វើ)។ តាមរយៈចេតនា និងសមត្ថភាពនេះ គឺគេធ្វើ។ ហើយតាមរយៈចេតនា និងសមត្ថភាពនេះដែរ គេមិនធ្វើ។ ហើយគេអាចបែងចែករវាងអ្វីដែលកើតឡើងដោយចេតនារបស់គេ ដូចជាការដើរជាដើម ហើយនិងអ្វីដែលកើតឡើងដែលមិនមែនជាចេតនារបស់គេ ដូចជាញ័រកន្ត្រាក់ និងដួលភ្លាមៗ។ ក៏ប៉ុន្តែចេតនា និងសមត្ថភាពរបស់ខ្ញុំបម្រើអល់ឡោះ អាចកើតឡើងបាន គឺអាស្រ័យដោយចេតនារបស់អល់ឡោះជាម្ចាស់ ដូចដែលទ្រង់បានមានបន្ទូលថា៖ “សម្រាប់អ្នកណាដែលមានបំណងចង់ដើរលើមាគ៌ាដ៏ត្រឹមត្រូវក្នុងចំណោមពួកអ្នក។ ហើយពួកអ្នកមិនអាចមានបំណងធ្វើអ្វីមួយបានឡើយ លើកលែងតែអល់ឡោះដែលជាម្ចាស់គ្រប់គ្រងពិភពទាំងអស់មានចេតនាប៉ុណ្ណោះ”។ (អាត់តឹកវៀរ៖២៨-២៩)។ ទ្រង់បានបញ្ជាក់ពីចេតនារបស់មនុស្ស បន្ទាប់មកទ្រង់ក៏បញ្ជាក់ដែរថា ចេតនារបស់មនុស្សគឺស្ថិតនៅក្នុងចេតនាររបស់ទ្រង់ដែរ ព្រោះតែចក្រវាឡទាំងមូល គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់ ដូចនេះ គ្មានអ្វីមួយដែលអាចកើតឡើងដោយគ្មានការដឹងពីទ្រង់ និងចេតនារបស់ទ្រង់នោះឡើយ។

ការយកលេសនឹងការកំណត់ព្រេងវាសនា

សមត្ថភាព និងជម្រើសរបស់មនុស្ស គឺជាអ្វីដែលទាក់ទងនឹងការដាក់បន្ទុក(កាតព្វកិច្ច) ការបង្គាប់បញ្ជា និងការហាមឃាត់។ ដូចនេះ គេផ្តល់ផលបុណ្យដល់មនុស្សល្អចំពោះការដែលគេជ្រើសយកមាគ៌ានៃការចង្អលបង្ហាញ ហើយគេដាក់ទោសទណ្ឌដល់មនុស្សអាក្រក់ចំពោះការដែលគេជ្រើសយកមាគ៌ាដែលវង្វេង។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនដាក់បន្ទុកលើយើងលើសពីសមត្ថភាពដែលយើងមាននោះឡើយ ហើយទ្រង់ក៏មិនទទួលយកពីនរណាម្នាក់ដែលបោះបង់ចោលការគោរពសក្ការៈចំពោះទ្រង់ដោយយកលេសថា ព្រេងវាសនាអល់ឡោះបានកំណត់ឲ្យគេបែបនេះនោះដែរ។

មួយវិញទៀត មនុស្សលោក មុននឹងគេប្រព្រឹត្តអំពើបាបនោះ គឺគេមិនបានដឹងពីពុទ្ធិរបស់អល់ឡោះ និងការកំណត់របស់ទ្រង់នោះឡើយ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានប្រទានឲ្យគេនូវសមត្ថភាព និងជម្រើស ហើយទ្រង់ក៏បានបញ្ជាក់យ៉ាងច្បាស់ដល់គេថែមទៀតផងនូវផ្លូវដែលល្អ ​និងផ្លូវដែលអាក្រក់។ ដូចនេះ នៅពេលដែលគេប្រព្រឹត្តអំពើល្មើសឬអំពើបាប ខណៈនោះគឺគេខ្លួនឯងដែលជាអ្នកជ្រើសយកការប្រព្រឹត្តអំពើល្មើស រូបគេខ្លួនឯងដែលឲ្យអាទិភាពលើការប្រព្រឹត្តអំពើល្មើសជាងការគោរពប្រតិបត្តិ។ ដូច្នេះ រូបគេខ្លួនឯងក៏ជាអ្នកដែលត្រូវរែកពុនទណ្ឌកម្មចំពោះការប្រព្រឹត្តអំពើល្មើសរបស់ខ្លួនដែរ។

ផ្លែផ្កានៃការមានជំនឿចំពោះការកំណត់ព្រេងវាសនា

ចំពោះការមានជំនឿនឹងការកំណត់ព្រេងវាសនា(កទ៏ កទើរ) គឺផ្តល់ផ្លែផ្កាយ៉ាងធំធេងនៅក្នុងជីវិតរស់នៅរបស់ជនមូស្លីម ក្នុងចំណោមនោះ៖

១. ការមានជំនឿដ៏ត្រឹមត្រូវចំពោះការកំណត់ព្រេងវាសនារបស់អល់ឡោះ គឺជំរុញមនុស្សឲ្យសាងទង្វើកុសល និងប្រកាន់យកហេតុជាបច្ច័យ ព្រមទាំងរារាំងពីការបណ្តោយខ្លួន

ជាការពិតណាស់ អ្នកមានជំនឿត្រូវបានគេបង្គាប់ប្រើឲ្យប្រកាន់យកហេតុជាបច្ច័យជាមួយនឹងការប្រគល់ការទុកចិត្តចំពោះអល់ឡោះជាម្ចាស់ ហើយត្រូវមានជំនឿថា ការធ្វើនូវមូលហេតុទាំងឡាយ គឺមិនអាចផ្តល់ឲ្យនូវលទ្ធផលនោះឡើយ លើកលែងតែដោយការអនុញ្ញាតពីអល់ឡោះជាម្ចាស់ប៉ុណ្ណោះ ពីព្រោះអល់ឡោះជាម្ចាស់ ទ្រង់គឺជាអ្នកដែលបង្កើតមូលហេតុ ហើយទ្រង់ក៏ជាអ្នកបង្កើតលទ្ធផលផងដែរ។ ព្យាការី ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរអ្នកព្យាយាមធ្វើអ្វីដែលផ្តល់ផលប្រយោជន៍ដល់ខ្លួនអ្នក និងត្រូវសុំជំនួយពីអល់ឡោះ ហើយមិនត្រូវខ្ជិលច្រអូសនោះទេ។ ប្រសិនបើមានអ្វីមួយកើតឡើងចំពោះអ្នក ចូរអ្នកកុំនិយាយថា៖ ប្រសិនបើខ្ញុំធ្វើដូចនេះ វានឹងទៅជាយ៉ាងនេះ យ៉ាងនោះ។ តែអ្នកត្រូវនិយាយថា៖ អល់ឡោះបានកំណត់រួចហើយ ហើយអ្វីដែលទ្រង់ប្រាថ្នា ទ្រង់នឹងធ្វើ ព្រោះថាការនិយាយថា៖ ប្រសិនបើ...(យ៉ាងនេះយ៉ាងនោះ) វាជាការបើកទ្វារទង្វើរបស់ស្ហៃតន”។ (មូស្លីម៖២៦៦៤)។ នៅពេលដែលមនុស្សមួយចំនួនគិតស្មានថា ជាការពិតណាស់ រូបគេមិនត្រូវបានគេអំពាវនាវឲ្យធ្វើទង្វើអ្វីឡើយ ព្រោះថាកិច្ចការទាំងអស់គឺត្រូវបានគេកំណត់រួចរាល់ហើយនោះ ព្យាការី ﷺ លោកបានបញ្ជាក់ពីការខុសឆ្គងនៃការគិតបែបនេះ ហើយលោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកខិតខំធ្វើទង្វើល្អ ព្រោះគ្រប់រូបសុទ្ធតែត្រូវគេសម្រួលឲ្យនូវអ្វីដែលពួកអ្នកត្រូវគេបង្កើតវាមក”។ បន្ទាប់មក លោកបានសូត្របន្ទូលរបស់អល់ឡោះ៖ “ចំណែកឯអ្នកណាដែលបានបរិច្ចាគទាន និងកោតខ្លាចអល់ឡោះ” រហូតដល់បន្ទូលរបស់អល់ឡោះ៖ “យើងនឹងរៀបចំឱ្យគេនូវមាគ៌ាដែលលំបាក”។ (អាល់ឡៃល៍៖ ៦-១០)។ (ពូខរី៖៤៩៤៩, មូស្លីម៖២៦៤៧)

២. ធ្វើឲ្យមនុស្សបានដឹងពីសមត្ថភាពខ្លួនឯង

ដូចនេះ គេមិនក្រអឺតក្រទម និងមិនក្អេងក្អាងឡើយ ព្រោះគេគ្មានសមត្ថភាពនឹងដឹងពីអ្វីដែលត្រូវបានគេ(អល់ឡោះ)កំណត់ឡើយ ហើយក៏គ្មានសមត្ថភាពនឹងដឹងពីអ្វីដែលនឹងកើតឡើងនាពេលខាងមុខនោះដែរ។ ម្យ៉ាងទៀត ធ្វើឲ្យមនុស្សទទួលស្គាល់ពីការអសមត្ថភាព និងតម្រូវការរបស់គេចំពោះព្រះជាម្ចាស់ដ៏មហាខ្ពង់ខ្ពស់របស់គេជានិច្ច។ ពិតណាស់មនុស្សលោក កាលណាសេចក្តីល្អកើតមានចំពោះគេ គឺគេរមែងមានភាពក្រអឺតក្រទម និងមានភាពក្អេងក្អាងចំពោះវា។ តែប្រសិនបើសេចក្តីអាក្រក់កើតឡើងលើរូបគេវិញ គឺគេរមែងកើតទុក្ខ និងសោកសង្រេង។ មនុស្សលោកមិនអាចគេចផុតពីភាពក្រអឺតក្រទម និងភាពក្អេងក្អាងនៅពេលដែលសេចក្តីល្អកើតមានលើរូបគេ និងមិនអាចគេចផុតពីទុក្ខសោក និងទុក្ខព្រួយនៅពេលដែលសេចក្តីអាក្រក់កើតឡើងលើរូបគេនោះឡើយ លើកលែងតែគេមានជំនឿលើការកំណត់ព្រេងវាសនារបស់អល់ឡោះជាម្ចាស់ និងដឹងថាអ្វីដែលបានកើតឡើង គឺស្របទៅតាមដំណើរដើរនៃព្រេងវាសនា និងត្រូវបានទ្រង់ដឹងជាមុនទៅហើយ។‬

៣. បំបាត់នូវការច្រណែនឈ្នានីស

ជាការពិតណាស់ ជនមូស្លីមមិនច្រណែនឈ្នានីសអ្នកដទៃចំពោះប្រការល្អដែលអល់ឡោះជាម្ចាស់ទ្រង់ប្រទានឲ្យពួកគេនោះឡើយ ព្រោះអល់ឡោះជាម្ចាស់ទ្រង់ជាអ្នកប្រទានលាភសក្ការៈដល់ពួកគេ និងបានកំណត់វាឲ្យពួកគេ។ ហើយគេដឹងថា កាលណារូបគេច្រណែននឹងអ្នកដទៃ គឺបានន័យថា រូបគេកំពុងតែប្រឆាំងនឹងការកំណត់របស់អល់ឡោះជាម្ចាស់ហើយ។

៤. ជំនឿចំពោះការកំណត់ព្រេងវាសនាបណ្តុះនៅក្នុងចិត្តមនុស្សនូវភាពក្លាហានក្នុងការប្រឈមមុខនឹងបញ្ហាតាងតឹងផ្សេងៗ

ព្រមទាំងពង្រឹងនៅក្នុងចិត្តនូវការប្តេជ្ញាចិត្តផងដែរ ព្រោះគេជឿប្រាកដក្នុងចិត្តថា អាយុជីវិត និងលាភសក្ការៈ គឺត្រូវបានគេកំណត់រួចជាស្រេច ហើយគ្មានអ្វីដែលកើតឡើងលើមនុស្សនោះឡើយ លើកលែងតែអ្វីដែលគេបានកត់ត្រាចំពោះរូបគេប៉ុណ្ណោះ។

៥. ជំំនឿលើការកំណត់ព្រេងវាសនានឹងបណ្តុះនៅក្នុងដួងចិត្តអ្នកមានជំនឿនូវធាតុពិតនៃសេចក្តីជំនឿជាច្រើន

ព្រោះជានិច្ចកាល គឺរូបគេសុំជំនួយពីអល់ឡោះ ពឹងផ្អែកលើទ្រង់ ប្រគល់ការទុកចិត្តលើទ្រង់ ជាមួយនឹងការប្រកាន់យកហេតុជាបច្ច័យ។ ម្យ៉ាងទៀត គេតែងតែបង្ហាញពីភាពខ្វះខាត ទន់ខ្សោយរបស់គេទៅកាន់ទ្រង់ និងទទូចសុំជំនួយពីទ្រង់។

៦. ជំំនឿលើការកំណត់ព្រេងវាសនាបណ្តុះនូវភាពស្ងប់អារម្មណ៍នៅក្នុងដួងចិត្ត

ព្រោះគេដឹងថា អ្វីដែលអល់ឡោះជាម្ចាស់មិនកត់ត្រាទៅលើរូបគេទេ វានឹងមិនអាចកើតឡើងចំពោះរូបគេជាដាច់ខាត។ ហើយអ្វីដែលអល់ឡោះកត់ត្រាទៅលើរូបគេវិញ គឺវានឹងមិនអាចកើតឡើងខុសពីរូបគេជាដាច់ខាត។

អ្នកបានបញ្ចប់មេរៀនដោយជោគជ័យ


ចាប់ផ្តើមប្រឡង