ផ្នែកបច្ចុប្បន្ន model:
មេរៀន របៀបធ្វើអ៊ុមរ៉ោះ
អ៊ុមរ៉ោះ ៖ គឺជាការគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់ដោយការតវ៉ាហ្វជុំវិញកាក់ហ្ពះ និងការសាអ៊ីរវាងភ្នំសហ្វានិងភ្នំម៉ារវ៉ះ បន្ទាប់មក កាត់ឬកោរសក់។
ច្បាប់នៃការធ្វើអ៊ុមរ៉ោះ
អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ "ហើយចូរពួកអ្នកបំពេញកាតព្វកិច្ចហាជ្ជី និងអ៊ុមរ៉ោះដើម្បីអល់ឡោះ"។
អំពី អាអ៊ីស្ហះ រ៉ទីយ៉ល់ឡហ៊ូអាន់ហា បាននិយាយថា៖ ខ្ញុំបាននិយាយថា៖ "ឱរ៉ស៊ូលុលឡោះ! តើចំពោះស្ត្រីមានកាតព្វកិច្ចត្រូវធ្វើការតស៊ូ( ជីហាទ)ដែរឬទេ"? លោកបានឆ្លើយថា៖ "បាទ ចំពោះស្ត្រី ក៏មានកាតព្វកិច្ចត្រូវធ្វើការតស៊ូ( ជីហាទ)ដែរ តែគ្មានការកាប់សម្លាប់នៅក្នុងវានោះឡើយ គឺការធ្វើហាជ្ជី និងអ៊ុមរ៉ោះ"។ (អះម៉ាត់៖២៥៣២២ និង អ៊ិពនូម៉ាហ្ជះ៖២៩០១)
ឧត្តមភាពនៃការធ្វើអ៊ុមរ៉ោះ
គេបង្គាប់ប្រើឲ្យធ្វើអ៊ុមរ៉ោះគ្រប់ពេលវេលាទាំងអស់ក្នុងមួយឆ្នាំ(ដោយគ្មានកំណត់) គ្រាន់តែការធ្វើអ៊ុមរ៉ោះក្នុងបណ្តាខែហាជ្ជី គឺប្រសើរជាង។ ចំណែកឯការធ្វើអ៊ុមរ៉ោះក្នុងខែរ៉ម៉ាហ្ទនវិញ ផលបុណ្យរបស់វា គឺទ្វេដង ហើយវាស្មើនឹងការធ្វើហាជ្ជី។ អំពី អ៊ិពនូអាប់ហ្ពាស រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូម៉ា ពិតណាស់ ព្យាការី សល់ឡល់ឡហ៊ូអាឡៃហ៊ីវ៉ាសាល់ឡាំ លោកបានមានប្រសាសន៍ថា៖ "ពិតណាស់ការធើ្វអ៊ុមរ៉ោះក្នុងខែរ៉ម៉ាហ្ទន ស្មើនឹងការធ្វើហាជ្ជី ឬស្មើនឹងការធ្វើហាជ្ជីជាមួយខ្ញុំ"។ (ពូខរី៖១៨៦៣ និង មូស្លីម៖១២៥៦)
របៀបធ្វើអ៊ុមរ៉ោះ
ចំពោះអ្នកដែលចង់អៀហរ៉មធ្វើអ៊ុមរ៉ោះ គឺច្បាប់បង្គាប់ប្រើឲ្យដោះចេញនូវសម្លៀកបំពាក់ដែលមានថ្នេរ ងូតទឹក ប្រើគ្រឿងក្រអូបនៅលើក្បាលនិងពុកចង្ការរបស់គេ និងស្លៀកសម្លៀកបំពាក់អៀហរ៉ម។
ក្រោយមក គេត្រូវសឡាតហ្វើរទូ(សឡាតដែលជាកាតព្វកិច្ច) នៅឯមីកតនោះប្រសិនបើដល់ពេលសឡាតហ្វើរទូ។ បើមិនដូច្នោះទេ គឺត្រូវសឡាតស៊ូណិតពីររ៉ក្អាត់ ប្រសិនបើគេចង់សឡាត។ នៅពេលដែលគេសឡាតរួចរាល់ គេត្រូវអៀហរ៉មនៀតចូលក្នុងអ៊ុមរ៉ោះរបស់គេដោយនៀតក្នុងចិត្ត។ បន្ទាប់មក ត្រូវពោលថា៖ لبيك اللهم عمرة ។
នៅពេលដែលគេចូលដល់ម៉ាស្ជិតអាល់ហារ៉ម គេត្រូវឈានជើងស្តាំចូលមុន និងត្រូវសូត្រទូអាពេលចូលម៉ាស្ជិត។ ពេលដែលគេទៅដល់កាក់ហ្ពះ គឺត្រូវបញ្ឈប់ការសូត្រតាល់ពីយ៉ះមុននឹងគេចាប់ផ្តើមតវ៉ាហ្វ។ គប្បីតវ៉ាហ្វដោយបើកស្មាស្តាំចំពោះបុរស ដោយត្រូវដាក់ក្រណាត់អៀហរ៉មពីក្រោមក្ឪៀកខាងស្តាំ និងជាយអៀហរ៉មពីលើស្មាឆ្វេង។
បន្ទាប់មក គេត្រូវធ្វើដំណើរទៅកាន់ហាជើរ៉ុលអាសវ៉ាត់ដើម្បីចាប់ផ្តើមតវ៉ាហ្វ។ ត្រូវប៉ះឬស្ទាបហាជើរ៉ុលអាសវ៉ាត់នឹងដៃស្តាំ រួចថើបវា។ តែប្រសិនបើមិនមានភាពងាយស្រួលក្នុងការធ្វើដូច្នេះទេ គឺត្រូវលើកដៃស្វាគមន៍ហាជើរ៉ុលអាសវ៉ាត់ពីចម្ងាយ។ ត្រូវចាត់ទុកកាក់ហ្ពះនៅខាងឆ្វេងដៃ ហើយត្រូវតវ៉ាហ្វចំនួនប្រាំពីរជុំ។ ចំពោះបុរស គប្បីតវ៉ាហ្វបែបរ៉ម៉ាល់(ដើរលឿនតែឈានជំហានខ្លីៗ)នៅបីជុំដំបូង។
-
នៅពេលដែលគេតវ៉ាហ្វបានគ្រប់ប្រាំពីរជុំហើយ គឺត្រូវគ្របស្មារបស់គេវិញ។ ក្រោយមក គេត្រូវឆ្ពោះទៅកាន់ផ្នែកខាងក្រោយនៃម៉ាកមអ៊ីព្រហ៊ីមប្រសិនបើមានភាពងាយស្រួលក្នុងការធ្វើដូចនេះ ឬកន្លែងណាក៏បានក្នុងម៉ាស្ជិតអាល់ហារ៉ម ហើយសឡាតពីររ៉ក្អាត់។ នៅរ៉ក្អាត់ទីមួយ បន្ទាប់ពីសូត្រអាល់ហ្វាទីហះ គេត្រូវសូត្រស៊ូរ៉ោះ អាល់កាហ្វីរូន ហើយរ៉ក្អាត់ទីពីរ សូត្រស៊ូរ៉ោះ អាល់អៀខ្លើស។
ក្រោយមក គេត្រូវចាកចេញទៅកាន់កន្លែងសាអ៊ី។ នៅពេលដែលគេទៅជិតដល់ភ្នំសហ្វា គេត្រូវសូត្របន្ទូលរបស់អល់ឡោះ៖ إِنَّ الصَّفَا وَالْمَرْوَةَ مِنْ شَعَائِرِ اللَّهِ ។ ក្រោយមក ពោលថា៖ أبدأ بما بدأ الله به ។
បន្ទាប់មក គេត្រូវឡើងលើភ្នំសហ្វា រួចតម្រង់ទៅកាន់កាក់ហ្ពះ។ លើកដៃទាំងពីរ ហើយថ្លែងសរសើរអល់ឡោះ និងបួងសួងសុំទូអា ហើយក្នុងចំំណោមទូអារបស់ណាពី សល់ឡល់ឡហ៊ូអាឡៃហ៊ីវ៉ាសាល់ឡាំ គឺ៖ لا إله إلا الله وحده لا شريك له، له الملك وله الحمد وهو على كل شيء قدير، لا إله إلا الله وحده، أنجز وعده، ونصر عبده، وهزم الأحزاب وحده" បន្ទាប់មក សុំទូអានូវអ្វីដែលគេប្រាថ្នា។ ដោយធ្វើដូចនេះចំនួនបីដង។
បន្ទាប់មក គេត្រូវចុះពីភ្នំសហ្វា រួចតម្រង់ឆ្ពោះទៅកាន់ភ្នំម៉ារវ៉ះ។ លុះពេលគេទៅជិតដល់បង្គោលបៃតងទាំងពីរ នៅចន្លោះបង្គោលទាំងពីរនោះ ចំពោះបុរស ស៊ូណិតត្រូវរត់ឲ្យបានលឿនបន្តិច។ ចំណែកឯស្ត្រីវិញ គេមិនបង្គាប់ប្រើឲ្យរត់នោះទេ។ តាមពិត គឺត្រូវដើររហូតដល់សាអ៊ីចប់។
បន្ទាប់មក គេត្រូវបន្តការដើររហូតដល់ភ្នំម៉ារវ៉ះ រួចឡើងលើភ្នំ។ ត្រូវតម្រង់ទៅកាន់កាក់ហ្ពះ ហើយលើកដៃទាំងពីរ រួចសូត្រដូចអ្វីដែលគេបានសូត្រនៅភ្នំសហ្វាដែរ គ្រាន់តែមិនត្រូវសូត្រអាយ៉ាត់នោះទេ ហើយក៏មិនត្រូវសូត្រថា أبدأ بما بدأ الله به នោះដែរ។
បន្ទាប់មក ត្រូវចុះពីភ្នំម៉ារវ៉ះ រួចដើរសំដៅទៅកាន់ភ្នំសហ្វាវិញ។ លុះពេលដែលគេទៅជិតដល់បង្គោលបៃតងទាំងពីរ គេត្រូវរត់ឲ្យបានលឿនបន្តិច ហើយគេត្រូវធ្វើនៅលើភ្នំសហ្វា ដូចអ្វីដែលគេបានធ្វើនៅលើភ្នំម៉ារវ៉ះដែរ។ ពោលគឺគេត្រូវធ្វើបែបនេះ រហូតដល់គ្រប់ប្រាំពីរជុំ។ ពេលទៅ រាប់ថាមួយជុំ ហើយពេលត្រឡប់មកវិញ រាប់ថាមួយជុំទៀត។ ក្នុងពេលសាអ៊ី ស៊ូណិតបង្កើននូវការហ្ស៊ីកៀរ និងសុំទូអា ហើយត្រូវសាអ៊ីដោយភាពជ្រះស្អាតពីហាហ្ទាសទាំងពីរ គឺហាហ្ទាសតូច(ត្រូវមានទឹកវូហ្ទុ) និងហាហ្ទាសធំ(ងូតទឹកជូនុបរួច)។
នៅពេលដែលអ្នកធ្វើ់អ៊ុមរ៉ោះបានសាអ៊ីរួចរាល់ គេត្រូវចាកចេញពីកន្លែងសាអ៊ី រួចទៅកន្លែងកាត់សក់ដើម្បីកាត់ ឬកោរសក់របស់ខ្លួន។ តែការកោរ គឺប្រសើរជាង។