ផ្នែកបច្ចុប្បន្ន model:
មេរៀន បម្រាមទាំងឡាយនៃអៀហរ៉ម
បម្រាមទាំងឡាយរបស់អៀហរ៉ម
គឺជាប្រការដែលគេហាមឃាត់ចំពោះអ្នកដែលស្ថិតក្នុងតំណមអៀហរ៉មហាជ្ជី ឬអ៊ុមរ៉ោះមិនឲ្យប្រព្រឹត្តវា។
បម្រាមទាំងឡាយរបស់អៀហរ៉មចែកចេញជាបីប្រភេទ
បម្រាមរបស់អៀហរ៉មដែលគេហាមឃាត់ទាំងចំពោះបុរស និងចំពោះស្រ្តី
បម្រាមរបស់អៀហរ៉មដែលគេហាមឃាត់ចំពោះតែបុរស
បម្រាមរបស់អៀហរ៉មដែលគេហាមឃាត់ចំពោះតែស្ត្រី
ជនណាដែលបានបំពានបម្រាមណាមួយក្នុងចំណោមបម្រាមទាំងនេះដោយភ្លេច ឬមិនដឹង ឬដោយបង្ខំ គឺគ្មានបញ្ហាអ្វីចំពោះគេឡើយ ដោយយោងតាមបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ "ហើយគ្មានទោសពៃរ៍អ្វីឡើយចំពោះពួកអ្នកនូវអី្វដែលពួកអ្នកបានធ្វើខុសនឹងវា លើកលែងតែចិត្ដរបស់ពួកអ្នកមានចេតនាប៉ុណ្ណោះ"។ (អាល់អះហ្សាប៖៥)។ ក៏ប៉ុន្តែ នៅពេលណាដែលគេនឹកឃើញ ឬបានដឹង ចាំបាច់លើគេត្រូវបញ្ឈប់ប្រការនោះភ្លាម។
ជនណាដែលបានបំពានបម្រាមណាមួយក្នុងចំណោមបម្រាមទាំងនេះដោយចេតនាដោយមានមូលហេតុស្របច្បាប់ គឺចាំបាច់លើគេត្រូវទទួលការពិន័យ ហើយគ្មានទោសពៃរ៍អ្វីចំពោះគេឡើយ។
អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ "ហើយពួកអ្នកកុំទាន់កោរសក់ លុះត្រាតែសត្វជំនូនទៅដល់កន្លែងរបស់វា(កន្លែងសំឡេះ)សិន។ រីឯអ្នកណាក្នុងចំណោមពួកអ្នកមានជំងឺ ឬមានអ្វីធ្វើឱ្យឈឺចាប់នៅលើក្បាលរបស់គេ(គេអាចកោរសក់ឬគ្របក្បាលបាន) តែត្រូវទទួលពិន័យដោយការបួស(បីថ្ងៃ) ឬបរិច្ចាគទាន ឬសំឡេះ សត្វជំនូន(ពពែមួយក្បាល)។ ហើយនៅពេលដែលពួកអ្នកមាន សុវត្ថិភាព ហើយអ្នកបានធ្វើហាជ្ជីតាម៉ាត់តួក អ្នកនោះត្រូវសំឡេះ សត្វជំនូនណាមួយដែលងាយស្រួល។ តែបើអ្នកណាគ្មានលទ្ធភាព គឺត្រូវបួសរយៈពេលបីថ្ងៃនៅក្នុងខែធ្វើហាជ្ជី និងប្រាំពីរថ្ងៃទៀតនៅ ពេលដែលពួកអ្នកបានត្រឡប់មកវិញ(មកដល់កន្លែងរបស់ពួកគេ) ទាំងអស់នោះគឺគម្រប់ដប់ថ្ងៃ។ ការធ្វើដូចេ្នះ គឺសម្រាប់អ្នកណាដែល មិនមែនជាអ្នករស់នៅជុំវិញម៉ាស្ជិទហារ៉ម(ម៉ាក្កះ)។ ហើយចូរពួក អ្នកកោតខ្លាចអល់ឡោះ និងជ្រាបថា ពិតប្រាកដណាស់ អល់ឡោះជាអ្នកធ្វើទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត"។ (អាល់ហ្ពាក៏រ៉ោះ៖១៩៦)
ជនណាដែលបានបំពានបម្រាមណាមួយក្នុងចំណោមបម្រាមទាំងនេះដោយចេតនា និងដោយគ្មានមូលហេតុស្របច្បាប់ គឺចាំបាច់លើគេត្រូវទទួលការពិន័យ ថែមទាំងទទួលបាបកម្ម។