ផ្នែកបច្ចុប្បន្ន model:
មេរៀន ពាក្យបណ្តាំ និងកេរមរតក
និយមន័យពាក្យបណ្តាំ
ពាក្យបណ្តាំ គឺជាអ្វីដែលគេទាមទារឲ្យអ្នកដែលទទួលពាក្យបណ្តាំត្រូវបំពេញក្រោយពីអ្នកដែលធ្វើពាក្យបណ្តាំនោះបានទទួលមរណភាព ដូចជាគេបានផ្តាំផ្ញើឬធ្វើពាក្យបណ្តាំឲ្យចំណាយទ្រព្យរបស់គេក្នុងការកសាងម៉ាស្ជិតជាដើម។
ច្បាប់ឥស្លាមបង្គាប់ប្រើឲ្យជនមូស្លីមត្រូវធ្វើការផ្តាំផ្ញើ ឬសរសេរពាក្យបណ្តាំមុននឹងគេទទួលមរណភាពចំពោះកិច្ចការទាំងឡាយដែលពាក់ព័ន្ធនឹងទ្រព្យសម្បត្តិរបស់គេ។ ពិតណាស់ រ៉ស៊ូលុលឡោះ សល់ឡល់ឡហ៊ូអាឡៃហ៊ីវ៉ាសាល់ឡាំ លោកបានមានប្រសាសន៍ថា៖ "មិនមែនជាទង្វើរបស់អ្នកមានជំនឿឡើយដែលគាត់មានអ្វីត្រូវផ្ដាំផ្ញើ ហើយគាត់ទុកឲ្យរំលងពីរយប់ដោយមិនបានសរសេរបណ្ដាំនោះ"។ អ៊ិពនូអ៊ូមើរបាននិយាយថា៖ ចាប់តាំងពីពេលដែលខ្ញុំបានស្ដាប់ឮប្រសាសន៍របស់រ៉ស៊ូលុលឡោះដែលលោកបានមានប្រសាសន៍ដូចនោះរួច ខ្ញុំមិនបានទុកឲ្យយប់ណាមួយរំលងផុតទៅដោយមិនបានសរសេរនូវបណ្ដាំឡើយ។
នៅក្នុងគម្ពីរគួរអាន អល់ឡោះជាម្ចាស់ទ្រង់បានបង្គាប់ប្រើឲ្យបំពេញនូវពាក្យបណ្តាំ និងសងបំណុលឲ្យសពជាមុនសិន មុននឹងធ្វើការបែងចែកកេរមរតក។ ទ្រង់បានមានបន្ទូលអំពីមរតកថា៖ "បន្ទាប់ពីដកបណ្ដាំមរតករបស់សព ឬ បន្ទាប់ពីសងបំណុលរួច"។ (អាន់នីសាក៖១១)
ស្ថានភាពនៃពាក្យបណ្តាំ
ចំពោះពាក្យបណ្តាំ គឺមានច្រើនករណី ឬស្ថានភាព៖
១. ពាក្យបណ្តាំដែលជាកាតព្វកិច្ច(វ៉ាជិប)
នៅពេលណាដែលជនមូស្លីមមានជំពាក់បំណុលគេ ឬក៏សិទ្ធិទាំងឡាយដែលទាក់ទងនឹងទ្រព្យសម្បត្តិ តែគេពុំមានភស្តុតាងឯកសារអ្វីបញ្ជាក់ទេនោះ ចាំបាច់លើគេត្រូវធ្វើពាក្យបណ្តាំ ឬបណ្តាំផ្ញើដើម្បីឲ្យអ្នកដែលនៅរស់បំពេញនូវសិទ្ធិទាំងនោះជូនរូបគេ។ នេះក៏ព្រោះតែការសងបំណុល គឺជាប្រការវ៉ាជិប(កាតព្វកិច្ច) ហើយប្រការវ៉ាជិបណាមួយដែលគេមិនអាចបំពេញវាបាន លុះត្រាតែមានប្រការមួយទៀតនោះ ប្រការដែលគេត្រូវការនោះ ក៏ជាប្រការវ៉ាជិបដែរ។
២. ពាក្យបណ្តាំដែលជាប្រការគួរគប្បី(ស៊ូណិត)
ពោលគឺការដែលអ្នកមូស្លីមបរិច្ចាគផ្នែកណាមួយនៃទ្រព្យសម្បត្តិរបស់ខ្លួនក្រោយពេលស្លាប់ទៅក្នុងផ្លូវសប្បុរស ដូចជាបរិច្ចាគទៅកាន់សាច់ញាតិរបស់ខ្លួនដែលក្រីក្រជាដើម។ វាមានលក្ខខណ្ឌច្រើនដូចជា៖
ក. ពាក្យបណ្តាំនោះ គឺពុំត្រូវផ្តល់ឲ្យនរណាម្នាក់ក្នុងចំណោមអ្នកដែលមានសិទ្ធិទទួលមរតកឡើយ ព្រោះអល់ឡោះជាម្ចាស់ទ្រង់បានបែងចែកចំណែកនៃកេរមរតកសម្រាប់ពួកគេរួចរាល់ហើយ។ ព្យាការី សល់ឡល់ឡហ៊ូអាឡៃហ៊ីវ៉ាសាល់ឡាំ លោកបានមានប្រសាសន៍ថា៖ "ពាក្យបណ្តាំ(បណ្តាំមរតក)ពុំមែនសម្រាប់អ្នកដែលមានសិទ្ធិទទួលមរតកឡើយ"។ (អាពូហ្ទាវូទ៖៣៥៦៥, តៀរមីហ្ស៊ី់៖២១២០, អ៊ិពនូម៉ាហ្ជះ៖២៧១៣)
ខ. ពាក្យបណ្តាំ ឬបណ្តាំមរតកនោះគួរតិចជាងមួយភាគបីនៃទ្រព្យសម្បត្តិដែលសពមាន តែគេអនុញ្ញាតត្រឹមមួយភាគបី ហើយមិនត្រូវឲ្យលើសពីមួយភាគបីនៃទ្រព្យសម្បត្តិដែលសពមានឡើយ។ នៅពេលដែលសហាហ្ពាត់ម្នាក់របស់ព្យាការីចង់ធ្វើបណ្តាំមរតកច្រើនជាងមួយភាគបីនៃទ្រព្យសម្បត្តិដែលគាត់មាន ព្យាការី សល់ឡល់ឡហ៊ូអាឡៃហ៊ីវ៉ាសាល់ឡាំ លោកបានហាមឃាត់ ហើយលោកបានមានប្រសាសន៍ថា៖ "(អាចធ្វើបានត្រឹម)មួយភាគបី ហើយមួយភាគបីនេះ ជាចំនួនច្រើនបំផុតហើយ"។ (ពូខរី៖២៧៤៤, មូស្លីម៖១៦២៨)
គ. អ្នកដែលធ្វើបណ្តាំមរតកនោះ ជាអ្នកមាន និងបានបន្សល់ទុកនូវទ្រព្យសម្បត្តិសម្រាប់ចែកកេរមរតក។ ពិតណាស់ ព្យាការី សល់ឡល់ឡហ៊ូអាឡៃហ៊ីវ៉ាសាល់ឡាំ លោកបានមានប្រសាសន៍ទៅកាន់សហាហ្ពាត់របស់លោក សាអាត់ ពិន អាពីវ៉ាក័ស រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូ នៅពេលដែលគាត់ចង់ធ្វើបណ្តាំមរតកថា៖ "ពិតណាស់ ការទុកឲ្យអ្នកស្នងមរតកបន្តពីអ្នកក្លាយ ជាអ្នកមាន ល្អប្រសើរជាងអ្នកទុកឲ្យពួកគេក្លាយជាអ្នកក្រសុំទានពីអ្នកដទៃ"។ (ពូខរី៖១២៩៥, មូស្លីម៖១៦២៨)
៣. ពាក្យបណ្តាំដែលមិនគួរធ្វើ(ម៉ាក្រុះ)
គឺនៅពេលណាដែលទ្រព្យសម្បត្តិរបស់អ្នកធ្វើបណ្តាំនោះមានតិច ហើយអ្នកដែលមានសិទ្ធិទទួលមរតកពីគាត់ គឺជាអ្នកដែលមានតម្រូវការចាំបាច់ ព្រោះថាការធ្វើដូចនោះ នាំឲ្យប៉ះពាល់ដល់អ្នកដែលមានសិទ្ធិទទួលមរតក។ ហេតនេះហើយទើប រ៉ស៊ូលុលឡោះ សល់ឡល់ឡហ៊ូអាឡៃហ៊ីវ៉ាសាល់ឡាំ លោកបានមានប្រសាសន៍ទៅកាន់ សាអាត់ រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូ ថា៖ "ជាការពិតណាស់ ការទុកឲ្យអ្នកស្នងមរតកបន្តពីអ្នកក្លាយជាអ្នកមាន ល្អប្រសើរជាងអ្នកទុកឲ្យពួកគេក្លាយជាអ្នកក្រសុំទានពីអ្នកដទៃ"។ (ពូខរី៖១២៩៥, មូស្លីម៖១៦២៨)
៤. ពាក្យបណ្តាំដែលគេហាមឃាត់(ហារ៉ាំ)
គឺជាពាក្យបណ្តាំទាំងឡាយដែលផ្តាំផ្ញើឲ្យអ្នកនៅរស់បំពេញនូវប្រការណាមួយដែលច្បាប់ឥស្លាមបានហាមឃាត់ ដូចជាការធ្វើបណ្តាំមរតកសម្រាប់នរណាម្នាក់ក្នុងចំណោមអ្នកដែលមានសិទ្ធិទទួលមរតក ដូចជាកូនប្រុសច្បង ឬប្រពន្ធរបស់សព ឬក៏ផ្តាំផ្ញើអ្នកនៅរស់ឲ្យសាងសង់សំណង់អ្វីមួយនៅលើផ្នូររបស់ខ្លួនក្រោយពេលស្លាប់ជាដើម។
បរិមាណបណ្តាំមរតកដែលច្បាប់ឥស្លាមបង្គាប់ប្រើ
គេអនុញ្ញាតឲ្យធ្វើបណ្តាំមរតកត្រឹមមួយភាគបីនៃទ្រព្យសម្បត្តិរបស់សព ហើយគេមិនអនុញ្ញាតឲ្យបន្ថែមលើសពីមួយភាគបីនេះឡើយ។ តែជាការប្រសើរ គប្បីតិចជាងមួយភាគបី។ ពិតណាស់ នៅពេលដែល សាអាត់ ពិន អាពីវ៉ាក័ស រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូ បានសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើខ្ញុំអាចធ្វើបណ្តាំមរតកនូវទ្រព្យសម្បត្តិរបស់ខ្ញុំទាំងអស់បានដែរឬទេ"? លោកបានឆ្លើយថា៖ "មិនបានទេ"។ ខ្ញុំបានសួរទៀតថា៖ តើពាក់កណ្តាលបានដែរឬទេ? លោកបានឆ្លើយថា៖ "មិនបានទេ"។ ខ្ញុំក៏បានសួរទៀតថា៖ ចុះមួយភាគបី តើបានដែរឬទេ"? លោកបានឆ្លើយថា៖ "មួយភាគបី គឺបាន ហើយវាជាចំនួនច្រើនបំផុត(ដែលអ្នកអាចបរិច្ចាគបាននៅក្នុងគ្រានេះ)។ ជាការពិតណាស់ ការទុកឲ្យអ្នកស្នងមរតកបន្តពីអ្នកក្លាយជាអ្នកមាន ល្អប្រសើរជាងអ្នកទុកឲ្យពួកគេក្លាយជាអ្នកក្រសុំទានពីអ្នកដទៃ"។ (ពូខរី៖២៧៤២)
ច្បាប់អនុញ្ញាតឲ្យធ្វើបណ្តាំមរតកលើសពីមួយភាគបីនៃទ្រព្យសម្បត្តិទាំងអស់របស់គេ ប្រសិនបើគេគ្មានអ្នកដែលទទួលមរតកពីគេ។
ច្បាប់នៃការអនុវត្តតាមពាក្យបណ្តាំ
ការអនុវត្តតាមពាក្យបណ្តាំ គឺជាកាតព្វកិច្ច(វ៉ាជិប)។ អ្នកដែលសពបានផ្តែផ្តាំ នឹងត្រូវទទួលបាបកម្ម ប្រសិនបើគេមិនបានអនុវត្តតាមពាក្យបណ្តាំរបស់សពទេនោះ នៅពេលណាដែលបណ្តាំនោះមានភាពស្របច្បាប់ ដោយយោងតាមបន្ទូរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ "ដូចេ្នះ ជនណាបានកែប្រែបណ្ដាំ(របស់សព) ក្រោយពីបានឮបណ្ដាំនោះ ពិតប្រាកដណាស់ ទោសកំហុសនេះនឹងធ្លាក់ទៅលើពួកដែលកែប្រែវា។ ពិតប្រាកដណាស់ អល់ឡោះមហាឮ មហាដឹង"។ (អាល់ហ្ពាក៏រ៉ោះ៖១៨១)
នៅពេលដែលមនុស្សម្នាក់ស្លាប់ គឺគេលែងក្លាយជាម្ចាស់កម្មសិទ្ធិនៃទ្រព្យសម្បត្តិដែលខ្លួនរកបាននៅក្នុងពេលដែលគេនៅមានជីវិតទៀតហើយ។ ជាការពិតណាស់ សាសនាឥស្លាមបានបញ្ញត្តិច្បាប់សម្រាប់ពួកយើងធ្វើការបែងចែកកេរមតកនោះ និងផ្តល់វាទៅឲ្យអ្នកដែលមានសិទ្ធិទទួល ក្រោយពីគេបានសងបំំណុលសព និងបំពេញនូវបណ្តាំផ្ញើរបស់សពរួចរាល់។
ជាការពិតណាស់ គម្ពីរគួរអាន និងស៊ុណ្ណះរ៉ស៊ូលុលឡោះ សល់ឡល់ឡហ៊ូអាឡៃហ៊ីវ៉ាសាល់ឡាំ បានបញ្ជាក់យ៉ាងច្បាស់ដល់យើងទាំងអស់គ្នាពីវិធីសាស្ត្រក្នុងការបែងចែកកេរមតក ដើម្បីកុំឲ្យកើតមាននូវបាតុភាពណាមួយរវាងអ្នកដែលមានសិទ្ធិទទួលមរតកទាំងនោះ ព្រោះថា អ្នកដែលកាត់សេចក្តីក្នុងរឿងមរតកនេះ គឺអល់ឡោះជាម្ចាស់ដែលជាអ្នកកាត់សេចក្ដីដ៏ប្រសើរបំផុតក្នុងចំណោមអ្នកកាត់សេចក្ដីទាំងឡាយ។ ដូចនេះ គេមិនអនុញ្ញាតឲ្យនរណាម្នាក់កែប្រែ ឬផ្លាស់ប្តូររបៀបឬវិធីសាស្ត្រក្នុងការបែងចែកកេរមតកនេះដោយសំអាងលើភាពខុសគ្នានៃទំនៀមទម្លាប់មនុស្សនៅក្នុងសង្គមផ្សេងៗគ្នានោះឡើយ។ អាស្រ័យហេតុនេះហើយទើបអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលបន្ទាប់ពីបានលើកឡើងនូវវាក្យខណ្ឌដែលទាក់ទងនឹងកេរមរតករួចថា៖ "ទាំងនេះគឺជាច្បាប់របស់អល់ឡោះ។ អ្នកណាដែលប្រតិបត្ដិតាមអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ អល់ឡោះនឹងបញ្ចូលគេទៅក្នុងឋានសួគ៌ដែលមានទនេ្លជាច្រើនហូរពីក្រោមវា ដោយពួកគេនៅក្នុងនោះជាអមតៈ។ ហើយនោះគឺជាជោគជ័យមួយដ៏ធំធេង"។ (អាន់នីសាក៖១៣)
ហើយចំពោះកូនចៅ និងសាច់ញាតិរបស់សព គប្បីត្រឡប់ទៅរកអ្នកចេះដឹងឥស្លាមដើម្បីដឹងពីរបៀប ឬវិធីសាស្ត្រនៃការបែងចែកកេរមរតកស្របតាមច្បាប់បញ្ញត្តិឥស្លាមឲ្យបានលម្អិត ព្រមទាំងត្រូវចៀសវាងពីជម្លោះ និងការឈ្លោះប្រកែកគ្នាទាក់ទងនឹងបញ្ហាទ្រព្យសម្បត្តិនេះ។