ផ្នែកបច្ចុប្បន្ន model:
មេរៀន សិទ្ធិរបស់កូនៗ
អល់ឡោះជាម្ចាស់ទ្រង់បានដាក់នៅក្នុងដួងចិត្តឪពុកម្តាយគ្រប់រូបនូវក្តីប្រាថ្នាចង់មានកូនចៅបន្តពូជពង្សដែលល្អ ហើយនេះ ក៏ធ្លាប់ជាក្តីប្រាថ្នារបស់ឪពុកយើង ព្យាការី អាហ្ទាំ និងភរិយារបស់គាត់(ហាវ៉ា)ផងដែរ។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “អល់ឡោះជាអ្នកដែលបានបង្កើតពួកអ្នកមកពីមនុស្សតែមួយគត់(អាហ្ទាំ) ហើយទ្រង់បានបង្កើតចេញពីគាត់នូវភរិយារបស់គាត់(ហាវ៉ា)ដើម្បីឱ្យគាត់មានភាពរីករាយរស់នៅជាមួយនាង។ នៅពេលគាត់បានរួមភេទជាមួយនាង នាងក៏មានផ្ទៃពោះដ៏ស្រាល ហើយនាងបន្ដពពោះនោះ។ នៅពេលផ្ទៃពោះនោះមានសភាពធ្ងន់ គេទាំងពីរក៏បានបួងសួងសុំពីអល់ឡោះដែលជាម្ចាស់របស់ពួកគេទាំងពីរថា៖ ពិតប្រាកដណាស់ ប្រសិនបើទ្រង់ប្រទានឱ្យពួកយើងនូវកូនដ៏ល្អម្នាក់នោះ ពួកយើងពិតជានឹងក្លាយទៅជាអ្នកដែលស្ថិតក្នុងចំណោមអ្នកដែលដឹងគុណជាមិនខាន”។ (អាល់អាក់រ៉ហ្វ៖១៨៩)។ ការទទួលបាននូវក្តីប្រាថ្នានេះ គឺជាក្តីសប្បុរស និងជាការប្រោសប្រទានពីអល់ឡោះជាម្ចាស់ដ៏មហាឧត្តុង្គឧត្តមដែលទាមទារនូវការដឹងគុណជានិច្ចចំពោះឧបការគុណមួយនេះ។
សាសនាឥស្លាមបានយកចិត្តទុកដាក់ពីបញ្ហាកូនចៅ និងអ្វីដែលទាក់ទងនឹងវា ហើយអ្វីដែលបង្ហាញដូចនេះ គឺពាក្យបន្ទូលរបស់អល់ឡោះជាម្ចាស់នៅក្នុងគម្ពីរគួរអានដែលនិយាយអំពីកូនចៅ និងពរជ័យនៃការទទួលបានកូន គឺត្រូវបានលើកឡើងបន្ទាប់ពីការនិយាយអំពីអំណាចនៃការគ្រប់គ្រងរបស់អល់ឡោះជាម្ចាស់ចំពោះមេឃា និងផែនដី។ ទ្រង់បានមានបន្ទូលថា៖ “អំណាចនៅលើមេឃជាច្រើនជាន់ និងផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ទ្រង់បង្កើតអ្វីតាមតែទ្រង់មានចេតនា។ ទ្រង់ប្រទានឱ្យមានតែកូនស្រីចំពោះជនណាដែលទ្រង់មានចេតនា ហើយទ្រង់ក៏ប្រទានឱ្យមានតែកូនប្រុសចំពោះជនណាដែលទ្រង់មានចេតនាដែរ។ ឬទ្រង់ប្រទានឱ្យពួកគេមានទាំងកូនប្រុសទាំងកូនស្រី ហើយទ្រង់ក៏ធ្វើឱ្យអ្នកណាម្នាក់គ្មានកូនតាមតែទ្រង់មានចេតនាដែរ។ ពិតប្រាកដណាស់ ទ្រង់មហាដឹង មហាមានអានុភាព”។ (អាសស្ហ៊ូរ៉៖៤៩-៥០)។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានចាត់ទុកកូនចៅ គឺជាចំណែកមួយនៃគ្រឿងលម្អនៃឆាកជីវិតលោកិយ។ ទ្រង់បានមានបន្ទូលថា៖ “ទ្រព្យសម្បត្ដិនិងកូនចៅ គឺជាគ្រឿងលម្អនៃជីវិតលោកិយ”។ (អាល់កះហ្វី៖៤៦)
ច្បាប់បញ្ញត្តិឥស្លាមបានផ្តល់នូវសារៈសំខាន់យ៉ាងខ្លាំងដល់កូនៗ និងការអប់រំពួកគេ ព្រោះពួកគេ គឺទំពាំងស្នងឫស្សីនាពេលអនាគត។ ជាមួយនឹងភាពសុចរិតរបស់ពួកគេ នោះការគោរពប្រតិបត្តិរបស់គេចំពោះអល់ឡោះនៅតែបន្តនៅលើផែនដី និងសម្រេចបានតាមអ្វីដែលអល់ឡោះពេញចិត្ត។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ឱបណ្ដាអ្នកដែលមានជំនឿទាំងឡាយ! ចូរពួកអ្នកការពារខ្លួនប្រាណរបស់ពួកអ្នក និងក្រុមគ្រួសាររបស់ពួកអ្នកឱ្យផុតពីភ្លើងនរក ដែលវត្ថុសម្រាប់ដុតវានោះ គឺមនុស្សនិងដុំថ្ម”។ (អាត់តះរីម៖៦)។ អាលី រទអ បានបកស្រាយថា៖ “ពោលគឺត្រូវបង្រៀនពួកគេ និងអប់រំពួកគេឲ្យមានសីលធម៌ល្អ”។ ព្យាការី ﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាដែលចិញ្ចឹមបីបាច់ថែរក្សាកូនស្រីពីរនាក់រហូតដល់ពួកនាងពេញវ័យ នៅថ្ងៃបរលោក ខ្ញុំនឹងគេគឺដូចជាម្រាមពីរនេះ”។ លោកបានដាក់ផ្ទឹមម្រាមដៃរបស់លោក(ដើម្បីជាការពន្យល់)។ (មូស្លីម៖២៦៣១)
សិទ្ធិរបស់កូនៗទៅលើឪពុក
សិទ្ធិទាំងនេះរួមមាន ការផ្តល់ទីជម្រក ចំណីអាហារ សម្លៀកបំពាក់ ការថែទាំសុខភាព និងការផ្គត់ផ្គង់នូវតម្រូវការដែលបានបញ្ញត្តិដោយច្បាប់ឥស្លាម។ សិទ្ធិទាំងនេះ គឺជាកាតព្វកិច្ចលើឪពុក ប្រសិនបើឪពុកមានលទ្ធភាព។
ក្នុងចំណោមសិទ្ធិអរូបីដ៏ធំធេងបំផុតដែលចាំបាច់លើឪពុកម្តាយត្រូវផ្តល់ឲ្យកូនៗនោះ គឺត្រូវចិញ្ចឹមបីបាច់ពួកគេឲ្យបានល្អដោយផ្អែកលើមូលដ្ឋានត្រឹមត្រូវនៃសាសនា ដោយត្រូវបង្រៀនពួកគេនូវគម្ពីរគួរអានុលការីម និងស៊ុណ្ណះដ៏ត្រឹមត្រូវរបស់ព្យាការី, បង្រៀនពួកគេពីជីវប្រវត្តិរបស់ព្យាការី សអវ និងអប់រំពួកគេតាមការប្រៀនប្រដៅរបស់សាសនាឥស្លាម ដោយអនុវត្តនូវបទបញ្ជាទាំងឡាយដែលឥស្លាមបានបង្គាប់ប្រើ និងបោះបង់ចោលនូវអ្វីដែលឥស្លាមបានហាមឃាត់ ព្រមទាំងប្រកាន់ខ្ជាប់នូវសីលធម៌ សុជីវធម៌ដែលមាននៅក្នុងសាសនាឥស្លាម។ ទាំងអស់នេះ គឺស្ថិតនៅក្រោមម្លប់នៃការលើកតម្កើងអល់ឡោះជាម្ចាស់ និងក្តីស្រឡាញ់របស់ទ្រង់ ក៏ដូចជាក្តីស្រឡាញ់របស់ព្យាការីទ្រង់ សាសនារបស់ទ្រង់ និងច្បាប់បញ្ញត្តិរបស់ទ្រង់។
ការមានភាពទន់ភ្លន់ចំពោះកូនៗមានឥទ្ធិពលយ៉ាងខ្លាំងលើការចិញ្ចឹមបីបាច់ពួកគេ និងបង្កើនសមត្ថភាពរបស់ពួកគេក្នុងការយល់ឃើញនូវអ្វីដែលប្រសើរ តែត្រូវប្រាកដថាមិនត្រូវទន់ភ្លន់ ឬបណ្តោយហួសពេក ដែលធ្វើឱ្យប៉ះពាល់ដល់អាកប្បកិរិយារបស់ពួកគេនៅក្នុងជីវិតរស់នៅពេលក្រោយឡើយ។ ហើយការខ្វះក្តីមេត្តាករុណានិងភាពទន់ភ្លន់ចំពោះកូនៗ ការមានទំនាក់ទំនងជាមួយពួកគេប្រកបដោយភាពគ្រោតគ្រាត ឃោរឃៅ ឬបង្ហាញនូវភាពព្រងើយកន្តើយចំពោះពួកគេ អាចនាំឱ្យចិត្តគំនិតរបស់ពួកគេងងឹតស្លុប ពន្លត់នូវភាពវាងវៃនៅក្នុងខួរក្បាលរបស់ពួកគេ និងធ្វើឱ្យពួកគេមានភាពអកតញ្ញូ មិនស្តាប់បង្គាប់ និងបង្កឱ្យមាននូវរឿងអាក្រក់ផ្សេងៗ។
ក្នុងចំណោមសិទ្ធិអរូបីនេះដែរ គឺត្រូវផ្តល់បរិយាកាសនៃការគោរព ភាពស្ងប់ស្ងាត់ នឹងនរ និងក្តីស្រលាញ់ក្នុងគ្រួសារ។ ជាការពិតណាស់ ការឈ្លោះទាស់ទែងគ្នារវាងឪពុកម្តាយ ឬបងប្អូន គឺវាធ្វើឲ្យប៉ះពាល់ដល់អាកប្បកិរិយារបស់ក្មេង និងធ្វើឱ្យពួកគេស្ថិតក្នុងបរិយាកាសតានតឹង និងគុំគួន។
ក្នុងចំណោមសិទ្ធិអរូបីនេះផងដែរ គឺឪពុកម្តាយត្រូវយកចិត្តទុកដាក់លើការជ្រើសរើសមិត្តល្អ(កល្យាណមិត្ត)សម្រាប់កូនៗរបស់ខ្លួន ហើយមិនត្រូវអនុញ្ញាតឱ្យពួកគេទៅលាយឡំជាមួយមនុស្សដែលមានអាកប្បកិរិយាមិនល្អ ឬទម្លាប់ដែលគួរឲ្យស្អប់ខ្ពើមនោះទេ ព្រោះថាការធ្វើបែបនេះ គឺប៉ះពាល់ដល់អាកប្បកិរិយារបស់ពួកគេ និងធ្វើឲ្យអាកប្បកិរិយាមិនល្អត្រូវបានចម្លងពីអ្នកដទៃមកពួកគេ។
ឪពុកម្តាយគប្បីពិនិត្យមើលស្ថានភាពរបស់កូនប្រុសស្រីរបស់ខ្លួន និងតាមដានអាកប្បកិរិយា និងសកម្មភាពរបស់ពួកគេ ហើយធ្វើអន្តរាគមន៍តាមរយៈការឲ្យដំបូន្មាន ណែនាំ និងចង្អុលបង្ហាញនៅពេលណាដែលកាលៈទេសៈតម្រូវ។ ប៉ុន្តែត្រូវមានកម្រិតសមល្មម ដោយមិនត្រូវធ្វើការណែនាំ ឬចង្អុលបង្ហាញបន្តបន្ទាប់គ្នានោះទេ ហើយក៏មិនគួរណែនាំគ្រប់បញ្ហាទាំងតូច ទាំងធំនោះដែរ ព្រោះថាការធ្វើដូចនេះអាចធ្វើកូនៗមានការធុញទ្រាន់ក្នុងការស្តាប់ ឬធ្វើតាមការណែនាំនោះ។ ដូច្នេះ ឪពុកម្តាយគប្បីជ្រើសរើសពេលវេលា និងវិធីសាស្ត្រសមស្របសម្រាប់ផ្តល់ការណែនាំ និងការចង្អុលបង្ហាញដល់កូនៗរបស់ខ្លួន។