ផ្នែកបច្ចុប្បន្ន model:
មេរៀន ភាពឃូសុ(ស្មឹងស្មាធ)នៅក្នុងសឡាត
វាគឺជាធាតុពិត និងជាខ្លឹមសារនៃការសឡាត និងខ្លឹមសាររបស់វា។ មានន័យថា អ្នកដែលសឡាតត្រូវដាក់ចិត្តរបស់គេនៅចំពោះមុខអល់ឡោះនៅក្នុងសឡាតដោយបន្ទាបខ្លួន ឱនលំទោន ព្រមទាំងមានយល់ដឹងនូវអ្វីដែលខ្លួនកំពុងសូត្រនៃបណ្តាអាយ៉ាត់ ការទូអាបួងសួង និងការហ្ស៊ីកៀរ រឮកទៅចំពោះអល់ឡោះជាម្ចាស់។
ភាពឃូសុ(ស្មឹងស្មាធ)នៅក្នុងសឡាត គឺជាការគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់)ដ៏ប្រសើរបំផុតមួយ និងជាការគោរពប្រតិបត្តិដ៏ឧត្ដុង្គឧត្ដមបំផុតមួយ។ ហេតុនេះហើយទើបអល់ឡោះជាម្ចាស់ទ្រង់បានបញ្ជាក់នៅក្នុងគម្ពីរបស់ទ្រង់ថា ពិតណាស់ វាគឺជាលក្ខណៈសម្បត្តិរបស់អ្នកមានជំនឿទាំងឡាយ ដូចដែលទ្រង់បានមានបន្ទូលថា៖ “បណ្ដាអ្នកដែលមានជំនឿពិតជាទទួលបានជោគជ័យ គឺបណ្ដាអ្នកដែលមានចិត្ដនឹងនរ(ឃូសុ)ក្នុងការប្រតិបត្ដិសឡាតរបស់ពួកគេ”។ (អាល់មុមីនូន៖១-២)
ជនណាដែលមានភាពឃូសុនៅក្នុងសឡាត គឺរូបគេពិតជាបានភ្លក់រស់ជាតិដ៏ផ្អែមល្ហែមនៃការគោរពសក្ការៈ និងសេចក្តីជំនឿ។ ហេតុនេះហើយទើបរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ «ការសឡាតបានធ្វើឱ្យភ្នែកខ្ញុំត្រជាក់» (អានណាសាអ៊ី៖ ៣៩៤០)។ ភាពត្រជាក់នៃភ្នែក គឺមានន័យថា ជាសេចក្តីអំណរ សុភមង្គល សេចក្តីស្រលាញ់ រីករាយបំផុត។
មធ្យោបាយនានាដែលជួយឲ្យមានភាពឃូសុនៅក្នុងសឡាត
តាមរយៈការរួសរាន់ធ្វើដំណើទៅសឡាតនៅម៉ាស្ជិត ចំពោះបុរស ហើយធ្វើនូវប្រការស៊ូណិតទាំងឡាយដែលមានមុនសឡាត ស្លៀកសម្លៀកបំពាក់ដែលល្អស្អាតសមរម្យ និងដើរទៅកាន់សឡាតដោយភាពនឹងនរ ស្ងៀមស្ងាត់។
ដូចនេះ គេមិនត្រូវសឡាតនោះទេខណៈដែលនៅពីមុខគេមាននូវប្រការដែលនាំឲ្យមានការរំខានដល់រូបគេ ដូចជារូបភាព ឬក៏មានសំឡេងរំខានជាដើម មិនត្រូវសឡាតខណៈដែលគេត្រូវការចូលបន្ទប់ទឹក ឬពោះនៅឃ្លាន ឬស្រេកទឹកដោយសារមានម្ហូបអាហារ ឬទឹកត្រូវបានគេនាំមកដល់ -ល-។ ការធ្វើដូចនេះ គឺដើម្បីជម្រះសម្អាតចិត្តអ្នកសឡាតឲ្យមានភាពជ្រះស្រឡះ និងធ្វើខ្លួនឲ្យរវល់តែជាមួយនឹងកិច្ចការដ៏ធំធេងដែលនៅចំពោះមុខគេ នោះគឺការសឡាត និងការនិយាយសន្ទនាជាមួយនឹងព្រះជាម្ចាស់របស់គេ។
ពិតណាស់ ព្យាការី ﷺ លោកប្រតិបត្តិសឡាតដោយមានភាពនឹងនរនៅក្នុងពេលរូកុ និងពេលស៊ូជោតរបស់លោក រហូតទាល់តែឆ្អឹងទាំងឡាយត្រលប់មកកន្លែងដើមវវិញ។ លោកបានប្រើឲ្យអ្នកដែលសឡាតមិនល្អដោយឲ្យគេត្រូវមាននឹងនរនូវរាល់កាយវិការនៅក្នុងសឡាត ហើយលោកបានហាមមិនឲ្យសឡាតលឿនប្រៀបដូចមាន់ចឹកស្រូវឡើយ។
ព្យាការី ﷺ លោកបានមានប្រសាន៍ថា៖ “ចោរលួចដែលអាក្រក់ជាងគេបំផុត គឺអ្នកដែលលួចសឡាតរបស់ខ្លួន”។ ពួកគេបានសួរថា៖ “ឱអ្នកនាំសាររបស់អល់ឡោះ! តើគេលួចសឡាតរបស់គេយ៉ាងដូចម្តេចទៅ”? លោកបានឆ្លើយថា៖ “គឺគេមិនបានបំពេញរូកុ និងស៊ូជោតរបស់គេឲ្យបានល្អនោះទេ”។ (អះម៉ាត់៖២២៦៤២)។ អ្នកដែលមិនមានភាពនឹងនរនៅក្នុងសឡាតរបស់ខ្លួនទេនោះ គឺគេមិនអាចមានភាពឃូសុ(ស្មឹងស្មាធ)បានឡើយ ព្រោះថា ការសឡាតលឿន វាធ្វើឲ្យបាត់បង់ភាពឃូសុ ហើយការសឡាតដូចមាន់ចឹកស្រូវ គឺធ្វើឲ្យបាត់បង់ផលបុណ្យ។
ដោយគេត្រូវនឹកឃើញពីភាពធំធេង និងភាពឧត្តុង្គឧត្តមរបស់អ្នកដែលបង្កើត(អល់ឡោះ) ហើយនិងភាពតូចទាបនិងភាពទន់ខ្សោយរបស់ខ្លួន ហើយត្រូវនឹកឃើញថា ពិតណាស់ រូបគេកំពុងតែឈរនៅចំពោះមុខម្ចាស់របស់គេ សន្ទនាជាមួយទ្រង់ និងសុំទូអាបួងសួងអំពីទ្រង់ប្រកបដោយការបន្ទាបខ្លួន និងឱនលំទោនចំពោះទ្រង់ ហើយនឹកឃើញពីអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់បានរៀបចំសម្រាប់បណ្តាអ្នកមានជំនឿនៅថ្ងៃបរលោកនៃផលបុណ្យ ហើយនិងអ្វីដែលទ្រង់បានរៀបចំសម្រាប់ពួកពហុទេពនិយមនៃទណ្ឌកម្មនានា ព្រមទាំងនឹកឃើញដល់ការឈររបស់គេនៅចំពោះមុខអល់ឡោះជាម្ចាស់នៅថ្ងៃបរលោក។
ជាការពិតណាស់ នៅពេលដែលអ្នកសឡាតគិតឃើញដល់ និងនឹកឃើញថា ទ្រង់ស្តាប់ឮគេ ប្រទានដល់គេ និងឆ្លើយតបចំពោះគេនោះ គឺគេនឹងទទួលបាននូវភាពឃូស(ស្មឹងស្មាធ)អាស្រ័យទៅតាមកម្រិតនៃការគិតឃើញនោះ ហើយរូបគេគឺកៀកបំផុតក្នុងការចូលទៅក្នុងចំណោមអ្នកដែលអល់ឡោះជាម្ចាស់ទ្រង់កោតសរសើរពួកគេដោយបន្ទូលរបស់ទ្រង់ថា៖ “ហើយពិតប្រាកដណាស់ វា(សឡាត)ពិតជាមានការលំបាកយ៉ាងខ្លាំង លើកលែងតែចំពោះបណ្ដាអ្នកដែលឱនលំទោនកោតខ្លាចអល់ឡោះប៉ុណ្ណោះ។ គឺបណ្ដាអ្នកដែលជឿជាក់ថា ពិតប្រាកដណាស់ ពួកគេនឹងជួបម្ចាស់របស់ពួកគេ។ ហើយពិតប្រាកដណាស់ ពួកគេនឹងត្រូវវិលត្រឡប់ទៅកាន់ទ្រង់វិញ”។ (អាល់ហ្ពាក៏រ៉ោះ៖៤៥-៤៦)
ជាការពិតណាស់ គម្ពីរគួរអានត្រូវបានបញ្ចុះដើម្បីឲ្យមនុស្សត្រិះរិះពិចារណាពីអត្ថន័យរបស់វា។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “នេះគឺជាគម្ពីរដ៏មានពរជ័យដែលយើងបានបញ្ចុះវាឲ្យអ្នក ដើម្បីឲ្យពួកគេត្រិះរិះពិចារណាចំពោះអាយ៉ាត់ៗរបស់វា ហើយក៏ដើម្បីឲ្យបញ្ញាជនទាំងឡាយយកធ្វើជាមេរៀនផងដែរ”។ (ស៏ទ៖២៩)
តើគេអាចទទួលបានការត្រិះរិះពិចារណាពីអត្ថន័យនៃអ្វីដែលគេបានសូត្រដោយរបៀបណា?
គេមិនអាចទទួលបានការត្រិះរិះពិចារណាពីអត្ថន័យនៃអ្វីដែលគេបានសូត្រនោះទេ លើកលែងតែគេដឹងពីអត្ថន័យនៃអ្វីដែលកំពុងសូត្រនៃបណ្តាអាយ៉ាត់ ហ្ស៊ីកៀរ និងពាក្យទូអាបួងសួងផ្សេងៗ។ ដូច្នេះ នៅពេលដែលគេដឹងពីអត្ថន័យរបស់វា គឺគេអាចឆ្លុះបញ្ចាំងពីស្ថានភាពរបស់គេ និងជំហររបស់គេផងដែរ ដែលជាហេតុធ្វើឲ្យគេមានភាពឃូសុ(ស្មឹងស្មាធ) បន្ទាបខ្លួន និងទទួលឥទ្ធិពលពីអ្វីដែលគេកំពុងសូត្រ ហើយជួនកាលអាចធ្វើឲ្យភ្នែករបស់គេស្រក់ទឹកភ្នែកផងដែរ និងគ្មានអាយ៉ាត់ណាមួយដែលគេសូត្រដោយមិនទទួលឥទ្ធិពលពីវានោះឡើយ ដូចដែលអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “និងបណ្ដាអ្នកដែលនៅពេលពួកគេត្រូវបានគេរំលឹកនូវអាយ៉ាត់ៗនៃម្ចាស់របស់ពួកគេ ពួកគេមិនបានធ្វើគ និងធ្វើថ្លង់ ចំពោះវាឡើយ”។ (អាល់ហ្វួរកន៖៧៣)