បន្តរៀន

អ្នកមិនបានចុះឈ្មោះចូលទេ
ចុះឈ្មោះឥឡូវនេះក្នុងវេបសាយ(តាក)ដើម្បីតាមដានភាពល្អប្រសើររបស់អ្នក ប្រមូលពិន្ទុ និងការចូលរួមក្នុងការប្រកួតប្រជែង បន្ទាប់ពីមានការចុះឈ្មោះរួចហើយ អ្នកនឹងទទួលបានវិញ្ញាបនបត្រអ៊ីនធឺណិតក្នុងប្រធានបទដែលអ្នកសិក្សាវា

ផ្នែកបច្ចុប្បន្ន model:

មេរៀន ជំនឿចំពោះថ្ងៃបរលោក

ថ្ងៃបរលោក គឺជាថ្ងៃដែលអល់ឡោះជាម្ចាស់បង្កើតមនុស្សឲ្យរស់ឡើងវិញចេញពីផ្នូរ។ បន្ទាប់មក ទ្រង់ជំនុំជម្រះពួកគេ និងតបស្នងដល់ពួកគេចំពោះទង្វើទាំងឡាយរបស់ពួកគេ។ ហើយជំនឿចំពោះថ្ងៃបរលោក គឺជាគោលគ្រឹះមួយក្នុងចំណោគោលគ្រឹះនៃជំនឿ។ នៅក្នុងមេរៀននេះ អ្នកនឹងសិក្សាពីចំណុចសំខាន់មួយចំនួនដែលទាក់ទងនឹងថ្ងៃបរលោកនេះ។

  • ដឹងពីអត្ថន័យនៃថ្ងៃបរលោក និងគតិបណ្ឌិតចំពោះវត្តមាននៃថ្ងៃនេះ
  • ដឹងពីសញ្ញាសម្គាល់មួយចំនួននៃថ្ងៃបរលោក
  • ដឹងពីចំណុចសំខាន់មួយចំនួនទាក់ទងនឹងថ្ងៃបរលោក

count: ចំនួនសិស្សផ្សេងទៀតដែលបានបញ្ចប់មេរៀននេះ។

និយមន័យជំនឿចំពោះថ្ងៃបរលោក

គឺការជឿជាក់យ៉ាងដាច់ខាតថា ពិតណាស់អល់ឡោះនឹងបង្កើតមនុស្សឲ្យរស់ឡើងវិញចេញពីផ្នូរ បន្ទាប់មក ជំនុំជម្រះពួកគេ និងតបស្នងដល់ពួកគេចំពោះទង្វើទាំងឡាយរបស់ពួកគេ(ដែលបានសាងនៅក្នុងលោកិយ) ដើម្បីឲ្យក្រុមអ្នកឋានសួគ៌បានស្ថិតនៅកន្លែងរបស់ពួកគេ គឺឋានសួគ៌ ចំណែកឯក្រុមអ្នកឋាននរក បានស្ថិតនៅកន្លែងរបស់ពួកគេដូចគ្នាដែរ គឺឋាននរក។ ហើយជំនឿចំពោះថ្ងៃបរលោក គឺជាគោលគ្រឹះមួយក្នុងចំណោគោលគ្រឹះនៃជំនឿ(រូកុនអ៊ីម៉ាន់)។ ដូច្នេះ ជំនឿរបស់គេមិនត្រឹមត្រូវឡើយ លុះត្រាតែគេមានជំនឿនឹងថ្ងៃបរលោក។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ប៉ុន្ដែអំពើល្អនោះ គឺជនណាដែលមានជំនឿលើអល់ឡោះ និងថ្ងៃបរលោក”។ (អាល់ហ្ពាក៏រ៉ោះ៖១៧៧)

តើអ្វីទៅជាថ្ងៃបរលោក?

ថ្ងៃបរលោក វាជាថ្ងៃដែលអល់ឡោះជាម្ចាស់ទ្រង់ធ្វើឱ្យមនុស្សរស់ឡើងវិញម្តងទៀតដើម្បីជំនុំជម្រះ និងផ្តល់ការតបស្នង ហើយមនុស្សលោកស្ថិតនៅកន្លែងរបស់ពួកគេនៅក្នុងឋានសួគ៌ ឬឋាននរក។ គេឲ្យឈ្មោះវាថា ថ្ងៃបរលោក ឬថ្ងៃចុងក្រោយ ដោយសារគ្មានថ្ងៃណាបន្ទាប់ពីថ្ងៃនោះទៀតទេ។ ចំពោះថ្ងៃបរលោក គឺមានឈ្មោះជាច្រើននៅក្នុងគម្ពីរគួរអាន និងស៊ុណ្ណះ។ គេឲ្យឈ្មោះថា ថ្ងៃគីយ៉ាម៉ាត់ដោយសារតែមានការកើតឡើងនូវព្រឹត្តិការណ៍ដ៏ធំធេងនៅថ្ងៃនោះ វាជាថ្ងៃដែលមនុស្សលោកត្រូវឈររង់ចាំព្រះជាម្ចាស់នៃពិភពទាំងអស់។ ហើយគេឲ្យឈ្មោះវាដែរថា ថ្ងៃបញ្ចប់ ថ្ងៃកាត់សេចក្តី ថ្ងៃជំនុំជម្រះ និងមានឈ្មោះជាច្រើនផ្សេងទៀត។

ហេតុអ្វីបានជាគម្ពីរគួរអានសង្កត់ធ្ងន់ចំពោះជំនឿនឹងថ្ងៃបរលោក?

គម្ពីរគួរអានបានសង្កត់ធ្ងន់ចំពោះជំនឿនឹងថ្ងៃបរលោក និងបានដាស់រំឮកពីថ្ងៃនោះនៅគ្រប់កន្លែងដែលសមស្របទាំងអស់ ហើយបានបញ្ជាក់ពីការកើតឡើងយ៉ាងពិតប្រាកដនៃថ្ងៃនោះ តាមរយៈឃ្លាផ្សេងៗនៅក្នុងភាសាអារ៉ាប់ ព្រមទាំងបានភ្ជាប់ជំនឿចំពោះថ្ងៃបរលោកទៅនឹងជំនឿចំពោះអល់ឡោះជាម្ចាស់នៅក្នុងកន្លែងជាច្រើនក្នុងគម្ពីរគួរអានដើម្បីបញ្ជាក់ពីសារៈសំខាន់របស់វា និងដើម្បីកុំឲ្យមនុស្សធ្វេសប្រហែស ភ្លេចភ្លាំងអំពីថ្ងៃនោះ ហើយនិងដើម្បីឲ្យពួកគេត្រៀមខ្លួនសម្រាប់ថ្ងៃនោះតាមរយៈសេចក្តីជំនឿ និងទង្វើកុសល។

ជំនឿចំពោះថ្ងៃបរលោក គឺជាផលដែលកើតចេញពីជំនឿចំពោះអល់ឡោះ និងជំនឿចំពោះភាពយុត្តិធម៌របស់ទ្រង់។ យើងនឹងបញ្ជាក់ជូនអ្នកដូចខាងក្រោម៖

ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនទទួលយកអំពើជិះជាន់ ការរំលោភបំពាន និងភាពអយុត្តិធម៌ឡើយ ហើយទ្រង់ក៏មិនទុកឲ្យអ្នកបំពាន ជិះជាន់គេរួចខ្លួនដោយគ្មានទណ្ឌកម្ម និងទុកឲ្យអ្នកដែលត្រូវគេបំពាន ជិះជាន់នោះមិនទទួលបាននូវភាពយុត្តិធម៌នោះដែរ។ ទ្រង់មិនទុកមនុស្សល្អឲ្យនៅទទេៗគ្មានផ្តល់ការតបស្នង និងរង្វាន់ ឬមិនផ្តល់ឲ្យបុគ្គលគ្រប់រូបនូវសិទ្ធិរបស់ពួកគេដែលត្រូវទទួលបាននោះដែរ។ យើងសង្កេតឃើញថា ក្នុងជីវិតលោកិយនេះ មានអ្នកដែលរស់នៅដោយប្រព្រឹត្តនូវអំពើអយុត្តិធម៌ ជិះជាន់គេ ហើយស្លាប់ទៅវិញ ក៏ក្នុងនាមជាជនដែលប្រព្រឹត្តអយុត្តិធម៌ ជិះជាន់គេដោយគ្មានទទួលទោសទណ្ឌអ្វីទាំងអស់។ ហើយមានអ្នកខ្លះទៀតដែលរស់នៅដោយទទួលរងនូវភាពអយុត្តិធម៌ ទទួលនូវការសង្កត់សង្កិន ជិះជាន់ពីអ្នកដទៃ ហើយស្លាប់ទៅវិញដោយភាពអយុត្តិធម៌ដោយមិនទទួលបាននូវសិទ្ធិរបស់ខ្លួនវិញឡើយ។ ដូចនេះ តើអ្វីទៅជាអត្ថន័យដែលថា អល់ឡោះជាម្ចាស់ទ្រង់មិនទទួលយកនូវភាពអយុត្តិធម៌នោះ? គឺមានន័យថា ចាំបាច់ត្រូវមានជីវិតមួយផ្សេងទៀតខុសពីជីវិតដែលយើងកំពុងតែរស់នៅនេះ និងត្រូវតែមានពេលវេលាមួយទៀតដើម្បីធ្វើការតបស្នងដល់អ្នកដែលធ្វើល្អ និងដាក់ទណ្ឌកម្មឬទោសទណ្ឌដល់អ្នកដែលធ្វើអាក្រក់ ហើយបុគ្គលគ្រប់រូបទទួលបាននូវសិទ្ធិរបស់ពួកគេមកវិញ។

សញ្ញាសម្គាល់ថ្ងៃបរលោក

ក្នុងចំណោមជំនឿចំពោះថ្ងៃបរលោកនោះដែរ គឺត្រូវជឿចំពោះសញ្ញាសម្គាល់ទាំងឡាយរបស់វា នោះគឺហេតុការណ៍នានាដែលកើតឡើងមុនថ្ងៃបរលោកមកដល់ដែលបង្ហាញប្រាប់អំពីការជិតមកនៃថ្ងៃនោះ។ សញ្ញាសម្គាល់ថ្ងៃបរលោកត្រូវបានបែងចែកជាពីរប្រភេទ៖

១. សញ្ញាតូច

គឺសញ្ញាទាំងឡាយដែលកើតមានមុនថ្ងៃបរលោកផ្សេងៗគ្នា ស្រមទៅតាមពេលវេលារបស់វា ក្នុងនោះមានដូចជា នៅពេលដែលអ្នកក្រខ្សត់គ្មានស្បែកជើង និងសម្លៀកបំពាក់ អ្នកគង្វាលចៀមប្រកួតប្រជែងគ្នាខាងគេហដ្ឋាន(មនុស្សវណ្ណៈទាបបំផុតក្លាយជាមេដឹកនាំ ហើយមានទ្រព្យសម្បត្តិច្រើន និងមានអំនួតធ្វើផ្ទះសំបែងយកល្អ និងខ្ពស់ជាងគ្នា) ដូចដែលមាននៅក្នុងហាទីស្ហជីព្រីល គាត់បានសួរទៅកាន់ព្យាការី សអវា ថា៖ “ចូរប្រាប់ខ្ញុំអំពីពេលវេលានៃថ្ងៃបរលោក? ព្យាការីបានឆ្លើយថា៖ “មិនមែនអ្នក ដែលត្រូវគេសួរសុទ្ធតែចេះជាងអ្នកសួរនោះទេ”។ គាត់បានសួរទៀតថា៖ “ចូរអ្នកប្រាប់ខ្ញុំអំពីសញ្ញាសម្គាល់របស់វា(ថ្ងៃបរលោក)”? ព្យាការីបានឆ្លើយថា៖ “នៅពេលដែលស្ត្រីជាទាសករគេប្រសូត្របានកូនជាចៅហ្វាយនាយរបស់នាង នៅពេលដែលអ្នកក្រខ្សត់គ្មានស្បែកជើង និងសម្លៀកបំពាក់ អ្នកគង្វាលចៀមប្រកួតប្រជែងគ្នាខាងគេហដ្ឋាន”។ (មូស្លីម៖៨)

២. សញ្ញាធំ

គឺជាហេតុការណ៍ដ៏ធំធេងដែលលេចឡើងនៅពេលដែលថ្ងៃបរលោកជិតកើតឡើង គឺសញ្ញាសម្គាល់ទាំងដប់ ដូចដែលមាននៅក្នុងហាទីស្ហ អំពី ហ៊ូហ្សៃហ្វះ ពិន អ៊ូសៃទ៍ ថា៖ “(មានពេលមួយ)ព្យាការី ﷺ បានលេចឡើងក្នុងចំណោមពួកយើងក្នុងពេលដែលពួកយើងកំពុងតែរំលឹកគ្នាទៅវិញទៅមក។ ពេលនោះលោកបានសួរថា៖ “តើពួកអ្នកកំពុងតែរំលឹកគ្នាពីរឿងអ្វី”? ពួកគេបានឆ្លើយថា៖ ពួកយើងកំពុងតែរំលឹកគ្នាពីថ្ងៃបរលោក។ លោកបានមានប្រសាសន៍ថា៖ “ពិតណាស់ ថ្ងៃបរលោកនឹងមិនកើតឡើងជាដាច់ខាត លុះត្រាតែពួកអ្នកបានឃើញសញ្ញាចំនួនដប់មុននឹងវា(ថ្ងៃបរលោក)មកដល់”។ ពេលនោះ លោកក៏បានលើកឡើងពីផ្សែង, ហ្ទាច់ហ្ជាល, សត្វហ្ទាបហ្ពះ, ព្រះអាទិត្យរះពីទិសខាងលិច, ព្យាការីអ៊ីសា កូនប្រុសរបស់ ម៉ារយ៉ាំ ចុះមក, យ៉ាក់ជូច ម៉ាក់ជូច, និងមានសូរ្យគ្រាសចំនួនបីកន្លែង៖ សូរ្យគ្រាសនៅទិសខាងកើត សូរ្យគ្រាសនៅទិសខាងលិច និងសូរ្យគ្រាសនៅឯឧបទ្វីបអារ៉ាប់ និងសញ្ញាចុងក្រោយ គឺភ្លើងដែលចេញមកពីប្រទេសយេម៉ែនបណ្តេញមនុស្សទៅកាន់កន្លែងប្រមូលផ្តុំរបស់ពួកគេ”។ (មូស្លីម៖២៩០១)

តើជំនឿចំពោះថ្ងៃបរលោកផ្ទុកទៅដោយអ្វីខ្លះ?

ជំនឿចំពោះថ្ងៃបរលោកផ្ទុកទៅដោយប្រការជាច្រើនដូចជា៖

១. ជំនឿចំពោះការបង្កើតឲ្យរស់ឡើងវិញ និងការប្រមូលផ្តុំ

គឺជាការធ្វើឲ្យអ្នកស្លាប់រស់ឡើងវិញចេញពីផ្នូររបស់ពួកគេ និងការត្រឡប់វិញ្ញាណពួកគេទៅកាន់រាងកាយរបស់ពួកគេវិញ។ ពេលនោះ មនុស្សលោកទាំងអស់នឹងឈរនៅចំពោះមុខព្រះជាម្ចាស់ដែលគ្រប់គ្រងពិភពទាំងអស់។ បន្ទាប់មក ពួកគេនឹងត្រូវគេប្រមូលផ្តុំនៅកន្លែងតែមួយដោយគ្មានស្បែកជើងពាក់ និងគ្មានសម្លៀកបំពាក់ ដូចដែលពួកគេត្រូវបានគេបង្កើតកាលពីដំបូងនោះដែរ។ ហើយជំនឿចំពោះការធ្វើឲ្យអ្នកស្លាប់រស់ឡើងវិញ គឺមានភស្តុតាងបញ្ជាក់នៅក្នុងគម្ពីរគួរអាននិងស៊ុណ្ណះ ហើយនិងនិស្ស័យពីកំណើតដ៏ស្អាតស្អំ(ក៏ទទួលស្គាល់បែបនេះ)។ ដូចនេះ យើងជឿជាក់យ៉ាងប្រាកដក្នុងចិត្តថា ពិតណាស់ អល់ឡោះនឹងធ្វើឲ្យមនុស្សស្លាប់រស់ឡើងវិញចេញពីផ្នូររបស់ពួកគេ និងត្រឡប់ព្រលឹងវិញ្ញាណទៅកាន់រាងកាយរបស់ពួកគេវិញ ហើយមនុស្សលោកទាំងអស់ឈរនៅចំពោះមុខព្រះជាម្ចាស់ដែលគ្រប់គ្រងពិភពទាំងអស់។

អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “បន្ទាប់មក ពួកអ្នកពិតជាស្លាប់ក្រោយពីនោះ(ពេលដល់អាយុកាល)។ បន្ទាប់មក ពួកអ្នកពិតជានឹងត្រូវគេធ្វើឱ្យរស់ឡើងវិញនៅថ្ងៃបរលោក”។ (អាល់មុមីនូន៖១៥-១៦)។ ពិតណាស់ គម្ពីរទាំងឡាយដែលអល់ឡោះបានបញ្ចុះពីលើមេឃទាំងអស់ គឺឯកភាពគ្នាចំពោះជំនឿនេះ លើសពីនេះ វាពិតជាមានបុព្វហេតុ(ហ៊ិកម៉ាត់)ជាក់លាក់ ដែលទ្រង់បានកំណត់សម្រាប់ការបង្កើតនេះនូវពេលវេលាមួយដើម្បីត្រលប់ទៅវិញ ហើយឱ្យទទួលខុសត្រូវលើអ្វីដែល អ្នកនាំសាររបស់ទ្រង់បានពាំនាំមក។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “តើពួកអ្នកគិតថា យើងបង្កើតពួកអ្នកគ្រាន់តែជាការលេងសើច ហើយពួកអ្នកពិតជាមិនត្រូវគេឱ្យវិលត្រឡប់មកជួបយើងវិញ(ដើម្បីជំនុំជម្រះ)នោះឬ”? (អាល់មុនីនូន៖១១៥)

២. ជំនឿចំពោះការជំនុំជម្រះ និងជញ្ជីង(សម្រាប់ថ្លឹងទង្វើ)

អល់ឡោះជាម្ចាស់នឹងជំនុំជម្រះភាវៈ(ម៉ាខ្លូក)ទាំងឡាយរបស់ទ្រង់ចំពោះទង្វើទាំងឡាយរបស់ពួកគេដែលបានប្រព្រឹត្តកាលរស់នៅលោកិយ។ ដូចនេះ បុគ្គលណាដែលស្ថិតក្នុងចំណោមអ្នកដែលមានជំនឿចំពោះអល់ឡោះតែមួយ និងជាអ្នកប្រតិបត្តិតាមអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ នោះការជំនុំជម្រះរបស់គេ គឺមានភាពងាយស្រួល។ ផ្ទុយទៅវិញ ចំពោះបុគ្គលណាដែលស្ថិតក្នុងចំណោមអ្នកដែលប្រព្រឹត្តអំពើស្ហ៊ីរិក និងសាងបាបកម្ម នោះការជំនុំជម្រះរបស់គេ គឺមានភាពលំបាក និងតានតឹង។

គេថ្លឹងទង្វើទាំងឡាយរបស់មនុស្សនៅលើជញ្ជីងដ៏ធំមួយ ដោយគេដាក់ទង្វើល្អនៅលើភ្នែកជញ្ជីងម្ខាង ហើយដាក់ទង្វើអាក្រក់នៅលើភ្នែកជញ្ជីងម្ខាងទៀត។ ដូចនេះ បុគ្គលណាដែលទង្វើល្អរបស់គេធ្ងន់ជាងទង្វើអាក្រក់ នោះគេនឹងស្ថិតក្នុងចំណោមអ្នកចូលឋានសួគ៌។ ចំណែកឯបុគ្គលណាដែលទង្វើអាក្រក់របស់គេធ្ងន់ជាងទង្វើល្អ នោះគេនឹងស្ថិតក្នុងចំណោមអ្នកចូលឋាននរក។ ហើយម្ចាស់របស់អ្នកមិនបំពានចំពោះបុគ្គលណាម្នាក់ឡើយ។ ទ្រង់បានមានបន្ទូលថា៖ “ហើយយើងនឹងដាក់ជញ្ជីងយុត្ដិធម៌នៅថ្ងៃបរលោក។ ដូចេ្នះ គ្រប់ៗរូបនឹងមិនត្រូវគេបំបាត់អ្វី(ទង្វើរបស់គេ)បន្ដិចឡើយ។ ហើយសូម្បីវាមានទម្ងន់ដូចគ្រាប់ស្ពៃ ក៏យើងនាំវា(អំពើល្អនិងអំពើអាក្រក់)មកដែរ”។ (អាល់ អាំពីយ៉ាក៖៤៧)

៣. ឋានសួគ៌ និងឋាននរក

ឋានសួគ៌ គឺជាឋានបរមសុខដ៏អមតៈដែលអល់ឡោះជាម្ចាស់ទ្រង់បានរៀបចំវាសម្រាប់បណ្តាអ្នកមានជំនឿដែលកោតខ្លាច និងគោរពប្រតិបត្តិចំពោះអល់ឡោះនិងបណ្តាអ្នកនាំសារទាំងឡាយរបស់ទ្រង់។ នៅក្នុងឋានសួគ៌មានគ្រប់ប្រភេទនៃលាភសក្ការៈដែលមនុស្សប្រាថ្នាចង់បាន និងធ្វើឲ្យមនុស្សរីករាយ។ អល់ឡោះជាម្ចាស់ទ្រង់បានជំរុញខ្ញុំបម្រើរបស់ទ្រង់ឲ្យរួសរាន់ក្នុងការគោរពប្រតិបត្តិចំពោះទ្រង់ ហើយនិងចូលឋានសួគ៌ ដែលផ្ទៃរបស់វា ប្រៀបដូចផ្ទៃមេឃជាច្រើនជាន់ និងផែនដី៖ “ហើយចូរពួកអ្នកប្រញាប់ប្រញាល់ទៅរកការអភ័យទោសពីម្ចាស់របស់ពួកអ្នក និងទៅរកឋានសួគ៌ ដែលផ្ទៃរបស់វា ដូចផ្ទៃមេឃជាច្រើនជាន់ និងផែនដីដែលគេបានរៀបចំវាសម្រាប់បណ្ដាអ្នកដែលកោតខ្លាច”។ (អាលីអ៊ីមរ៉ន៖១៣៣)

ចំណែកឯឋាននរកវិញ វាគឺជាឋានដាក់ទណ្ឌកម្មជាអមតៈដែលអល់ឡោះជាម្ចាស់ទ្រង់បានរៀបចំវាសម្រាប់ពួកគ្មានជំនឿដែលប្រឆាំងនឹងអល់ឡោះ និងល្មើសនឹងបណ្តាអ្នកនាំសាររបស់ទ្រង់។ នៅក្នុងឋាននរក គឺមានទណ្ឌកម្ម ការឈឺចាប់ និងការដាក់ទោសជាច្រើនប្រភេទដែលគ្មាននរណាម្នាក់គិតដល់។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលព្រមានដាស់តឿនខ្ញុំបម្រើរបស់ទ្រង់អំពីឋាននរកដែលទ្រង់បានរៀបចំវាសម្រាប់ពួកគ្មានជំនឿថា៖ “តែប្រសិនបើពួកអ្នកមិនអាចធ្វើវាបានឥឡូវនេះទេ ហើយពួកអ្នកក៏នឹងមិនអាចធ្វើវាបានដែរនៅពេលអនាគតនោះ ដូចេ្នះចូរពួកអ្នកខ្លាចភ្លើងនរកដែលគ្រឿងបពោ្ឆះរបស់វាគឺមនុស្ស និងដុំថ្មដែលគេបានរៀបចំសម្រាប់ពួកដែលប្រឆាំង”។ (អាល់ហ្ពាក៏រ៉ោះ៖២៤)

اللهم إنا نسألك الجنة وما قرّب إليها من قول وعمل، ونعوذ بك من النار وما قرّب إليها من قول وعمل “ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសុំពីទ្រង់នូវឋានសួគ៌ និងប្រការទាំងឡាយដែលនាំឲ្យខិតទៅជិតឋានសួគ៌ មិនថាពាក្យសម្តី ឬទង្វើ។ ហើយខ្ញុំសុំពីទ្រង់ សូមទ្រង់មេត្តាបញ្ចៀសរូបខ្ញុំពីឋាននរក និងប្រការទាំងឡាយដែលនាំឲ្យខិតទៅជិតឋាននរក មិនថាពាក្យសម្តី ឬទង្វើ”។

៤. ទណ្ឌកម្ម និងបរមសុខក្នុងផ្នូរ

ពួកយើងមានជំនឿថា ពិតណាស់សេចក្តីស្លាប់ គឺមានពិតប្រាកដ។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ចូរអ្នក(មូហាំម៉ាត់)ពោលថា៖ ម៉ាឡាអ៊ីកាត់យកជីវិតមនុស្សដែលត្រូវគេបញ្ជូនទៅកាន់ពួកអ្នកនឹងយកជីវិតពួកអ្នក។ បន្ទាប់មក ពួកអ្នកនឹងត្រូវវិលត្រឡប់ទៅកាន់ម្ចាស់របស់ពួកអ្នកវិញ”។ (អាសសាច្ចហ្ទះ៖១១)។ វាជារឿងជាក់ស្តែងដែលគេមើលឃើញដោយគ្មានការមន្ទិលសង្ស័យចំពោះវាឡើយ។ ហើយពួកយើងមានជំនឿថា ពិតណាស់ រាល់ជនទាំងឡាយដែលបានស្លាប់ ឬត្រូវគេសម្លាប់ដោយមូលហេតុណាមួយក៏ដោយ គឺដោយសារតែអាយុកាលកំណត់របស់គេបានមកដល់ប៉ុណ្ណោះ គ្មានអ្វីអាចរារាំងបានឡើយ។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ដូចេ្នះ នៅពេលដែលការកំណត់ជីវិតរបស់ពួកគេបានមកដល់ហើយនោះ ពួកគេមិនអាចសុំពន្យារពេលបានឡើយ ហើយក៏មិនអាចសុំឲ្យវាកើតឡើងមុនពេលកំណត់បាននោះដែរ ទោះបីជាមួយវិនាទីក៏ដោយ”។ (អាល់អាក់រ៉ហ្វ៖៣៤)។ នៅពេលណាដែលបុគ្គលម្នាក់បានស្លាប់ ពិតណាស់ថ្ងៃបរលោករបស់បុគ្គលនោះ គឺបានមកដល់រូបគេហើយ ហើយរូបគេត្រូវផ្លាស់ប្តូរទៅកាន់ឋានបរលោក។

មានវាក្យខណ្ឌនៃគម្ពីរគួរអាន និងហាទីស្ហរបស់ព្យាការីជាច្រើនដែលអះអាងបញ្ជាក់ពីទណ្ឌកម្មក្នុងផ្នូរសម្រាប់ពួកគ្មានជំនឿ និងអ្នកដែលសាងបាបកម្ម ហើយនិងបរមសុខនៅក្នុងផ្នូរសម្រាប់បណ្តាអ្នកមានជំនឿ និងអ្នកដែលប្រព្រឹត្តអំពើល្អទាំងឡាយ។ ហេតុនេះ ពួកយើងត្រូវមានជំនឿចំពោះវា និងមិនត្រូវជជីកសួរដេញដោលថាតើវាបែបណានោះទេ ពីព្រោះខួរក្បាលរបស់មនុស្សមិនមានសមត្ថភាពគិតដល់ពីធាតុពិតរបស់វា(ទណ្ឌកម្ម ឬបរមសុខក្នុងផ្នូរ) និងថាតើវាបែបណានោះឡើយ ដោយសារតែវាជាពិភពអាថ៌កំបាំង ដូចជាឋានសួគ៌ និងឋាននរកជាដើម ពុំមែនជាពិភពដែលគេអាចមើលឃើញនោះទេ។ ហើយសមត្ថភាពរបស់ខួរក្បាលក្នុងការប្រៀបធៀប សន្និដ្ឋាន និងវិនិច្ឆ័យ បានត្រឹមតែឃើញនូវផ្នែកលោកិយប៉ុណ្ណោះ ចំណែកឯផ្នែកបរលោកគឺត្រូវបានបង្ខាំងមិនអាចមើលឃើញនោះឡើយ។

ម្យ៉ាងទៀត ស្ថានភាពនៅក្នុងផ្នូរ គឺស្ថិតក្នុងចំណោមប្រការអាថ៌កំបាំងដែលគេមិនអាចដឹងបានដោយអារម្មណ៍នោះឡើយ។ ប្រសិនបើគេអាចដឹងដោយអារម្មណ៍បាននោះ ជំនឿចំពោះប្រការអាថ៌កំបាំងនឹងគ្មានប្រយោជន៍អ្វីឡើយ ហើយបុព្វហេតុ(ហ៊ិកម៉ាត់)នៃការដាក់បន្ទុក(កាតព្វកិច្ច)លើមនុស្សក៏បាត់បង់ ហើយមនុស្សក៏លែងបញ្ចុះសពគ្នាទៀតនោះដែរ ដូចដែលព្យាការី ﷺ លោកបានមានប្រសាសន៍ថា៖ “ប្រសិនបើពួកអ្នកមិនបញ្ចុះសពគ្នាទេនោះ ខ្ញុំប្រាកដជានឹងបួងសួងសុំពីអល់ឡោះឲ្យពួកអ្នកបានឮនូវទណ្ឌកម្មក្នុងផ្នូរជាមិនខាន”។ (មូស្លីម៖២៨៦៨, អាន់ណាសាអ៊ីយ៍៖២០៥៨)។ ដោយសារតែបុព្វហេតុនេះត្រូវបានលើកលែងចំពោះសត្វពាហនៈនេះហើយ ទើបពួកវាអាចដឹង អាចឮពីទណ្ឌកម្មក្នុងផ្នូរបាន។ ព្យាការី ﷺ លោកបានមានប្រសាសន៍ថា៖ “ពិតណាស់ សត្វពាហនៈទាំងឡាយអាចស្តាប់ឮពួកអ្នកដែលកំពុងតែត្រូវបានគេដាក់ទណ្ឌកម្ម”។ (ពូខរី៖៦៣៦៦, មូស្លីម៖៥៨៦)

ភស្តុតាងអំពីគម្ពីរគួរអានដែលបញ្ចាក់អំពីការបង្កើតឲ្យរស់ឡើងវិញ

មានភស្តុតាងជាច្រើនពីគម្ពីរគួរអានដែលបញ្ជាក់ពីការបង្កើតមនុស្សឲ្យរស់ឡើងវិញក្រោយពេលស្លាប់ ក្នុងចំណោមភស្តុតាងទាំងនោះមាន៖

ពិតណាស់ អល់ឡោះជាម្ចាស់ដែលបានបង្កើតមនុស្សលោកកាលពីដំបូង(ពីភាពទទេ)នោះ គឺគ្មានអ្វីដែលទ្រង់អសមត្ថភាពក្នុងការបង្កើតពួកគេសាជាថ្មីម្តងទៀតនោះឡើយ(ខណៈដែលវាមានគំរូរួចទៅហើយនោះ)។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយទ្រង់ជាអ្នកចាប់ផ្ដើមបង្កើតមនុស្សលោក។ បន្ទាប់មក ទ្រង់នឹងបង្កើតវាសាជាថ្មីម្ដងទៀត(នៅថ្ងៃបរលោក)។ (អើររូម៖២៧)។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលដោយបង្គាប់ប្រើឲ្យតបទៅកាន់ពួកដែលបដិសេធចំពោះការធ្វើឱ្យឆ្អឹងរស់ឡើងវិញខណៈដែលវាបានពុកផុយហើយនោះថា៖ “ចូរអ្នក(មូហាំម៉ាត់)ពោលថា៖ អ្នកដែលធ្វើឱ្យវារស់ឡើងវិញនោះ គឺអ្នកដែលបានបង្កើតវាពីដំបូង។ ហើយទ្រង់ដឹងបំផុតពីអ្វីដែលទ្រង់បានបង្កើត”។ (យ៉ាស៊ីន៖៧៩)

ជាការពិតណាស់ ដីដែលងាប់(ស្ងួតហួតហែង)គ្មានជីជាតិដោយគ្មានរុក្ខជាតិបៃតង ឬដើមឈើអ្វីដុះទាល់តែសោះ តែពេលដែលទ្រង់បង្អុរទឹកភ្លៀងទៅកាន់ដីនោះ វាក៏មានពណ៌បៃតង មានជីវិត(មានជីជាតិ)ឡើងវិញ ហើយក៏ដុះចេញនូវរុក្ខជាតិគ្រប់បែបយ៉ាងដ៏ស្រស់បំព្រង។ ពិតណាស់ អ្នកដែលមានសមត្ថភាពអាចធ្វើឲ្យដីដែលងាប់(គ្មានជីជាតិ គ្មានរុក្ខជាតិដុះ)អាចរស់ឡើងវិញ(មានជីជាតិ មានរុក្ខជាតិដុះ)ក្រោយពីវាបានងាប់នោះ ទ្រង់ពិតជាអ្នកដែលមានសមត្ថភាពធ្វើឲ្យអ្នកដែលស្លាប់រស់ឡើងវិញបាន។ ទ្រង់បានមានបន្ទូលថា៖ “ហើយយើងបានបញ្ចុះទឹកភ្លៀងដែលមានពរជ័យពីលើមេឃ រួចយើងបានបណ្ដុះចេញពីវានូវចម្ការដំណាំជាច្រើន និងប្រភេទធញ្ញជាតិដែលអាចច្រូតកាត់(ប្រមូលផល)បាន និងដើមល្មើខ្ពស់ស្កឹមស្កៃដែលមានចង្កោមផ្លែចាក់ស្រែះលើគ្នាជាជួរ ជាលាភសក្ការៈសម្រាប់ខ្ញុំរបស់អល់ឡោះ។ ហើយយើងបានធ្វើឱ្យដីដែលស្លាប់(គ្មានជីជាតិ)មានជីវិត(មានជីជាតិ)ឡើងវិញដោយសារវា(ទឹកភ្លៀង)។ ដូច្នោះដែរ យើងបានធ្វើឱ្យពួកអ្នករស់ឡើងវិញ(នៅថ្ងៃបរលោក)”។ (កហ្វ៖៩-១១)

រាល់អ្នកដែលមានវិចារណញាណតែងដឹងថា អ្នកដែលមានសមត្ថភាពអាចបង្កើតរបស់ដែលធំៗនិងអស្ចារ្យបាន គឺគ្មានអ្វីដែលគេមិនអាចបង្កើតរបស់តូចតាចបាននោះឡើយ។ អល់ឡោះជាម្ចាស់ទ្រង់បានបង្កើតមេឃជាច្រើនជាន់ ផែនដី និងគន្លងគោចរជាច្រើនដែលមានលក្ខណៈធំធេង ទូលំទូលាយ និងមានភាពអស្ចារ្យបំផុត។ ដូចនេះ ទ្រង់ពិតជាមានសមត្ថភាពបំផុតក្នុងការឱ្យឆ្អឹងដែលបានពុកផុយទៅហើយនោះរស់ឡើងវិញបាន។ ទ្រង់បានមានបន្ទូលថា៖ “តើអ្នកដែលបង្កើតមេឃជាច្រើនជាន់និងផែនដីមិនមែនជាអ្នកដែលមានសមត្ថភាពលើការបង្កើតឱ្យដូចពួកគេទេឬ? ផ្ទុយទៅវិញ ទ្រង់ជាអ្នកមានអានុភាពបង្កើត និងមហាដឹងបំផុត”។ (យ៉ាស៊ីន៖៨១)

ផ្លែផ្កានៃជំនឿចំពោះថ្ងៃបរលោក

១. ជំនឿចំពោះថ្ងៃបរលោក គឺមានឥទ្ធិពលខ្លាំងបំផុតទៅលើការណែនាំ ការប្រៀនប្រដៅ និងការប្រកាន់ខ្ជាប់របស់ជនមូស្លីមចំពោះទង្វើកុសល និងការកោតខ្លាចអល់ឡោះជាម្ចាស់ ព្រមទាំងឃ្លាតឆ្ងាយពីលក្ខណៈសម្បត្ដិ និងអត្តចរិតដែលអាក្រក់ទាំងឡាយ។ ហេតុនេះហើយទើបគម្ពីរគួរអានបានភ្ជាប់គ្នារវាងជំនឿចំពោះថ្ងៃបរលោក និងការសាងទង្វើកុសលនៅក្នុងកន្លែងជាច្រើន ដូចជាបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “ការពិតអ្នកដែលកសាង ឬថែទាំវិហារ(ម៉ាស្ជិត)របស់អល់ឡោះនោះ គឺមានតែអ្នកដែលមានជំនឿលើអល់ឡោះនិងថ្ងៃបរលោក ប្រតិបត្ដិសឡាត និងបរិច្ចាគហ្សាកាត់ ហើយគេមិនកោតខ្លាចអ្នកណាក្រៅពីអល់ឡោះប៉ុណ្ណោះ”។ (អាត់តាវហ្ពះ៖១៨)។ និងបន្ទូលរបស់ទ្រង់មួយទៀត៖ “ហើយបណ្ដាអ្នកដែលមានជំនឿនឹងថ្ងៃបរលោក គឺពួកគេមានជំនឿនឹងវា ហើយពួកគេថែរក្សាសឡាតគ្រប់ពេលវេលា”។ (អាល់អាន់អាម៖៩២)

២. ដាស់រំលឹកដល់អ្នកដែលធ្វេសប្រហែស និងអ្នកដែលមមាញឹកនឹងកិច្ចការលោកិយភ្លេចភ្លាំងពីការគោរពប្រតិបត្តិ ធ្វេសប្រហែសពីការឆ្លៀតឱកាសទាញយកផលប្រយោជន៍ពីពេលវេលាដើម្បីបញ្ជិតខ្លួនទៅកាន់អល់ឡោះជាម្ចាស់តាមរយៈការគោរពប្រតិបត្តិឲ្យបានដឹងពីធាតុពិតនៃជីវិតលោកិយ និងពេលវេលាដ៏សែនខ្លីរបស់វា និងឲ្យពួកគេដឹងថា បរលោក ទើបជាឋានដែលអស់កល្ប និងអមតៈ។ នៅពេលដែលអល់ឡោះជាម្ចាស់ទ្រង់កោតសរសើរចំពោះបណ្តាអ្នកនាំសាររបស់ទ្រង់នៅក្នុងគម្ពីរគួរអាន និងបានរំលឹកពីទង្វើកុសលរបស់ពួកគេនោះ គឺទ្រង់កោតសរសើរពួកគេពីមូលហេតុដែលជំរុញចិត្តពួកគេឲ្យខិតខំសាងនូវទង្វើកុសល និងទទួលបាននូវឧត្តមភាពបែបនោះ ដោយទ្រង់បានមានបន្ទូលថា៖ “ពិតប្រាកដណាស់ យើងបានជ្រើសរើសពួកគេដោយឱ្យពួកគេរំលឹកចំពោះថ្ងៃបរលោកនិងមានជំនឿនឹងវា”។ (ស៏ទ៖៤៦)។ ពោលគឺ មូលហេតុដែលជំរុញចិត្តពួកគេឲ្យខិតខំសាងនូវទង្វើកុសល និងទទួលបាននូវឧត្តមភាពបែបនោះ គឺដោយសារតែពួកគេរំលឹកដល់ថ្ងៃបរលោក។

នៅពេលដែលមានជនមូស្លីមមួយចំនួនខ្ជិលច្រអូសក្នុងការអនុវត្តតាមបទបញ្ជារបស់អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ អល់ឡោះជាម្ចាស់ទ្រង់ក៏បានមានបន្ទូលដាស់រំលឹកពួកគេថា៖ “តើពួកអ្នកពេញចិត្ដនឹងការរស់នៅក្នុងលោកិយជាងបរលោកឬ? ប៉ុន្ដែសុភមង្គលនៃការរស់នៅក្នុងលោកិយមិនអាចប្រៀបទៅនឹងថ្ងៃបរលោកបានឡើយ លើកលែងតែបន្តិចបន្តួចប៉ុណ្ណោះ”។ (អាត់តាវហ្ពះ៖៣៨)។ ជាការពិតណាស់ នៅពេលដែលបុគ្គលម្នាក់មានជំនឿនឹងថ្ងៃបរលោក គឺគេនឹងជឿប្រាកដក្នុងចិត្តថា រាល់ការសោយសុខទាំងអស់នៅក្នុងលោកិយ គឺមិនអាចប្រៀបទៅនឹងការសោយសុខនៅថ្ងៃបរលោកបានឡើយ សូម្បីតែមួយដំណក់នៃទារុណកម្ម ហើយរាល់ទារុណកម្មទាំងអស់នៅក្នុងលោកិយ(នៅក្នុងផ្លូវអល់ឡោះ) គឺមិនអាចប្រៀបទៅនឹងទណ្ឌកម្មនៅថ្ងៃបរលោកឡើយ សូម្បីតែមួយដំណក់នៃភាពសុខសាន្ត។

៣. ធ្វើឲ្យមនុស្សមានចិត្តនឹងនរ ស្ងប់ចិត្ត ព្រោះថាការពិតនឹងមិនត្រូវបានបាត់បង់ឡើយ។ ដូចនេះ អ្នកដែលត្រូវបានគេបំពានលើសិទ្ធិរបស់គាត់នូវប្រការណាមួយ ទោះបីមានទំហំតូចប៉ុនគ្រាប់ស្ពៃក៏ដោយ ក៏គាត់នឹងទទួលបានវាវិញនៅថ្ងៃបរលោក លើសពីអ្វីដែលគាត់រំពឹងទុកទៅទៀត។ ដូចនេះ ហេតុអ្វីត្រូវសោកសៅចំពោះអ្នកដែលដឹងថា សិទ្ធិរបស់គេនឹងមករកគេវិញដោយជៀសមិនរួចក្នុងគ្រាដ៏មានតម្រូវការ និងគ្រោះថ្នាក់បំផុតនោះ? ហើយហេតុអ្វីត្រូវកើតទុក្ខចំពោះអ្នកដែលដឹងថា ជាការពិតណាស់ អ្នកដែលកាត់សេចក្តី ជំនុំជម្រះរវាងរូបគេ និងគូជម្លោះរបស់គេនោះ គឺជាព្រះជាម្ចាស់ដែលជាអ្នកកាត់សេចក្ដីដ៏ឈ្លាសវៃ និងប្រសើរបំផុតនោះ?

អ្នកបានបញ្ចប់មេរៀនដោយជោគជ័យ


ចាប់ផ្តើមប្រឡង