ផ្នែកបច្ចុប្បន្ន model:
មេរៀន ធាតុពិតនៃសេចក្តីស្លាប់ និងជីវិត
សេចក្តីស្លាប់ ពុំមែនជាទីបញ្ចប់នៃកិច្ចការទាំងឡាយនោះឡើយ ក៏ប៉ុន្តែ វាគឺជាដំណាក់កាលថ្មីសម្រាប់មនុស្សលោក និងជាការចាប់ផ្តើមយ៉ាងពេញលេញនៃជីវិតបរលោក។ ដូចដែលសាសនាឥស្លាមបានយកចិត្តទុកដាក់លើសិទ្ធិទាំងឡាយរបស់មនុស្សតាំងពីពេលប្រសូត្រនោះដែរ សាសនានេះ ក៏កាន់តែសង្កត់ធ្ងន់ថែមទៀតលើក្បួនច្បាប់នានាដែលថែរក្សាសិទ្ធិទាំងឡាយរបស់អ្នកស្លាប់ ក៏ដូចជាយកចិត្តទុកដាក់ពីស្ថានភាពរបស់គ្រួសារសព និងសាច់ញាតិរបស់សពផងដែរ។
ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បង្កើតពួកយើង និងបានធ្វើឲ្យយើងមានវត្តមាននៅក្នុងជីវិតលោកិយនេះដើម្បីសាកល្បងពួកយើង និងធ្វើតេស្តពួកយើង ដូចដែលទ្រង់បានមានបន្ទូលថា៖ "គឺជាម្ចាស់ដែលបានបង្កើតការស្លាប់ និងការរស់ ដើម្បីសាកល្បងពួកអ្នក តើអ្នកណាមួយក្នុងចំណោមពួកអ្នកដែលបានសាង អំពើល្អជាងគេ"? (អាល់មុលក៍៖២)។ ដូចនេះ ជនណាដែលមានជំនឿ និងកោតខ្លាច នឹងបានចូលឋានសួគ៌ ហើយជនណាដែលជ្រើសយកភាពវង្វេង និងងាកចេញ នោះនឹងបានចូលឋាននរក។
ហើយឆាកជីវិតលោកិយនេះ ទោះបីជាគេអាចរស់នៅបានយូរប៉ុនណាក៏ដោយ ក៏វានឹងមានទីបញ្ចប់ ហើយភាពឋិតឋេរ និងជីវិតអស់កល្បជានិច្ច គឺមានតែជីវិតបរលោកប៉ុណ្ណោះ ដូចដែលអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ "តែថ្ងៃបរលោកវិញទេ ទើបវាជាការរស់នៅយ៉ាងពិតប្រាកដ ប្រសិនបើពួកគេបានដឹងមែននោះ"។ (អាន់កាពូត៖៦៤)
ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលទៅកាន់អ្នកនាំសាររបស់ទ្រង់ ព្យាការីមូហាំម៉ាត់ សល់ឡល់ឡហ៊ូអាឡៃហ៊ីវ៉ាសាល់ឡាំ ថា ពិតណាស់ រូបលោកនឹងត្រូវស្លាប់ដូចមនុស្សលោកទាំងឡាយដែរ។ បន្ទាប់មក ពួកគេទាំងអស់គ្នានឹងជួបជុំគ្នានៅចំពោះមុខអល់ឡោះជាម្ចាស់ដើម្បីទ្រង់កាត់សេចក្តីរវាងពួកគេ។ "ពិតប្រាកដណាស់ អ្នក(មូហាំម៉ាត់)នឹងត្រូវស្លាប់ ហើយពិតប្រាកដណាស់ ពួកគេក៏នឹងត្រូវស្លាប់ដែរ។ បន្ទាប់មក ពិតប្រាកដណាស់ ពួកអ្នកនឹងឈ្លោះប្រកែកគ្នានៅចំពោះមុខម្ចាស់របស់ពួកអ្នកនៅថ្ងៃបរលោក"។ (អាសហ្ស៊ូមើរ៖៣០-៣១)
ពិតប្រាកដណាស់ រ៉ស៊ូលុលឡោះ សល់ឡល់ឡហ៊ូអាឡៃហ៊ីវ៉ាសាល់ឡាំ លោកបានប្រៀបប្រដូចស្ថានភាពរបស់លោក(ក៏ដូចជាស្ថានភាពមនុស្សលោកទាំងអស់)ជាមួយនឹងឆាកជីវិតលោកិយ និងពេលវេលាដ៏ខ្លីរបស់វា ប់ើប្រៀបទៅនឹងថ្ងៃបរលោក ទៅនឹងស្ថានភាពអ្នកដំណើរម្នាក់ដែលឈប់សម្រាកតាមផ្លូវ ហើយគេងបន្តិចនៅក្រោមម្លប់ឈើមួយ ក្រោយមក គេក៏ធ្វើដំណើរបន្តទៅមុខទៀត ដោយបោះបង់កន្លែងនោះចោល។ រ៉ស៊ូលុលឡោះ សល់ឡល់ឡហ៊ូអាឡៃហ៊ីវ៉ាសាល់ឡាំ លោកបានមានប្រសាសន៍ថា៖ "តើខ្ញុំត្រូវធ្វើយ៉ាងណាចំពោះលោកិយ? ការពិត ខ្ញុំគ្រាន់តែដូចជាអ្នកធ្វើដំណើរចូលជ្រកក្រោមម្លប់ដើមឈើ បន្ទាប់មកចេញដំណើរចោលវា"។ (តៀរមីហ្ស៊ី៖២៣៧៧, អ៊ិពនូម៉ាហ្ជះ៖៤១០៩)
ម្យ៉ាងទៀត អល់ឡោះជាម្ចាស់ទ្រង់បាននិទានប្រាប់ពួកយើងពីពាក្យបណ្តាំរបស់ព្យាការីយ៉ាក់កូបទៅចំពោះកូនៗរបស់គាត់ ខណៈដែលគាត់បាននិយាយថា៖ "ពិតប្រាកដណាស់ អល់ឡោះបានជ្រើសរើសសាសនា(អ៊ីស្លាម)សម្រាប់ពួកអ្នក។ ដូចេ្នះ ចូរពួកអ្នកកុំស្លាប់ លើកលែងតែពួកអ្នកជាអ្នកកាន់សាសនាអ៊ីស្លាម"។ (អាល់ហ្ពាក៏រ៉ោះ៖១៣២)
ដោយសារតែគ្មាននរណាម្នាក់អាចដឹងថា តើពេលណាដែលអាយុកាលកំណត់ដែលអល់ឡោះជាម្ចាស់ទ្រង់បានកំណត់សម្រាប់រូបគេនោះនឹងមកដល់ ហើយថាតើវានឹងកើតឡើងនៅទីកន្លែងណា ហើយក៏គ្មាននរណាម្នាក់អាចកែប្រែវាបាននោះ ដូច្នេះចាំបាច់លើអ្នកដែលមានសតិបញ្ហាពេញលេញត្រូវបំពេញថ្ងៃទាំងឡាយរបស់គេ និងពេលវេលាទាំងឡាយរបស់គេដោយប្រការល្អ ប្រការដែលមានប្រយោជន៍ និងសាសនា ពីព្រោះវា គឺដូចដែលទ្រង់បានមានបន្ទូលថា៖ " រាល់ៗប្រជាជាតិ គឺមានការកំណត់ជីវិតរួចជាសេ្រច។ ដូចេ្នះ នៅពេលដែលការកំណត់ជីវិតរបស់ពួកគេបានមកដល់ ពួកគេមិនអាចសុំពន្យារពេល ឬសុំឲ្យវាកើតឡើងមុនពេលកំណត់បានឡើយ(ទោះបីជាមួយវិនាទីក៏ដោយ)"។ (អាល់អាក់រ៉ហ្វ៖៣៤)
រាល់បុគ្គលទាំងឡាយដែលបានស្លាប់ដោយសារតែការចាកចេញនៃព្រលឹងរបស់គេចេញពីខ្លួនរបស់គេនោះ ពិតប្រាកដណាស់ ថ្ងៃបរលោកសម្រាប់គេ គឺបានកើតឡើងហើយ ហើយដំណើរជីវិតនៃឋានបរលោករបស់គេ គឺបានចាប់ផ្តើម ដែលវាស្ថិតក្នុងចំណោមប្រការអាថ៌កំបាំងដែលគ្មានបុគ្គលណាម្នាក់អាចដឹងថា លក្ខណៈលម្អិតរបស់វាដូចម្តេចនោះឡើយ។
ហើយដូចដែលច្បាប់បញ្ញត្តិនៃសាសនាឥស្លាមបានយកចិត្តទុកដាក់ចំពោះក្បួនច្បាប់ និងសុជីវធម៌ទាំងឡាយរបស់មនុស្សតាំងពីពេលប្រសូត្រ កុមារភាព យុវភាព និងជរាភាពរបស់មនុស្សនោះដែរ ពិតណាស់សាសនានេះ ក៏បានដាក់ច្បាប់បញ្ញត្តិទាក់ទងនឹងក្បួនច្បាប់ និងសុជីវធម៌ជាច្រើនសំដៅធានាថែរក្សាសិទ្ធិទាំងឡាយរបស់អ្នកស្លាប់ ក៏ដូចជាយកចិត្តទុកដាក់ពីស្ថានភាពរបស់គ្រួសារសព និងសាច់ញាតិរបស់សពផងដែរ។ អាល់ហាំទូលិលឡះ! ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាម្ចាស់ដែលទ្រង់បានបំពេញនូវសាសនានេះ និងបានបង្គ្រប់នូវឧបការគុណ(នៀកម៉ាត់) ព្រមទាំងបានចង្អុលបង្ហាញពួកយើងទាំងអស់គ្នាមកកាន់សាសនាដ៏ឧត្តុង្គឧត្តមនេះ។
ចំពោះអ្នកដែលទៅសួរសុខទុក្ខអ្នកជំងឺ គប្បីបួងសួងសុំទូអាពីអល់ឡោះឲ្យអ្នកជំងឺឆាប់ជាសះស្បើយ និងមានភាពសុខសាន្ត ក៏ដូចជាបួងសួងឲ្យជំងឺនេះក្លាយជាការជម្រះសម្អាតនូវបាបកម្ម និងជម្រុះចោលនូវកំហុសឆ្គងទាំងឡាយរបស់អ្នកជំងឺ ដូចដែលរ៉ស៊ូលុលឡោះ សល់ឡល់ឡហ៊ូអាឡៃហ៊ីវ៉ាសាល់ឡាំ លោកបានមានប្រសាសន៍ទៅកាន់អ្នកជំងឺថា៖ "لا بأس، طهور إن شاء الله" មានន័យថា៖ “គ្មានបញ្ហាទេ វានឹងជម្រះនូវអំពើបាប អ៊ិនស្ហាអល់ឡោះ(ប្រសិនបើអល់ឡោះទ្រង់មានចេតនា)”។ (ពូខរី៖៣៦១៦)
ចាំបាច់លើអ្នកដែលទៅសួរសុខទុក្ខអ្នកជំងឺត្រូវជ្រើសរើសពាក្យពេចន៍ និងមតិល្អៗ ដើម្បីនិយាយទៅកាន់អ្នកជំងឺឱ្យមានអារម្មណ៍ល្អដែលអាចជួយទប់ទល់នឹងជំងឺ និងជួយគេឱ្យបានជាសះស្បើយ និងឆ្លៀតពេលវេលាសមស្របដើម្បីអំពាវនាវអ្នកជំងឺទៅកាន់អល់ឡោះជាម្ចាស់ និងរំលឹកដល់អ្នកជំងឺពីអល់ឡោះនិងថ្ងៃបរលោកប្រកបដោយគតិបណ្ឌិត និងការទូន្មានដែលល្អ។ ពិតប្រាកដណាស់ រ៉ស៊ូលុលឡោះ លោកបានលើកជាគំរូដ៏ឧត្តុង្គឧត្តមទាក់ទងនឹងចំណុចនេះ។ អំពី អាណាស រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូ បាននិយាយថា៖ មានកេ្មងប្រុសយូដាម្នាក់ដែលបម្រើព្យាការី ﷺ មានជំងឺ។ ពេលនោះ ព្យាការី ﷺ ក៏បានទៅផ្ទះកេ្មងប្រុសនោះដើម្បីសួរសុខទុក្ខគេ។ ពេលទៅដល់ លោកបានអង្គុយនៅក្បាលដំណេករបស់កេ្មងប្រុសនោះ ហើយមានប្រសាសន៍ថា៖ “ចូរអ្នកចូលសាសនាអ៊ីស្លាម”។ ខណៈនោះ កេ្មងប្រុសនោះបានសំឡឹងមើលមុខឪពុករបស់ខ្លួនដែលនៅក្បែរគេ។ ឪពុករបស់កេ្មងនោះបាននិយាយថា៖ “ចូរកូនធ្វើតាម អាពូ អាល់ក៏សឹម(ព្យាការីមូហាំម៉ាត់)ﷺ ចុះ”។ ពេលនោះ កេ្មងនោះក៏បានចូលអ៊ីស្លាម។ ពេលព្យាការី ព្យាការី ﷺ លោកត្រឡប់ទៅវិញ លោកបានមានប្រសាសន៍ថា៖ “រាល់ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះដែលទ្រង់បានជួយសង្គ្រោះកេ្មងនេះពីភ្លើងនរក”។ (ពូខរី៖១៣៥៦)
២. បង្រៀនដល់អ្នកជិតស្លាប់
នៅពេលដែលសញ្ញានៃសេចក្តីស្លាប់បានកើតមានលើអ្នកជំងឺហើយ គេប្រើស៊ូណិតឲ្យបង្រៀន និង ជំរុញដល់អ្នកជំងឺឲ្យពោលកាលីម៉ះតាវហេទ(ពាក្យដែលបញ្ជាក់ពីឯកទេពនិយមរបស់អល់ឡោះ) និងជាកូនសោនៃឋានសួគ៌ គឺពាក្យ لاإله إلا الله (គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ត្រឹមត្រូវ មានតែអល់ឡោះ)ដោយគតិបណ្ឌិត និងវិធីសាស្ត្រសមស្រប។ រ៉ស៊ូលុលឡោះ សល់ឡល់ឡហ៊ូអាឡៃហ៊ីវ៉ាសាល់ឡាំ លោកបានមានប្រសាសន៍ថា៖ "ចូរបង្រៀនដល់អ្នកដែលជិតស្លាប់នៃពួកអ្នកនូវពាក្យ لاإله إلا الله "។ (មូស្លីម៖៩១៦)
ហើយពាក្យនេះ គឺជាពាក្យសម្តីដែលធំធេងបំផុតដែលគេពោលនៅក្នុងជីវិតរស់នៅរបស់គេ និងនៅពេលជិតស្លាប់។ ជនណាដែលគេបានចង្អុលបង្ហាញរូបគេឲ្យបានពោលពាក្យនេះជាសម្តីចុងក្រោយនៃជីវិតរបស់គេនោះ ពិតណាស់រូបគេនឹងទទួលបាននូវកិត្តិយសដ៏ធំធេងបំផុត ដូចដែលរ៉ស៊ូលុលឡោះ សល់ឡល់ឡហ៊ូអាឡៃហ៊ីវ៉ាសាល់ឡាំ លោកបានមានប្រសាសន៍ថា៖ "បុគ្គលណាដែលពាក្យសំដីចុងក្រោយរបស់គាត់គឺ لا إلهَ إِلا اللهُ (គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ត្រឹមត្រូវមានតែអល់ឡោះ)នឹងបានចូលឋានសួគ៌"។ (អាពូហ្ទាវូទ៖៣១១៦)
គេប្រើស៊ូណិតឲ្យតម្រង់អ្នកដែលជិតស្លាប់ទៅកាន់ទិសគិបឡាត់ដោយយោងតាមប្រសាសន៍របស់រ៉ស៊ូលុលឡោះ សល់ឡល់ឡហ៊ូអាឡៃហ៊ីវ៉ាសាល់ឡាំ ដែលលោកបានមានប្រសាសន៍ថា៖ "ពៃតុលហារ៉ម(កាក់ហ្ពះ) គឺជាគិបឡាត់របស់ពួកអ្នក ទាំងអ្នករស់ និងអ្នកស្លាប់"។ (អាពូហ្ទាវូទ៖២៨៧៥)។ គេត្រូវដាក់អ្នកជិតស្លាប់ដេកផ្អៀងលើចំហៀងខាងស្តាំ ហើយតម្រង់មុខទៅកាន់គិបឡាត់ ដូចដែលគេដាក់សពនៅក្នុងលៀងហាត់ដូច្នោះដែរ។
اختر مستوى الشرح المناسب لك
يحتوي الدرس الآن على طبقات اختيارية تساعدك على المراجعة السريعة أو التعمق دون مغادرة الدرس.
- الملخص: نظرة سريعة في نحو دقيقة.
- الأساسي: محتوى الدرس الأصلي وهو المسار المعتمد للتقدم.
- المتعمق: تفاصيل إضافية اختيارية عند توفرها.
تقدمك وإكمال الدرس يعتمدان دائما على صفحات المستوى الأساسي.