ផ្នែកបច្ចុប្បន្ន model:
មេរៀន យល់ដឹងពីគម្ពីរគួរអានដ៏ឧត្តុង្គឧត្តម
គម្ពីរគួរអានដ៏ឧត្តុង្គឧត្តម
អល់ឡោះជាម្ចាស់ទ្រង់បានបញ្ចុះគម្ពីរគួរអានទៅឲ្យអ្នកដែលល្អជាងគេបំផុតក្នុងចំណោមសព្វភាវៈ(ម៉ាខ្លូក)របស់ទ្រង់ និងជាព្យាការីចុងក្រោយគេបង្អស់របស់ទ្រង់ គឺព្យាការីមូហាំម៉ាត់ ﷺ ដើម្បីចង្អុលបង្ហាញមនុស្សលោក និងបញ្ចេញពួកគេពីភាពងងឹតសូន្យសុង ទៅកាន់ពន្លឺភ្លឺស្វាង។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ពន្លឺ(ព្យាការីមូហាំម៉ាត់) និងគម្ពីរ(គួរអាន)ដ៏ជាក់ច្បាស់មកពីអល់ឡោះពិតជាបានមកដល់ពួកអ្នក។ អល់ឡោះនឹងចង្អុលបង្ហាញតាមរយៈគម្ពីរគួរអានចំពោះអ្នកដែលដើរតាមការយល់ព្រមរបស់ទ្រង់ឆ្ពោះទៅរកផ្លូវដែលមានសុវត្ថិភាព ហើយទ្រង់នឹងបពោ្ចញពួកគេពីភាពងងឹតទៅរកភាពភ្លឺ ស្វាងដោយការអនុញ្ញាតអំពីទ្រង់ ព្រមទាំងចង្អុលបង្ហាញពួកគេទៅរកមាគ៌ាដ៏ត្រឹមត្រូវ”។ (អាល់ម៉ាអ៊ីហ្ទះ៖១៥-១៦)
និយមន័យគម្ពីរគួរអាន
គម្ពីរគួរអាន៖ គឺជាព្រះបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលត្រូវបានបញ្ចុះទៅឲ្យព្យាការីមូហាំម៉ាត់ ﷺ ដែលការសូត្រវាត្រូវបានគេផ្តល់ផលបុណ្យឲ្យ ចាប់ផ្តើមដោយស៊ូរ៉ោះ អាល់ហ្វាទីហះ និងបញ្ចប់ដោយស៊ូរ៉ោះ អាន់ណាស។
ចំពោះគម្ពីរគួរអាន គឺមានឈ្មោះជាច្រើនដែលបញ្ជាក់ពីភាពឧត្តុង្គឧត្តម និងឧត្តមភាពរបស់វា។ ក្នុងចំណោមឈ្មោះទាំងនោះមានដូចជា៖
ការបញ្ចុះគម្ពីរគួរអាន
គម្ពីរគួរអានត្រូវបានបញ្ចុះមកជាលើកដំបូងទៅកាន់ព្យាការីមូហាំម៉ាត់ សអវ នៅក្នុងយប់ឡៃឡាទុលក៏ទើរនៃខែរ៉ម៉ាហ្ទន។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ពិតប្រាកដណាស់ យើងបានបញ្ចុះគម្ពីរគួរអាននៅក្នុងយប់ឡៃឡាទុលក៏ទើរ”។ (អាល់កទរ៍៖១)។ ទ្រង់បានមានបន្ទូលទៀតថា៖ “ខែរ៉ម៉ាហ្ទនជាខែដែលគេបានបញ្ចុះគម្ពីរគួរអានដើម្បីណែនាំដល់មនុស្សលោក និងបង្ហាញពីមាគ៌ាដែលត្រឹមត្រូវ ព្រមទាំងវិនិច្ឆ័យរវាងខុសនិងត្រូវ”។ (អាល់ហ្ពាក៏រ៉ោះ៖១៨៥)
ហើយអ្នកដែលនាំគម្ពីរគួរអានពីអល់ឡោះជាម្ចាស់ទៅកាន់ព្យាការីមូហាំម៉ាត់ សអវ គឺម៉ាឡាអ៊ីកាត់ជីព្រីល ដែលជាម៉ាឡាអ៊ីកាត់ដ៏ឧត្តុង្គឧត្តមម្នាក់ដែលមានឋានៈជិតអល់ឡោះជាម្ចាស់។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលអំពីគម្ពីរគួរអានថា៖ “ហើយពិតប្រាកដណាស់ គម្ពីរគួរអានគឺជាការបញ្ចុះរបស់ម្ចាស់នៃពិភពទាំងអស់ ដែលរូហ៊ុលអាមីន(ជីព្រីល)បាននាំវាមក (ដោយបានសូត្រវា)ទៅលើដួងចិត្ដរបស់អ្នកដើម្បីឱ្យអ្នកក្លាយជាអ្នកដែលស្ថិតក្នុងចំណោមអ្នកដាស់តឿនព្រមាន តាមភាសាអារ៉ាប់យ៉ាងជាក់ច្បាស់”។ (អាសស្ហ៊ូអារ៉ក៖ ១៩២-១៩៥)
អាយ៉ាត់(វាក្យខណ្ឌ)ដំបូងគេដែលត្រូវបានបញ្ចុះទៅឲ្យព្យាការីមូហាំម៉ាត់ សអវ នោះគឺប្រាំអាយ៉ាត់ខាងដើមនៃស៊ូរ៉ោះ អាល់អាឡឹក គឺបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ ﴿اقْرَأْ بِاسْمِ رَبِّكَ الَّذِي خَلَقَ (1) خَلَقَ الْأِنْسَانَ مِنْ عَلَقٍ (2) اقْرَأْ وَرَبُّكَ الْأَكْرَمُ (3) الَّذِي عَلَّمَ بِالْقَلَمِ (4) عَلَّمَ الْأِنْسَانَ مَا لَمْ يَعْلَمْ ﴾ មានន័យថា៖ “ចូរអ្នក(មូហាំម៉ាត់)សូត្រក្នុងនាមម្ចាស់របស់អ្នកដែលបានបង្កើត(នូវអ្វីៗទាំងអស់)ចុះ។ ទ្រង់បានបង្កើតមនុស្សលោកពីកំណកឈាមមួយដុំ។ ទ្រង់បានបង្កើតមនុស្សលោកពីកំណកឈាមមួយដុំ។ ចូរអ្នកសូត្រចុះ ហើយម្ចាស់របស់អ្នកមហាសប្បុរស ដែលទ្រង់បានបង្រៀន(ការសរសេរ)ដោយស្លាបប៉ាកកា។ ទ្រង់បានបង្រៀនមនុស្សលោកនូវអ្វីដែលគេមិនបានដឹង”។ (អាល់អាឡឹក៖១-៥)
បន្ទាប់ពីនោះមក គម្ពីរគួរអានត្រូវបានបញ្ចុះមកជាបន្តបន្ទាប់ក្នុងពេលវេលាខុសៗគ្នាក្នុងក្រុងម៉ាក្កះ និងម៉ាទីណះអស់រយៈពេលម្ភៃបីឆ្នាំ អាស្រ័យទៅតាមហេតុការណ៍ និងព្រឹត្តិការណ៍ដែលបានកើតឡើង។
អំពី អ៊ិពនូ អាប់ហ្ពាស រទអ បាននិយាយថា៖ “គម្ពីរគួរអានត្រូវបានគេបញ្ចុះមក(មួយគម្ពីរ)ទាំងមូលទៅកាន់មេឃលោកិយ(មេឃជាន់ទីមួយ)នៅក្នុងយប់ឡៃឡាទុលក៏ទើរ។ ក្រោយពីនោះមក គេបានបញ្ចុះ(ទៅឲ្យព្យាការីមូហាំម៉ាត់)ក្នុងរយៈពេលម្ភៃឆ្នាំ”។ (អាល់អាសម៉ាក វ៉ាសស៊ីវ៉ាត អាល់ពៃហាគី៖៤៩៧)
ចំនួនស៊ូរ៉ោះនៃគម្ពីរគួរអាន
គម្ពីរគួរអានដ៏មហាឧត្តុង្គឧត្តម មានចំនួន១១៤ស៊ូរ៉ោះ(ជំពូក)។ ស៊ូរ៉ោះដំបូងគេ គឺស៊ូរ៉ោះអាល់ហ្វាទីហះ ហើយស៊ូរ៉ោះចុងក្រោយគេ គឺស៊ូរ៉ោះអាន់ណាស។
ស៊ូរ៉ោះមឹកគីយ៉ះ និងស៊ូរ៉ោះម៉ាទើនីយ៉ះ
គម្ពីរគួរអានមានចំនួន៣០ជូហ្សុ(ភាគ) និងមាន៦០ហ៊ីហ្សព៍(១ជូហ្សុមាន២ហ៊ីហ្សព៍)។
ការកត់ត្រា និងប្រមូលចងក្រងគម្ពីរគួរអាន
ការកត់ត្រា និងប្រមូលចងក្រងគម្ពីរគួរអាន មានបីដំណាក់កាល៖
ដំណាក់កាលទីមួយ៖ នៅក្នុងសម័យកាលព្យាការី សអវ
នៅក្នុងដំណាក់កាលនេះ គឺគេពឹងផ្អែកលើការទន្ទេញចាំច្រើនជាងពឹងផ្អែកទៅលើការកត់ត្រាសរសេរ ព្រោះតែពួកគាត់(សហាហ្ពាត់)ខ្លាំងខាងការចងចាំ ទន្ទេញឆាប់ចាំ ហើយខ្សត់អ្នកកត់ត្រា ក៏ដូចជាមធ្យោបាយក្នុងការកត់ត្រា។ អាស្រ័យហេតុនេះហើយទើបនៅក្នុងដំណាក់កាលនេះ គឺពុំទាន់មានការប្រមូលចងក្រងគម្ពីរគួរអានជាគម្ពីរ(មុសហាហ្វ)តែមួយនៅឡើយនោះទេ ផ្ទុយទៅវិញ អ្នកណាដែលបានឮនូវអាយ៉ាត់ណាមួយ នោះគេនឹងទន្ទេញអាយ៉ាត់នោះ ឬក៏កត់ត្រាវានៅលើអ្វីដែលពួកគេមាននៅពេលនោះ ដូចជា ធាងល្មើ ស្បែកសត្វ ឆ្អឹងសត្វ និងផ្ទាំងថ្មជាដើម។ ហើយអ្នកដែលទន្ទេញចាំគម្ពីរគួរអាន(ក្នុងដំណាក់កាលនេះ) គឺមានចំនួនច្រើន។
ដំណាក់កាលទីពីរ៖ នៅក្នុងសម័យកាលអាពូហ្ពាកើរ រទអ
ក្នុងឆ្នាំទីដប់ពីរនៃចំណាកស្រុក(ហ៊ិជ្ជរ៉ោះ) នៅពេលដែលអ្នកដែលទន្ទេញចាំគម្ពីរគួរអានមួយចំនួនធំត្រូវបានសម្លាប់នៅក្នុងការសង្គ្រាម យ៉ាម៉ាម៉ះ អាពូហ្ពាកើរ -រទអ- ក៏បានបញ្ជាឲ្យប្រមូលចងក្រងគម្ពីរគួរអាន(ជាគម្ពីរមួយក្បាល)ដើម្បីកុំឲ្យបាត់បង់។
អំពី ហ្ស៊េទ ពិន សាពិត -រទអ- បាននិយាយថា៖ អាពូហ្ពាកើរ រទអ បានបញ្ជូនអ្នកដែលស្លាប់នៅក្នុងការប្រយុទ្ធនៃសមរភូមិ“យ៉ាម៉ាម៉ះ”មកកាន់ខ្ញុំ ដោយពេលនោះ អ៊ូមើរក៏បាននៅជាមួយគាត់ដែរ។ អាពូហ្ពាកើរ រទអ បាននិយាយថា៖ ពិតណាស់ អ៊ូមើរ បានមកជួបខ្ញុំ ហើយនិយាយថា៖ “ជាការពិតណាស់ ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លានៅឯសមរភូមិ “យ៉ាម៉ាម៉ះ” បានធ្វើឲ្យអ្នកដែលទន្ទេញចាំគម្ពីរគួរអានជាច្រើននាក់បានស្លាប់។ ហើយខ្ញុំពិតជាបារម្ភខ្លាចថា ចំនួនអ្នកស្លាប់និងរបួសកាន់តែកើនឡើង ដែលជាហេតុធ្វើឲ្យផ្នែកជាច្រើននៃគម្ពីរគួរអានត្រូវបាត់បង់។ ដូច្នេះ ខ្ញុំយល់ឃើញថា អ្នកត្រូវចេញបទបញ្ជាឲ្យធ្វើការប្រមូលចងក្រងគម្ពីរគួរអានហើយ”។ ខ្ញុំ(អាពូហ្ពាកើរ)បាននិយាយទៅកាន់អ៊ូមើរថា៖ “តើអ្នកធ្វើនូវទង្វើមួយដែលរ៉ស៊ូលុលឡោះ ﷺ មិនបានធ្វើវាឬ”? អ៊ូមើរបានតបថា៖ “ដោយសារអល់ឡោះ វាជារឿងដែលល្អត្រឹមត្រូវ”។ ពិតណាស់ អ៊ូមើរនៅតែបន្តជំរុញខ្ញុំឱ្យធ្វើដូច្នេះ រហូតដល់អល់ឡោះជាម្ចាស់ទ្រង់បើកចិត្តខ្ញុំចំពោះរឿងនេះ ហើយខ្ញុំក៏បានយល់ស្របតាមគំនិតរបស់អ៊ូមើរ។ ហ្ស៊េទ បាននិយាយថា៖ អាពូហ្ពាកើរ បាននិយាយថា៖ “ពិតណាស់ អ្នក(ហ្ស៊េទ) គឺជាយុវជនម្នាក់ដែលមានសតិបញ្ញាល្អដោយពួកយើងគ្មានការសង្ស័យឡើយ។ ពិតប្រាកដណាស់ អ្នកធ្លាប់ជាអ្នកដែលកត់ត្រាវ៉ាហ៊ី(សារពីអល់ឡោះ)ឲ្យរ៉ស៊ូលុលឡោះ ﷺ ដូច្នេះ ចូរអ្នកប្រមូលចងក្រងវាចុះ។ សូមស្បថចំពោះអល់ឡោះ! ប្រសិនបើពួកគេប្រើឲ្យខ្ញុំលើកប្តូរទីតាំងភ្នំណាមួយពីកន្លែងរបស់វា ក៏វាមិនជាបន្ទុកដ៏ធ្ងន់សម្រាប់ខ្ញុំដូចអ្វីដែលពួកគេបានប្រើខ្ញុំឲ្យប្រមូលចងក្រងគម្ពីរគួរអាន(ជាគម្ពីរមួយក្បាល)នោះឡើយ”។ ខ្ញុំ(ហ្ស៊េទ)បាននិយាយថា៖ “តើពួកអ្នកធ្វើនូវទង្វើមួយដែលរ៉ស៊ូលុលឡោះ ﷺ មិនបានធ្វើវានោះឬ”? គាត់បានតបថា៖ “ដោយសារអល់ឡោះ វាជារឿងដែលល្អត្រឹមត្រូវ”។ ពិតណាស់ អាពូហ្ពាកើរនៅតែបន្តជំរុញខ្ញុំឱ្យធ្វើដូច្នេះ រហូតដល់អល់ឡោះជាម្ចាស់ទ្រង់បើកចិត្តខ្ញុំចំពោះរឿងនេះ ដូចដែលទ្រង់បានបើកចិត្តអាពូហ្ពាកើរ និងអ៊ូមើរ -រទអ- ផងដែរ។ ដូច្នេះ ខ្ញុំបានស្វែងរក និងប្រមូលគម្ពីរគួរអានពីធាងល្មើ ផ្ទាំងថ្ម និងមនុស្សដែលបានទន្ទេញចងចាំ។.... ហើយ មុសហាហ្វ(គម្ពីរគួរអានដែលបានប្រមូលចងក្រងជាគម្ពីរមួយក្បាល)នោះ ស្ថិតនៅជាមួយអាពូហ្ពាកើរ រហូតដល់គាត់ទទួលមរណភាព។ បន្ទាប់មក (ត្រូវបានរក្សាទុក)នៅជាមួយនឹងអ៊ូមើរក្នុងពេលដែលគាត់នៅមានជីវិត។ ក្រោយមកទៀត គឺ(ត្រូវបានរក្សាទុក)នៅជាមួយនឹង ហាហ្វសោះ កូនស្រីរបស់ អ៊ូមើរ -រទអ-។ (ពូខរី៖៤៩៨៦)
ដំណាក់កាលទីបី៖ នៅក្នុងសម័យកាលអ៊ូស្មាន ពិន អាហ្វហ្វាន
ទឹកដីនៃរដ្ឋអ៊ីស្លាមបានពង្រីកនៅក្នុងសម័យកាលអ៊ូស្មាន ពិន អាហ្វហ្វាន -រទអ- ហើយប្រជាជននៃតំបន់នីមួយៗបានចាប់ផ្តើមសូត្រគម្ពីរគួរអានតាមរបៀបដែលសហាហ្ពាត់របស់ពួកគេបានបង្រៀន និងដោយមើលឃើញពីរបៀបសូត្រគម្ពីរគួរអានមានលក្ខណៈខុសៗគ្នា ព្រមទាំងខ្លាចមានភាពវឹកវរ(ហ្វិតណះ) ជាពិសេស ចំពោះអ្នកដែលមិនបានស្តាប់ឮការសូត្រគម្ពីរគួរអានពីព្យាការី ﷺ ផ្ទាល់។ នៅពេលនោះ អ៊ូស្មាន ក៏បានប្រើឱ្យមនុស្សទាំងអស់គ្នាកំណត់យករបៀបតែមួយ ដើម្បីកុំឲ្យមនុស្សមានការខ្វែងគំនិតគ្នា ដែលជាហេតុធ្វើឲ្យពួកគេឈ្លោះប្រកែកគ្នាចំពោះគម្ពីររបស់អល់ឡោះ(គម្ពីរគួរអាន) និងមានការបែកបាក់គ្នា។
អំពី អាណាស ពិន ម៉ាលិក -រទអ- បាននិយាយថា៖ ជាការពិតណាស់ ហ៊ូហ្សៃហ្វះ ពិន អាល់យ៉ាម៉ាន បានមកជួប អ៊ូស្មាន ពិន អាហ្វហ្វាន ដែលកំពុងតែនៅឯសមរភូមិជាមួយប្រជាជនស្ហាម(ស៊ីរី) និងប្រជាជនអ៊ីរ៉ក(អ៊ីរ៉ាក់)ដែលកំពុងប្រយុទ្ធដណ្តើមយកអាមេនី និងអាស៊ែបៃហ្សង់។ នៅពេលនោះ ហ៊ូហ្សៃហ្វះ មានការភ្ញាក់ផ្អើលចំពោះការសូត្រ(គម្ពីរគួរអាន)របស់ពួកគេដែលមានលក្ខណៈខុសៗគ្នា។ ពេលនោះ ហ៊ូហ្សៃហ្វះ បាននិយាយទៅកាន់អ៊ូស្មានថា៖ ឱអាមីរុលមុមីនីន(មេដឹកនាំនៃអ្នកមានជំនឿ)! ចូរទប់ស្កាត់ប្រជាជាតិមួយនេះ មុននឹងពួកគេឈ្លោះប្រកែកគ្នាចំពោះគម្ពីរគម្ពីរគួរអាន ដូចដែលជនជាតិយូដា និងពួកគ្រឹស្ទានបានធ្វើពីមុនមក។ នៅពេលនោះ គាត់(អ៊ូស្មាន)ក៏បានសរសេរសារទៅកាន់ ហាហ្វសោះ ថា៖ “សូមលោកស្រីបញ្ជូនមុសហាហ្វ(គម្ពីរគួរអានដែលត្រូវបានប្រមូលចងក្រងជាគម្ពីរមួយក្បាល)មកឲ្យយើងខ្ញុំដើម្បីឲ្យយើងខ្ញុំចម្លងវាទៅក្នុងសៀវភៅ(ធ្វើជាគម្ពីរ)ផ្សេងទៀត។ បន្ទាប់មក យើងខ្ញុំនឹងត្រឡប់វាទៅឲ្យលោកស្រីវិញ”។ ហាហ្វសោះ ក៏បានបញ្ជូនមុសហាហ្វ(ដែលលោកស្រីរក្សាទុក)នោះទៅឲ្យអ៊ូស្មាន(តាមសំណើ)។ ក្រោយមក គាត់ក៏បានប្រើឲ្យ ហ្ស៊េទ ពិន សាពិត, អាប់ទុលឡោះ ពិន អាហ្សហ្ស៊ូពៀរ, សាអ៊ីទ ពិន អាល់អ័ស និង អាប់ទុលរ៉ោះម៉ាន ពិន អាល់ហារីស ពិន ហ៊ីស្ហាម ចម្លងវាដាក់ក្នុងសៀវភៅ(ធ្វើជាគម្ពីរ)។ (ពូខរី៖៤៩៨៧)
គម្ពីរគួរអានដែលគាត់បានប្រមូលចងក្រងនោះ ក៏បានបន្សល់ទុករហូតមកដល់បច្ចុប្បន្ននេះ ដែលមានការទទួលស្គាល់ និងបានឯកភាពគ្នាទាំងស្រុងរវាងប្រជាជនមូស្លីមគ្រប់រូប។