បន្តរៀន

អ្នកមិនបានចុះឈ្មោះចូលទេ
ចុះឈ្មោះឥឡូវនេះក្នុងវេបសាយ(តាក)ដើម្បីតាមដានភាពល្អប្រសើររបស់អ្នក ប្រមូលពិន្ទុ និងការចូលរួមក្នុងការប្រកួតប្រជែង បន្ទាប់ពីមានការចុះឈ្មោះរួចហើយ អ្នកនឹងទទួលបានវិញ្ញាបនបត្រអ៊ីនធឺណិតក្នុងប្រធានបទដែលអ្នកសិក្សាវា

ផ្នែកបច្ចុប្បន្ន model:

មេរៀន ការត្រឹះរិះពិចារណាពីអត្ថន័យនៃគម្ពីរគួរអាន និងតាហ្វសៀរ(បកស្រាយអត្ថន័យ)គម្ពីរគួរអាន

ការបកស្រាយអត្ថន័យនៃគម្ពីគួរអាន(តាហ្វសៀរ) និងការសញ្ជឹងគិតពិចារណាពីអត្ថន័យរបស់វា គឺជាសកម្មភាពដ៏សំខាន់ពីរដែលនាំឱ្យជនមូស្លីមកាន់តែខិតទៅជិតការដឹងពីអ្វីដែលអល់ឡោះជាម្ចាស់ដ៏មហាខ្ពង់ខ្ពស់ទ្រង់ចង់បានពីព្រះបន្ទូលរបស់ទ្រង់ ដែលជួយឲ្យគេអាចប្រតិបត្តិតាមនូវអ្វីដែលមាននៅក្នុងគម្ពីរអាល់គួរអាននោះបានល្អត្រឹមត្រូវ។ នៅក្នុងមេរៀននេះ អ្នកនឹងបានសិក្សាអំពីនិយមន័យនៃការសញ្ជឹងគិត ឬត្រឹះរិះពិចារណាពីអត្ថន័យនៃគម្ពីរគួរអាន ការតាហ្វសៀរ(បកស្រាយអត្ថន័យ)របស់វា និងសារៈសំខាន់របស់វាទាំងពីរ។

  • ដឹងពីនិយមន័យនៃការសញ្ជឹងគិតពីអត្ថន័យនៃគម្ពីរគួរអាន និងការតាហ្វសៀរ(បកស្រាយអត្ថន័យគម្ពីរគួរអាន)
  • ដឹងពីសារៈសំខាន់នៃការពិចារណាពីអត្ថន័យនៃគម្ពីរគួរអាន និងការតាហ្វសៀរ ព្រមទាំងភាពចាំបាច់របស់វាទាំងពីរ
  • ដឹងពីវិធីសាស្ត្រនានាក្នុងការតាហ្វសៀរគម្ពីគួរអាន
  • ស្គាល់ពីសៀវភៅតាហ្វសៀរសំខាន់ៗមួយចំនួនដែលគេទុកចិត្ត

count: ចំនួនសិស្សផ្សេងទៀតដែលបានបញ្ចប់មេរៀននេះ។

ការតាហ្វសៀរ(បកស្រាយអត្ថន័យគម្ពីរគួរអាន) និងការត្រឹះរិះពិចារណាពីអត្ថន័យនៃគម្ពីរគួរអាន

គប្បីលើជនមូស្លីមគ្រប់រូបត្រូវយកចិត្តទុកដាក់លើការសូត្រគម្ពីរអាល់គួរអាននូវការសូត្រមួយដែលមានលក្ខណៈត្រឹមត្រូវ ព្រមទាំងត្រិះរិះពិចារណាពីអត្ថន័យរបស់វា បទបញ្ជាទាំងឡាយរបស់វា និងបម្រាមនានារបស់វា ព្រមទាំងសិក្សាពីការតាហ្វសៀរ(បកស្រាយអត្ថន័យ)របស់វា និងក្បួនច្បាប់ទាំងឡាយរបស់វា។ បន្ទាប់មក ត្រូវប្រតិបត្តិតាមវាដើម្បីទទួលបាននូវសុខសុភមង្គលទាំងក្នុងលោកិយ និងថ្ងៃបរលោក។

និយមន័យការត្រឹះរិះពិចារណាពីអត្ថន័យនៃគម្ពីរគួរអាន

ពាក្យ "ត្រឹះរិះពិចារណា" គឺសំដៅទៅលើការឈប់លើវាក្យខណ្ឌនីមួយៗ ហើយឆ្លុះបញ្ចាំងអំពីវា និងសញ្ជឹងគិតអំពីវា ដើម្បីអនុវត្តតាម និងទាញយកអត្ថប្រយោជន៍ពីអត្ថន័យរបស់វា។

ចាំបាច់លើគេត្រូវដឹងពីអត្ថន័យរួមនៃអាយ៉ាត់ដើម្បីឲ្យការត្រឹះរិះពិចារណាពីអត្ថន័យនៃគម្ពីរគួរអានរបស់គេ ហើយនិងការយល់របស់គេពីអាយ៉ាត់នោះមានលក្ខណៈត្រឹមត្រូវ។

សារៈសំខាន់នៃការត្រឹះរិះពិចារណាពីអត្ថន័យនៃគម្ពីរគួរអាន

ចាំបាច់លើជនមូស្លីមគ្រប់រូបត្រូវសញ្ជឹងគិត និងត្រឹះរិះពិចារណាពីអត្ថន័យនៃគម្ពីរដ៏ធំធេងនេះ និងត្រូវឈ្វេងយល់ពីអាយ៉ាត់របស់វា ព្រមទាំងផ្តល់តម្លៃទៅកាន់វាក្យខណ្ឌទាំងឡាយ និងអត្ថន័យរបស់វា និងត្រូវរស់នៅជាមួយវា។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “នេះគឺជាគម្ពីរដ៏មានពរជ័យដែលយើងបានបញ្ចុះវាឱ្យអ្នក ដើម្បីឱ្យពួកគេត្រិះរិះពិចារណាចំពោះអាយ៉ាត់ៗរបស់វា ហើយក៏ដើម្បីឱ្យបញ្ញាជនទាំងឡាយយកធ្វើជាមេរៀនផងដែរ”។ (សទ៖២៩)។ ទ្រង់បានមានបន្ទូលទៀតថា៖ “ដូចេ្នះ តើពួកគេមិនគិតពិចារណាអំពី(អត្ថន័យ)គម្ពីរគួរអានទេឬ? ឬនៅក្នុងចិត្ដរបស់ពួកគេត្រូវបិទជិត(មិនយល់អ្វីសោះអំពីគម្ពីរគួរអាន)”? (មូហាំម៉ាត់៖២៤)

និយមន័យតាហ្វសៀរ

តាហ្វសៀរ៖ គឺជាការបកស្រាយបញ្ជាក់ពីអត្ថន័យនៃគម្ពីរអាល់គួរអាន។

សារៈសំខាន់នៃការតាហ្វសៀរ និងភាពចាំបាច់របស់វា

គេចាត់ទុកចំណេះដឹងទាក់ទងនឹងតាហ្វសៀរ ស្ថិតក្នុងចំណោមចំណេះដឹងដែលមានផលប្រយោជន៍ និងមានភាពឧត្តុង្គឧត្តមបំផុតមួយ ព្រោះវាជាប់ទាក់ទងនឹងគម្ពីររបស់អល់ឡោះជាម្ចាស់ដ៏មហាខ្ពង់ខ្ពស់ ហើយវាជួយឲ្យគេយល់ពីបន្ទូលរបស់អល់ឡោះ និងដឹងពីគោលបំណងរបស់ទ្រង់។ តាមរយៈចំណេះដឹងតាហ្វសៀរ ធ្វើឲ្យគេយល់ពីអត្ថន័យរបស់គម្ពីរគួរអានដែលជួយជនមូស្លីមឲ្យទទួលបានការចង្អុលបង្ហាញទៅកាន់ការសាងទង្វើកុសល ទទួលបាននូវការពេញចិត្តពីអល់ឡោះជាម្ចាស់ និងទទួលបាននូវឋានសួគ៌ពីទ្រង់។ ការដែលគេអាចទទួលបានដូចនេះ គឺតាមរយៈការអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ដែលមានចែងក្នុងគម្ពីររបស់ទ្រង់ ការចៀសវាងពីបម្រាមទាំងឡាយរបស់ទ្រង់ ទទួលយកជាមេរៀនពីរឿងរ៉ាវផ្សេងៗដែលបានលើកឡើងក្នុងវា ព្រមទាំងជឿជាក់ចំពោះដំណឹង និងព័ត៌មាននានារបស់វា។ តាមរយៈចំណេះដឹងតាហ្វសៀរ ធ្វើឲ្យមនុស្សអាចបែងចែករវាងប្រការពិត និងប្រការខុសឆ្គង ហើយដកចេញនូវឧបសគ្គដែលរារាំងមិនឲ្យគេឈានទៅដល់ការយល់ពីអត្ថន័យពិតប្រាកដរបស់អាយ៉ាត់នានានៃគម្ពីរគួរអាន។

ការយកចិត្តទុកដាក់របស់សហាហ្ពាត់ក្នុងការដឹងពីអត្ថន័យគម្ពីរគួរអាន និងបកស្រាយអត្ថន័យរបស់វា(តាហ្វសៀរ)ពីព្យាការី សអវ

សហាហ្ពាត់ដ៏ឧត្តុង្គឧត្តម រទអ ពួកគាត់តែងសួរព្យាការី សអវ អំពីអ្វីដែលពួកគេមានភាពស្រពិចស្រពិល មិនច្បាស់លាស់ក្នុងការយល់ពីគម្ពីរគួរអាន។ អំពី អាប់ទុលឡោះ ពិន ម៉ាស៊្អូទ រទអ បាននិយាយថា៖ នៅពេលដែលអាយ៉ាត់នេះ៖ (الَّذِينَ آمَنُوا وَلَمْ يَلْبِسُوا إِيمَانَهُمْ بِظُلْمٍ) الأنعام:82 “បណ្ដាអ្នកដែលមានជំនឿ ហើយពួកគេមិនយកជំនឿរបស់ពួកគេលាយឡំនឹងការប្រព្រឹត្តបំពានទេនោះ” ត្រូវបានបញ្ចុះមក វាជាការលំបាកបំផុតមួយចំពោះបណ្តាសហាហ្ពាត់របស់ព្យាការី សអវ។ ពួកគេបាននិយាយថា៖ “តើនរណាក្នុងចំណោមពួកយើងដែលមិនប្រព្រឹត្តបំពានដោយខ្លួនឯងនោះ”? ពេលនោះ រ៉ស៊ូលុលឡោះ សអវ លោកបានមានប្រសាសន៍ថា៖ “វាមិនដូចអ្វីដែលពួកអ្នកគិតនោះទេ។ តាមពិត វាគឺដូចអ្វីដែល លុកម៉ាន បាននិយាយទៅកាន់កូនរបស់គាត់ថា៖ ( يَا بُنَيَّ لَا تُشْرِكْ بِاللَّهِ ۖ إِنَّ الشِّرْكَ لَظُلْمٌ عَظِيمٌ) لقمان:13 “ឱកូនសម្លាញ់! ឯងកុំធ្វើស្ហ៊ីរិកនឹងអល់ឡោះឱ្យសោះ។ ពិតប្រាកដណាស់ អំពើស្ហ៊ីរិក គឺជាការបំពានមួយដ៏ធំធេង”។ (ពូខរី៖៦៩៣៧, មូស្លីម៖១២៤)។

គេអាចតាហ្វសៀរ(បកស្រាយអត្ថន័យ)គម្ពីរគួរអានតាមវិធីសាស្ត្រដូចខាងក្រោម៖

١
១. តាហ្វសៀរ(បកស្រាយអត្ថន័យ)គម្ពីរគួរអានដោយគម្ពីរគួរអាន
٢
២. តាហ្វសៀរគម្ពីរគួរអានដោយស៊ុណ្ណះ(ព្យាការី សអវ)
٣
៣. តាហ្វសៀរគម្ពីរគួរអានដោយសហាហ្ពាត់
٤
៤. តាហ្វសៀរគម្ពីរគួរអានដោយតាពីអ៊ីន(អ្នកទាន់ជំនាន់សហាហ្ពាត់)

ទីមួយ៖ តាហ្វសៀរ(បកស្រាយអត្ថន័យ)គម្ពីរគួរអានដោយគម្ពីរគួរអាន

ព្រោះអល់ឡោះជាម្ចាស់ទ្រង់ជាអ្នកបញ្ចុះគម្ពីរគួរអាន។ ដូចនេះ ទ្រង់ជាអ្នកដែលដឹងបំផុតពីគោលបំណងដែលទ្រង់ចង់បាន(ពីអាយ៉ាត់នោះ)។

ឧទាហរណ៍ដូចជា៖ បន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ (أَلَا إِنَّ أَوْلِيَاءَ اللَّهِ لَا خَوْفٌ عَلَيْهِمْ وَلَا هُمْ يَحْزَنُونَ الَّذِينَ آمَنُوا وَكَانُوا يَتَّقُونَ) يونس: 62-63 “តើមិនមែនទេឬ បណ្ដាអ្នកមានជំនឿដ៏ស្មោះត្រង់លើអល់ឡោះ ពិតជាគ្មានការភ័យខ្លាចចំពោះពួកគេ ហើយពួកគេក៏គ្មានទុក្ខព្រួយអ្វីដែរនោះ? គឺបណ្ដាអ្នកដែលមានជំនឿ ហើយពួកគេបានកោតខ្លាចអល់ឡោះ”។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានបកស្រាយអត្ថន័យពាក្យថា “أَوْلِيَاءَ اللَّهِ” ដែលមានន័យថា “បណ្ដាអ្នកមានជំនឿដ៏ស្មោះត្រង់លើអល់ឡោះ”នោះ ដោយបន្ទូលរបស់ទ្រង់ក្នុងអាយ៉ាត់បន្ទាប់ថា៖ “الَّذِينَ آمَنُوا وَكَانُوا يَتَّقُونَ” បានន័យថា៖ “គឺបណ្ដាអ្នកដែលមានជំនឿ ហើយពួកគេបានកោតខ្លាចអល់ឡោះ”។

ទីពីរ៖ តាហ្វសៀរគម្ពីរគួរអានដោយស៊ុណ្ណះ(ប្រសាសន៍ព្យាការី សអវ)

ព្រោះរ៉ស៊ូលុលឡោះ សអវ ជាអ្នកផ្សព្វផ្សាយអំពីអល់ឡោះ។ ដូចនេះ លោកជាមនុស្សដែលដឹងច្បាស់ជាងគេបំផុតពីអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់មានបំណងពីបន្ទូលរបស់ទ្រង់។

ឧទាហរណ៍ដូចជា៖ ព្យាការី សអវ លោកបានបកស្រាយអត្ថន័យពាក្យថា “القوة” ដែលមានន័យថា “កម្លាំង” ដោយពាក្យ “الرمي” ដែលមានន័យថា “ព្រួញ”។ អំពី អ៊ុកហ្ពះ ពិន អាមៀរ រទអ បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ សអវ លោកបានមានប្រសាសន៍ពីលើមិមហ្ពើរ(វេទិកាសម្រាប់ថ្លែងសុន្ទរកថា)ថា៖ (وَأَعِدُّوا لَهُمْ مَا اسْتَطَعْتُمْ مِنْ قُوَّةٍ ) الأانفال:60 “ហើយចូរពួកអ្នក(អ្នកមានជំនឿ)រៀបចំតាមលទ្ធភាពរបស់ពួកអ្នកនូវកម្លាំង”។ តើពុំមែនទេឬ ពាក្យថា “القوة ៖ កម្លាំង” នោះគឺ “الرمي៖ព្រួញ”។ (មូស្លីម៖១៩១៧)

ទីបី៖ តាហ្វសៀរគម្ពីរគួរអានដោយសហាហ្ពាត់

ការតាហ្វសៀររបស់ពួកគេគឺត្រឹមត្រូវ ពីព្រោះពួកគេមានចំណេះដឹងអំពីគម្ពីរគួរអានច្រើនជាងអ្នកដែលមកក្រោយ។ ពួកគេបានឃើញពីបរិបទ និងមូលហេតុដែលវាក្យខណ្ឌទាំងឡាយត្រូវបានបញ្ចុះមកផ្ទាល់។ ពួកគេក៏មានការយល់ដឹងទូលំទូលាយ មានចំណេះដឹងច្បាស់លាស់ និងការប្រតិបត្តិរបស់ពួកគេក៏ប្រកបដោយគុណធម៌ផងដែរ។

ឧទាហរណ៍ដូចជា៖ បន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ النساء:43(وَإِنْ كُنْتُمْ مَرْضَىٰ أَوْ عَلَىٰ سَفَرٍ أَوْ جَاءَ أَحَدٌ مِنْكُمْ مِنَ الْغَائِطِ أَوْ لَامَسْتُمُ النِّسَاءَ) “ហើយប្រសិនបើពួកអ្នកមានជំងឺ ឬស្ថិតនៅក្នុងការធ្វើដំណើរ ឬនរណាម្នាក់ក្នុងចំណោមពួកអ្នកបានបន្ទោបង់ ឬពួកអ្នកបានប៉ះពាល់ស្ត្រី”។ ពិតប្រាកដណាស់ មានសេចក្តីរាយការណ៍ត្រឹមត្រូវអំពី អ៊ិពនូអាប់ហ្ពាស រទអ ពិតណាស់ គាត់បានបកស្រាយអត្ថន័យពាក្យថា “ប៉ះពាល់ស្ត្រី”នោះ គឺសំដៅលើ “ការរួមភេទ”។ (តាហ្វសៀរ អាត់តប់រី៖៨/៣៨៩)

ទីបួន៖ តាហ្វសៀរគម្ពីរគួរអានដោយតាពីអ៊ីន

ពួកគេគឺជាអ្នកដែលបានលះបង់ខ្លួនដើម្បីរៀនសូត្រ និងរក្សាការតាហ្វសៀរ គម្ពីរគួរអានពីបណ្តាសហាហ្ពាត់របស់ព្យាការី (សូមអល់ឡោះពេញចិត្តចំពោះពួកគាត់) ពីព្រោះជំនាន់ក្រោយដៃគូរបស់ព្យាការី គឺជាមនុស្សល្អបំផុតបន្ទាប់ពីដៃគូរបស់ព្យាការី។ ពីព្រោះថា “តាពីអ៊ីន” (អ្នកទាន់ជំនាន់សហាហ្ពាត់) គឺជាមនុស្សដែលល្អជាងគេបន្ទាប់ពីបណ្តាសហាហ្ពាត់ ហើយមានសុវត្ថិភាពពីការដើរតាមចំណង់តណ្ហាជាងអ្នកដែលនៅសម័យកាលបន្ទាប់ពីពួកគេ។ ម្យ៉ាងទៀត ភាសាអារ៉ាប់ក៏មិនបានផ្លាស់ប្តូរ ឬប្រែប្រួលច្រើននោះដែរនៅក្នុងសម័យកាលរបស់ពួកគេ។ ដូច្នេះ ពួកគេខិតទៅជិតភាពត្រឹមត្រូវក្នុងការយល់ដឹងពីគម្ពីរគួរអានជាងអ្នកដែលរស់នៅសម័យកាលបន្ទាប់ពីពួកគេ។

កាតព្វកិច្ចនៃជនមូស្លីមចំពោះតាហ្វសៀរគម្ពីរអាល់គួរអាន

នៅពេលណាដែលជនមូស្លីមមានភាពស្រពិចស្រពិល មានការយល់ច្បាស់អំពីអត្ថន័យត្រង់កន្លែងណាមួយនៃគម្ពីគួរអាន គឺចាំបាច់លើគេត្រូវវិលទៅរកសៀវភៅតាហ្វសៀរ និងទស្សនៈរបស់សាសនវិទូផ្នែកតាហ្វសៀរដែលត្រូវបានគេទទួលស្គាល់ នៅក្នុងការពន្យល់ និងបញ្ជាក់ពីអត្ថន័យនៃអាយ៉ាត់នោះ ព្រមទាំងបកស្រាយពីអត្ថន័យរបស់វា។

ការតាហ្វសៀរ ឬបកស្រាយពីអត្ថន័យនៃគម្ពីរអាល់គួរអាន ពុំមែនសម្រាប់ជនមូស្លីមគ្រប់រូបនោះឡើយ។ តាមពិតវាគឺសម្រាប់តែអ្នកដែលមានចំណេះដឹងផ្នែកតាហ្វសៀរប៉ុណ្ណោះ។ ដូចនេះ គប្បីលើជនមូស្លីមទូទៅមិនត្រូវធ្វើការបកស្រាយផ្តេសផ្តាស់ដោយគ្មានចំណេះដឹងឡើយ។ ជាការពិតណាស់ អ្នកតាហ្វសៀរ គឺជាអ្នកបកស្រាយអំពីអល់ឡោះជាម្ចាស់ដ៏ខ្ពង់ខ្ពស់ ហើយជាសាក្សីចំពោះអ្វីដែលទ្រង់មានបំណងអំពីបន្ទូលរបស់ទ្រង់។ ដូច្នេះហើយ គេត្រូវតែមនុស្សមានការប្រុងប្រយ័ត្ន និងលើកតម្កើងនូវសាក្សីនេះប្រកបដោយភាពស្មោះត្រង់ដ៏ខ្ពង់ខ្ពស់ ខ្លាចក្រែងរូបគេក្លាយទៅជាអ្នកដែលនិយាយចោទប្រកាន់ទៅលើអល់ឡោះជាម្ចាស់ដោយគ្មានចំណេះដឹងដែលនាំឲ្យរូបគេធ្លាក់ក្នុងប្រការដែលអល់ឡោះទ្រង់ហាមឃាត់ ជាហេតុធ្វើឲ្យរូបគេទទួលនូវភាពអាប់ឱននៅថ្ងៃបរលោក។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ចូរអ្នក(មូហាំម៉ាត់)ពោលថា៖ “តាមពិត ម្ចាស់របស់ខ្ញុំបានហាមឃាត់ពីការប្រព្រឹត្ដអំពើអាក្រក់ទាំងឡាយ ទោះបីជាលាតត្រដាង ឬលាក់បាំងពីវាក៏ដោយ។ ហើយ(ទ្រង់បានហាមឃាត់ទៀត)អំពីការប្រព្រឹត្ដបាបកម្ម និងការបំពានក្រៅពីការពិត ហើយនិងពួកស្ហ៊ីរិកនឹងអល់ឡោះនូវអ្វីដែលទ្រង់មិនបានបញ្ចុះភស្តុតាងណាមួយចំពោះវា ព្រមទាំងពួកដែលនិយាយបំផ្លើសលើអល់ឡោះនូវអ្វីដែលពួកអ្នកមិនដឹង”។ (អាល់អាក់រ៉ហ្វ៖៣៣)

សៀវភៅតាហ្វសៀរសំខាន់ៗដែលគេជឿទុកចិត្ត

សៀវភៅតាហ្វសៀរ(បកស្រាយអត្ថន័យ)គម្ពីរអាល់គួរអាន គឺមានច្រើន ហើយវាមិនស្ថិតក្នុងកម្រិតតែមួយដូចគ្នាដែលគេត្រូវទទួលយកនោះទេ។ ដូចនេះ ចាំបាច់លើជនមូស្លីមត្រូវពឹងផ្អែកលើសៀវភៅតាហ្វសៀវទាំងឡាយណាដែលត្រូវបានគេជឿទុកចិត្ត ក៏ដូចជាសៀវភៅតាហ្វសៀរទាំងឡាយណាដែលអ្នកនិពន្ធរបស់វាប្រកាន់ខ្ជាប់នឹងគោលការណ៍នៃការតាហ្វសៀរ ឬការបកស្រាយអត្ថន័យនៃគម្ពីរគួរអាន។ ក្នុងចំណោមសៀវភៅសំខាន់ៗទាំងនោះមានដូចជា៖

សៀវភៅតាហ្វសៀរសំខាន់ៗ

١
១. សៀវភៅ تفسير جامع البيان عن تأويل آي القرآن របស់អ៊ីម៉ាំ អ៊ិពនូជើរៀរ អាត់តប់រីយ៍
٢
២. សៀវភៅ تفسير القرآن العظيم របស់អ៊ីម៉ាំ អ៊ិពនូកាសៀរ អាត់ទីមិស្ហគីយ៍
٣
៣. សៀវភៅ تيسير الكريم الرحمن في تفسير كلام المنان របស់សាសនវិទូឥស្លាម អាប់ទុលរ៉ោះម៉ាន អាស្សាក់ទី
٤
៤. សៀវភៅ التفسير الميسر ពន្ធដោយមួយក្រុមនៃសាសនវិទូឥស្លាម និងបោះពុម្ពផ្សាយដោយ مجمع الملك فهد لطباعة المصحف الشريف بالمدينة المنورة

អ្នកបានបញ្ចប់មេរៀនដោយជោគជ័យ


ចាប់ផ្តើមប្រឡង