បន្តរៀន

អ្នកមិនបានចុះឈ្មោះចូលទេ
ចុះឈ្មោះឥឡូវនេះក្នុងវេបសាយ(តាក)ដើម្បីតាមដានភាពល្អប្រសើររបស់អ្នក ប្រមូលពិន្ទុ និងការចូលរួមក្នុងការប្រកួតប្រជែង បន្ទាប់ពីមានការចុះឈ្មោះរួចហើយ អ្នកនឹងទទួលបានវិញ្ញាបនបត្រអ៊ីនធឺណិតក្នុងប្រធានបទដែលអ្នកសិក្សាវា

ផ្នែកបច្ចុប្បន្ន model:

មេរៀន សាររបស់ព្យាការីមូហាំម៉ាត់ សអវ

អល់ឡោះជាម្ចាស់ទ្រង់បានបញ្ជូននូវបណ្តាអ្នកនាំសារជាច្រើនប្រកបដោយគតិបណ្ឌិតដ៏ធំធេង ហើយទ្រង់បានបិទបញ្ចប់ការបញ្ជូនអ្នកនាំសារទាំងអស់ត្រឹមព្យាការីមូហាំម៉ាត់ សអវ ហើយទ្រង់បានលើកតម្កើងលោកលើសពីនរណាៗទាំងអស់។ នៅក្នុងមេរៀននេះ អ្នកនឹងសិក្សាអំពីគតិបណ្ឌិតមួយចំនួនក្នុងចំណោមគតិបណ្ឌិតទាំងនោះ ក៏ដូចជាសិទ្ធិនានារបស់ព្យាការី សអវ ចំពោះប្រជាជាតិរបស់លោក។

  • ដឹងអំពីគតិបណ្ឌិតនៃការបញ្ជូនបណ្តាអ្នកនាំសារទាំងឡាយ
  • ដឹងអំពីឧត្តមភាពរបស់ព្យាការី សអវ លើសនរណាៗទាំងអស់
  • ដឹងអំពីសិទ្ធិមួយចំនួនរបស់ព្យាការី សអវ ចំពោះប្រជាជាតិរបស់លោក

count: ចំនួនសិស្សផ្សេងទៀតដែលបានបញ្ចប់មេរៀននេះ។

តម្រូវការរបស់មនុស្សលោកចំពោះបណ្តាអ្នកនាំសារទាំងឡាយ

ដោយគតិបណ្ឌិតរបស់អល់ឡោះជាម្ចាស់ ទ្រង់បានបញ្ជូនទៅកាន់គ្រប់ប្រជាជាតិទាំងអស់នូវអ្នកព្រមានដាស់តឿនដើម្បីបញ្ជាក់ដល់ពួកគេនូវអ្វីដែលទ្រង់បញ្ចុះវាទៅកាន់ខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ នូវការចង្អុលបង្ហាញ ដើម្បីជួយកែលម្អស្ថានភាពរបស់ពួកគេនៅក្នុងលោកិយនេះ និងថ្ងៃបរលោកផងដែរ។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយរាល់ប្រជាជាតិនីមួយៗ គឺតែងតែមានអ្នកដាស់តឿនព្រមានទៅដល់ពួកគេ”។ (ហ្វាតៀរ៖២៤)

ជាការពិតណាស់ គ្មានផ្លូវណាដែលនាំទៅកាន់សុភមង្គល និងភាពជោគជ័យ មិនថានៅក្នុងលោកិយ ឬនៅថ្ងៃបរលោកនោះទេ ក្រៅពីតាមរយៈការចង្អុលបង្ហាញពីបណ្តាអ្នកនាំសារ ហើយក៏គ្មានផ្លូវណាដែលនាំទៅកាន់ការស្គាល់ប្រការល្អ និងប្រការអាក្រក់បានយ៉ាងលម្អិតនោះដែរ ក្រៅពីតាមរយៈពួកគាត់ប៉ុណ្ណោះ។ គេមិនអាចទទួលបាននូវការពេញចិត្តពីអល់ឡោះឡើយ លើកលែងតែតាមរយៈអ្វីដែលពួកគាត់(អ្នកនាំសារ)មាន។ ដូចនេះ ប្រការដែលល្អទាំងឡាយ ទាំងពាក្យសម្តី កាយវិការ និងសុជីវធម៌ គឺគ្មានអ្វីក្រៅពីតាមរយៈការចង្អុលបង្ហាញរបស់ពួកគាត់ និងអ្វីដែលពួកគាត់នាំមកនោះឡើយ។

មានជំនឿថា មូហាំម៉ាត់ សអវ គឺជាព្យាការី និងជាអ្នកនាំសារ

យើងមានជំនឿថា ពិតណាស់ ព្យាការីមូហាំម៉ាត់ សអវ គឺជាខ្ញុំបម្រើរបស់អល់ឡោះ និងជាអ្នកនាំសាររបស់ទ្រង់ និងមានជំនឿថា លោកគឺជាចៅហ្វាយនៃអ្នកជំនាន់មុន និងអ្នកជំនាន់ក្រោយ។ លោកគឺជាព្យាការីចុងក្រោយបង្អស់។ ដូចនេះ គ្មានព្យាការីណាបន្ទាប់ពីលោកឡើយ។ ជាការពិតណាស់ លោកពិតជាបានផ្សព្វផ្សាយសាររបស់អល់ឡោះ បានបំពេញនូវទំនួលខុសត្រូវរបស់លោក និងបានផ្តល់ដំបូន្មានដល់ប្រជាជាតិរបស់លោក ព្រមទាំងបានតស៊ូក្នុងផ្លូវអល់ឡោះនូវការតស៊ូមួយយ៉ាងពិតប្រាកដ។

អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “មូហាំម៉ាត់ ជាអ្នកនាំសាររបស់អល់ឡោះ”។ (អាល់ហ្វាត់ហ៍៖២៩)

ចាំបាច់លើយើងទាំងអស់គ្នាត្រូវជឿជាក់លើអ្វីដែលលោកបានប្រាប់ ប្រតិបត្តិតាមលោកនូវអ្វីដែលលោកបានដាក់បទបញ្ជា និងចៀសឆ្ងាយពីអ្វីដែលលោកបានហាមឃាត់។ ម្យ៉ាងទៀត ត្រូវគោរពសក្ការៈចំពោះអល់ឡោះស្របតាមស៊ុណ្ណះ(លំអាន)របស់លោក និងយកគំរូតាមលោក សអវ។

ជាព្យាការីនិងអ្នកនាំសារចុងក្រោយបង្អស់

ព្យាការីមូហាំម៉ាត់ សអវ គឺជាព្យាការី និងជាអ្នកនាំសារចុងក្រោយបង្អស់។ គ្មានព្យាការីណាម្នាក់បន្ទាប់ពីលោកឡើយ។ សាររបស់លោក គឺជាការបញ្ចប់នូវសារទាំងអស់ដែលបានបញ្ចុះពីលើមេឃ ហើយសាររបស់លោក គឺជាសាសនាចុងក្រោយចង្អស់។

អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “មូហាំម៉ាត់មិនមែនជាឪពុករបស់អ្នកណាម្នាក់ក្នុងចំណោមបុរសរបស់ពួកអ្នកឡើយ ក៏ប៉ុន្ដែគាត់ជាអ្នកនាំសាររបស់អល់ឡោះ និងជាព្យាការីចុងក្រោយបង្អស់។ ហើយអល់ឡោះដឹងបំផុតនូវរាល់អ្វីៗទាំងអស់”។ (អាល់អះហ្សាប៖៤០)

អំពី អាពូហ៊ូរ៉យរ៉ោះ រទអ អំពីព្យាការី សអវ លោកបានមានប្រសាសន៍ថា៖ “ប្រាកដណាស់ការប្រៀបធៀបរវាងខ្ញុំ និងបណ្តាព្យាការីមុនៗខ្ញុំ គឺប្រៀបដូចបុរសម្នាក់សង់អគារដែលមានលក្ខណៈល្អ និងពេញលេញ លើកលែងតែនៅជ្រុងមួយនៃអគារនោះមិនទាន់បានរៀបការ៉ូ។ មនុស្សម្នាដើរមើលជុំវិញអគារនោះនាំគ្នាស្ងើចសរសើរមិនដាច់ពីមាត់ ហើយនិយាយថា៖ បើគេរៀបការ៉ូត្រង់កន្លែងនោះទៀត ពិតជាអស្ចារ្យណាស់។ ព្យាការី លោកបានបន្តថា៖ “ខ្ញុំគឺជាការ៉ូ(ចុងក្រោយ)នោះ ហើយខ្ញុំជាព្យាការីចុងក្រោយគេបង្អស់”។ (ពូខរី៖៣៥៣៥)

ជាអ្នកនាំសារ និងជាព្យាការីដែលល្អជាងគេបំផុត

ព្យាការីរបស់យើង មូហាំម៉ាត់ សអវ គឺជាព្យាការីដែលល្អជាងគេបំផុត។ មិនតែប៉ុណ្ណោះ លោកគឺជាម៉ាខ្លូក(ភាវៈ)ដែលល្អជាងគេបំផុត និងជាអ្នកដែលមានឋានៈធំធេងជាងគេបំផុតចំពោះអល់ឡោះជាម្ចាស់។ អល់ឡោះជាម្ចាស់ទ្រង់បានលើកតម្កើងលោក និងបានលើកឋានៈលោកយ៉ាងខ្ពង់ខ្ពស់ ត្បិតលោកជាម៉ាខ្លូក(ភាវៈ)ដែលល្អជាងគេបំផុត មានកិត្តិយសឧត្តុង្គឧត្តមជាងគេបំផុត និងមានឋានៈធំធេងជាងគេបំផុតចំពោះទ្រង់។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយអល់ឡោះបានបញ្ចុះមកឱ្យអ្នកនូវគម្ពីរ(គួរអាន)និងភាពឈ្លាសវៃ ហើយទ្រង់បានបង្រៀនអ្នកនូវអ្វីដែលអ្នកមិនទាន់ដឹង។ ហើយការប្រោសប្រទានរបស់អល់ឡោះមកលើអ្នក គឺធំធេងបំផុត”។ (អាន់នីសាក៖១១៣)។ ទ្រង់បានមានបន្ទូលសំដៅចំពោះព្យាការីរបស់ទ្រង់ សអវ ថា៖ “ហើយយើងបានលើកកិត្ដិនាមរបស់អ្នកឱ្យខ្ពង់ខ្ពស់ទេឬ”? (អាសសើរហ៍៖៤)។

ពិតប្រាកដណាស់ លោកគឺជាចៅហ្វាយនៃកូនចៅអាហ្ទាំ(មនុស្សលោក)ទាំងអស់ ជាអ្នកដែលផ្នូររបើកជូនមុនគេបង្អស់(នៅថ្ងៃបរលោក) ជាអ្នកជួយអន្តរាគមន៍(សាហ្វាអាត់)ដំបូងគេបង្អស់ដល់មនុស្សទាំងអស់ ហើយនៅក្នុងដៃរបស់លោកគឺមានផ្ទាំងបដានៃការកោតសរសើរនៅថ្ងៃបរលោក។ ហើយលោកជាអ្នកដែលឆ្លងស្ពានស៊ីរ៉តដំបូងគេ ជាអ្នកដែលបើកទ្វារឋានសួគ៌ដំបូងគេ និងជាអ្នកដែលបានចូលឋានសួគ៌ដំបូងគេបង្អស់។

ជាក្តីមេត្តាករុណាដល់ពិភពទាំងឡាយ

អល់ឡោះជាម្ចាស់ទ្រង់បានបញ្ជូនព្យាការីមូហាំម៉ាត់ សអវ ដើម្បីជាក្តីមេត្តាករុណាដល់ពិភពទាំងអស់។ ដូចនេះ សាររបស់លោក គឺទូទៅ ទាំងចំពោះមនុស្ស ទាំងចំពោះជិន ហើយសាររបស់លោក ក៏សម្រាប់មនុស្សលោកទាំងអស់ផងដែរ។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយយើងមិនបានបញ្ជូនអ្នកឡើយ លើកលែងតែដើម្បីផ្ដល់ក្ដីមេត្ដាករុណាទៅចំពោះពិភពលោកប៉ុណ្ណោះ”។ (អាល់អាំពីយ៉ាក៖១០៧)

ទ្រង់បានមានបន្ទូលទៀតថា៖ “ហើយយើងមិនបានបញ្ជូនអ្នក(មូហាំម៉ាត់) លើកលែងតែទៅកាន់មនុស្សលោកទូទៅប៉ុណ្ណោះ”។ (សាហ្ពាក់៖២៨)។ ទ្រង់បានមានបន្ទូលផងដែរថា៖ “ចូរអ្នក(មូហាំម៉ាត់)ពោលថា៖ ឱមនុស្សលោកទាំង ឡាយ! ពិតប្រាដកណាស់ ខ្ញុំគឺជាអ្នកនាំសាររបស់អល់ឡោះមកកាន់ពួកអ្នកទាំងអស់គ្នា”។ (អាល់អាក់រ៉ហ្វ៖១៥៨)

ដូចនេះ អល់ឡោះជាម្ចាស់ទ្រង់បានបញ្ជូនលោកមកជាក្តីមេត្តាករុណាដល់ពិភពទាំងអស់ដើម្បីបញ្ចេញពួកគេពីភាពងងឹតសូន្យសុងនៃពហុទេពនិយម(ស្ហ៊ីរិក) ភាពគ្មានជំនឿ និងភាពល្ងង់ខ្លៅ ទៅកាន់ពន្លឺនៃចំណេះដឹង សេចក្តីជំនឿ និងឯកទេពនិយម(តាវហេទ) រហូតដល់ពួកគេទទួលបាននូវការអភ័យទោសពីអល់ឡោះជាម្ចាស់ និងទទួលបាននូវការពេញចិត្តពីទ្រង់ ព្រមទាំងរួចផុតពីទណ្ឌកម្ម និងការខឹងសម្បាពីទ្រង់។

ចាំបាច់ត្រូវមានជំនឿចំពោះលោក និងដើរតាមសាររបស់លោក

សាររបស់ព្យាការីមូហាំម៉ាត់ គឺនិរាករណ៍ចោលនូវសារទាំងឡាយដែលបានបញ្ចុះមកពីមុន។ ដូច្នេះ អល់ឡោះជាម្ចាស់មិនទទួលយកសាសនាណាមួយពីនរណាម្នាក់នោះឡើយ លើកលែងតែរូបគេដើរតាមព្យាការីមូហាំម៉ាត់ សអវ ហើយក៏គ្មានរណាម្នាក់អាចឈានទៅដល់បរមសុខនៃឋានសួគ៌នោះដែរ លើកលែងតែតាមមាគ៌ារបស់លោក។ ពិតណាស់ លោកគឺជាអ្នកនាំសារដ៏ឧត្តុង្គឧត្តមជាងគេបំផុត ប្រជាជាតិរបស់លោក ជាប្រជាជាតិដែលល្អជាងគេបំផុត ហើយក្បួនច្បាប់របស់លោក ក៏ជាក្បួនច្បាប់ដែលមានលក្ខណៈពេញលេញជាងគេបំផុតដែរ។

អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយជនណាដែលស្វែងរកសាសនាផេ្សងក្រៅពីសាសនាអ៊ីស្លាម អល់ឡោះនឹងមិនទទួលយក(ទង្វើល្អ)ពីគេឡើយ ហើយនៅថ្ងៃបរលោក គេនឹងស្ថិតនៅក្នុងចំណោមពួកដែលខាតបង់”។ (អាលីអ៊ិមរ៉ន៖៨៥)

អំពី អាពូហ៊ូរ៉យរ៉ោះ អំពី រ៉ស៊ូលុលឡោះ សអវ ពិតណាស់លោកបានមានប្រសាសន៍ថា៖ “សូមស្បថនឹងអ្នកដែលជីវិតរបស់មូហាំម៉ាត់ស្ថិតក្នុងកណ្តាប់ដៃរបស់ទ្រង់ថា៖ បុគ្គលណាក៏ដោយក្នុងចំណោមប្រជាជាតិនេះ មិនថាយូដាក្តី មិនថាគ្រឹស្ទានក្តីដែលបានឮអំពីខ្ញុំ ក្រោយមក គេបានស្លាប់ទាំងដែលគេមិនមានជំនឿចំពោះអ្វីដែលគេបានបញ្ជូនខ្ញុំឲ្យពាំនាំវាមក នោះគេនឹងត្រូវស្ថិតក្នុងចំណោមពួកដែលចូលឋាននរក”។ (មូស្លីម៖១៥៣)

ក្នុងចំណោមអច្ឆរិយភាពមួយចំនួនរបស់ព្យាការី សអវ ដែលជាភស្តុតាងបញ្ជាក់ពីសាររបស់លោក

អល់ឡោះជាម្ចាស់ទ្រង់បានពង្រឹងដល់ព្យាការីរបស់ទ្រង់ មូហាំម៉ាត់ សអវ នូវអច្ឆរិយភាព និងសញ្ញាភស្តុតាងជាច្រើនដែលជាសាក្សី និងជាភស្តុតាងបញ្ជាក់ពីសច្ចភាពនៃភាពជាព្យាការីរបស់លោក ហើយនិងសាររបស់លោក។ ក្នុងចំណោមអច្ឆរិយភាពទាំងនោះមានដូចជា៖

គម្ពីរគួរអាន

សញ្ញាភស្តុតាងដែលធំធេងជាងគេបំផុតដែលអល់ឡោះជាម្ចាស់ទ្រង់ប្រទានដល់អ្នកនាំសាររបស់យើង មូហាំម៉ាត់ ﷺ នោះគឺគម្ពីរគួរអាន។ ដែលនិយាយទៅកាន់ដួងចិត្តក៏ដូចជាខួរក្បាល។ វាជាសញ្ញាភស្តុតាងដ៏អមតៈ អស់កល្បជានិច្ចរហូតដល់ថ្ងៃបរលោក។ ជាគម្ពីរមួយដែលគ្មានការកែប្រែ ឬផ្លាស់ប្តូរ ជាគម្ពីរដែលពោរពេញទៅដោយអច្ឆរិយភាពទាំងក្នុងភាសានិងរចនាប័ទ្មរបស់វា ទាំងក្នុងការដាក់បញ្ញត្តិច្បាប់និងសេចក្តីសម្រេចផ្សេងៗ និងទាំងក្នុងដំណឹងទាំងឡាយរបស់វា។

អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ចូរអ្នក(មូហាំម៉ាត់)ពោលថា៖ ប្រសិនបើមនុស្សលោកនិងជិនរួមគ្នាដើម្បីចងក្រងឱ្យដូចនឹងគម្ពីរគួរអាននេះ គឺពួកគេមិនអាចចងក្រងឱ្យដូចនឹងវាបានឡើយ ទោះបីជាពួកគេបានជួយគ្នាទៅវិញទៅមកក៏ដោយ”។ (អាល់អ៊ិសរ៉ក៖៨៨)

ការបំបែកដួងចន្ទ

អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “កាលកំណត់នៃថ្ងៃបរលោកជិតមកដល់ ហើយព្រះចន្ទក៏បានបែកជាពីរដែរ ។ តែទោះបីជាពួកគេបានឃើញអច្ឆរិយភាពក៏ដោយ ក៏ពួកគេនៅតែងាកចេញ ហើយនិយាយថា៖ នេះគឺជាមន្ដអាគមដ៏ច្បាស់លាស់ដែរ”។ (អាល់កម៉ើរ៖១-២)។ ការបែកជាពីររបស់ព្រះចន្ទនេះ គឺបានកើតមានឡើងក្នុងសម័យកាលរបស់រ៉ស៊ូលុលឡោះ សអវ ហើយពួកគូរ៉័ស្ហ និងអ្នកផ្សេងទៀត សុទ្ធតែបានឃើញព្រឹត្តិការណ៍នេះ។

លោកធ្វើឲ្យអាហារមានច្រើន(ខណៈដែលអាហារមានតិច ហើយមនុស្សមានច្រើន)

រហូតដល់អ្នកដែលនៅជាមួយលោក បរិភោគឆ្អែតគ្រប់គ្នា ហើយនៅសល់ថែមទៀត។ ភស្តុតាងដែលបញ្ជាក់ដូចនោះ គឺសេចក្តីរាយការណ៍អំពី សាមូរ៉ោះ ពិន ជុនទុប បាននិយាយថា៖ ក្នុងពេលដែលពួកយើងនៅជាមួយព្យាការី ﷺ ពេលនោះ មានគេយកបបរមួយចានមកជូនលោក។ គាត់បាននិយាយថា៖ “ពេលនោះ លោកបានទទួលទាន ហើយក្រុម(ដែលនៅជាមួយលោក) ក៏បានទទួលទានដែរ។ ក្រុម(ដែលនៅជាមួយលោក)នៅតែទទួលទាន(អំពីបបរនោះ) រហូតជិតដល់ពេលថ្ងៃត្រង់ ដោយក្រុមនីមួយៗសុទ្ធតែបានទទួលទាន។ ពួកគេក៏បានក្រោកចេញ ហើយក្រុមផ្សេងទៀតបានមកដល់(ទទួលទាន) ដោយពួកគេផ្លាស់ប្តូរគ្នា(មួយក្រុមចេញ មួយក្រុមទៀតចូល)”។ (មុសណាត់អះម៉ាត់៖២០១៣៥)

លោកប្រាប់នូវរឿងរ៉ាវអាថ៌កំបាំងជាច្រើន

ក្រោយមក វាក៏បានកើតឡើងដូចអ្វីដែលលោកបានប្រាប់។ ជាការពិតណាស់ មានប្រការជាច្រើនដែលលោកបានប្រាប់ រួចវាក៏បានកើតឡើងពិតមែន ហើយយើងនៅតែឃើញប្រការជាច្រើនដែលលោកបានប្រាប់នោះ នៅតែកើតឡើងជាបន្តបន្ទាប់ប្រាកដមែន។

អំពី អាណាស រទអ ពិតណាស់ អ៊ូមើរ ពិន អាល់ខត្តប រទអ បានចាប់ផ្តើមប្រាប់ពួកគេអំពីអ្នកស្រុកហ្ពាទើរ ដោយគាត់បាននិយាយថា៖ ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ បានបង្ហាញប្រាប់ពួកយើងមួយថ្ងៃមុន (សមរភូមិហ្ពាទើរ)កើតឡើង អំពីកន្លែងនៃការស្លាប់របស់អ្នកដែល(ចូលរួម) នៅក្នុងសមរភូមិនេះ ដោយគាត់មានប្រសាសន៍ថា៖ “ទីនេះនឹងក្លាយជាកន្លែងនៃការស្លាប់របស់គេនៅថ្ងៃស្អែក ប្រសិនបើអល់ឡោះមានបំណង”។ គាត់បាននិយាយថា៖ ពេលនោះ អ៊ូមើរបាននិយាយថា៖ សូមស្បថនឹងអ្នកដែលបានតែងតាំងមូហាំម៉ាត់ដោយការពិត! កន្លែង(នៃការស្លាប់របស់ពួកគេ) គឺគ្មានខុសពីអ្វីដែលរ៉ស៊ូលុលឡោះ ﷺ លោកបានកំណត់នោះឡើយ។ (មូស្លីម៖២៨៧៣)

សិទ្ធិរបស់ព្យាការី សអវ ចំពោះប្រជាជាតិរបស់លោក

សិទ្ធិរបស់ព្យាការី សអវ ចំពោះប្រជាជាតិរបស់លោក គឺមានច្រើនណាស់ ក្នុងចំណោមនោះមាន៖

១. ត្រូវមានជំនឿចំពោះភាពជាព្យាការីរបស់លោក

គឺត្រូវមានជំនឿចំពោះភាពជាព្យាការីរបស់លោក និងសាររបស់លោក ព្រមទាំងមានជំនឿជាក់ថា សាររបស់លោក គឺនិរាករណ៍ចោលនូវសារទាំងឡាយដែលមានពីមុនមកទាំងអស់។

២. ជឿជាក់ចំពោះលោក

គឺជឿជាក់ចំពោះលោកនូវអ្វីដែលលោកបានប្រាប់ ប្រតិបត្តិតាមលោកនូវអ្វីដែលលោកបានបង្គាប់ប្រើ និងចៀសវាងពីអ្វីដែលលោកបានហាមឃាត់ ហើយនិងមិនត្រូវគោរពសក្ការៈចំពោះអល់ឡោះនោះឡើយ លើកលែងតែអ្វីដែលលោកបានបញ្ញត្តិច្បាប់។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយអ្វីដែលអ្នកនាំសារបានផ្ដល់ឱ្យពួកអ្នក ចូរពួកអ្នកទទួលយកវាចុះ ហើយអ្វីដែលគាត់បានហាមឃាត់ពួកអ្នកអំពីវា ចូរពួកអ្នកបោះបង់ចោលចុះ”។ (អាល់ហាស្ហរ៍៖៧)

៣. ទទួលយកនូវអ្វីដែលលោកបានពាំនាំមក

ចាំបាច់លើយើងត្រូវទទួលយកនូវអ្វីដែលព្យាការី ﷺ លោកបានពាំនាំមក ហើយត្រូវដាក់ខ្លួនប្រតិបត្តិតាមស៊ុណ្ណះ(មាគ៌ា)របស់លោក ហើយត្រូវប្រកាន់តាមការណែនាំរបស់លោកដោយការឱ្យតម្លៃ និងការគោរពដ៏ខ្ពង់ខ្ពស់។ ដូចដែលអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “សូមស្បថនឹងម្ចាស់របស់អ្នក! ពួកគេគ្មានជំនឿទេ លុះត្រាតែពួកគេសុំឱ្យអ្នក(មូហាំម៉ាត់)កាត់សេចក្តីចំពោះអ្វីដែលពួកគេបានឈ្លោះទាស់ទែងគ្នា បន្ទាប់មក ពួកគេគ្មានការចង្អៀតចង្អល់ក្នុងចិត្ដនូវអ្វីដែលអ្នកបានកាត់សេចក្ដីឡើយ ហើយទទួលយកដោយពេញចិត្ដ”។ (អាន់នីសាក៖៦៥)

៤. ប្រុងប្រយ័ត្នពីការអនុវត្តផ្ទុយនឹងបទបញ្ជារបស់លោក

ចាំបាច់លើយើងត្រូវប្រុងប្រយ័ត្នពីការអនុវត្តផ្ទុយនឹងបទបញ្ជារបស់ព្យាការី សអវ ព្រោះថាការអនុវត្តផ្ទុយពីបទបញ្ជារបស់លោក គឺជាមូលហេតុដែលនាំឲ្យមានភាពវឹកវរ វង្វេង និងទណ្ឌកម្មដ៏ខ្លោចផ្សា។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ដូចេ្នះ ចូរឱ្យពួកដែលប្រឆាំងនឹងបទបញ្ជារបស់គាត់ប្រុងប្រយ័ត្នចំពោះគ្រោះអាសន្ននឹងធ្លាក់លើពួកគេ ឬទណ្ឌកម្មយ៉ាងឈឺចាប់ធ្លាក់លើពួកគេ”។ (អាន់នួរ៖៦៣)

៥. ផ្តល់អាទិភាពឲ្យក្តីស្រឡាញ់ចំពោះលោកជាងក្តីស្រឡាញ់ចំពោះអ្វីៗផ្សេងទៀត

ចាំបាច់ត្រូវល់អាទិភាពឲ្យក្តីស្រឡាញ់ចំពោះលោកជាងក្តីស្រឡាញ់ចំពោះខ្លួនឯង ឪពុកម្តាយ កូនចៅ និងអ្វីៗផ្សេងទៀតទាំងអស់។ អំពី អាណាស បាននិយាយថា៖ រ៉ស៊ូលុលឡោះ សអវ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាក៏ដោយក្នុងចំណោមពួកអ្នកមិនទាន់មានជំនឿពេញលេញទេ លុះត្រាតែបុគ្គលនោះមានការស្រលាញ់មកចំពោះខ្ញុំជាងឪពុកម្តាយរបស់គេ កូនចៅរបស់គេ និងជាងមនុស្សលោកទាំងអស់”។ (ពូខរី៖១៥)។ អ៊ូមើរ រទអ ពិន អាល់ខត្តប រទអ បាននិយាយថា៖ “ឱរ៉ស៊ូលុលឡោះ! ខ្ញុំពិតជាស្រលាញ់លោកលើសអ្វីៗទាំងអស់ លើកលែងតែខ្លួនខ្ញុំផ្ទាល់។ ពេលនោះ ព្យាការី សអវ ក៏បានមានប្រសាសន៍ថា៖ “អត់ទេ ខ្ញុំសូមស្បថនឹងអ្នកដែលជីវិតរបស់ខ្ញុំស្ថិតក្នុងកណ្តាប់ដៃរបស់ទ្រង់! លុះត្រាតែអ្នកស្រលាញ់មកចំពោះខ្ញុំខ្លាំងជាងអ្នកស្រលាញ់ចំពោះខ្លួនឯងផ្ទាល់”។ ពេលនោះ អ៊ូមើរក៏បានពោលទៅកាន់លោកថា៖ “ពិតណាស់ឥលូវនេះ ខ្ញុំសូមស្បថនឹងអល់ឡោះថា ខ្ញុំពិតជាស្រលាញ់លោកជាងខ្លួនឯងទៅទៀត។ នៅពេលនោះ ព្យាការី សអវ ក៏មានប្រសាសន៍ថា៖ “ឥលូវនេះ ទើបជាការស្រលាញ់ពេញលេញ ឱអ៊ូមើរ”។ (ពូខរី៖៦៦៣២)

៦. មានជំនឿថា ជាការពិតណាស់ លោកពិតជាបានផ្សព្វផ្សាយសារ(របស់អល់ឡោះ)

ចាំបាច់ត្រូវមានជំនឿថា ជាការពិតណាស់ រ៉ស៊ូលុលឡោះ សអវ លោកពិតជាបានផ្សព្វផ្សាយយ៉ាងពេញលេញនូវសាររបស់អល់ឡោះ និងបានបំពេញនូវទំនួលខុសត្រូវ ព្រមទាំងបានណែនាំទូន្មានប្រជាជាតិ(របស់លោក)រួចរាល់អស់ហើយ។ ដូចនេះ គ្មានប្រការល្អណាមួយនោះទេ លើកលែងតែលោកបានចង្អុលបង្ហាញប្រជាជាតិរបស់លោកទៅកាន់វា និងបានជំរុញពួកគេឲ្យអនុវត្តវា ហើយក៏គ្មានប្រការអាក្រក់ណាមួយនោះដែរ លើកលែងតែលោកបានហាមឃាត់ប្រជាជាតិរបស់លោក និងបានព្រមានពួកគេកុំឲ្យប្រព្រឹត្តវា។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ថ្ងៃនេះ យើងបានបំពេញសាសនារបស់ពួកអ្នកឱ្យពួកអ្នក និងបានបង្គ្រប់នូវឧបការគុណ(នៀកម៉ាត់)របស់យើងឱ្យពួកអ្នក ហើយយើងបានជ្រើសរើសសាសនាអ៊ីស្លាមជាសាសនារបស់ពួកអ្នក”។ (អាល់ម៉ាអ៊ីហ្ទះ៖៣)

ពិតប្រាកដណាស់ សហាហ្ពាត់របស់ព្យាការី សអវ បានធ្វើសាក្សីជូនព្យាការី សអវ ថាលោកពិតជាបានធ្វើការផ្សព្វផ្សាយ(សាររបស់អល់ឡោះ)ពិតប្រាកដមែននៅក្នុងជំនួបដ៏ធំបំផុតមួយសម្រាប់ពួកគេ គឺនៅថ្ងៃដែលព្យាការីលោកបានថ្លែងសុន្ទរកថាទៅកាន់ពួកគេនៅក្នុងហាជ្ជីលាដំណើរ(ហាជ្ជីវ៉ាហ្ទាក)។ នៅក្នុងហាទីស្ហជើពៀរ ពិតណាស់ ព្យាការី សអវ លោកបានមានប្រសាសន៍ថា៖ “ពួកអ្នកនឹងត្រូវបានគេសួរអំពីខ្ញុំ។ ដូចនេះ តើពួកអ្នកនឹងឆ្លើយតបយ៉ាងដូចម្តេច”? ពួកគេបានឆ្លើយថា៖ “ពួកយើងសូមធ្វើសាក្សីថា ពិតប្រាកដណាស់ លោកពិតជាបានផ្សព្វផ្សាយ(សាររបស់អល់ឡោះ) បានបំពេញ(នូវទំនួលខុសត្រូវ) និងបានណែនាំទូន្មាន(ដល់ប្រជាជាតិរបស់អ្នក)ពិតប្រាកដមែន”។ ពេលនោះ លោកបានមានប្រសាសន៍ដោយលើកម្រាមដៃរបស់លោកចង្អុលទៅលើមេឃ រួចចង្អុលទៅកាន់មនុស្សទាំងឡាយវិញថា៖ “ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាជួយធ្វើជាសាក្សីផង។ “ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាជួយធ្វើជាសាក្សីផង” ចំនួនបីដង។ (មូស្លីម៖១២១៨)

អ្នកបានបញ្ចប់មេរៀនដោយជោគជ័យ


ចាប់ផ្តើមប្រឡង