ផ្នែកបច្ចុប្បន្ន model:
មេរៀន ជំងឺរាតត្បាត មេរៀន និងដំបូន្មាន
ការទទួលការសាកល្បងនឹងជំងឺរាតត្បាតផ្សេងៗ គឺស្ថិតក្នុងចំណោមការកំណត់របស់អល់ឡោះជាម្ចាស់ដែលទ្រង់បានបញ្ចុះទៅលើមនុស្សលោកទូទៅ ទាំងអ្នកមូស្លីម និងទាំងអ្នកមិនមែនមូស្លីម។ ក៏ប៉ុន្តែស្ថានភាពរបស់អ្នកមូស្លីមជាមួយនឹងការសាកល្បងផ្សេងៗ គឺពុំដូចស្ថានភាពរបស់អ្នកផ្សេងនោះឡើយ។ ជាការពិតណាស់ ពួកគេប្រាស្រ័យទាក់ទង(ប្រឈមមុខ)ជាមួយនឹងការសាកល្បងទាំងនោះទៅតាមអ្វីដែលព្រះជាម្ចាស់របស់គេបានបង្គាប់ប្រើ ដូចជាការមានភាពអត់ធ្មត់ និងការប្រកាន់យកហេតុជាបច្ច័យក្នុងការការពារពីគ្រោះ ក៏ដូចជាជំងឺរាតត្បាតទាំងនោះមុនពេលដែលវាកើតឡើង និងស្វែងរកការព្យាបាលប្រសិនបើជំងឺនោះធ្លាក់ទៅលើរូបគេ។
ចំពោះការរីករាលដាលនៃជំងឺរាតត្បាតដោយសារតែភាវៈដ៏ទន់ខ្សោយដែលគេមិនអាចមើលឃើញនឹងភ្នែកទទេ លើកលែងតែតាមរយៈការប្រើមីក្រូទស្សន៍ ហើយវាបណ្តាលឱ្យមានការភ័យស្លន់ស្លោ និងភ័យខ្លាចនៅក្នុងខ្លួន(ដូចក្នុងករណីជំងឺកូរ៉ូណាជាដើម) គឺជាភស្តុតាងបញ្ជាក់ពីអំណាចដ៏អស្ចារ្យរបស់អល់ឡោះជាម្ចាស់ និងភាពទន់ខ្សោយនៃសត្វលោក(ម៉ាខ្លូក)ទាំងឡាយ។ មិនថាពួកគេជឿនលឿនប៉ុណ្ណា និងបច្ចេកវិទ្យាដែលពួកគេមានទំនើបយ៉ាងណានោះទេ ពួកគេមិនអាចចាកចេញពីរង្វង់នៃភាពទន់ខ្សោយ និងការអសមត្ថភាពក្នុងនាមជាមនុស្សលោកនោះឡើយ ហើយវាក៏ជាភស្តុតាងបង្ហាញថា អល់ឡោះជាម្ចាស់ គឺជាអ្នកដែលមានឫទ្ធានុភាពខ្លាំងពូកែបំផុត ដែលគ្មានអ្វីមួយនៅលើផែនដី ឬនៅលើមេឃអាចធ្វើឲ្យទ្រង់អសមត្ថភាពនោះឡើយ។
ការកំណត់វាសនាល្អ អាក្រក់ គឺមានពិតប្រាកដ
ជាការពិតណាស់ ជនមូស្លីមមានជំនឿថា អ្វីៗសព្វបែបយ៉ាងនៅក្នុងចក្រវាឡនេះ គឺអល់ឡោះជាម្ចាស់ទ្រង់ពិតជាបានកំណត់វា និងបានលិខិត កត់ត្រាវារួចជាស្រេចមុននឹងទ្រង់បង្កើតភាវៈ(ម៉ាខ្លូក)ទាំងឡាយ ហើយគោលជំនឿនេះ គឺធ្វើឲ្យពួកគេមានភាពនឹងនរ ស្ងប់ចិត្តនៅពេលមានភាពរន្ធត់ណាមួយកើតឡើង ដោយពួកគេទទួលយកការកំណត់របស់អល់ឡោះដោយបើកចំហចិត្ត(ពេញចិត្ត)។
ត្រឹះរិះពិចារណា និងយកជាមេរៀន
គ្រោះថ្នាក់ និងការសាកល្បងទៅលើជនមូស្លីមកើតឡើងក្នុងគោលបំណងដូចជា៖
ក្នុងចំណោមការគោរពសក្ការៈដ៏ធំធេងនៅពេលកើតមាននូវគ្រោះទាំងនោះ គឺការបង្ហាញពីការឱនលំទោន និងការទូលអង្វរទៅចំពោះអល់ឡោះ ដើម្បីសុំជំនួយ និងសុំការរំដោះគ្រោះពីទ្រង់។ អល់ឡោះទ្រង់បានមានបន្ទូលថា៖ “ហេតុអ្វីបានជានៅពេលដែលទណ្ឌកម្មរបស់យើងបានធ្លាក់លើពួកគេ ពួកគេនៅតែមិនឱនលំទោនទៀត។ ផ្ទុយទៅវិញ ចិត្ដរបស់ពួកគេមានភាពរឹងរូស ហើយស្ហៃតនបានតែងលម្អពួកគេនូវអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ដ”។ (អាល់អាន់អាម៖៤៣)។ ហើយការបួងសួងដ៏ទៀងត្រង់ គឺធ្វើឲ្យគេបើកជូនរូបគេនូវបណ្តាទ្វារមេឃា បំបែកនូវរបាំង ធ្វើឲ្យចម្ងាយរួមខ្លី ព្រមទាំងធ្វើឲ្យរូបគេខិតទៅកាន់តែជិតនឹងម្ចាស់ដ៏មហាសប្បុរស៖ “ហើយនៅពេលខ្ញុំបម្រើរបស់យើងសួរអ្នក(មូហាំម៉ាត់)អំពីយើង (ចូរអ្នកឆ្លើយថា) ពិតប្រាកដណាស់ យើងនៅជិតបំផុត(ដឹង ឮ ឃើញ ...)។ យើងទទួលយកការបួងសួងសុំរបស់អ្នកដែលទទូចសុំនៅពេលដែលគេបានបួងសួងសុំពីយើង”។ (អាល់ហ្ពាក៏រ៉ោះ៖១៨៦)។ វ៉ាហាប់ ពិន មូណាប់ពីស រ៉ហ៊ីម៉ាហ៊ុលឡោះ បាននិយាយថា៖ “គេបញ្ចុះគ្រោះមក ដើម្បីបញ្ចេញនូវការសុំទូអាបួងសួង”។
ការមានជំនឿយ៉ាងមុតមាំថា យើងមានសុវត្ថិភាពរួចផុតពីផែនការរបស់អល់ឡោះ ឬពីជំងឺ និងការសាកល្បងដែលធ្លាក់មកលើយើង គឺជាសញ្ញាដ៏ធំបំផុតនៃភាពវង្វេង និងភាពក្រអឺតក្រទម ដែលមនុស្សអាចធ្លាក់ចូលទៅក្នុងវា។ ជាការពិតណាស់ អ្វីដែលយើងគួរគិតពិចារណា គឺទំនាក់ទំនងរវាងគ្រោះ និងអំពើបាប ដោយអល់ឡោះទ្រង់បានលើកឡើងជាច្រើនកន្លែងនៅក្នុងគម្ពីរគួរអាន។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហេតុអ្វីបានជានៅពេលដែលពួកអ្នកទទួលរងនូវគ្រោះ ថ្នាក់(ស្លាប់ឬរបួសនៅសមរភូមិអ៊ូហ៊ុទ)ដែលពួកអ្នកបានធ្វើឱ្យពួកគេទទួលរងគ្រោះដូចគ្នាទេ្វដង(ស្លាប់ឬរបួសនៅសមរភូមិហ្ពាទើរ) ពួកអ្នកបែរជានិយាយថា៖ តើរឿងនេះមកពីណា? ចូរអ្នក(មូហាំម៉ាត់)ឆ្លើយថា៖ វាមកពីខ្លួនពួកអ្នកផ្ទាល់”។ (អាលីអ៊ិមរ៉ន៖១៦៥)។ ទ្រង់បានមានបន្ទូលទៀតថា៖ “ហើយអ្វីដែលបានធ្លាក់មកលើពួកអ្នកអំពីប្រការអាក្រក់នោះ គឺដោយសារតែអ្វីដែលពួកអ្នកបានប្រព្រឹត្ដកន្លងមក ហើយ ទ្រង់ក៏លើកលែងទោសយ៉ាងច្រើនឥតគណនាដែរ”។ (អាសស្ហ៊ូរ៉៖៣០)
“អល់ឡោះទន់ភ្លន់បំផុតចំពោះខ្ញុំទាំងឡាយរបស់ទ្រង់”
ជឿជាក់លើអល់ឡោះ និងប្រគល់ការទុកចិត្តយ៉ាងល្អប្រសើរចំពោះទ្រង់ គឺជាកត្តាដ៏ចម្បងមួយដែលនាំឲ្យរូបគេរួចផុតពីគ្រោះ និងការសាកល្បងនានា។ ដូចនេះ អ្នកត្រូវជឿជាក់យ៉ាងមុតមាំថា ជាការពិតណាស់ ភាពធូរស្រាល គឺស្ថិតនៅជិតបង្កើយ ហើយត្រូវបណ្តុះនូវភាពសុទិដ្ឋិនិយមក្នុងចំណោមអ្នកដែលនៅជុំវិញរូបអ្នក និងជៀសវាងការបារម្ភ និងទុទិដ្ឋិនិយម ពីព្រោះភាពលំបាកមួយពិតជាមិនអាចឈ្នះភាពងាយស្រួលពីរជាដាច់ខាត។ ﴿ فَإِنَّ مَعَ الْعُسْرِ يُسْرًا * إِنَّ مَعَ الْعُسْرِ يُسْرًا ﴾ “ហើយពិតប្រាកដណាស់ ជាមួយនឹងសេចក្ដីលំបាកវេទនា គឺមានភាពងាយស្រួល។ ពិតប្រាកដណាស់ ជាមួយនឹងសេចកី្ដលំបាកវេទនា គឺមានភាពងាយស្រួល”។ (អាសស្ហើរហ៍៖៥-៦)
ក្នុងចំណោមក្រឹត្យក្រមរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានកំណត់នៅក្នុងចក្រវាឡនេះគឺ ជាការពិតណាស់ ការប្រកាន់យកមូលហេតុត្រឹមត្រូវជាក់ស្តែងជាត្រីមុខ គឺស្ថិតក្នុងចំណោមកត្តាដែលនាំឲ្យរួចផុតពីប្រការអាក្រក់ផ្សេងៗ ហើយបណ្តាអ្នកនាំសារ និងកុសលបុគ្គលទាំងឡាយ ក៏ពួកគេប្រកាន់យកមូលហេតុជាក់ស្តែងនេះជាត្រីមុខដែរ។ ការធ្វើដូចនេះ គឺជាការបង្ហាញពីភាពពេញលេញនៃការប្រគល់ខ្លួនចំពោះអល់ឡោះ និងបញ្ជាក់ពីភាពជាខ្ញុំបម្រើរបស់គេចំពោះអល់ឡោះជាម្ចាស់។
ភាវៈដ៏តូចមួយសោះក៏អាចធ្វើឱ្យមនុស្សលោកមានការព្រួយបារម្មណ៍ដល់សុវត្ថិភាព ស្ថិរភាព និងការរស់នៅរបស់ពួកគេបាន។ ដូចនេះ តើសក្តិសមដែរឬទេចំពោះអ្នកដែលមានសតិបញ្ញាពេញលេញយកលោកិយនេះជាកន្លែងស្នាក់នៅជាអចិន្ត្រៃយ៍ លោភលន់នឹងលោកិយ ដើម្បីប្រយោជន៍របស់ខ្លួន ធ្វើការប្រកួតប្រជែងដណ្តើមគ្នា និងបំផ្លិចបំផ្លាញគ្នា។
គ្មានអ្វីដែលគួរឲ្យសង្ស័យឡើយថា ជាការពិតណាស់ វីរុសទាំងនេះ គឺស្ថិតក្នុងចំណោមសញ្ញាភស្តុតាងរបស់អល់ឡោះជាម្ចាស់ដែលទ្រង់យកវាមកបន្លាចដល់ខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ និងឲ្យពួកគេយកវាធ្វើជាមេរៀន ដាស់ដួងចិត្តរបស់ពួកគេឱ្យត្រឡប់មកគោរពសក្ការៈទៅចំពោះទ្រង់ដោយការកោតខ្លាច។ ទ្រង់បានមានបន្ទូលថា៖ “ហើយយើងមិនបានបញ្ចុះសញ្ញាភស្តុតាងនានានោះឡើយ លើកលែងតែដើម្បីជាការបន្លាចប៉ុណោ្ណះ”។ (អាល់អ៊ិសរ៉ក៖៥៩)
ដាស់ដួងចិត្តឱ្យត្រឡប់មកគោរពសក្ការៈទៅចំពោះទ្រង់ដោយការកោតខ្លាច គឺស្ថិតក្នុងចំណោមសញ្ញាភស្តុតាងរបស់អល់ឡោះ
ពេលវេលា គឺជាប្រភពនៃទ្រព្យសម្បត្តិរបស់ជនមូស្លីមនៅក្នុងលោកិយនេះ។ វាប្រសើរជាងទ្រព្យសម្បត្តិ និងមានតម្លៃមិនអាចកាត់ថ្លៃបាន។ អ៊ិពនូអាប់ហ្ពាស រទអ បានធ្វើសេចក្តីរាយការណ៍អំពីព្យាការី សអវ ពិតណាស់លោកបានមានប្រសាសន៍ថា៖ “ឧបការគុណ(នៀកម៉ាត់)ពីរប្រភេទដែលមនុស្សភាគច្រើនត្រូវគេបោកប្រាស់បាន(ចំណាយវាឥតប្រយោជន៍) គឺសុខភាពល្អ និងពេលទំនេរ”។ (ពូខរី៖៦៤១២)