ផ្នែកបច្ចុប្បន្ន model:
មេរៀន ភាពជាស្វាមីរបស់ព្យាការី ﷺ
ក្នុងចំណោមគតិបណ្ឌិតរបស់អល់ឡោះជាម្ចាស់ គឺទ្រង់បានចាត់តាំងអ្នកនាំសារទាំងឡាយរបស់ទ្រង់ជាមនុស្សលោកដើម្បីជាភស្តុតាងសំអាងឲ្យមនុស្សលោកយកតម្រាប់តាមពួកគាត់ ប្រតិបត្តិតាមសីលធម៌របស់ពួកគាត់ និងអនុវត្តនូវទង្វើនានាដូចទង្វើរបស់ពួកគាត់។ សុភមង្គលរបស់មូស្លីមក្នុងលោកនេះ និងបរលោកខាងមុខ គឺស្ថិតនៅលើការដើរតាមគម្ពីររបស់អល់ឡោះ(គម្ពីរគួរអាន) និងស៊ុណ្ណះ(លំអាន)របស់ព្យាការីរបស់ទ្រង់ សអវ ហើយនិងការស្ថិតនៅលើមាគ៌ារបស់លោក។ ហេតុនេះ គប្បីលើជនមូស្លីមយកចិត្តទុកដាក់លើការស្គាល់ពីជីវប្រវត្តិព្យាការី សអវ និងស៊ុណ្ណះរបស់លោក ដើម្បីឲ្យគេអាចព្យាយាមដើរលើមាគ៌ារបស់លោកគ្រប់ស្ថានភាពរបស់គេ។
ជីវិតរស់នៅរបស់ព្យាការី សអវ នៅក្នុងផ្ទះរបស់លោក និងនៅជាមួយភរិយាទាំងឡាយរបស់លោក គឺជាគំរូដ៏ខ្ពង់ខ្ពស់បំផុតសម្រាប់មនុស្សជាតិទាំងអស់ ហើយវាគឺជាគំរូដែលស្វាមីគ្រប់រូបដែលចង់ឱ្យគ្រួសាររបស់គេមានជីវិតរស់នៅដ៏ល្អប្រសើរនៅក្នុងលោកិយនេះ និងទទួលបានឋានសួគ៌របស់អល់ឡោះជាម្ចាស់នៅថ្ងៃបរលោក គប្បីយកគំរូតាម។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ជាការពិតណាស់ ពួកអ្នកមានអ្នកនាំសាររបស់អល់ឡោះ(ព្យាការីមូហាំម៉ាត់)ជាគំរូដ៏ល្អសម្រាប់ជនណាដែលសង្ឃឹមថានឹងបានជួបអល់ឡោះ និងថ្ងៃបរលោក ហើយនិងបានរំលឹកចំពោះអល់ឡោះយ៉ាងច្រើន”។ (អាល់អះហ្សាប៖២១)
ខ្លះៗអំពីសីលធម៌ដ៏ខ្ពង់ខ្ពស់របស់ព្យាការី សអវ ជាមួយនឹងភរិយាទាំងឡាយរបស់លោក
អំពី អាអ៊ីស្ហះ រទអ ពិតណាស់ រ៉ស៊ូលុលឡោះ សអវ លោកបានមានប្រសាសន៍ថា៖ “អ្នកដែលល្អជាងគេបំផុតនៃពួកអ្នក គឺអ្នកដែលធ្វើល្អជាងគេបំផុតទៅចំពោះគ្រួសាររបស់ខ្លួន ហើយខ្ញុំ គឺជាអ្នកដែលល្អបំផុតនៃពួកអ្នកចំពោះក្រុមគ្រួសាររបស់ខ្ញុំ”។ (តៀរមីហ្ស៊ី៖៣៨៩៥)។ ពិតប្រាកដណាស់ ព្យាការី សអវ លោកបានប្រើបុរសទាំងឡាយនៃប្រជាជាតិរបស់លោកឲ្យធ្វើល្អចំពោះភរិយារបស់ខ្លួន ហើយលោកបានកោតសរសើរចំពោះអ្នកដែលបានធ្វើដូច្នោះ។ បន្ទាប់មក លោកបានបញ្ជាក់ថា ជាការពិតណាស់ រូបលោកគឺជាគំរូសម្រាប់ពួកគេនៅក្នុងរឿងនោះ។
ការយកចិត្តទុកដាក់របស់ព្យាការី ﷺ ចំពោះការលួងលោមភរិយា និងការបំពេញបំណងប្រាថ្នារបស់ពួកគេ
អំពី អាអ៊ីស្ហះ រទអ បាននិយាយថា៖ “ខ្ញុំបានឃើញព្យាការី ﷺ ខ្ញុំបានឃើញព្យាការីគ្របខ្ញុំជាមួយនឹងអាវរបស់គាត់ខណៈពេលដែលខ្ញុំកំពុងសម្លឹងមើលគេ(អាល់ហាប់ស្ហះ)លេងនៅក្នុងម៉ាស្ជិតរហូតដល់ខ្ញុំឆ្អែត។ ចូរបំពេញតាមបំណងប្រាថ្នារបស់នាងដែលមានវ័យក្មេងតែងចង់សប្បាយ”។ (ពូខរី៖៥២៣៦, មូស្លីម៖៨៩២)។ ដូចនេះ ក្នុងចំណោមការធ្វើតាមគំរូព្យាការី ﷺ គឺស្វាមីគួរជាមនុស្សដែលវាងវៃ យកចិត្តទុកដាក់ចំពោះបំណងប្រាថ្នាភរិយារបស់ខ្លួន ឱ្យតម្លៃលើតម្រូវការផ្លូវចិត្តរបស់នាង ហើយបំពេញវាដល់នាងតាមអ្វីដែលច្បាប់បានអនុញ្ញាត។
រ៉ស៊ូលុលឡោះ ﷺ លោកបានចាត់ទុកការប្រឡែងលេងរបស់បុរសជាមួយភរិយារបស់ខ្លួន គឺជាការកម្សាន្តដែលគេអនុញ្ញាត ហើយបដិសេធពីការដែលចាត់ទុកវាថាជាការកម្សាន្តដែលគេស្អប់ខ្ពើម។ ដោយលោកបានមានប្រសាសន៍ថា៖ “អ្វីដែលកូនចៅអាហ្ទាំលេងកម្សាន្ត គឺជាប្រការខុសឆ្គង លើកលែងតែបីប្រការប៉ុណ្ណោះគឺ ការបាញ់ធ្នូ ការជិះសេះហ្វឹកហាត់ និងការលេងកម្សាន្តជាមួយគ្រួសាររបស់គេ ត្បិតគ្រួសារគឺទទួលបានសិទ្ធមួយនេះ”។ (អះម៉ាត់៖១៧៣៣៧)
មានភស្តុតាងបញ្ជាក់ពី អាអ៊ីស្ហះ រទអ ពិតណាស់គាត់ធ្លាប់ធ្វើដំណើរជាមួយព្យាការី ﷺ។ គាត់បាននិយាយថា៖ “ពេលនោះ ខ្ញុំបានរត់ប្រណាំងជាមួយលោក ហើយខ្ញុំបានរត់ឈ្នះលោក។ នៅពេលដែលខ្ញុំមានសាច់បន្តិច ខ្ញុំក៏បានរត់ប្រណាំងជាមួយលោក(ម្តងទៀត) ហើយលោកក៏បានរត់ឈ្នះខ្ញុំវិញម្តង”។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “ឈ្នះលើកនេះគឺជំនួសលើកមុនដែលអ្នកបានយកឈ្នះខ្ញុំ”។ (អាពូហ្ទាវូទ៖២៥៧៨)។ ពិតណាស់ ព្យាការី ﷺ លោកតែងប្រឡែងលេងជាមួយភរិយារបស់លោក និងនិយាយលេងជាមួយពួកនាង។ ដូច្នេះ ធ្វើឲ្យជីវិតអាពាហ៍ពិពាហ៍គ្មានភាពសោះកក្រោះ និងមិនគួរឱ្យធុញទ្រាន់នោះទេ។
គតិបណ្ឌិតរបស់ព្យាការី សអវ ក្នុងការប្រឈមមុខនឹងបញ្ហាគ្រួសារ
គ្មានគ្រួសារណាមួយដែលចៀសផុតពីការកើតមាននូវបញ្ហាមួយចំនួនរវាងសមាជិកនៅក្នុងគ្រួសារនោះឡើយ។ ពិតណាស់ ព្យាការី ﷺ លោកបានលើកជាឧទាហរណ៍ដ៏ល្អបំផុតដល់យើងអំពីរបៀបដោះស្រាយបញ្ហាទាំងនេះ។ អំពី អាណាស រទអ បាននិយាយថា៖ “ មានពេលមួយនោះ ព្យាការី ﷺ កំពុងស្នាក់នៅជាមួយស្រ្តីម្នាក់ក្នុងចំណោមភរិយារបស់លោក។ ហើយមានភរិយាផ្សេងទៀតបានផ្ញើអាហារមកឱ្យលោក ពេលនោះភរិយាដែលស្ថិតនៅជាមួយនោះក៏បានក្រវៀសដៃរបស់ខ្ញុំបម្រើ បណ្ដាលឱ្យចានអាហារធ្លាក់បែក។ ព្យាការីក៏បានប្រមូលចានដែលបែក និងប្រមូលអាហារឡើងវិញ ហើយពោលពាក្យថា៖ «ម្ដាយរបស់អ្នកម្នាក់នេះមានអារម្មណ៍ប្រចណ្ឌ» ។ បន្ទាប់មក លោកបានដាក់ចានថ្មីមួយទៅឱ្យភរិយាដែលបានផ្ញើអាហារ ហើយទុកចានដែលបែកនៅក្នុងផ្ទះរបស់ភរិយានោះ”។ (ពូខរី៖៥២២៥)
ទ្រូងរបស់ព្យាការី ﷺ មិនបានតឹងចិត្តដោយសារតែសកម្មភាពដែលបង្ហាញចេញមកដោយសារតែអារម្មណ៍ពីធម្មជាតិនៃប្រពន្ធរបស់លោក ឬពីសមាជិកគ្រួសាររបស់លោកនោះឡើយ។ ហើយលោកតែងដោះស្រាយគ្រប់បញ្ហាទាំងនោះដោយភាពវាងវៃ និងគតិបណ្ឌិត។ ហើយប្រសិនបើស្ថានការណ៍បានបង្ហាញពីជម្លោះ និងការទាស់ទែងគ្នា នោះព្យាការី ﷺ នឹងផ្លាស់ប្តូរស្ថានភាពប្រកបដោយប្រាជ្ញា មិនមានកំហឹង ឬខឹងច្រឡោត លោកបានបន្ធូរបន្ថយភាពតានតឹង និងផ្តល់យុត្តិធម៌ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់។
ព្យាការី ﷺ បានទទួលយកការពិតថា ប្រពន្ធរបស់លោកបានខឹងនឹងលោកចំពោះការណ៍នោះ ហើយលោកឆ្លើយតបចំពោះរឿងនោះវិញដោយចិត្តសប្បុរស និងមេត្តាករុណា។ អំពី អាអ៊ីស្ហះ រទអ បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍មកកាន់ខ្ញុំថា៖ “ជាការពិតណាស់ ខ្ញុំពិតជាអាចដឹងបានថា នៅពេលណាដែលអ្នកពេញចិត្តចំពោះខ្ញុំ និងនៅពេលណាដែលអ្នកខឹងចំពោះខ្ញុំ”។ គាត់(អាអ៊ីស្ហះ)បាននិយាយថា៖ ខ្ញុំបាននិយាយថា៖ “តើលោកដឹងដូចនោះយ៉ាងដូចម្តេច”? លោកបានឆ្លើយថា៖ “នៅពេលណាដែលអ្នកពេញចិត្តចំពោះខ្ញុំ គឺអ្នកនឹងនិយាយថា៖ “ទេ សូមស្បថនឹងព្រះជាម្ចាស់របស់មូហាំម៉ាត់”។ តែនៅពេលណាដែលអ្នកខឹងខ្ញុំវិញ គឺអ្នកនឹងនិយាយថា៖ “ទេ សូមស្បថនឹងព្រះជាម្ចាស់របស់អ៊ីព្រហ៊ីម”។ ពេលនោះគាត់(អាអ៊ីស្ហះ)បាននិយាយថា៖ “ចាស៎ ពិតមែនហើយ សូមស្បថនឹងអល់ឡោះ ឱរ៉ស៊ូលុលឡោះ! គឺដូច្នោះហើយ វាគឺគ្រាន់តែជាឈ្មោះរបស់អ្នកប៉ុណ្ណោះដែលខ្ញុំបានប្តូរ”។ (ពូខរី៖៥២២៨, មូស្លីម៖២៤៣៩)
រួមរស់ជាមួយភរិយាដោយល្អប្រសើរ
ព្យាការី សអវ លោកជួយទុក្ខធុរៈភរិយាទាំងឡាយរបស់លោកលើកិច្ចការផ្ទះ និងការងារផ្សេងៗទៀត ជាក្តីមេត្តាករុណាចំពោះនាង និងដើម្បីជាការជួយសម្រាលបន្ទុករបស់នាង ហើយក្នុងចំណោមសីលធម៌របស់ព្យាការី សអវ នោះ គឺលោកបម្រើខ្លួនលោកផ្ទាល់លើការងារផ្ទាល់ខ្លួន។
ពិតណាស់ មានគេសួរ អាអ៊ីស្ហះ រទអ ថា៖ តើព្យាការី សអវ លោកធ្វើអ្វីខ្លះនៅក្នុងផ្ទះរបស់លោក? គាត់បានឆ្លើយថា៖ “គឺលោកបម្រើគ្រួសាររបស់លោក(ដូចគេដូចឯង)។ ហើយនៅពេលវេលាសឡាតមកដល់ លោកចេញទៅសឡាត”។ (ពូខរី៖៦៧៦)។ នៅក្នុងហាទីស្ហមួយផ្សេងទៀត គាត់បាននិយាយថា៖ “រ៉ស៊ូលុលឡោះ សអវ លោកដេរស្បែកជើង និងដេរសម្លៀកបំពាក់របស់លោក(ដោយខ្លួនឯង) ហើយធ្វើការងារផ្សេងៗនៅក្នុងផ្ទះរបស់លោកដូចដែលអ្នករាល់គ្នាធ្វើនៅផ្ទះរបស់ខ្លួនអញ្ចឹងដែរ”។ (អះម៉ាត់៖២៥៣៤១)
រូបភាពមួយចំនួននៃក្តីស្រឡាញ់របស់លោកចំពោះភរិយា
ហៅភរិយាជាមួយនឹងឈ្មោះដែលនាងស្រឡាញ់
នៅក្នុងហាទីស្ហមួយ រ៉ស៊ូលុលឡោះ ﷺ លោកបានហៅ អាអ៊ីស្ហះ ថា៖ “ឱ អាអ៊ីស្ហ(ពាក្យទំយើនៃពាក្យ “អាអ៊ីស្ហះ”)! ជីព្រីលបានផ្ញើរសាឡាមមកកាន់អ្នក”។ (ពូខរី៖៣៧៦៨)។ ពេលខ្លះ លោកហៅអាអ៊ីស្ហះថា៖ “ហ៊ូម៉ៃរ៉ក” មានន័យថា “កញ្ញាថ្ពាល់ក្រហម”។
បញ្ចុកអាហារដល់នាង
អំពី សាអាត់ ពិន អាពីវ៉ាក័ស រទអ ពិតណាស់ រ៉ស៊ូលុលឡោះ សអវ លោកបានមានប្រសាសន៍ទៅកាន់គាត់ថា៖ “ជាការពិតណាស់ អ្វីក៏ដោយដែលអ្នកចំណាយផ្គត់ផ្គង់(ដល់គ្រួសារ) វាគឺជាការបរិច្ចាគទាន សូម្បីតែអាហារមួយម៉ាត់ដែលអ្នកបញ្ចុកក្នុងមាត់ភរិយារបស់អ្នកក៏ដោយ”។ (ពូខរី៖២៧៤២)
ប្រាប់ពីក្តីស្រឡាញ់របស់ខ្លួនដល់ភរិយា
អំពី អាំរូ ពិន អាល់អ័ស រទអ ពិតណាស់ ព្យាការី ﷺ លោកបានតែងតាំងគាត់ឱ្យដឹកនាំកងទ័ពនៅតំបន់មួយដែលមានឈ្មោះថា សាលាស៊ីល។ គាត់(អាំរូ)បាននិយាយថា៖ ពេលនោះ ខ្ញុំក៏បានទៅជួបលោក ហើយបានសួរថា៖ ”តើនរណាម្នាក់ដែលលោកស្រឡាញ់ជាងគេ”? លោកបានឆ្លើយថា៖ “គឺអាអ៊ីស្ហះ”។ (ពូខរី៖៣៦៦២, មូស្លីម៖២៣៨៤)
យកចិត្តទុកដាក់ស្តាប់នាងនិយាយ
ភស្តុតាងដែលបញ្ជាក់ដូចនេះ គឺហាទីស្ហដ៏វែងមួយរបស់ អ៊ុមមូ ហ្សារ៉ក់ ដោយក្នុងហាទីស្ហនោះ អាអ៊ីស្ហះ រទអ បាននិយាយរៀបរាប់ពីរឿងរ៉ាវស្ត្រី១១នាក់ ដែលពួកគេអង្គុយជុំគ្នា ហើយពួកគេម្នាក់ៗចាប់ផ្តើមនិយាយអំពីស្ថានភាពរបស់ពួកគេជាមួយស្វាមីរបស់ពួកនាង។ ពេលនោះ ព្យាការី ﷺ បន្តស្តាប់រហូតដល់នាងបញ្ចប់ការនិយាយអំពីរឿងដែលបានកើតឡើងរវាងពួកគេរហូតដល់ចប់។
តុបតែងខ្លួន និងធ្វើខ្លួនឲ្យស្អាតសម្រាប់ភរិយា
មានគេសួរ អាអ៊ីស្ហះ រទអ ថា៖ “តើព្យាការី ﷺ លោកចាប់ផ្ដើមធ្វើអ្វីមុនគេពេលដែលលោកចូលផ្ទះរបស់លោក”? គាត់បានឆ្លើយថា៖ គឺលោកចាប់ផ្តើមនឹងស៊ីវ៉ាក(ពោលគឺដុសធេ្មញដោយឈើស៊ីវ៉ាក)”។ (មូស្លីម៖២៥៣)។ មានសេចក្តីរាយការណ៍អំពី អាអ៊ីស្ហះ រទអ ដដែល ពិតណាស់ គាត់បាននិយាយថា៖ “ខ្ញុំធ្លាប់លាបទឹកអប់ដែលល្អបំផុតដែលខ្ញុំមានឲ្យព្យាការី ﷺ រហូតដល់ខ្ញុំបានរកឃើញពន្លឺនៃក្លិនក្រអូបនៅលើក្បាល និងពុកចង្ការរបស់លោក”។ (ពូខរី៖៥៩២៣)
ភក្តីភាពរបស់ព្យាការី សអវ ចំពោះភរិយារបស់លោក
រូបភាពដ៏ច្បាស់បំផុតមួយនៃភក្ដីភាពនេះ គឺអ្វីដែលបានកើតឡើងចំពោះព្យាការី ﷺ ជាមួយនឹង ខទីហ្ជះ រទអ នាប៉ុន្មានឆ្នាំក្រោយបន្ទាប់ពីការស្លាប់របស់នាង។ ក្នុងនោះគឺ ហ្សៃណប់ កូនស្រីរបស់ព្យាការី ﷺ នៅពេលដែលនាងចង់លោះ អាពូ អាល់អ័ស(ដែលគាត់បានរៀបការជាមួយនាងមុនឥស្លាមមកដល់ ហើយគាត់បានក្លាយជាឈ្លើយសឹកនៅក្នុងសង្គ្រាមហ្ពាទើរ)ជាមួយនឹងខ្សែករបស់ ខទីហ្ជះ រទអ បានឱ្យនាង។ ពេលនោះ ព្យាការី ﷺ លោកមានភាពក្រៀមក្រំក្នុងចិត្តជាខ្លាំងនៅពេលដែលបានឃើញខ្សែក(របស់ខទីហ្ជះ)នោះ ហើយលោកបានមានប្រសាសន៍ថា៖ “ប្រសិនបើពួកអ្នកយល់ទាស់ទេ សូមដោះលែងគេ ហើយផ្តល់ខ្សែកនោះត្រឡប់មកវិញបានទេ”។ (អាពូហ្ទាវូទ៖២៦៩២)។ ភក្តីភាពដែលព្យាការី ﷺ មានចំពោះខទីហ្ជះ គឺខ្ពស់បំផុត រហូតធ្វើឲ្យអាអ៊ីស្ហះ រទអ ប្រចណ្ឌ(ច្រណែន)នាង ទាំងដែលនាងមិនធ្លាប់បានឃើញគាត់ ឬរស់នៅសម័យជាមួយគ្នាផង។ អំពី អាអ៊ីស្ហះ រទអ បាននិយាយថា៖ “ខ្ញុំមិនដែលប្រចណ្ឌនឹងភរិយាណាម្នាក់របស់ព្យាការី ﷺ ដូចការប្រចណ្ឌរបស់ខ្ញុំចំពោះខទីហ្ជះ ឡើយ ទាំងដែលខ្ញុំមិនដែលឃើញគាត់សោះ។ ប៉ុន្ដែព្យាការី ﷺ លោកបានរំលឹកយ៉ាងច្រើនអំពីគាត់ ហើយជួនកាលពេលខ្លះ លោកសំឡេះពពែ រួចកាត់សាច់ខ្លះឲ្យគេយកទៅឲ្យមិត្ដភក្ដិទាំងឡាយរបស់ ខទីហ្ជះ ទៀតផង។ ជួនកាលពេលខ្លះ ខ្ញុំនិយាយទៅកាន់លោកថា៖ ហាក់ដូចជានៅលើផែនដីនេះ គ្មានស្ត្រីណាក្រៅអំពីខទីហ្ជះអញ្ចឹង។ លោកបានមានប្រសាសន៍ថា៖ “នាងគឺបែបនេះ(លោករំលឹកនូវរឿងល្អៗអំពីនាង) ហើយខ្ញុំមានកូនជាមួយនាង”។ (ពូខរី៖៣៨១៨, មូស្លីម២៤៣៥)
ភាពយុត្តិធម៌របស់ព្យាការី សអវ រវាងភរិយាទាំងឡាយរបស់លោក
ការឲ្យតម្លៃរបស់ព្យាការី សអវ ចំពោះភរិយាទាំងឡាយរបស់លោក និងប្រឹក្សាយោបល់ជាមួយពួកនាង
គ្មានអ្វីដែលអាចបញ្ជាក់ដូចនោះច្បាស់ជាងអ្វីដែលបានកើតឡើងនៅថ្ងៃហ៊ូទៃពីយ៉ះនោះឡើយ ដោយព្យាការី សអវ លោកបានប្រឹក្សាជាមួយភរិយារបស់លោកឈ្មោះ អ៊ុមមូសាឡាម៉ះ នៅពេលដែលលោកបានសុំឲ្យមូស្លីមទាំងអស់សំឡេះសត្វ និងកោរសក់(ដើម្បីផ្តាច់ខ្លួនពីអៀហរ៉ម) តែគ្មាននរណាម្នាក់ធ្វើតាមលោកឡើយ។ ពេលនោះ លោកបានចូលទៅជួប អ៊ុមមូសាឡាម៉ះ ហើយបានរំលឹករឿងនោះប្រាប់នាង។ នៅពេលនោះ នាងបាននិយាយថា៖ “ឱព្យាការីរបស់អល់ឡោះ! តើលោកពេញចិត្តដូចនោះឬ(បានន័យថា តើលោកចង់ឲ្យពួកគេធ្វើតាមលោកឬ)? សូមលោកចាកចេញទៅ ហើយមិនបាច់និយាយអ្វីទាំងអស់ជាមួយនរណាម្នាក់ រហូតដល់លោកសំឡេះសត្វអូដ្ឋរបស់លោករួចរាល់ និងហៅអ្នកកោរសក់របស់លោកមក រួចគេកោរសក់ឲ្យលោក”។ ពេលនោះ លោកក៏បានចេញទៅ ហើយមិននិយាយរកនរណាម្នាក់ក្នុងចំណោមពួកគេឡើយ រហូតដល់លោកធ្វើដូចនោះរួចរាល់ គឺសំឡេះសត្វអូដ្ឋរបស់លោក និងហៅអ្នកកោរសក់របស់លោកមក រួចគេកោរសក់ឲ្យលោក។ នៅពេលដែលពួកគេឃើញដូច្នោះ ពួកគេក៏នាំគ្នាសំឡេះសត្វ(តាមលោក) និងបានកោរសក់ឲ្យគ្នាទៅវិញទៅមក”។ (ពូខរី៖២៧៣១)