បន្តរៀន

អ្នកមិនបានចុះឈ្មោះចូលទេ
ចុះឈ្មោះឥឡូវនេះក្នុងវេបសាយ(តាក)ដើម្បីតាមដានភាពល្អប្រសើររបស់អ្នក ប្រមូលពិន្ទុ និងការចូលរួមក្នុងការប្រកួតប្រជែង បន្ទាប់ពីមានការចុះឈ្មោះរួចហើយ អ្នកនឹងទទួលបានវិញ្ញាបនបត្រអ៊ីនធឺណិតក្នុងប្រធានបទដែលអ្នកសិក្សាវា

ផ្នែកបច្ចុប្បន្ន model:

មេរៀន ស៊ុណ្ណះណាពី ﷺ

សាសនាឥស្លាម គឺឈរឡើងនៅលើមូលដ្ឋានពីរសំខាន់ គឺគម្ពីរគួរអាន និងស៊ុណ្ណះណាពី(លំអានព្យាការី)ដ៏ជ្រះស្អាត។ នៅក្នុងមេរៀននេះ អ្នកនឹងបានដឹងពីធាតុពិតនៃស៊ុណ្ណះណាពី និងឋានៈរបស់វានៅក្នុងសាសនាឥស្លាម។

  • ដឹងពីឧត្តមភាពនៃស៊ុណ្ណះណាពី
  • ដឹងពីឋានៈនៃស៊ុណ្ណះក្នុងបញ្ញត្តិច្បាប់ឥស្លាម
  • ដឹងអំពីភាពអស្ចារ្យនៃបញ្ញត្តិច្បាប់ស៊ុណ្ណះ

count: ចំនួនសិស្សផ្សេងទៀតដែលបានបញ្ចប់មេរៀននេះ។

ស៊ុណ្ណះណាពី

ស៊ុណ្ណះរ៉ស៊ូលុលឡោះ ﷺ គឺជាវ៉ាហ៊ី(សារ)មួយរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានផ្តល់វាជាវ៉ាហ៊ីទៅកាន់ព្យាការីរបស់ទ្រង់ មូហាំម៉ាត់ ﷺ ហើយវា(ស៊ុណ្ណះ)រួមជាមួយនឹងគម្ពីររបស់អល់ឡោះដ៏មហាខ្ពង់ខ្ពស់ គឺជាមូលដ្ឋានគ្រឹះ និងជាប្រភពនៃសាសនាឥស្លាម។ វាទាំងពីរនេះ គឺត្រូវតែរួមគ្នាដោយមិនអាចបំបែកពីគ្នាបានដែរ ហើយក៏ជាការបញ្ជាក់ពីកាលីម៉ះស្ហាហាហ្ទះទាំងពីរគឺ لَا إِلَه إِلَّا الله وَشَهَادَة أَن مُحَمَّدًا رَسُول الله ។ ជនណាហើយដែលគ្មានជំនឿនឹងស៊ុណ្ណះ ជននោះក៏គ្មានជំនឿនឹងគម្ពីរគួរអានដែរ។

និយមន័យស៊ុណ្ណះ

ស៊ុណ្ណះណាពី ឬលំអានរបស់ព្យាការី៖ ជាអ្វីដែលភ្ជាប់ទៅកាន់ព្យាការី ﷺ នៅក្នុងពាក្យសម្តី ទង្វើ ការអនុម័ត និងរូបសម្បត្តិ ឬបុគ្គលិកលក្ខណៈរបស់លោក។

ឋានៈនៃស៊ុណ្ណះ

ចំពោះស៊ុណ្ណះណាពី សអវ គឺមានឋានៈធំធេងណាស់នៅក្នុងសាសនាឥស្លាម។ ក្នុងចំណោមអ្វីដែលបញ្ជាក់ពីឋានៈរបស់វានោះ គឺមានដូចជា៖

១. វាជាប្រភពទីពីរនៃបញ្ញត្តិច្បាប់ឥស្លាម

ស៊ុណ្ណះ គឺជាប្រភពទីពីរនៅក្នុងសាសនាឥស្លាមបន្ទាប់ពីគម្ពីរគួរអាននៃបញ្ញត្តិច្បាប់ឥស្លាម។ អំពី អាល់មិកហ្ទាម ពិន ម៉ាក់ទីយ៍ កើរពុលកាន់ទីយ៍ បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “តើពុំមែនទេឬ ជាការពិតណាស់ គេបានផ្តល់ឲ្យខ្ញុំនូវគម្ពីរគួរអាន និងអ្វីដែលស្រដៀងវា(ស៊ុណ្ណះ)មកជាមួយវាផងដែរ។ តើពុំមែនទេឬ ជាការពិតណាស់ គេបានផ្តល់ឲ្យខ្ញុំនូវគម្ពីរគួរអាន និងអ្វីដែលស្រដៀងវា(ស៊ុណ្ណះ)មកជាមួយវាផងដែរ។ ប៉ុន្តែពេលវេលានឹងមកដល់ នឹងមានមនុស្សចំណាស់ម្នាក់នៅលើសាឡុងរបស់គាត់នឹងនិយាយថា៖ “ចូរពួកអ្នកប្រកាន់ខ្ជាប់នឹងគម្ពីរគួរអាន(ដោយមិនបានទទួលយកអ្វីដែលមាននៅក្នុងស៊ុណ្ណះ)។ ជាការពិតណាស់ អ្វីដែលពួកអ្នកបានប្រទះឃើញក្នុងវានូវប្រការដែលគេអនុញ្ញាត(ហាឡាល់) ចូរពួកអ្នកចាត់ទុកវាជាប្រការដែលគេអនុញ្ញាត។ ហើយអ្វីដែលពួកអ្នកបានប្រទះឃើញក្នុងវានូវប្រការដែលគេហាមឃាត់(ហារ៉ាំ) ចូរពួកអ្នកចាត់ទុកវាជាប្រការដែលគេហាមឃាត់ចុះ”។ (មុសណាត់អះម៉ាត់៖១៧១៧៤)

២. វាជាវ៉ាហ៊ីមួយមកពីអល់ឡោះ

ស៊ុណ្ណះណាពី គឺជាវ៉ាហ៊ីមួយពីអល់ឡោះជាម្ចាស់ចំពោះអ្នកនាំសាររបស់ទ្រង់ សអវ។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយគេក៏មិននិយាយតាមទំនើងចិត្ដដែរ។ វា(ពាក្យសំដីដែលគាត់និយាយ)គ្មានអ្វីក្រៅពីវ៉ាហ៊ីដែលត្រូវគេវ៉ាហ៊ីមកនោះឡើយ”។ (អាន់ណាច្ចម៍៖៣-៤)

៣. វាជាការបញ្ជាក់(បកស្រាយ)ចំពោះគម្ពីរគួរអាន

នៅក្នុងស៊ុណ្ណះណាពី គឺមានបញ្ជាក់(បកស្រាយ)ចំពោះគម្ពីរគួរអាន។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយយើងបានបញ្ចុះគម្ពីរគួរអានឱ្យអ្នកដើម្បីឱ្យអ្នកពន្យល់ណែនាំដល់មនុស្សលោកនូវអ្វីៗដែលត្រូវបានបញ្ចុះទៅឱ្យពួកគេ ហើយសង្ឃឹមថា ពួកគេចេះគិតពិចារណា”។ (អាន់ណះល៍៖៤៤)

នៅក្នុងគម្ពីរគួរអាន មានវាក្យខណ្ឌជាច្រើនដែលនិយាយពីក្បួនច្បាប់នានាជាលក្ខណៈរួម។ ដូចនេះ រ៉ស៊ូលុលឡោះ សអវ លោកជាអ្នកបកស្រាយក្បួនច្បាប់ទាំងនោះតាមរយៈពាក្យសម្តី ឬការអនុវត្តជាក់ស្តែងនូវអ្វីដែលមាននៅក្នុងគម្ពីរគួរអាននេះ។ ឧទាហរណ៍ដូចជា៖ បន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “ហើយចូរពួកអ្នកប្រតិបត្ដិសឡាត និងបរិច្ចាគហ្សាកាត់ ហើយនិងប្រតិបត្ដិតាមអ្នកនាំសារ។ សង្ឃឹមថាពួកអ្នកនឹងទទួលបានការអាណិតស្រឡាញ់ពីអល់ឡោះ”។ (អាន់នួរ៖៥៦)។ ក្នុងវាក្យខណ្ឌនេះ បទបញ្ជាប្រើឲ្យប្រតិបត្តិសឡាត និងបរិច្ចាគហ្សាកាត់ គឺជាលក្ខណៈរួម។ ដូចនេះ ស៊ុណ្ណះ គឺជាអ្នកបញ្ជាក់ និងបកស្រាយលម្អិត ដោយបញ្ជាក់លម្អិតពីពេលវេលាសឡាតទាំងប្រាំពេល របៀបប្រតិបត្តិសឡាត និងក្បួនច្បាប់របស់វាទាំងអស់។ ក៏ដូចគ្នាដែរ ស៊ុណ្ណះជាអ្នកបកស្រាយបញ្ជាក់នូវក្បួនច្បាប់ផ្សេងៗនៃហ្សាកាត់។

ការថែរក្សារបស់អល់ឡោះជាម្ចាស់ចំពោះស៊ុណ្ណះណាពី

ស៊ុណ្ណះណាពី គឺស្ថិតក្នុងចំណោម “អាល់ហ្ស៊ិរ៍”(ការរំឮក)ដែលអល់ឡោះជាម្ចាស់ទ្រង់ធានាថែរក្សាវា។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ពិតប្រាកដណាស់ យើងបានបញ្ចុះនូវ“អាល់ហ្ស៊ិរ៍”(ការរំឮក) ហើយពិតប្រាកដណាស់ យើងជាអ្នកថែរក្សាវា”។ (អាល់ហ៊ិជ្ជរ៍៖៩)។ ពិតណាស់ “អាល់ហ្ស៊ិរ៍”(ការរំឮក) គឺជានាមសំដៅលើអ្វីគ្រប់យ៉ាងដែលអល់ឡោះជាម្ចាស់ទ្រង់បានបញ្ចុះទៅកាន់ព្យាការីរបស់ទ្រង់ ﷺ ពីគម្ពីរគួរអាន និងស៊ុណ្ណះ។

ក្នុងចំណោមភាពជាក់ស្តែងនៃការថែរក្សានេះ គឺអល់ឡោះជាម្ចាស់ទ្រង់បានរៀបចំសម្រាប់ស៊ុណ្ណះណាពីនេះនូវអ្នកប្រាជ្ញឥស្លាមជាច្រើនដែលបានលះបង់ និងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការប្រមូល និងចងក្រងស៊ុណ្ណះណាពី ហើយកំណត់ច្បាប់ និងរូបមន្តនៃការគ្រប់គ្រងនូវសេចក្តីរាយការណ៍របស់វា។ និងបានញែកចេញពីវានូវសេចក្តីរាយការណ៍ណាដែលមានការភូតភរ ការភាន់ច្រឡំ និងកំហុសដែលត្រូវបានបញ្ចូលទៅក្នុងវា ដោយការគ្រប់គ្រង និងត្រួតពិនិត្យដោយភាពជាក់លាក់បំផុត។ ពួកគេព្យាយាមចងចាំតាមវិធីល្អបំផុតដែលអាចធ្វើទៅបាន ហើយពួកគេបានពិនិត្យយ៉ាងដិតដល់ និងអង្កេតយ៉ាងលម្អិតជុំវិញអ្នកដែលរាយការណ៍ និងសេចក្តីរាយការណ៍របស់វា។

ដូចនេះ ស៊ុណ្ណះណាពី គឺអល់ឡោះជាម្ចាស់ទ្រង់ទទួលបន្ទុកថែរក្សាវាតាមរយៈបណ្តាអ្នករាយការណ៍ និងអ្នកប្រាជ្ញទាំងនោះដែលអល់ឡោះជាម្ចាស់ទ្រង់សម្រួលដល់ពួកគេក្នុងការថែរក្សាស៊ុណ្ណះណាពីរបស់ទ្រង់ សអវ។

សិទ្ធិអំណាចនៃស៊ុណ្ណះ

ស៊ុណ្ណះណាពី គឺជាប្រភពទីពីរនៃច្បាប់ឥស្លាមបន្ទាប់ពីគម្ពីរគួរអាន ហើយសាសនារបស់អល់ឡោះមិនអាចមានភាពពេញលេញនោះទេ លុះត្រាតែត្រូវបានប្រកាន់ខ្ជាប់នឹងគម្ពីរគួរអាន និងស៊ុណ្ណះនេះជាមួយគ្នា។

ដូចនេះ ស៊ុណ្ណះ គឺជាប្រភពដ៏សំខាន់ក្នុងការដាក់ចេញនូវក្បួនច្បាប់ផ្សេងៗក្នុងសាសនាឥស្លាម ហើយចាំបាច់ត្រូវអនុវត្តស្របទៅតាមវា នៅក្នុងបញ្ហានានាទាក់ទងនឹងគោលជំនឿ និងក្បួនច្បាប់ផ្សេងៗ។

ហើយស៊ុណ្ណះនេះផងដែរ ជួនកាលសម្រាប់បកស្រាយនូវក្បួនច្បាប់ទាំងឡាយរបស់គម្ពីរគួរអាន ហើយវាក៏អាចបញ្ញត្តិនូវក្បួនច្បាប់ណាមួយដោយឯករាជ្យផងដែរ។ ដូចនេះ វាដូចទៅនឹងគម្ពីរគួរអានដែរក្នុងការអនុញ្ញាតនូវប្រការណាមួយ និងដាក់បម្រាមនូវប្រការណាមួយ។

ជាការពិតណាស់ មានភស្តុតាងពីគម្ពីរគួរអាន និងហាទីស្ហជាច្រើនដែលទទួលស្គាល់ពីសិទ្ធិអំណាចរបស់ស៊ុណ្ណះ និងឋានៈរបស់វាក្នុងការបញ្ញត្តិនូវក្បួនច្បាប់នានាក្នុងសាសនាឥស្លាម។ ហើយក៏មានអាយ៉ាត់ និងហាទីស្ហជាច្រើនទៀតដែលប្រើឲ្យប្រកាន់ខ្ជាប់នូវស៊ុណ្ណះ ការយកវាធ្វើជាអំណះអំណាង ហើយនិងភាពចាំបាច់នៃការប្រតិបត្តិតាមព្យាការី ﷺ ផងដែរ។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយអ្វីដែលអ្នកនាំសារបានផ្ដល់ឱ្យពួកអ្នក ចូរពួកអ្នកទទួលយកវាចុះ ហើយអ្វីដែលគាត់បានហាមឃាត់ពួកអ្នកអំពីវា ចូរពួកអ្នកបោះបង់ចោល”។ (អាល់ហាស្ហរ៍៖៧)

អំពី អាល់មិកហ្ទាម ពិន ម៉ាក់ទីយ៍ កើរពុលកាន់ទីយ៍ ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “មិនយូរនោះទេ ពេលវេលាមួយមកដល់គឺនឹងមានបុគ្គលម្នាក់នឹងអង្គុយលើសាឡុងរបស់គេ។ ហើយនៅពេលដែលហាទីស្ហរបស់ខ្ញុំត្រូវបានលើកឡើង គេក៏បាននិយាយថា៖ មានគម្ពីររបស់អល់ឡោះ(គម្ពីរគួរអាន)គឺគ្រប់គ្រាន់ហើយសម្រាប់ពួកយើងនិងពួកអ្នក(មិនត្រូវការស៊ុណ្ណះនោះទេ)។ ដូចនេះ អ្វីដែលពួកយើងបានប្រទះឃើញក្នុងវា(គម្ពីរគួរអាន)នៃប្រការដែលគេអនុញ្ញាតនោះ ពួកយើងក៏ចាត់ទុកវាជាប្រការដែលគេអនុញ្ញាត(ប្រការហាឡាល់) ហើយអ្វីដែលពួកយើងបានប្រទះឃើញក្នុងវានៃប្រការដែលគេហាមឃាត់នោះ ពួកយើងក៏ចាត់ទុកវាជាប្រការដែលគេហាមឃាត់(ប្រការហារ៉ាំ)ដែរ។ ពិតប្រាកដណាស់ អ្វីដែលរ៉ស៊ូលុលឡោះ ﷺ លោកបានដាក់បម្រាមនោះ ក៏ដូចជាអ្វីដែលអល់ឡោះទ្រង់ដាក់បម្រាមដែរ”។ (អ៊ិពនូម៉ាហ្ជះ៖១២)

ការអនុវត្តតាមស៊ុណ្ណះ

អល់ឡោះជាម្ចាស់ទ្រង់បានដាក់កាតព្វកិច្ចលើខ្ញុំបម្រើរបស់ទ្រង់ឲ្យប្រតិបត្តិតាមអ្នកនាំសាររបស់ទ្រង់ ព្យាការីមូហាំម៉ាត់ សអវ និងអនុវត្តតាមស៊ុណ្ណះរបស់លោកទាំងចំពោះពាក្យសម្តី ទង្វើ និងស្ថានភាពរបស់គេ។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ចូរអ្នកពោលថា៖ ប្រសិនបើពួកអ្នកស្រឡាញ់អល់ឡោះ ចូរពួកអ្នកប្រតិបត្ដិតាមខ្ញុំ នោះអល់ឡោះពិតជាស្រឡាញ់ពួកអ្នក និង អភ័យទោសឱ្យពួកអ្នកនូវបាបកម្មទាំងឡាយរបស់ពួកអ្នក។ ហើយអល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់”។ (អាលីអ៊ិមរ៉ន៖៣១)។ ទ្រង់បានមានបន្ទូលទៀតថា៖ “ហើយចូរពួកអ្នកប្រតិបត្ដិតាមគាត់ សង្ឃឹមថាពួកអ្នកនឹងទទួលបាននូវការចង្អុលបង្ហាញ”។ (អាល់អាក់រ៉ហ្វ៖១៥៨)

អំពី អាល់អៀរហ្ពាត ពិន សារីយ៉ះ រទអ ពិតណាស់ រ៉ស៊ូលុលឡោះ សអវ លោកបានមានប្រសាសន៍ថា៖ “ដូចនេះ ចូពួកអ្នកប្រកាន់ខ្ជាប់នូវមាគ៌ារបស់ខ្ញុំនិងមាគ៌ារបស់អ្នកគ្រប់គ្រងដ៏ឈ្លាសវៃដែលត្រូវបានគេចង្អុលបង្ហាញផ្លូវឲ្យ(ឃូឡាហ្វាក អាល់រ៉ស៊ីទីន)។ ចូរពួកអ្នកខាំវានឹងធេ្មញថ្គាម ហើយត្រូវប្រុងប្រយ័ត្នចំពោះប្រការទាំងឡាយដែលគេបង្កើតថ្មី(នៅក្នុងសាសនា) ព្រោះរាល់ប្រការដែលគេបង្កើតថ្មីទាំងអស់នោះ គឺជាប្រការពិទអះ ហើយរាល់ប្រការប្រការពិទអះ គឺសុទ្ធតែវងេ្វង”។ (អាពូហ្ទាវូទ៖៤៦០៧)

ពិតណាស់ ការអនុវត្តតាមស៊ុណ្ណះ គឺការប្រកាន់ខ្ជាប់នឹងអ្វីដែលរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ ឬបានធ្វើ ដើរតាមមាគ៌ារបស់លោកក្នុងការអនុវត្តកិច្ចការណាមួយ ឬចៀសវាងពីកិច្ចការណាមួយ និងត្រូវប្រតិបត្តិតាមសាសនាក្នុងជីវិតរស់នៅរបស់អ្នក។

ការអនុវត្តតាមស៊ុណ្ណះ គឺជាកាតព្វកិច្ចចំពោះប្រការដែលជាកាតព្វកិច្ច(ប្រការវ៉ាជិប) និងជាការស្ម័គ្រចិត្តចំពោះប្រការដែលគួរគប្បីធ្វើ(ប្រការស៊ូណិត)។

ឧត្តមភាពនៃការដើរតាមស៊ុណ្ណះ

ចំពោះការអនុវត្តតាម ឬដើរតាមស៊ុណ្ណះ គឺមានឧត្តមភាព និងផ្លែផ្កាជាច្រើន ក្នុងចំណោមនោះមាន៖

ការអនុវត្តតាមឬដើរតាមស៊ុណ្ណះ និងការប្រកាន់ខ្ជាប់នឹងស៊ុណ្ណះណាពី ﷺ គឺធ្វើឲ្យគេរួចផុតពីការដើរតាមក្រុមទាំងឡាយដែលព្យាការី ﷺ លោកព្រមានអ្នកដែលដើរតាមក្រុមទាំងនោះពីឋាននរក។ អំពី អាប់ទុលឡោះ ពិន អាំរូ រទអ បាននិយាយថា៖ “រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “អ្វីដែលកើតឡើងអំពីកូនចៅរបស់អ៊ីស្រាអ៊ែលនឹងកើតឡើងចំពោះប្រជាជាតិរបស់ខ្ញុំដូចគ្នា មួយដំណាក់កាលម្តងៗ រហូតបើសិនជាក្នុងចំណោមពួកគេមានអ្នកដែលរួមមេត្រីជាមួយនឹងម្តាយរបស់ខ្លួនដោយបើកចំហនោះ នៅក្នុងប្រជាជាតិរបស់ខ្ញុំក៏មានអ្នកធ្វើដូច្នោះដែរ។ ហើយពិតណាស់ អម្បូរអ៊ីស្រាអែលនឹងបែកខ្ញែកទៅជា៧២ក្រុម ហើយប្រជាជាតិរបស់ខ្ញុំនឹងបែកខ្ញែកទៅជា៧៣ក្រុម។ ពួកគេទាំងអស់នឹងស្ថិតនៅក្នុងឋាននរក លើកលែងតែមួយក្រុមប៉ុណ្ណោះ។ ពួកគេបានសួរថា៖ តើក្រុមនោះជានរណា ឱរ៉ស៊ូលុលឡោះ? លោកបានឆ្លើយថា៖ “គឺអ្នកដែលស្ថិតនៅលើមាគ៌ារបស់ខ្ញុំ និងសហាហ្ពាត់របស់ខ្ញុំ”។ (តៀរមីហ្ស៊ី៖២៦៤១)

ការប្រកាន់ខ្ជាប់នឹងស៊ុណ្ណះ គឺទទួលបាននូវការចង្អុលបង្ហាញ និងមានសុវត្ថិភាពរួចផុតពីភាពវង្វេង។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយចូរពួកអ្នកប្រតិបត្ដិតាមគាត់ សង្ឃឹមថាពួកអ្នកនឹងទទួលបាននូវការចង្អុលបង្ហាញ”។ (អាល់អាក់រ៉ហ្វ៖១៥៨)។ អំពី អាពូហ៊ូរ៉យរ៉ោះ រទអ បាននិយាយថា៖ “រ៉ស៊ូលុលឡោះ សអវ លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ ខ្ញុំពិតជាបានបន្សល់ទុកឲ្យពួកអ្នកនូវរបស់ពីរយ៉ាងដែលពួកអ្នកនឹងមិនវង្វេងបន្ទាប់ពីវាទាំងពីរជាដាច់ខាត គឺគម្ពីររបស់អល់ឡោះ និងស៊ុណ្ណះ(លំអានមាគ៌ា)របស់ខ្ញុំ”។ (មុសតាត់រិក អាល់ហាគិម៖៣១៩)

ការទទួលយកនូវទង្វើកុសលទាំងឡាយ លុះត្រាតែវាស្របតាមស៊ុណ្ណះ។ ដូចនេះ ចាំបាច់ត្រូវឲ្យទង្វើទាំងឡាយដែលគេធ្វើត្រូវតែស្របតាមស៊ុណ្ណះណាពី សអវ។ អំពី អាអ៊ីស្ហះ រទអ ពិតណាស់ រ៉ស៊ូលុលឡោះ សអវ លោកបានមានប្រសាសន៍ថា៖ “ជនណាធ្វើទង្វើអ្វីមួយមិនមែនជាកិច្ចការសាសនាពីយើងទេនោះ វានឹងត្រូវគេបដិសេធចោល”។ (មូស្លីម៖១៧១៨)

ការអនុវត្តតាមស៊ុណ្ណះ គឺធ្វើឲ្យគេកាន់តែខិតទៅជិតព្យាការី សអវ ហើយជនណាដែលឃ្លាតឆ្ងាយពីស៊ុណ្ណះ ក៏រូបគេកាន់តែឃ្លាតឆ្ងាយពីព្យាការី សអវ ដែរ។ អំពី អាណាស់ ពិន ម៉ាលិក រទអ បាននិយាយថា៖ មានបុរសបីនាក់បានទៅដល់លំនៅដ្ឋានភរិយាព្យាការី សអវ ដើម្បីសួរពីការគោរពសក្ការៈរបស់ព្យាការី សអវ(ចំពោះអល់ឡោះជាម្ចាស់)។ ក្រោយពេលដែលគេបានប្រាប់ពួកគេរួច ពួកគេបានគិតថា វាហាក់ដូចជាតិចណាស់។ ពេលនោះ ពួកគេបាននិយាយថា៖ តើពួកយើងអាចធ្វើដូចព្យាការី សអវ យ៉ាងដូចម្តេចទៅ បើលោកត្រូវគេអភ័យទោសឲ្យទាំងអស់ ទាំងបាបកម្មដែលលោកបានធ្វើរួច និងបាបកម្មដែលលោកមិនទាន់បានធ្វើនោះ? បុរសម្នាក់ក្នុងចំណោមពួកគេបាននិយាយថា៖ ចំណែកខ្ញុំ ខ្ញុំនឹងសឡាតពេលយប់រហូតទល់ភ្លឺជារៀងរហូត។ ម្នាក់ទៀតបាននិយាយថា៖ ខ្ញុំនឹងបួសរហូត ដោយខ្ញុំនឹងមិនស្រាយ(ផ្អាកបួស)ឡើយ។ រីឯអ្នកចុងក្រោយវិញបាននិយាយថា៖ ខ្ញុំនឹងដកខ្លួនចេញពីស្ត្រីដោយខ្ញុំនឹងមិនរៀបការជារៀងរហូត។ ពេលនោះ រ៉ស៊ូលុលឡោះ សអវ បានមកដល់ពួកគេ ហើយលោកបានមានប្រសាសន៍ថា៖ “តើពួកអ្នកឬដែលនិយាយយ៉ាងនេះ យ៉ាងនោះ នោះ? ខ្ញុំសូមស្បថនឹងអល់ឡោះ។ ខ្ញុំពិតជាអ្នកដែលកោតខ្លាចអល់ឡោះ និងគោរពទៅចំពោះទ្រង់ជាងគេបំផុត។ ប៉ុន្តែខ្ញុំបួសផង ស្រាយបួស(ផ្អាកបួស)ផង។ ខ្ញុំប្រតិបត្តិសឡាតផង ខ្ញុំគេងផង ហើយខ្ញុំរៀបការជាមួយស្ត្រី។ បុគ្គលណាមិនពេញចិត្តនឹងមាគ៌ារបស់ខ្ញុំទេនោះ បុគ្គលនោះមិនស្ថិតនៅក្នុងក្រុមខ្ញុំឡើយ។ (អាល់ពូខរី៖៥០៦៣)

ការប្រកាន់ខ្ជាប់នឹងស៊ុណ្ណះ ធ្វើឲ្យគេរួចផុតពីភាពវឹកវរ(ហ្វិតណះ) និងទណ្ឌកម្មដ៏ឈឺចាប់។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ដូចេ្នះ ចូរឱ្យពួកដែលប្រឆាំងនឹងបទបញ្ជារបស់គាត់(ព្យាការីមូហាំម៉ាត់)ប្រុងប្រយ័ត្នចំពោះគ្រោះអាសន្ននឹងធ្លាក់លើពួកគេ ឬទណ្ឌកម្មយ៉ាងឈឺចាប់ធ្លាក់លើពួកគេ”។ (អាន់នួរ៖៦៣)។

ការអនុវត្តតាមឬដើរតាមស៊ុណ្ណះ និងការប្រកាន់ខ្ជាប់នឹងស៊ុណ្ណះណាពី សអវ គឺធ្វើឲ្យគេទទួលបានជោគជ័យ និងសុភមង្គល ទាំងក្នុងលោកិយ និងបរលោក។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយអ្នកណាដែលប្រតិបត្ដិតាមអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ហើយភ័យខ្លាច(ទណ្ឌកម្ម)អល់ឡោះ និងកោតខ្លាចទ្រង់ អ្នកទាំងនោះហើយគឺជាអ្នកដែលទទួលបានជោគជ័យ”។ (អាន់នួរ៖៥២)

អ្នកបានបញ្ចប់មេរៀនដោយជោគជ័យ


ចាប់ផ្តើមប្រឡង