បន្តរៀន

អ្នកមិនបានចុះឈ្មោះចូលទេ
ចុះឈ្មោះឥឡូវនេះក្នុងវេបសាយ(តាក)ដើម្បីតាមដានភាពល្អប្រសើររបស់អ្នក ប្រមូលពិន្ទុ និងការចូលរួមក្នុងការប្រកួតប្រជែង បន្ទាប់ពីមានការចុះឈ្មោះរួចហើយ អ្នកនឹងទទួលបានវិញ្ញាបនបត្រអ៊ីនធឺណិតក្នុងប្រធានបទដែលអ្នកសិក្សាវា

ផ្នែកបច្ចុប្បន្ន model:

មេរៀន ការចងក្រងស៊ុណ្ណះ និងសៀវភៅស៊ុណ្ណះសំខាន់ៗ

សាសនវិទូឥស្លាម បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការចងក្រងស៊ុណ្ណះណាពី(លំអានព្យាការី) ដោយពួកគាត់ចំណាយអាយុជីវិតរបស់ពួកគាត់ក្នុងការថែរក្សាវា និងបែងចែករវាងហាទីស្ហដែលត្រឹមត្រូវ(សហេស)ដាច់ពីហាទីស្ហដែលខ្សោយ(ទអ៊ីហ្វ) និងរៀបរាប់លម្អិតអំពីស្ថានភាពនៃអ្នករាយការណ៍ តាមរបៀប ឬវិធីសាស្រ្តដែលមិនធ្លាប់មានពីមុនមកទាល់តែសោះពេញមួយជីវិតនៃប្រវត្តិសាស្ត្រមនុស្សជាតិ។ នៅក្នុងមេរៀននេះ អ្នកនឹងសិក្សាពីអត្ថន័យនៃពាក្យ“ការចងក្រងស៊ុណ្ណះ” និងដំណាក់កាលរបស់វា ព្រមទាំងសៀវភៅស៊ុណ្ណះសំខាន់ៗដែលត្រូវបានធ្វើចំណាត់ថ្នាក់។

  • ដឹងពីដំណាក់កាលនៃការចងក្រងស៊ុណ្ណះណាពី
  • ស្គាល់សៀវភៅហាទីស្ហសំខាន់ៗ
  • ដឹងពីវិធីសាស្ត្រ ឬរបៀបដើម្បីអាចដឹងថាហាទីស្ហណាមួយត្រឹមត្រូវ(សហេស) ឬខ្សោយ(ទអ៊ីហ្វ)

count: ចំនួនសិស្សផ្សេងទៀតដែលបានបញ្ចប់មេរៀននេះ។

ការចងក្រងស៊ុណ្ណះណាពី

សាសនវិទូឥស្លាមបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការចងក្រងស៊ុណ្ណះណាពី(មាគ៌ានៃព្យាការី) ដោយពួកគាត់បានចំណាយពេលពេញមួយជីវិតរបស់ពួកគាត់ក្នុងការថែរក្សាវា តាមរបៀប ឬវិធីសាស្រ្តដែលមិនធ្លាប់មានពីមុនមកទាល់តែសោះពេញមួយជីវិតនៃប្រវត្តិសាស្ត្រមនុស្សជាតិ។

អត្ថន័យនៃការចងក្រងស៊ុណ្ណះណាពី

គឺជាការសរសេរ ឬកត់ត្រាទុកនូវអ្វីដែលមានភស្តុតាងពីព្យាការី សអវ ដូចជាពាក្យសម្តី កាយវិការ ឬការទទួលស្គាល់ ហើយប្រមូលចងក្រងអ្វីៗទាំងអស់នោះក្នុងសៀវភៅ និងធ្វើចំណាត់ថ្នាក់។

ការចងក្រងស៊ុណ្ណះ និងកត់ត្រាហាទីស្ហណាពី សអវ គឺឆ្លងកាត់ដំណាក់កាលជាច្រើនដូចមានបង្ហាញខាងក្រោម៖

١
១. ដំណាក់កាលទីមួយ៖ គឺការកត់ត្រានៅក្នុងសម័យកាលព្យាការី សអវ និងសហាហ្ពាត់របស់លោក។
٢
២. ដំណាក់កាលទីពីរ៖ គឺការចងក្រងហាទីស្ហនៅចុងសម័យកាលតាពីអ៊ីន។
٣
៣. ដំណាក់កាលទីបី៖ គឺការចងក្រងស៊ុណ្ណះជាលក្ខណៈសៀវភៅដែលត្រូវបានរៀបចំ និងធ្វើចំណាត់ថ្នាក់ច្បាស់លាស់។
٤
៤. ដំណាក់កាលទីបួន៖ គឺការរៀបចំចងក្រង និងប្រមូលហាទីស្ហដាក់ជាសៀរភៅដាច់ដោយឡែក ដោយគ្មានការលាយឡំជាមួយនឹងអ្វីផ្សេងទៀតឡើយ។

ដំណាក់កាលទីមួយ

គឺការកត់ត្រានៅក្នុងសម័យកាលព្យាការី សអវ និងសហាហ្ពាត់របស់លោក ក្នុងអំឡុងសតវត្សទីមួយនៃចំណាកស្រុក(ហ៊ិច្ចរ៉ោះ)។ ពិតណាស់ ព្យាការី សអវ លោកធ្លាប់បានហាមឃាត់មិនឲ្យគេកត់ត្រាហាទីស្ហរបស់លោកឡើយក្នុងពេលឥស្លាមទើបចាប់កំណើតដំបូងៗ ដោយខ្លាចមានការលាយឡំនឹងគម្ពីរគួរអាន(ដែលជាបន្ទូលរបស់អល់ឡោះជាម្ចាស់)។

អំពី អាពូសាអ៊ីទ អាល់ឃុទរី រទអ ពិតណាស់ រ៉ស៊ូលុលឡោះ សអវ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកកុំកត់ត្រាអំពីខ្ញុំ។ ជនណាដែលបានកត់ត្រាអំពីខ្ញុំក្រៅពីគម្ពីរគួរអាន ចូរឲ្យគេលុបវាចេញវិញ។ តែពួកអ្នកអាចនិយាយអំពីខ្ញុំបាន គ្មានបញ្ហាឡើយ”។ (មូស្លីម៖៣០០៤)

ដូចនេះ ហាទីស្ហទាំងឡាយរបស់រ៉ស៊ូលុលឡោះ ﷺ (កាលនោះ) គឺត្រូវបានចងចាំក្នុងទ្រូង និងមានការរាយការណ៍ពីម្នាក់ទៅម្នាក់តាមរយៈពាក្យសម្តីតែប៉ុណ្ណោះ។ ក្រោយមក ទើបព្យាការី ﷺ លោកអនុញ្ញាតឲ្យសហាហ្ពាត់មួយចំនួនរបស់លោកអាចកត់ត្រាបាន។

អំពី អាប់ទុលឡោះ ពិន អាំរូ រទអ បាននិយាយថា៖ “ខ្ញុំធ្លាប់បានកត់ត្រាទុករាល់អ្វីទាំងអស់ដែលខ្ញុំបានឮពីរ៉ស៊ូលុលឡោះ ﷺ ដោយខ្ញុំចង់ទន្ទេញវា។ ពេលនោះ ពួកគួរ៉ស្ហក៏បានហាមខ្ញុំមិនឱ្យកត់ត្រា និងបាននិយាយថា៖ តើអ្នកកត់ត្រាទុករាល់អ្វីទាំងអស់ដែលអ្នកបានឮវាឬ ខណៈដែលរ៉ស៊ូលុលឡោះ ﷺ លោកមានប្រសាសន៍ទាំងនៅពេលកំពុងខឹង និងពេលស្ងប់ស្ងាត់នោះ? ដូចនេះ ខ្ញុំក៏ឈប់កត់ត្រា ហើយខ្ញុំបានរំលឹករឿងនេះប្រាប់រ៉ស៊ូលុលឡោះ ﷺ។ ពេលនោះ លោកបានយកម្រាមដៃរបស់លោកចង្អុលទៅកាន់មាត់របស់លោក ហើយលោកបានមានប្រសាសន៍ថា៖ “ចូរអ្នកកត់ត្រាចុះ។ ពិតណាស់ ខ្ញុំសូមស្បថនឹងអ្នកដែលជីវិតរបស់ខ្ញុំស្ថិតក្នុងកណ្តាប់ដៃទ្រង់ថា គ្មានអ្វីមួយដែលចេញអំពីវា(មាត់រ៉ស៊ូលុលឡោះ) លើកលែងតែជាការពិត”។ (ស៊ូណាន់អាពូហ្ទាវូទ៖៣៦៤៦)

នៅក្នុងហាទីស្ហ អាល់វ៉ាលីត ពិន មូស្លីម អំពី អាវហ្សាអ៊ី ពិតណាស់ អាពូហ៊ូរ៉យរ៉ោះ រទអ បាននិយាយថា៖ “នៅពេលដែលអល់ឡោះបានផ្តល់ជ័យជម្នះដល់រ៉ស៊ូលុលឡោះ ﷺ ដោយការរំដោះបានទីក្រុងម៉ាក្កះ លោកបានក្រោកឈរនៅក្នុងហ្វូងមនុស្ស ដោយលោកបានថ្លែងសរសើរអល់ឡោះ។ (អាពូហ៊ូរ៉យរ៉ោះ បានរំលឹកពីសុន្ទរកថានោះ បន្ទាប់មក គាត់បានបន្តថា៖) ពេលនោះ អាពូសាស(បុរសម្នាក់មកពីយេមែន) បានក្រោកឈរឡើង ហើយបាននិយាយថា៖ សូមពួកលោកកត់ត្រាឲ្យខ្ញុំផង ឱរ៉ស៊ូលុលឡោះ។ នៅពេលនោះ រ៉ស៊ូលុលឡោះ ﷺ ក៏បានមានប្រសាសន៍ថា៖ “ចូរពួកអ្នកកត់ត្រាឲ្យ អាពូសាស ចុះ”។ អាល់វ៉ាលីត បាននិយាយថា៖ ខ្ញុំបាននិយាយទៅកាន់ អាវហ្សាអ៊ី ថា៖ តើសម្តីរបស់គាត់ដែលនិយាយថា៖ “សូមពួកអ្នកកត់ត្រាឲ្យខ្ញុំផង ឱរ៉ស៊ូលុលឡោះ” មានន័យដូចម្តេច? គាត់បាននិយាយថា៖ គឺសំដៅលើសុន្ទរកថាដែលគាត់(អាពូសាស)បានឮវាពីរ៉ស៊ូលុលឡោះ ﷺ។ (ពូខរី៖២៤៣៤, មូស្លីម៖១៣៥៥)

ដំណាក់កាលទីពីរ

គឺការចងក្រងហាទីស្ហនៅចុងសម័យកាលតាពីអ៊ីនក្នុងអំឡុងសតវត្សទីពីរនៃចំណាកស្រុក។ ដោយការចងក្រងហាទីស្ហពេលនេះគឺជាការចងក្រងទាំងដុល មិនទាន់មានរៀបជាលំដាប់លេខរៀងជាក់លាក់នៅឡើយទេ។ ហើយអ្នកដំបូងគេដែលយកចិត្តទុកដាក់លើកិច្ចការនេះ គឺអាមីរុលមុមីនីន អ៊ូមើរ ពិន អាប់ទុលអាហ្ស៊ីស រ៉ហ៊ីម៉ាហ៊ុលឡោះ ដោយគាត់បានប្រើឲ្យអ៊ីម៉ាំពីររូប គឺអ៊ិពនូហ្ស៊ីហាប អាសហ្សះរី និង អាពូហ្ពាកើរ ពិន ហាហ្សាំ ឲ្យធ្វើការប្រមូលចងក្រងស៊ុណ្ណះ ហើយសរសេរវទៅកាន់ពួកអ្នកដែលនៅឆ្ងាយបំផុតថា៖ “ចូរពួកអ្នកពិនិត្យមើលទៅលើហាទីស្ហរបស់រ៉ស៊ូលុលឡោះ ហើយចូរពួកអ្នកប្រមូលផ្តុំវា និងថែរក្សាវាទុក ពីព្រោះខ្ញុំបារម្ភខ្លាចថាមានការបាត់បង់ទាំងចំណេះដឹង និងអ្នកដែលមានចំណេះដឹងទៅទាំងអស់។

អ្នកដំបូងគេដែលចងក្រងហាទីស្ហតាមបទបញ្ជារបស់គាត់ គឺអ៊ីម៉ាំ អាសហ្សះរី រ៉ហ៊ីម៉ាហ៊ុលឡោះ។ នេះហើយជាការចាប់ផ្តើមនូវការចងក្រងស៊ុណ្ណះ និងហាទីស្ហក្នុងទម្រង់ទូទៅ។

ដំណាក់កាលទីបី

ជាការចងក្រងស៊ុណ្ណះជាទម្រង់មួយដែលមានលក្ខណៈជាសៀវភៅដោយមានចែកជាចំណាត់ថ្នាក់ និងលំដាប់លំដោយត្រឹមត្រូវ អាចជាការបែងចែកជាជំពូកៗ ដូចជាជំពូកជំនឿ ចំណេះដឹង ការជម្រះសម្អាត និងការសឡាតជាដើម ឬអាចបែងចែកអាស្រ័យទៅតាមបណ្តាញនៃអ្នករាយការណ៍(មុសណាត់) ដោយគេរំលឹកជា មុសណាត់អាពូហ្ពាកើរ បន្ទាប់មក មូសណាត់អ៊ូមើរ ជាដើម ពោលគឺមានលក្ខណៈបែបនេះ។

នៅក្នុងដំណាក់កាលនេះ គេបានចងក្រងសៀវភៅ “មូវ៉ាត់តក់” របស់អ៊ីម៉ាំម៉ាលិក ពិន អាណាស រ៉ហ៊ីម៉ាហ៊ុលឡោះ។ លក្ខណៈសម្គាល់នៃការចងក្រងក្នុងដំណាក់កាលនេះ គឺមានការបែងចែកតាមលំដាប់លំដោយ និងមានការលាយឡំប្រសាសន៍របស់ព្យាការី ﷺ ជាមួយនឹងពាក្យសម្តីរបស់សហាហ្ពាត់ និងតាពីអ៊ីន ហើយនិងការវិនិច្ឆ័យច្បាប់(ហ្វាតាវ៉ា)របស់ពួកគេ។

ដំណាក់កាលទីបួន

គឺជាដំណាក់កាលចងក្រងហាទីស្ហព្យាការីសុទ្ធសាធដោយប្រមូលផ្តុំ និងរៀបជាលំដាប់លំដោយដោយមិនមានការលាយឡំប្រសាសន៍របស់ព្យាការី សអវ និងពាក្យសម្តីរបស់អ្នកផ្សេងក្នុងចំណោមសហាហ្ពាត់ និងតាពីអ៊ីនឡើយ(លើកលែងតែតិចតួចប៉ុណ្ណោះដែលគេពិតជាត្រូវការក្នុងការធ្វើដូច្នោះ)។ ដំណាក់កាលនេះ បានចាប់ផ្តើមក្នុងអំឡុងដើមសតវត្សទីបីនៃចំណាកស្រុក(ហ៊ិច្ចរ៉ោះ) ហើយក្នុងចំណោមសៀវភៅដ៏ល្បីល្បាញដែលគេបានចងក្រងក្នុងដំណាក់កាលនេះមានសៀវភៅ “មុសណាត់អ៊ីម៉ាំអះម៉ាត់” និងសៀវភៅ “មុសណាត់អាល់ហ៊ូម៉ៃទី”ជាដើម។

ក្រោយមក ការចងក្រងហាទីស្ហកាន់តែមានការរីកចម្រើនទៅមុខនាអំឡុងពាក់កណ្តាលសតវត្សទីបីនៃចំណាកស្រុក ដោយអ៊ីម៉ាំពូខរី បានចងក្រងសៀវភៅ “សហេសពូខរី” អ៊ីម៉ាំមូស្លីម បានចងក្រងសៀវភៅ “សហេសមូស្លីម” ហើយនិងសៀវភៅ“ស៊ូណាន់”ជាច្រើនទៀតដូចជាសៀវភៅ “ស៊ូណាន់អាពូហ្ទាវូទ “ស៊ូណាន់តៀរមីហ្ស៊ី” “ស៊ូណាន់អាន់ណាសាអ៊ី” “ស៊ូណាន់អ៊ិពនូម៉ាហ្ជះ” និង “ស៊ូណាន់អាត់ទើរីមីយ៍” ក៏ដូចជាសៀវភៅហាទីស្ហដែលល្បីល្បាញជាច្រើនផ្សេងទៀត។

សៀវភៅស៊ុណ្ណះសំខាន់ៗ

ក្នុងចំណោមសៀវភៅស៊ុណ្ណះទាំងអស់ សៀវភៅស៊ុណ្ណះដែលល្បីល្បាញជាងគេបំផុតមាន៦សៀវភៅ គឺសៀវភៅ សហេសពូខរី, សហេសមូស្លីម, ស៊ូណាន់អាពូហ្ទាវូទ, ស៊ូណាន់តៀរមីហ្ស៊ី, ស៊ូណាន់អាន់ណាសាអ៊ី និងស៊ូណាន់អ៊ិពនូម៉ាហ្ជះ។

ម្យ៉ាងទៀត ក្នុងចំណោមសៀវភៅស៊ុណ្ណះដែលមានភាពល្បីល្បាញដែរនោះ គឺ ស៊ូណាន់អាត់ទើរីមីយ៍, មុសណាត់អ៊ីម៉ាំអះម៉ាត់ និងសៀវភៅ មូវ៉ាត់តក់អ៊ីម៉ាំម៉ាលិក។

និយមន័យសៀវភៅ(ស៊ុណ្ណះ)ទាំងប្រាំមួយ(الكتب الستة)

គឺសំដៅលើសៀវភៅស៊ុណ្ណះដែលល្បីល្បាញជាងគេបំផុតដែលប្រជាជាតិឥស្លាមទាំងអស់ទទួលស្គាល់។ សៀវភៅ(ស៊ុណ្ណះ)ទាំងប្រាំមួយនោះរួមមាន៖

១. សហេសពូខរី (ទទួលមរណភាព ឆ្នាំ២៥៦ម.ស.)

គឺជាសៀវភៅមួយដែលប្រមូលផ្តុំទាំងអស់នូវអ្វីដែលបានទៅដល់អ្នកចងក្រង(អ៊ីម៉ាំពូខរី)អំពីហាទីស្ហរ៉ស៊ូលឡោះ សអវ ទាក់ទងនឹងផ្នែកគោលជំនឿ(អាគីហ្ទះ) ការគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់) ការទំនាក់ទំនង សង្គ្រាម បកស្រាយអត្ថន័យគម្ពីរគួរអាន(តាហ្វសៀរ) និងបញ្ហាផលបុណ្យ(ហ្វាទ៏អ៊ិល)។ អ្នកនិពន្ធសម្រាំងយកតែហាទីស្ហដែលត្រឹមត្រូវ(សហេស)ពីព្យាការីប៉ុណ្ណោះ ហើយវាជាសៀវភៅដែលមានលក្ខណៈត្រឹមត្រូវជាងគេបង្អស់បន្ទាប់ពីគម្ពីរគួរអាន។

២. សហេសមូស្លីម (ទទួលមរណភាព ឆ្នាំ២៦១ម.ស.)

គឺជាសៀវភៅមួយដែលប្រមូលផ្តុំទាំងអស់នូវអ្វីដែលបានទៅដល់អ្នកចងក្រង(អ៊ីម៉ាំមូស្លីម)អំពីហាទីស្ហរ៉ស៊ូលឡោះ សអវ ដូចគ្នាដែរ។ អ្នកនិពន្ធក៏ចងក្រងសម្រាំងយកតែហាទីស្ហដែលត្រឹមត្រូវ(សហេស)ពីព្យាការី សអវ ដែរ ប៉ុន្តែលក្ខខណ្ឌដែលកំណត់ថាហាទីស្ហមួយត្រឹមត្រូវ(សហេស)នោះ គឺមានលក្ខណៈស្រាលជាងលក្ខខណ្ឌដែលកំណត់ដោយអ៊ីម៉ាំពូខរី។ វាជាសៀវភៅដែលមានលក្ខណៈត្រឹមត្រូវជាងគេទីពីរបន្ទាប់ពីសៀវភៅសហេសពូខរី។

៣. ស៊ូណាន់អាពូហ្ទាវូទ (ទទួលមរណភាព ឆ្នាំ២៧៥ ម.ស)

វាស្ថិតក្នុងចំណោមសៀវភៅស៊ូណាន់ដែលអ្នកនិពន្ធ(អាពូហ្ទាវូទ)បានរៀបចំវាទៅតាមជំពូកទាក់ទងនឹងក្បួនច្បាប់ឥស្លាម(ហ្វីកោះ)។ នៅក្នុងសៀវភៅនេះ គាត់បានប្រមូលចងក្រងទាំងហាទីស្ហត្រឹមត្រូវ(សហេស) និងហាទីស្ហល្អ(ហាសាន់) ហើយពុំមានហាទីស្ហខ្សោយ(ទអ៊ីហ្វ)នោះទេ លើកលែងតែតិចតួចប៉ុណ្ណោះ។

៤. ស៊ូណាន់អាត់តៀរមីហ្ស៊ី (ទទួលមរណភាព ឆ្នាំ២៧៩ ម.ស)

គឺជាសៀវភៅមួយដែលប្រមូលផ្តុំទាំងអស់នូវអ្វីដែលបានទៅដល់អ្នកចងក្រង(អ៊ីម៉ាំតៀរមីហ្ស៊ី)អំពីហាទីស្ហរ៉ស៊ូលឡោះ សអវ ទាក់ទងនឹងផ្នែកគោលជំនឿ(អាគីហ្ទះ) ការគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់) ទំនាក់ទំនង សង្គ្រាម បកស្រាយអត្ថន័យគម្ពីរគួរអាន(តាហ្វសៀរ) និងបញ្ហាផលបុណ្យ(ហ្វាទ៏អ៊ិល) ប៉ុន្តែអ្នកនិពន្ធមិនបានសម្រាំងយកតែហាទីស្ហដែលត្រឹមត្រូវ(សហេស)ពីព្យាការីនោះឡើយ។ ដូចនេះ ក្នុងសៀវភៅនេះ គឺមានទាំងហាទីស្ហត្រឹមត្រូវ(សហេស) ហាទីស្ហល្អ(ហាសាន់) និងមានទាំងហាទីស្ហខ្សោយ(ទអ៊ីហ្វ)។

៥. ស៊ូណាន់អាន់ណាសាអ៊ី (ទទួលមរណភាព ឆ្នាំ៣០៣ ម.ស)

វាក៏ជាសៀវភៅដែលរៀបចំទៅតាមជំពូកទាក់ទងនឹងក្បួនច្បាប់ឥស្លាម(ហ្វីកោះ)ដូចគ្នាដែរ ហើយក្នុងសៀវភៅនេះ គឺមានទាំងហាទីស្ហត្រឹមត្រូវ(សហេស) ហាទីស្ហល្អ(ហាសាន់) និងមានទាំងហាទីស្ហខ្សោយ(ទអ៊ីហ្វ)។

៦. ស៊ូណាន់អ៊ិពនូម៉ាហ្ជះ (ទទួលមរណភាព ឆ្នាំ២៧៣ ម.ស)

វាក៏ជាសៀវភៅដែលរៀបចំទៅតាមជំពូកទាក់ទងនឹងក្បួនច្បាប់ឥស្លាម(ហ្វីកោះ)ដូចគ្នាផងដែរ ហើយក្នុងសៀវភៅនេះ គឺមានទាំងហាទីស្ហត្រឹមត្រូវ(សហេស) ហាទីស្ហល្អ(ហាសាន់) និងហាទីស្ហខ្សោយ(ទអ៊ីហ្វ) ហើយហាទីស្ហខ្សោយមួយចំនួនត្រូវបានគេបដិសេធ(មិនទទួលយក)។

អ៊ីម៉ាំអាល់ហាហ្វិស អាពុលហ៊ុចហ្ជាច អាល់មីសហ្ស៊ី (ទទួលមរណភាព ឆ្នាំ៧៤២ ម.ស)បាននិយាយថា៖

ចំណែកឯស៊ុណ្ណះ គឺអល់ឡោះបានប្រទានដល់អ្នកដែលចងចាំប្រកបដោយការយល់ដឹង អ្នកប្រាជ្ញដែលប្រកបដោយជំនាញ និងអ្នកទូន្មានដែលប្រកបដោយការទុកចិត្ត និងការពារពីការបំភ្លៃ ការប្រឌិត និងការបកស្រាយពីអ្នកដែលល្ងង់ខ្លៅ។ ពួកគេបានធ្វើការនិពន្ធ និងរៀបចំរៀងៗខ្លួន និងតាមវិធីផ្សេងៗគ្នាជាច្រើន ដើម្បីរក្សា និងការពារមិនឱ្យវាមានការបាត់បង់។ ហើយសៀវភៅដែលល្អបំផុត ត្រឹមត្រូវបំផុត ដោយមានកំហុសតិចបំផុត មានប្រយោជន៍បំផុត មានពរជ័យបំផុត ងាយស្រួលបំផុត និងមានការទទួលស្គាល់យ៉ាងទូលំទូលាយបំផុត - ទាំងអ្នកដែលយល់ស្រប និងអ្នកដែលមិនយល់ស្រប- និងត្រូវបានគេឱ្យតម្លៃច្រើនបំផុតទាំងអ្នកជំនាញក៏ដូចជាមហាជនទូទៅនោះគឺ៖ “សៀវភៅសហេស” របស់ អាពូអាប់ទុលឡោះ មូហាំម៉ាត់ ពិន អ៊ីស្មាអែល អាល់ពូខរី(សហេសពូខរី)។ បន្ទាប់មកគឺ “សៀវភៅសហេស” របស់ អាពុលហាសាន់ មូស្លីម ពិន ហ៊ុចហ្ជាច អាន់ណៃសាពូរីយ៍(សហេសមូស្លីម)។ បន្ទាប់ពីសៀវភៅទាំងពីរនេះ គឺមាន “សៀវភៅស៊ូណាន់” របស់ អាពូហ្ទាវូទ ស៊ូឡៃម៉ាន ពិន អាល់អាសអាស អាសស៊ីជិសតានីយ៍(ស៊ូណាន់តៀរមីហ្ស៊ី)។ បន្ទាប់មក គឺ “សៀវភៅជើមៀក” របស់ អាពូអ៊ីសា មូហាំម៉ាត់ ពិន អ៊ីសា អាត់តៀរមីហ្ស៊ី។ បន្ទាប់មក គឺ“សៀវភៅស៊ូណាន់” របស់ អាពូអាប់ទុលរ៉ោះម៉ាន អះម៉ាត់ ពិន ស្ហ៊ូអែប អាន់ណាសាអ៊ី(ស៊ូណាន់អាន់ណាសាអ៊ី)។ បន្ទាប់មកទៀត គឺ“សៀវភៅស៊ូណាន់” របស់ អាពូអាប់ទុលឡោះ ពិន មូហាំម៉ាត់ ពិន យ៉ាហ្ស៊ីទ ដែលគេស្គាល់ថា “អ៊ិពនូម៉ាហ្ជះ” អាល់កស់វីនី(ស៊ូណាន់អ៊ិពនូម៉ាហ្ជះ) ទោះបីជាវា(សៀវភៅរបស់គាត់)មិនឈានដល់ឋានៈរបស់ពួកវា(សៀវភៅផ្សេង)ក៏ដោយ។

រាល់សៀវភៅនីមួយៗក្នុងចំណោម“សៀវភៅទាំងប្រាំមួយ”នេះ គឺត្រូវបានទទួលស្កាល់ដោយអ្នកជំនាញអំពីលក្ខណៈពិសេសរបស់វារៀងៗខ្លួន។ ពិតប្រាកដណាស់ សៀវភៅទាំងនេះមានភាពល្បីល្បាញក្នុងចំណោមមហាជន និងបានរីកសុសសាយនៅក្នុងបណ្តាប្រទេសឥស្លាម និងទទួលបាននូវអត្ថប្រយោជន៍យ៉ាងច្រើនតាមរយៈសៀវភៅទាំងនេះ ហើយអ្នកដែលសិក្សារៀនសូត្រ ពួកគេក៏បានយកចិត្តទុកដាក់ឈ្វេងយល់ និងទាញយកចំណេះដឹងអំពីវាផងដែរ។ (តះហ្ស៊ីប អាល់កាម៉ាល ១/១៤៧)

ការបែងចែករវាងហាទីស្ហត្រឹមត្រូវ(សហេស) និងហាទីស្ហខ្សោយ(ទអ៊ីហ្វ)

ជនមូស្លីមអាចដឹងពីចំណាត់ថ្នាក់នៃហាទីស្ហ ថាតើវាជាហាទីស្ហត្រឹមត្រូវដែលគេទទួលយក ឬជាហាទីស្ហខ្សោយដែលគេត្រូវបដិសេធមិនទទួលយកតាមរយៈការវិលត្រឡប់ទៅកាន់អ្នកដែលមានចំណេះដឹងផ្នែកហាទីស្ហ និងអ្នកដែលមានឯកទេសលើផ្នែកនេះ។ ជាការពិតណាស់ ពួកគេបានសិក្សាពីហាទីស្ហដោយផ្អែកលើស្ថានភាពនៃបណ្តាញអ្នករាយការណ៍(សាណាត់) និងខ្លឹមសារហាទីស្ហ(ម៉ាតាន់) ក៏ដូចជាគេទទួលយក ឬក៏បដិសេធ។

ត្រង់ចំណុចនេះ គឺមានសៀវភៅជាច្រើនដែលគេបាននិពន្ធ និងចែកចំណាត់ថ្នាក់ទៅតាមប្រភេទហាទីស្ហទាំងនោះ។ ម្យ៉ាងទៀត ក៏មានកម្មវិធីទូរសព្ទ (Application) និងគេហទំព័រដែលគួរទុកចិត្តជាច្រើនដែលជួយឲ្យលោកអ្នកអាចដឹងថា តើហាទីស្ហមួយណាត្រឹមត្រូវដែលត្រូវទទួលយក និងហាទីស្ហមួយណាខ្សោយដែលគេត្រូវបដិសេធមិនទទួលយក។

ក្នុងចំណោមកម្មវិធីទូរសព្ទ(Application) និងគេហទំព័រមួយចំនួនដែលជួយឲ្យលោកអ្នកអាចដឹងពីចំណាត់ថ្នាក់នៃហាទីស្ហ

“الموسوعة الحديثية” ដែលមាននៅក្នុងគេហទំព័រ الدرر السنية មានផ្ទុកទៅដោយហាទីស្ហរាប់រយពាន់ ជាមួយនឹងការវិនិច្ឆ័យពីចំណាត់ថ្នាក់នៃហាទីស្ហ(ថាតើជាហាទីស្ហត្រឹមត្រូវ “សហេស”, ហាទីស្ហល្អ(ហាសាន់) ឬហាទីស្ហខ្សោយ “ទអ៊ីហ្វ”) ដែលលោកអ្នកអាចចូលទៅកាន់គេហទំព័រខាងលើតាមរយៈតំណភ្ជាប់៖ https://dorar.net/hadith

អ្នកបានបញ្ចប់មេរៀនដោយជោគជ័យ


ចាប់ផ្តើមប្រឡង