មេរៀន ជីវប្រវត្តិរបស់ព្យាការីមូហាំម៉ាត់ ﷺ (១)
ការយល់ដឹងពីជីវប្រត្តិរបស់ព្យាការីមូហាំម៉ាត់ សអវ គឺជាផ្នែកមួយនៃសាសនា។ នៅក្នុងមេរៀននេះ អ្នកនឹងសិក្សាអំពីផ្នែកផ្សេងៗជាច្រើននៃជីវប្រវត្តិរបស់ព្យាការី សអវ មុននឹងលោកត្រូវបានតែងតាំងជាអ្នកនាំសារ។
ដឹងយ៉ាងលម្អិតពីផ្នែកសំខាន់ៗមួយចំនួននៃជីវិតរបស់ព្យាការី សអវ ចាប់តាំងពីលោកចាប់កំណើត រហូតកៀកនឹងពេលដែលលោកត្រូវបានតែងតាំងជាអ្នកនាំសាររបស់អល់ឡោះ។
count: ចំនួនសិស្សផ្សេងទៀតដែលបានបញ្ចប់មេរៀននេះ។
បកប្រែមេរៀននេះទៅជាភាសាដូចខាងក្រោម៖
១. ពូជពង្សរបស់លោក
ពូជពង្សរបស់ព្យាការីមូហាំម៉ាត់ សអវ គឺជាពូជពង្សដែលប្រសើរជាងគេបំផុត និងខ្ពង់ខ្ពស់ជាងគេបំផុត។ ពូជពង្សរបស់ព្យាការី សអវ គឺ៖ មូហាំម៉ាត់ ពិន អាប់ទុលឡោះ ពិន អាប់ទុលមុតឡិប ពិន ហាស្ហឹម ពិន អាប់ទីម៉ាណាហ្វ ពិន គូស័យ ពិន គីឡាប ពិន មួររ៉ោះ ពិន កាអាប់ ពិន លូអៃ ពិន ហ្គលិប ពិន ហ្វាហារ ពិន ម៉ាលិក ពិន ណាហ្ទ័រ ពិន គីណាណាស់ ពិន ឃូហ្សៃម៉ះ ពិន មុតរីកះ ពិន អ៊ិលយ៉ាស់ ពិន មូហ្ទ័រ ពិន នីហ្សើរ ពិន ម៉ាអាត់ ពិន អាត់ណាន ហើយអាត់ណាន គឺជាតំណវង្សពីព្យាការីអ៊ីស្មាអេល អាឡៃហ៊ិស្សាឡាម។
២. ឪពុកម្តាយរបស់លោក
ឪពុករបស់លោកគឺ អាប់ទុលឡោះ ពិន អាប់ទុលមុតឡិប ពិន ហាស្ហឹម។ គាត់បានទទួលមរណភាពទាំងដែលព្យាការី សអវ នៅក្នុងផ្ទៃម្តាយរបស់លោកនៅឡើយ។ ចំណែកឯម្តាយរបស់លោកវិញ គឺ អាមីណះ កូនស្រីរបស់ វ៉ាហាប់ កូនស្រីរបស់ អាប់ទីម៉ាណាហ្វ កូនស្រីរបស់ ហ្សះរ៉ោះ។
៣. កំណើតរបស់លោក
ព្យាការីមូហាំម៉ាត់ សអវ លោកបានប្រសូត្រនៅថ្ងៃច័ន្ទ ខែរ៉ពីអ៊ុលអាវវ៉ាល់(ខែទីបីនៃប្រតិទិនឥស្លាម) ឆ្នាំដំរី ដែលត្រូវនឹងឆ្នាំ៥៧១នៃគ.ស.។
៤. ការបំបៅដោះរបស់លោក
លោកស្រី ស៊ូវ៉ៃហ្ពះ ដែលត្រូវជាអ្នកបម្រើរបស់ អាពូឡាហាប់ បានបំបៅព្យាការី ﷺ ប៉ុន្មានថ្ងៃដំបូង។ ក្រោយមក លោកត្រូវបានអម្បូរសាអាត់យកទៅបំបៅបន្ត ដោយលោកស្រី ហាលីម៉ះ អាស្សាក់ទីយ៉ះ ជាអ្នកបំបៅលោក។ ព្យាការី ﷺ បានរស់នៅជាមួយលោកស្រីក្នុងអម្បូរសាអាត់នេះប្រមាណជាបួនឆ្នាំ។ នៅទីនោះហើយដែលកើតមាននូវហេតុការណ៍ពុះទ្រូងព្យាការី លាងសម្អាតបេះដូងរបស់លោកពីទំនោរនៃតណ្ហា និងការពង្វក់នៃស្ហៃតន។ ព្រោះតែហេតុការណ៍នោះ លោកស្រីហាលីម៉ះ ក៏បាននាំយកព្យាការីមូហាំម៉ាត់ ﷺ ត្រឡប់ទៅឲ្យម្តាយរបស់លោកវិញ។
៦. ភរិយារបស់ព្យាការី សអវ
ព្យាការីមូហាំម៉ាត់ ﷺ លោកបានរៀបការជាមួយនឹងលោកស្រី ខទីហ្ជះ រទអ ក្នុងពេលដែលលោកមានអាយុ២៥ឆ្នាំ។ នៅពេលដែលព្យាការី ﷺ លោកបានចេញដំណើរទៅជួញដូរឲ្យលោកស្រីខទីហ្ជះ ទៅកាន់ទឹកដីស្ហាមជាមួយនឹងអ្នកបម្រើរបស់លោកស្រីឈ្មោះ ម៉ៃសារ៉ោះនោះ លោកស្រីក៏បានងឿងឆ្ងល់ និងចាប់អារម្មណ៍ជាខ្លាំង នៅពេលដែលបានឃើញពីភាពស្មោះត្រង់ និងភាពដែលគួរឱ្យទុកចិត្តរបស់លោក។ នៅពេលវិលត្រឡប់មកវិញ លោកស្រីក៏បានប្រាប់ចៅហ្វាយរបស់គាត់ពីអ្វីដែលគាត់បានឃើញ។ ពេលនោះ លោកស្រីក៏មានការពេញចិត្តចំពោះព្យាការីមូហាំម៉ាត់ ﷺ ហើយក៏បង្ហាញបំណងចង់រៀបការជាមួយលោក។ ខទីហ្ជះ គឺជាស្ត្រីទីមួយដែលរ៉ស៊ូលុលឡោះ ﷺ លោកបានរៀបការជាមួយ ហើយលោកពុំបានរៀបការជាមួយស្ត្រីណាម្នាក់ទៀតឡើយ រហូតដល់លោកស្រីទទួលមរណភាព។ គាត់គឺជាមាតានៃកូនៗទាំងអស់របស់ព្យាការី ﷺ លើកលែងតែអ៊ីព្រហ៊ីមម្នាក់ប៉ុណ្ណោះ។ លោកស្រី ខទីហ្ជះ បានទទួលមរណភាពមុនព្យាការីភៀសខ្លួន(ហ៊ិជ្ជរ៉ោះ)ចំនួនបីឆ្នាំ។
៧. កូនៗរបស់ព្យាការី សអវ
យោងតាមទស្សនៈដែលត្រឹមត្រូវជាងគេ កូនៗរបស់ព្យាការីមូហាំម៉ាត់ សអវ មានចំនួន៧នាក់(ប្រុស៣ ស្រី៤)។
ចំពោះកូនប្រុសទាំងបីរបស់ព្យាការី សអវ រួមមាន៖ ១) កសឹម ជាអ្នកដែលគេភ្ជាប់នូវភាពជាឪពុករបស់ព្យាការី សអវ នឹងឈ្មោះគាត់ ហើយគាត់កើតបានតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក៏បានស្លាប់ទៅវិញ។ ២) អាប់ទុលឡោះ ជាអ្នកដែលគេដាក់នាមថា “តហៀរ” (អ្នកដែលជ្រះស្អាត) និង “ត័យយិប” (អ្នកដែលល្អប្រសើរ)។ ៣) អ៊ីព្រហ៊ីម។
រីឯកូនស្រីទាំងបួននាក់របស់ព្យាការី ﷺ វិញ រួមមាន៖ ហ្សៃណប់ ជាកូនស្រីច្បង, រូក័យយ៉ះ, អ៊ុមមូកាល់សូម និង ហ្វាទីម៉ះ រទអ។ កូនៗទាំងអស់របស់ព្យាការី ﷺ សុទ្ធតែជាកូនជាមួយនឹងភរិយាទីមួយរបស់លោក ខទីហ្ជះ រទអ លើកលែងតែអ៊ីព្រហ៊ីមម្នាក់គត់ដែលជាកូននៃព្យាការីជាមួយនឹងលោកស្រី ម៉ារីយ៉ះ អាល់គីបទីយ៉ះ ដែលជាអ្នកបម្រើម្នាក់ដែលស្តេច មូកាវក័ស បានផ្តល់ជាជំនូនដល់ព្យាការី។