បន្តរៀន

អ្នកមិនបានចុះឈ្មោះចូលទេ
ចុះឈ្មោះឥឡូវនេះក្នុងវេបសាយ(តាក)ដើម្បីតាមដានភាពល្អប្រសើររបស់អ្នក ប្រមូលពិន្ទុ និងការចូលរួមក្នុងការប្រកួតប្រជែង បន្ទាប់ពីមានការចុះឈ្មោះរួចហើយ អ្នកនឹងទទួលបានវិញ្ញាបនបត្រអ៊ីនធឺណិតក្នុងប្រធានបទដែលអ្នកសិក្សាវា

ផ្នែកបច្ចុប្បន្ន model:

មេរៀន ទស្សនកិច្ចទីក្រុងម៉ាទីណះ

ទីក្រុងម៉ាទីណះ គឺជាទឹកដីដ៏ល្អជាងគេបំផុតបន្ទាប់ពីទីក្រុងម៉ាក្កះ។ នៅក្នុងមេរៀននេះ អ្នកនឹងបានដឹងពីឧត្តមភាពនៃទឹកដីនេះ និងសុជីវធម៌មួយចំនួនក្នុងការធ្វើទស្សនកិច្ចនៅទីនោះ។

  • ដឹងពីឧត្តមភាពនៃទីក្រុងម៉ាទីណះ
  • ដឹងពីសុជីវធម៌នៃការធ្វើទស្សនកិច្ចទីក្រុងម៉ាទីណះ

count: ចំនួនសិស្សផ្សេងទៀតដែលបានបញ្ចប់មេរៀននេះ។

ឧត្តមភាពនៃទីក្រុងម៉ាទីណះ

ជាការពិតណាស់ ទីក្រុងម៉ាទីណះដែលជាទីក្រុងប្រកបដោយពរជ័យ ទទួលបាននូវកិត្តិយសដ៏ឧត្តុង្គឧត្តមដោយសារតែការចំណាកស្រុក(ហ៊ិជ្ជរ៉ោះ)របស់ព្យាការីមូហាំម៉ាត់ សល់ឡល់ឡហ៊ូអាឡៃហ៊ីវ៉ាសាល់ឡាំ ទៅកាន់ទីនោះ រហូតធ្វើឲ្យវាក្លាយជាទឹកដីដែលល្អជាងគេបំផុតនៅលើផែនដីបន្ទាប់ពីទីក្រុងម៉ាក្កះ។ ចំណែកឯការទស្សនកិច្ចទីក្រុងនេះ គឺត្រូវបានច្បាប់ឥស្លាមបង្គាប់ប្រើគ្រប់ពេលវេលាទាំងអស់ ហើយវាមិនជាប់ទាក់ទងនឹងកិច្ចការហាជ្ជីឡើយ។ ព្យាការីមូហាំម៉ាត់ សល់ឡល់ឡហ៊ូអាឡៃហ៊ីវ៉ាសាល់ឡាំ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកកុំព្យាយាមធ្វើដំណើរ លើកលែងតែទៅកាន់ម៉ាស្ជិតបីប៉ុណ្ណោះ គឺម៉ាស្ជិតអាល់ហារ៉ម(នៅម៉ាក្កះ) ម៉ាស្ជិតណាពី(នៅម៉ាទីណះ) និងម៉ាស្ជិតអាល់អឹកស(នៅក្រុងយេរូសាឡឹម)”។ (ពូខរី៖១១៨៩ និង មូស្លីម៖១៣៩៧)។ សម្រាប់ទីក្រុងម៉ាទីណះ គឺមានឧត្តមភាព និងភាពវិសេសវិសាលជាច្រើន ក្នុងចំណោមនោះគឺ៖

១. មានម៉ាស្ជិតណាហ្ពាវី(ម៉ាស្ជិតណាពី)នៅទីនោះ

ជាការពិតណាស់ កិច្ចការដែលព្យាការី សល់ឡល់ឡហ៊ូអាឡៃហ៊ីវ៉ាសាល់ឡាំ លោកបានធ្វើវាដំបូងគេនៅពេលដែលលោកបានទៅដល់ក្រុងម៉ាទីណះនោះ គឺការកសាងម៉ាស្ជិតណាហ្ពាវីដ៏ឧត្តុង្គឧត្តម ដែលវាបានក្លាយជាមជ្ឈមណ្ឌលនៃចំណេះដឹង ការអំពាវនាវ និងផ្សព្វផ្សាយសេចក្តីល្អរវាងមនុស្សលោកទាំងឡាយ។ ចំពោះម៉ាស្ជិតដ៏ប្រកបដោយពរជ័យនេះ គឺមានឧត្តមភាពធំធេងបំផុត។ ព្យាការី សល់ឡល់ឡហ៊ូអាឡៃហ៊ីវ៉ាសាល់ឡាំ លោកបានមានប្រសាសន៍ថា៖ “សឡាតនៅក្នុងម៉ាស្ជិតរបស់ខ្ញុំម្តង គឺល្អជាងសឡាតនៅម៉ាស្ជិតដទៃចំនួន១ពាន់ដង លើកលែងតែម៉ាស្ជិតអាល់ហារ៉ម(នៅម៉ាក្កះ)ប៉ុណ្ណោះ”។ (ពូខរី៖១១៩០ និង មូស្លីម៖១៣៩៤)

២. ពិតណាស់ វាជាទឹកដីបម្រាម(ទឹកដីពិសិដ្ឋ) និងជាទឹកដីដែលប្រកបដោយសុវត្ថិភាព

ពិតណាស់ ព្យាការី ﷺ លោកបានដាក់បម្រាមចំពោះទឹកដីនេះតាមរយៈវ៉ាហ៊ី(សារ)ពីអល់ឡោះជាម្ចាស់។ ដូចនេះ គ្មានទេការបង្ហូរឈាម ការស្ពាយអាវុធ និងការបំភ័យដល់នរណាម្នាក់នៅក្នុងទីក្រុងនេះ ហើយក៏មិនអាចកាប់បំផ្លាញដើមឈើ ឬអ្វីផ្សេងទៀតនៅក្នុងព្រំដែននៃតំបន់បម្រាមរបស់វានោះដែរ។ ព្យាការី ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរកុំបោចស្មៅរបស់វា(ម៉ាទីណះ) កុំប្រមាញ់សត្វរបស់វា កុំរើសអ្វីដែលជ្រុះនៅក្នុងវា លើកលែងតែអ្នកដែលរើសដើម្បីប្រកាសរកម្ចាស់របស់វាជាសាធារណៈប៉ុណ្ណោះ កុំកាត់ដើមឈើរបស់វា លើកលែងតែឈើដែលគេកាប់សម្រាប់ជាចំណីសត្វអូដ្ឋប៉ុណ្ណោះ និងប្រើអាវុធប្រយុទ្ធនៅក្នុងវា”។ (អាពូហ្ទាវូទ៖២០៣៥, អះម៉ាត់៖៩៥៩)

៣. ទទួលបានពរជ័យចំពោះលាភសក្ការៈ ផល្លានុផល និងការរស់នៅ

ព្យាការី ﷺ លោកបានបួងសួងថា៖ “ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាប្រទានពរជ័យដល់យើងខ្ញុំចំពោះផ្លែឈើរបស់យើងខ្ញុំផង។ សូមទ្រង់មេត្តាប្រទានពរជ័យដល់យើងខ្ញុំចំពោះទីក្រុងម៉ាទីណះរបស់យើងខ្ញុំផង។ សូមទ្រង់មេត្តាប្រទានពរជ័យដល់យើងខ្ញុំចំពោះសក(ខ្នាតរង្វាស់)របស់យើងខ្ញុំផង ហើយសូមទ្រង់មេត្តាប្រទានពរជ័យដល់យើងខ្ញុំចំពោះមុទ(ខ្នាតរង្វាស់)របស់យើងខ្ញុំផង។ ឱអល់ឡោះជាម្ចាស់! ជាការពិតណាស់ អ៊ីព្រហ៊ីមគឺជាខ្ញុំបម្រើរបស់ទ្រង់ ជាមនុស្សជាទីស្រឡាញ់របស់ទ្រង់ និងជាព្យាការីរបស់ទ្រង់ ហើយពិតណាស់ រូបខ្ញុំក៏ជាខ្ញុំបម្រើរបស់ទ្រង់ និងជាព្យាការីរបស់ទ្រង់ដែរ។ ពិតណាស់ គាត់(ព្យាការីអ៊ីព្រហ៊ីម)បានបួងសួងសុំពីទ្រង់សម្រាប់ទីក្រុងម៉ាក្កះ ហើយខ្ញុំសូមបួងសួងសុំពីទ្រង់សម្រាប់ទីក្រុងម៉ាទីណះដូចអ្វីដែលគាត់បានបួងសួងសុំពីទ្រង់សម្រាប់ទីក្រុងម៉ាក្កះ ដូចគ្នាជាមួយនឹងម៉ាទីណះផងដែរ”។ (មូស្លីម៖១៣៧៣)

៤.ទទួលបានការការពារពីអល់ឡោះអំពីជំងឺតអ៊ូន និងហ្ទាច់ហ្ជាល

រ៉ស៊ូលុលឡោះ សល់ឡល់ឡហ៊ូអាឡៃហ៊ីវ៉ាសាល់ឡាំ លោកបានមានប្រសាសន៍ថា៖ "នៅលើច្រកចូលនៃទីក្រុងម៉ាទីណះ គឺមានម៉ាឡាអ៊ីកាត់ជាច្រើនដែលជំងឺតអ៊ូន(ប្រភេទជំងឺរាតត្បាតម្យ៉ាង) និងហ្ទាច់ហ្ជាល មិនអាចចូលក្នុងវាបានឡើយ"។ (ពូខរី៖១៨៨០ និង មូស្លីម៖១៣៧៩)

៥. ឧត្តមភាពនៃការតាំងទីលំនៅ ការរស់នៅ និងការស្លាប់នៅទីនោះ

ពិតប្រាកដណាស់ ព្យាការី ﷺ លោកបានសន្យាចំពោះអ្នកដែលទ្រាំអត់ធ្មត់នឹងភាពតាងតឹងចំពោះជីវិតរស់នៅក្នុងទីក្រុងម៉ាទីណះនូវការជួយអន្តរាគមន៍អំពីលោកនាថ្ងៃបរលោក។ អំពី សាអាត់ ពិន អាពូវ៉ាក័ស រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូ បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ក្រុងម៉ាទីណះ គឺវាល្អប្រសើរសម្រាប់ពួកគេ ប្រសិនបើពួកគេបានដឹង។ គ្មាននរណាម្នាក់ដែលបោះបង់ការចង់បានណាមួយអំពីវាឡើយ លើកលែងតែអល់ឡោះជាម្ចាស់ទ្រង់នឹងជំនួសដល់គេវិញនូវអ្វីដែលល្អជាងនោះទៀត ហើយគ្មាននរណម្នាក់ដែលស៊ូទ្រាំនឹងការលំបាក និងការតស៊ូរបស់ខ្លួនឡើយលើកលែងតែរូបខ្ញុំនឹងក្លាយជាអ្នកជួយអន្តរាគមន៍ ឬជាសាក្សីសម្រាប់គេនាថ្ងៃបរលោក”។ (មូស្លីម៖១៣៦៣)

ហើយរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ "បុគ្គលណាដែលមានលទ្ធភាពអាចស្លាប់នៅម៉ាទីណះបាន ចូរឲ្យគេស្លាប់(នៅទីនោះ)ចុះ។ ជាការពិតណាស់ ខ្ញុំប្រាកដជានឹងជួយអន្តរាគមន៍ដល់អ្នកដែលបានស្លាប់នៅលើទឹកដីនេះ"។ (តៀរមីហ្ស៊ី៖៣៩១៧ និង អ៊ិពនូម៉ាហ្ជះ៖៣១១២)

៦. វាជាគុហានៃសេចក្តីជំនឿ ហើយវាបំបាត់ចោលនូវប្រការអាក្រក់ និងស្មោគគ្រោកចេញអំពីវា

ជាការពិតណាស់ សេចក្តីជំនឿ(អ៊ីម៉ាន) នឹងវិលត្រឡប់ទៅកាន់ម៉ាទីណះវិញ មិនថាកន្លែងដទៃត្រូវថមថយប៉ុន្មានឡើយ។ ហើយភាពស្មោគគ្រោក និងប្រការអាក្រក់នានា គឺគ្មានកន្លែងសម្រាប់វានៅក្នុងទឹកដីនេះឡើយ ហើយក៏មិនអាចបន្តនៅទីនោះបានដែរ។ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជាការពិតណាស់ ជំនឿគឺនឹងវិលត្រឡប់ទៅកាន់ម៉ាទីណះវិញ ប្រៀបដូចជាសត្វពស់ដែលវិលទៅរករូងរបស់វាដូច្នោះដែរ”។ (ពូខរី៖១៨៧៦ និង មូស្លីម៖១៤៧)។ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ទៀតថា៖ “សូមស្បថនឹងអ្នកដែលជីវិតរបស់ខ្ញុំស្ថិតក្នុងកណ្តាប់ដៃរបស់ទ្រង់! គ្មានអ្នកណាម្នាក់ក្នុងចំណោមពួកគេដែលចេញពីទីក្រុងនេះ(ម៉ាទីណះ)ដោយមិនចូលចិត្តវាឡើយ លើកលែងតែអល់ឡោះនឹងធ្វើឱ្យអ្នកដែលមកបន្ទាប់នោះគឺជាអ្នកដែលប្រសើរជាងពួកគេ។ ម៉ាឌីណាប្រៀបដូចជាភ្លើង(ដែលបំបាត់ភាពមិនស្អាតចេញពីដែក)។ ហើយថ្ងៃបរលោកនឹងមិនកើតឡើងនោះទេ រហូតទាល់តែក្រុងម៉ាទីណះបានកម្ចាត់ចេញនូវប្រការអាក្រក់ទាំងឡាយរបស់វា ប្រៀបដូចភ្លើងដែលកម្ចាត់ច្រេះចេញពីដែកដូច្នោះដែរ”។ (មូស្លីម៖១៣៨១)

៧. វាកម្ចាត់ចោលនូវបាបកម្មទាំងឡាយ

អំពី ហ្ស៊េទ ពិន សាពិត រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូ បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជាការពិតណាស់ វា(ក្រុងម៉ាទីណះ) គឺជាតយហ្ពះ(ទឹកដីដ៏ស្អាតស្អំ)។ វាកម្ចាត់ចោលនូវភាពកខ្វក់(បាបកម្ម) ដូចដែលភ្លើងបណ្តេញនូវភាពកខ្វក់ចេញពីប្រាក់ដូច្នោះដែរ”។

សុជីវធម៌នៃការធ្វើទស្សនកិច្ចទីក្រុងម៉ាទីណះ

ចំពោះអ្នកដែលធ្វើទស្សនកិច្ចទីក្រុងម៉ាទីណះ គប្បីប្រកាន់ខ្ជាប់នូវសុជីវធម៌មួយចំនួនដូចជា៖

១.ចំពោះអ្នកដែលមានបំណងធ្វើដំណើរទៅកាន់ក្រុងម៉ាទីណះ ច្បាប់ឥស្លាមបង្គាប់ប្រើឲ្យចាត់ទុកគោលបំណងនៃការធ្វើដំណើររបស់គេទៅកាន់ទីនោះ គឺដើម្បីទស្សនកិច្ចម៉ាស្ជិតព្យាការី(ម៉ាស្ជិតណាហ្ពាវី) ក៏ដូចជាព្យាយាមធ្វើដំណើរទៅកាន់ទីក្រុងនេះ ពុំមែនដើម្បីទៅទស្សកិច្ច(ហ្ស៊ីយ៉ារ៉ោះ)ផ្នូរព្យាការីមូហាំម៉ាត់នោះឡើយ ដោយយោងតាមប្រសាសន៍របស់ព្យាការី សល់ឡល់ឡហ៊ូអាឡៃហ៊ីវ៉ាសាល់ឡាំ លោកបានមានប្រសាសន៍ថា៖ "“ចូរពួកអ្នកកុំព្យាយាមធ្វើដំណើរ លើកលែងតែទៅកាន់ម៉ាស្ជិតបីប៉ុណ្ណោះ គឺម៉ាស្ជិតអាល់ហារ៉ម(នៅម៉ាក្កះ) ម៉ាស្ជិតណាពី(នៅម៉ាទីណះ) និងម៉ាស្ជិតអាល់អឹកស(នៅក្រុងយេរូសាឡឹម)”។ (ពូខរី៖១១៨៩, មូស្លីម៖១៣៩៧)

២. នៅពេលដែលគេបានទៅដល់ម៉ាស្ជិត ស៊ូណិតឲ្យគេឈានជើងស្តាំចូលមុន ហើយសូត្រថា៖ اللَّهُمَّ افْتَحْ لِي أَبْوَابَ رَحْمَتِكَ

៣. ត្រូវសឡាតតះយ៉ាតុលម៉ាស្ជិតចំនួនពីររ៉ក្អាត់។ ប្រសិនបើគេអាចសឡាតនៅក្នុងរ៉ាវហ្ទោះ(ឈ្មោះកន្លែងមួយនៅក្នុងម៉ាស្ជិតព្យាការីដែលមានន័យថា សួនឧទ្យាន)ទៀតនោះ គឺកាន់តែប្រសើរ។

៤. គេប្រើស៊ូណិតឲ្យទៅមើល(ហ្ស៊ីយ៉ារ៉ោះ)ផ្នូរព្យាការីមូហាំម៉ាត់ សល់ឡល់ឡហ៊ូអាឡៃហ៊ីវ៉ាសាល់ឡាំ និងសហាហ្ពាត់ទាំងពីររបស់លោក (គឺអាពូហ្ពាកើរ និងអ៊ូមើរ)ផងដែរ។ គេត្រូវឈរនៅទិសខាងផ្នូររបស់ព្យាការី ប្រកបដោយសុជីវធម៌ មិនត្រូវតម្លើងសំឡេងខ្លាំងៗ និងត្រូវប្រកបដោយសេចក្តីថ្លៃថ្នូរ ហើយពោលថា៖ أشهد أنك رسول الله حقا وأنك قد بلغت الرسالة وأديت الأمانة ونصحت الأمة وجاهدت في الله حق جهاده , فجزاك الله عن أمتك أفضل ما جزى نبيا عن أمته"

បន្ទាប់មក ត្រូវឈានជើងស្តាំមួយជំហាន ឬពីរជំហាន ដើម្បីឈរនៅមុខផ្នូររបស់អាពូហ្ពាកើរ រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូ ហើយត្រូវឲ្យសាឡាមទៅកាន់គាត់ និងសុំឱ្យអល់ឡោះផ្តល់នូវការពេញចិត្តចំពោះគាត់។ ក្រោយមក ត្រូវឈានជើងស្តាំមួយជំហាន ឬពីរជំហានទៀត ដើម្បីឈរនៅមុខផ្នូររបស់អ៊ូមើរ រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូ ហើយត្រូវឲ្យសាឡាមទៅកាន់គាត់ និងសុំឱ្យអល់ឡោះផ្តល់នូវការពេញចិត្តចំពោះគាត់។

៥. ស៊ូណិតចំពោះអ្នកដែលទៅទស្សនកិច្ចម៉ាស្ជិតណាហ្ពាវី គប្បីបង្កើននូវការសឡាតនៅក្នុងម៉ាស្ជិតឲ្យបានច្រើនដើម្បីទទួលបាននូវផលបុណ្យដ៏ធំធេងដែលត្រូវបានសន្យានៅក្នុងប្រសាសន៍របស់ព្យាការី សល់ឡល់ឡហ៊ូអាឡៃហ៊ីវ៉ាសាល់ឡាំថា៖ “សឡាតនៅក្នុងម៉ាស្ជិតរបស់ខ្ញុំម្តង គឺល្អជាងសឡាតនៅម៉ាស្ជិតដទៃចំនួន១ពាន់ដង លើកលែងតែម៉ាស្ជិតអាល់ហារ៉ម(នៅម៉ាក្កះ)ប៉ុណ្ណោះ”។ (ពូខរី៖១១៩០, មូស្លីម៖១៣៩៤)

៦. គេក៏ប្រើស៊ូណិតឲ្យទៅទស្សនកិច្ចម៉ាស្ជិតគូហ្ពាកដើម្បីសឡាតទីនោះផងដែរ ព្រោះមានភស្តុតាងបញ្ជាក់ពីឧត្តមភាពនៃការធ្វើដូចនេះ។ រ៉ស៊ូលុលឡោះ សល់ឡល់ឡហ៊ូអាឡៃហ៊ីវ៉ាសាល់ឡាំ លោកបានមានប្រសាសន៍ថា៖ "ជនណាដែលបានចាកចេញ(ពីផ្ទះរបស់ខ្លួន) រហូតបានទៅដល់ម៉ាស្ជិតនេះ(ម៉ាស្ជិតគូហ្ពាក) ហើយគេបានសឡាតនៅក្នុងវា នោះគេទទួលបានផលបុណ្យស្មើនឹងការធ្វើអ៊ុមរ៉ោះ"។ (អាន់ណាសាអ៊ី៖៦៩៩)

៧. គេប្រើស៊ូណិតឲ្យទៅមើល(ហ្ស៊ីយ៉ារ៉ោះ)ទីបញ្ចុះសពអាល់ហ្ពាកៀក និងទីបញ្ចុះសពអ៊ូហ៊ុទ ផងដែរ ព្រោះព្យាការី សល់ឡល់ឡហ៊ូអាឡៃហ៊ីវ៉ាសាល់ឡាំ លោកធ្លាប់ទៅមើលផ្នូរពួកគេ និងបួងសួងសុំទូអាឲ្យពួកគេ ហើយក្នុងចំណោមទូអាដែលលោកបានបួងសួង គឺ៖ "السَّلَامُ عَلَيْكُمْ أَهْلَ الدِّيَارِ مِنَ الْمُؤْمِنِينَ وَالْمُسْلِمِينَ، وَإِنَّا إِنْ شَاءَ اللهُ لَلَاحِقُونَ، أَسْأَلُ اللهَ لَنَا وَلَكُمُ الْعَافِيَةَ"

៨. នៅក្នុងម៉ាទីណះនេះ ជនមូស្លីមត្រូវយកចិត្តទុកដាក់ធ្វើយ៉ាងណាធ្វើខ្លួនឲ្យស្ថិតនៅលើការអនុវត្តតាមបទបញ្ជារបស់អល់ឡោះ ប្រកាន់ខ្ជាប់នឹងការគោរពប្រតិបត្តិចំពោះអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ហើយត្រូវប្រុងប្រយ័ត្ន និងចៀសវាងឲ្យឆ្ងាយពីការធ្លាក់ទៅក្នុងប្រការដែលគេបង្កើតថ្មី(ពិទអះ) និងអំពើល្មើសផ្សេងៗ។

៩. មិនត្រូវកាប់ដើមឈើ ឬប្រមាញ់សត្វនៅក្រុងម៉ាទីណះឡើយ ព្រោះមានភស្តុតាងបញ្ជាក់ពីការហាមឃាត់ដូចនេះក្នុងហាទីស្ហជាច្រើនពីរ៉ស៊ូលុលឡោះ ﷺ ក្នុងនោះ លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ ព្យាការីអ៊ីព្រហ៊ីមបានដាក់បម្រាមលើទឹកដីនៃទីក្រុងម៉ាក្កះ ហើយពិតណាស់ ខ្ញុំក៏បានដាក់បម្រាមលើទឹកដីនៃទីក្រុងម៉ាទីណះដែលស្ថិតនៅចន្លោះតំបន់ថ្មខ្មៅទាំងសងខាងដូចគ្នាដែរ ដោយមិនត្រូវកាប់ដើមឈើ ឬបរបាញ់សត្វ(នៅក្នុងវា)ឡើយ។ (មូស្លីម ៖ ១៣៦២)

១០. ក្នុងពេលដែលជនមូស្លីមកំពុងតែស្ថិតនៅក្នុងទីក្រុងម៉ាទីណះ គេត្រូវមានអារម្មណ៍ថា ជាការពិតណាស់ រូបគេកំពុងតែស្ថិតនៅទឹកដីមួយដែលពន្លឺត្រូវបានបំភ្លឺចេញពីទីនោះ ហើយទីនោះផងដែរជាកន្លែងដែលចំណេះដឹងដែលមានប្រយោជន៍ត្រូវបានរីករាយទៅពាសពេញសកលលោក។ ដូចនេះ បុគ្គលគ្រប់រូបគប្បីយកចិត្តទុកដាក់ និងខិតខំដើម្បីទទួលបាននូវចំណេះដឹងផ្នែកច្បាប់ឥស្លាម ដែលនាំផ្លូវទៅកាន់អល់ឡោះ ជាពិសេស គេត្រូវស្វែងរកចំណេះវិជ្ជានៅក្នុងម៉ាស្ជិតរ៉ស៊ូលុលឡោះ ﷺ។ ដោយយោងលើហាទីស្ហ អាពូហ៊ូរ៉យរ៉ោះ រទអ ពិតណាស់ គាត់បានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាដែលបានចូលម៉ាស្ជិតរបស់យើងនេះ(ម៉ាស្ជិតណាហ្ពាវី)រៀនសូត្រពីប្រការល្អ ឬបង្រៀនវាដល់អ្នកដទៃ គឺប្រៀបដូចជាអ្នកដែលតស៊ូក្នុងផ្លូវអល់ឡោះ។ ហើយជនណាដែលចូលក្នុងម៉ាស្ជិតនោះក្រៅពីគោលបំណងទាំងនេះ គឺប្រៀបដូចជាអ្នកដែលសម្លឹងមើលទៅកាន់អ្វីដែលមិនមែនជាកម្មសិទ្ធិរបស់ខ្លួន”។ (អះម៉ាត់៖១០៨១៤, អ៊ិពនូហ៊ិបហ្ពាន៖៨៧)។

អ្នកបានបញ្ចប់មេរៀនដោយជោគជ័យ


ចាប់ផ្តើមប្រឡង