ផ្នែកបច្ចុប្បន្ន model:
មេរៀន របៀបធ្វើហាជ្ជី
ចំពោះហាជ្ជី គឺមានបីប្រភេទ៖ ហាជ្ជីគីរ៉ន ហាជ្ជីតាម៉ាត់តួក និងហាជ្ជីអ៊ីហ្វរ៉ទ។ ចំពោះអ្នកធ្វើហាជ្ជីត្រូវជ្រើសរើសប្រភេទណាមួយក្នុងចំណោមប្រភេទទាំងបីនេះដើម្បីបំពេញកាតព្វកិច្ចហាជ្ជីរបស់ខ្លួន។
ហាជ្ជីតាម៉ាត់តួក
ហាជ្ជីគីរ៉ន
ហាជ្ជីអ៊ិហ្វរ៉ទ
ចាំបាច់លើជនមូស្លីមត្រូវយកចិត្តទុកដាក់លើការបំពេញកាតព្វកិច្ចហាជ្ជីឲ្យបានត្រឹមត្រូវតាមរបៀបដែលព្យាការីរបស់យើង មូហាំម៉ាត់ ﷺ ដែលបានធ្វើហាជ្ជី និងបានប្រើឲ្យសហាហ្ពាត់របស់លោកអនុវត្តតាមផងដែរ។ អំពី ជើពៀរ រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូ បាននិយាយថា៖ ខ្ញុំបានឃើញព្យាការី ﷺ លោកយកក្រួសសគប់គោលនៅពេលជិះអូដ្ឋរបស់លោកនៅថ្ងៃរ៉យ៉ាហាជ្ជី ហើយលោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកយកគំរូតាមខ្ញុំចំពោះការធ្វើធម្មយាត្រារបស់ពួកអ្នក ព្រោះខ្ញុំមិនបានដឹងទេ ប្រហែលជាខ្ញុំមិនបានធ្វើហាជ្ជីម្តងទៀតបន្ទាប់ពីការធ្វើហាជ្ជីរបស់ខ្ញុំ(នាឆ្នាំ)នេះទេ”។ (មូស្លីម៖១២៩៧)
នៅពេលទៅដល់មីកត ហើយគេមានបំណងចង់អៀហរ៉មហាជ្ជី គឺច្បាប់បង្គាប់ប្រើឲ្យដោះចេញនូវសម្លៀកបំពាក់ដែលមានថ្នេរ ងូតទឹក ប្រើគ្រឿងក្រអូបនៅលើក្បាលនិងពុកចង្ការរបស់គេ និងស្លៀកសម្លៀកបំពាក់អៀហរ៉ម។ ក្រោយមក គេត្រូវសឡាតហ្វើរទូ(សឡាតដែលជាកាតព្វកិច្ច) ប្រសិនបើដល់ពេលសឡាតហ្វើរទូ។ តែបើ់មិនទាន់ដល់ទេ គឺត្រូវសឡាតស៊ូណិតពីររ៉ក្អាត់ដោយនៀតសឡាតស៊ូណិតវូហ្ទុ។
នៅពេលដែលគេសឡាតរួចរាល់ គេត្រូវអៀហរ៉មនៀតចូលក្នុងធម្មយាត្រារបស់គេដោយនៀតក្នុងចិត្ត។
បន្ទាប់មក គេត្រូវបង្កើននូវការពោលពាក្យតាល់ពីយ៉ះដោយត្រូវសូត្រថា៖ "لبيك اللهم لبيك، لبيك لا شريك لك لبيك، إن الحمد والنعمة لك والملك لا شريك لك" ចំពោះបុរស គប្បីសូត្រតាល់ពីយ៉ះខ្លាំងៗ។ តែចំពោះស្ត្រីវិញ គប្បីសូត្រតិចៗដែលអាចឮត្រឹមស្ត្រីៗដែលនៅក្បែរ តែមិនត្រូវឲ្យឮដល់បុរសៗឡើយ។ ម្យ៉ាងទៀត គេត្រូវចៀសវាងពីបម្រាមទាំងឡាយរបស់អៀហរ៉ម។
ស៊ូណិតចំពោះអ្នកធ្វើហាជ្ជី គប្បីងូតទឹកដើម្បីចូលក្រុងម៉ាក្កះ។ ក្រោយមក ត្រូវធ្វើដំណើរទៅកាន់ម៉ាស្ជិតអាល់ហារ៉មដើម្បីធ្វើអ៊ុមរ៉ោះ ប្រសិនបើគេអ្នកធ្វើហាជ្ជីតាម៉ាត់តួក។ រីឯអ្នកធ្វើហាជ្ជីគីរ៉ន និងហាជ្ជីអ៊ិហ្វរ៉ទវិញ ស៊ូណិតតវ៉ាហ្វគូទូម(តវ៉ាហ្វពេលទៅដល់)។
នៅពេលដែលគេចូលដល់ម៉ាស្ជិតអាល់ហារ៉ម គេត្រូវឈានជើងស្តាំចូលមុន និងត្រូវសូត្រទូអាពេលចូលម៉ាស្ជិត។ ពេលដែលគេទៅដល់កាក់ហ្ពះ គឺត្រូវបញ្ឈប់ការសូត្រតាល់ពីយ៉ះមុននឹងគេចាប់ផ្តើមតវ៉ាហ្វ។ គប្បីតវ៉ាហ្វដោយបើកស្មាស្តាំចំពោះបុរស ដោយត្រូវដាក់ក្រណាត់អៀហរ៉មពីក្រោមក្ឪៀកខាងស្តាំ និងជាយអៀហរ៉មពីលើស្មាឆ្វេង។
ក្រោយមក ត្រូវធ្វើដំណើរទៅកាន់ហាជើរ៉ុលអាសវ៉ាត់ដើម្បីចាប់ផ្តើមតវ៉ាហ្វ។ ត្រូវប៉ះឬស្ទាបហាជើរ៉ុលអាសវ៉ាត់នឹងដៃស្តាំ រួចថើបវា។ តែប្រសិនបើមិនមានភាពងាយស្រួលក្នុងការធ្វើដូច្នេះទេ គឺត្រូវលើកដៃស្វាគមន៍វាពីចម្ងាយ។ ត្រូវចាត់ទុកកាក់ហ្ពះនៅខាងឆ្វេងដៃ ហើយត្រូវតវ៉ាហ្វចំនួនប្រាំពីរជុំ។ ចំពោះបុរស គប្បីតវ៉ាហ្វបែបរ៉ម៉ាល់(ដើរលឿនតែឈានជំហានខ្លីៗ)នៅបីជុំដំបូង។
នៅពេលទៅដល់ជ្រុងយ៉ាម៉ានី គេត្រូវប៉ះឬស្ទាបវា តែមិនតម្រូវឲ្យថើបឡើយ។ តែបើមិនមានភាពងាយស្រួលក្នុងការធ្វើដូចនេះទេនោះ ក៏មិនតម្រូវឲ្យលើកដៃស្វាគមន៍វាពីចម្ងាយនោះដែរ។ ហើយនៅចន្លោះរវាងជ្រុងយ៉ាម៉ានី និងហាជើរ៉ុលអាសវ៉ាត់់ គេត្រូវសូត្រថា៖ رَبَّنَا آتِنَا فِي الدُّنْيَا حَسَنَةً وَفِي الْآخِرَةِ حَسَنَةً وَقِنَا عَذَابَ النَّارِ ។
នៅពេលដែលគេតវ៉ាហ្វបានគ្រប់ប្រាំពីរជុំហើយ គឺត្រូវគ្របស្មារបស់គេវិញ។ ក្រោយមក គេត្រូវឆ្ពោះទៅកាន់ផ្នែកខាងក្រោយនៃម៉ាកមអ៊ីព្រហ៊ីម ឬកន្លែងណាក៏បានក្នុងម៉ាស្ជិតអាល់ហារ៉ម ហើយសឡាតពីររ៉ក្អាត់។ នៅរ៉ក្អាត់ទីមួយ បន្ទាប់ពីសូត្រអាល់ហ្វាទីហះ គេត្រូវសូត្រស៊ូរ៉ោះ អាល់កាហ្វីរូន ហើយរ៉ក្អាត់ទីពីរ សូត្រស៊ូរ៉ោះ អាល់អៀខ្លើស។
ក្រោយមក គេត្រូវចាកចេញទៅកាន់កន្លែងសាអ៊ី។ នៅពេលដែលគេទៅជិតដល់ភ្នំសហ្វា គេត្រូវសូត្របន្ទូលរបស់អល់ឡោះ៖ إِنَّ الصَّفَا وَالْمَرْوَةَ مِنْ شَعَائِرِ اللَّهِ ។ រួចមក ពោលថា៖ أبدأ بما بدأ الله به ។
នៅពេលដែលអ្នកធ្វើហាជ្ជីបានសាអ៊ីរួច គេត្រូវកាត់សក់ ឬកោរសក់។ ប្រសិនបើគេជាអ្នកដែលធ្វើហាជ្ជីតាម៉ាត់តួក ចំពោះបុរស ការកោរសក់ គឺជាការប្រសើរ។ តែប្រសិនបើគេកាត់សក់ រួចទុកកោរសក់ពេលហាជ្ជីវិញ គឺជាការល្អ។ ចំណែកឯស្ត្រីវិញគឺត្រូវកាត់សក់របស់នាងប្រវែងមួយថ្នាំងដៃ។ កាលណាអ្នកដែលធ្វើហាជ្ជីបានធ្វើដូចនេះហើយនោះ(កោរ ឬកាត់សក់) ការធ្វើអ៊ុមរ៉ោះរបស់គេ គឺបានចប់សព្វគ្រប់ ហើយច្បាប់អនុញ្ញាតឲ្យគេអាចធ្វើអ្វីសព្វបែបយ៉ាងបានដែលត្រូវបានហាមឃាត់ដោយសារតែតំណមអៀហរ៉ម។ រីឯអ្នកដែលធ្វើហាជ្ជីអ៊ិហ្វរ៉ទ ឬគីរ៉នវិញ គឺគេមិនត្រូវកាត់ឬកោរសក់របស់ខ្លួនឡើយក្រោយពេលដែលគេបានសាអ៊ីរួចនោះ ហើយគេត្រូវបន្តស្ថិតនៅក្នុងតំណមអៀហរ៉មរបស់គេដដែល។
ថ្ងៃតើរវីយ៉ះ គឺថ្ងៃទីប្រាំបីនៃខែហ្ស៊ុលហ៊ិជ្ជះ ហើយថ្ងៃនេះ គឺជាថ្ងៃដែលគេចាប់ផ្តើមអនុវត្តកិច្ចការហាជ្ជី។ ចំពោះអ្នកដែលធ្វើហាជ្ជីតាម៉ាត់តួក គឺគេត្រូវអៀហរ៉មហាជ្ជីពីពេលព្រឹកនៃថ្ងៃទីប្រាំបីនេះពីទីកន្លែងដែលគេស្នាក់នៅ។ គេត្រូវងូតទឹក ប្រើគ្រឿងក្រអូប និងស្លៀកសម្លៀកបំពាក់អៀហរ៉ម រួចសឡាត។ ក្រោយមក ត្រូវនៀតអៀហរ៉មហាជ្ជី ហើយពោលថា៖ لبيك اللهم حجاً ។ ចំណែកឯអ្នកធ្វើហាជ្ជីអ៊ិហ្វរ៉ទ និងហាជ្ជីគីរ៉នវិញ គឺគេបន្តស្ថិតក្នុងអៀហរ៉មរបស់គេពីមុនដដែល។ ក្រោយមក គេត្រូវចាកចេញទៅកាន់មីណាមុនថ្ងៃត្រង់ ហើយត្រូវស្នាក់នៅ និងសំណាក់ពេលយប់ ព្រមទាំងត្រូវសឡាតហ្ស៊ូហោរ អាសើរ ម៉ាហ្គ្រឹប និងអ៊ីស្ហានៅទីនោះ។ ត្រូវបង្រួមសឡាត(កសើរ) តែមិនត្រូវផ្តុំសឡាត(ជម៉ក់)នោះទេ និងត្រូវសឡាតស៊ូពុសថ្ងៃទីប្រាំបួននៅទីនោះផងដែរ។ នៅមីណានេះ គេត្រូវឆ្លៀតពេលវេលាបង្កើនការសូត្រតាល់ពីយ៉ះ ហ្ស៊ីកៀរ និងសូត្រអាល់គួរអាន។
នៅពេលថ្ងៃរះនាថ្ងៃអារ៉ហ្វះដែលជាថ្ងៃទីប្រាំបួននៃខែហ្ស៊ុលហ៊ិជ្ជះ អ្នកធ្វើហាជ្ជីត្រូវធ្វើដំណើរចាកចេញពីមីណាផ្ពោះទៅកាន់អារ៉ហ្វះដោយភាពនឹងនរ ស្ងប់ស្ងៀម ដោយភ្ជាប់ជាមួយនឹងការហ្ស៊ីកៀរចំពោះអល់ឡោះ និងតាល់ពីយ៉ះ។ ស៊ូណិតស្នាក់នៅឯណាមីរ៉ោះ រហូតដល់ថ្ងៃជ្រេ ប្រសិនបើងាយស្រួលក្នុងការធ្វើដូច្នេះ។ តែប្រសិនបើមិនអាចទេ គឺគេអាចចូលទៅកាន់អារ៉ហ្វះតែម្តងក៏៏គ្មានបញ្ហាដែរ។ នៅពេលថ្ងៃជ្រេ គេត្រូវសឡាតហ្ស៊ូហោរ និងអាសើរ ដោយត្រូវបង្រួម និងផ្តុំសឡាត(កសើរ និងជម៉ក់) ដោយត្រូវជម៉ក់តឹកទីម(យកសឡាតអាសើរមកសឡាតក្នុងពេលហ្ស៊ូហោរ)។ ក្រោយសឡាតរួច គេត្រូវឆ្លៀតពេលវេលាធ្វើការហ្ស៊ីកៀរ និងសុំទូអាប្រកបដោយការទទូចអង្វរករចំពោះអល់ឡោះជាម្ចាស់។ គេត្រូវសុំទូអានូវអ្វីដែលគេចង់បានដោយលើកដៃទាំងពីរ និងតម្រង់ទៅកាន់គិបឡាត់។
នៅពេលអ្នកធ្វើហាជ្ជីទៅដល់មុហ្សទើលីហ្វះ គេត្រូវសឡាតម៉ាហ្គ្រិប និងអ៊ីស្ហា ដោយបង្រួម និងផ្តុំសឡាត(កសើរ និងជម៉ក់) ដោយអាហ្សានមួយដង និងអ៊ីក៏ម៉ាត់ពីរដង។ គេត្រូវសំណាក់ពេលយប់នៅឯមុហ្សទើលីហ្វះនេះ។ នៅពេលហ្វាជើររះឡើងច្បាស់ គេត្រូវសឡាតស៊ូពុស។ បន្ទាប់មក គេត្រូវយកពេលហ្ស៊ីកៀរចំពោះអល់ឡោះ និងបួងសួងសុំទូអាចំពោះទ្រង់ដោយតម្រង់ទៅកាន់គិបឡាត់ និងលើកដៃទាំងពីរ រហូតដល់ភ្លឺច្បាស់។
នៅពេលភ្លឺច្បាស់ក្នុងថ្ងៃរ៉យ៉ាហាជ្ជីដែលជាថ្ងៃទីដប់នៃខែហ្ស៊ុលហ៊ិជ្ជះ អ្នកធ្វើហាជ្ជីត្រូវតម្រង់ទៅកាន់មីណាមុនពេលថ្ងៃរះ។ ក្នុងពេលធ្វើដំណើរទៅកាន់មីណានេះ គេត្រូវរើសគ្រាប់ក្រួសចំនួនប្រាំពីរគ្រាប់តូចៗដែលមានទំហំធំជាងគ្រាប់សណ្តែកសៀងបន្តិច។ ពេលទៅដល់មីណា គេត្រូវគប់គោលអាក៏ហ្ពះ ដែលជាគោលចុងក្រោយគេរាប់ពីទិសខាងក្រុងម៉ាក្កះ ចំនួនប្រាំពីរគ្រាប់ក្រួស។ ត្រូវតឹកពៀរ(សូត្រ អល់ឡហ៊ូអឹកពើរ)រាល់ពេលគប់គ្រាប់ក្រួសនីមួយៗ។ ក្រោយពីគប់គោលរួច គេត្រូវសំឡេះសត្វជំនូនរបស់គេ។ ក្រោយមក ត្រូវកាត់ឬកោរសក់។ ចំណែកឯស្ត្រីវិញគឺត្រូវកាត់សក់របស់នាងប្រវែងមួយថ្នាំងដៃ។ គេប្រើស៊ូណិតឲ្យប្រើគ្រឿងក្រអូប។ បន្ទាប់មក ធ្វើដំណើរទៅកាន់ម៉ាក្កះដើម្បីតវ៉ាហ្វអ៊ីហ្វាហ្ទោះ(វាជាគោលគ្រឹះ(រូកុន)មួយក្នុងចំណោមគោលគ្រឹះនៃការធ្វើហាជ្ជី) រួចសាអ៊ីហាជ្ជី។ ក្រោយពីរួចរាល់ គេត្រូវវិលត្រឡប់ទៅកាន់មីណាវិញដើម្បីសំណាក់នៅទីនោះនាយប់ទីដប់មួយនៃខែហ្ស៊ុលហ៊ិជ្ជះ។
ក្នុងបណ្តាថ្ងៃតាសរិក ចាំបាច់លើអ្នកធ្វើហាជ្ជីត្រូវស្នាក់នៅមីណានាយប់ទី១១ និងយប់ទី១២ ហើយនិងយប់ទី១៣មួយយប់ទៀតចំពោះអ្នកដែលគ្មានការប្រញាប់។ គេត្រូវគប់គោលទាំងបីនៅពេលដែលថ្ងៃជ្រេ។
របៀបគប់គោល
នៅពេលដែលអ្នកធ្វើហាជ្ជីមានបំណងចាកចេញពីក្រុងម៉ាក្កះទៅកាន់ស្រុកទេសរបស់ខ្លួនវិញ គឺំគេមិនអាចចាកចេញបានទេ លុះត្រាតែគេបានតវ៉ាហ្វលាជាមុនសិន ដោយគេត្រូវចាត់ទុកពេលវេលាចុងក្រោយរបស់គេ គឺបញ្ចប់នៅឯពៃតុលឡោះ។ អំពី អ៊ិពនូអាប់ហ្ពាស រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូម៉ា គាត់បាននិយាយថា៖ រ៉ស៊ូលុលឡោះ សល់ឡល់ឡហ៊ូអាឡៃហ៊ីវ៉ាសាល់ឡាំ លោកបានមានប្រសាសន៍ថា៖ "ជនណាមួយក្នុងចំណោមពួកអ្នក ចូរកុំឲ្យគេចាកចេញពីម៉ាក្កះ លុះត្រាតែពេលវេលាចុងក្រោយរបស់គេស្ថិតនៅឯពៃទុលឡោះ(តវ៉ាហ្វលា)"។ ការតវ៉ាហ្វលានេះ គឺត្រូវបានលើកលែងចំពោះស្ត្រីដែលមានរដូវ។